ក្រុមតំណាងកម្មករចំនួន ៦នាក់ នៃសិប្បកម្មតម្បាញ ហុង ស៊ីង (Hong Xing) បាននាំគ្នា ដាក់ញត្តិ នៅសាលាខណ្ឌមានជ័យ នៅថ្ងៃទី១៧ ធ្នូ ដើម្បីទាមទារឲ្យតំណាងថៅកែសិប្បកម្ម ដោះស្រាយប្រាក់សំណង ជូនកម្មករ ករណីរត់ចោលកម្មករ ដោយមិនបានជូនដំណឹង និងមិនទាន់ទូទាត់សំណង។
កម្មការិនីម្នាក់ នៃសិប្បកម្មតម្បាញ ហុង ស៊ីង លោកស្រី តេង ស្រីមុំ ប្រាប់ថា មន្ត្រីក្រសួងការងារ បានចុះមកជួបកម្មករ ម្ដងទៀត នៅថ្ងៃទី១៧ ធ្នូ និងណែនាំឲ្យកម្មករ ដាក់ញត្តិជាថ្មី ទៅអាជ្ញាធរខណ្ឌ។ លោកស្រីថា មន្ត្រីក្រសួងការងារ បាននាំតំណាងកម្មករ ៦នាក់ ហើយយកញត្តិទៅដាក់ តែមិនបញ្ជាក់ថា មានដំណោះស្រាយ ពេលណាទេ។ ទោះយ៉ាងណា លោកស្រីថា ក្រសួងការងារ បានបិទប្រកាស នៅមុខរបងទ្វារសិប្បកម្ម ដើម្បីកោះហៅថៅកែជនជាតិចិនឲ្យចូលខ្លួន យូរបំផុតត្រឹមថ្ងៃទី១៨ ធ្នូ ម៉ោង ២រសៀល។ លោកស្រីថា កម្មករកំពុងរង់ចាំមើលថា ថៅកែចូលខ្លួន ឬអត់ នៅថ្ងៃទី១៨ ធ្នូ មុននឹងទាមទារឲ្យអាជ្ញាធរផ្ដល់ដំណោះស្រាយ។
សិប្បកម្មតម្បាញ ហុង ស៊ីង ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានកម្មករសរុប ១៩០នាក់ ហើយបានប្រមូលផ្ដុំគ្នាតវ៉ា និងដេកយាមមុខរោងសិប្បកម្ម ទាំងថ្ងៃទាំងយប់ តាំងពីថ្ងៃទី៩ ធ្នូមក ដោយសារថៅកែជាជនជាតិចិន បានចាក់សោទ្វាររបងសិប្បកម្មទុកចោល ដោយមិនដឹងទៅណា។ ក្រុមកម្មកររំពឹងថា ថៅកែជនជាតិចិន នឹងចូលខ្លួនតាមការកោះហៅ ហើយអាជ្ញាធរ ត្រូវចាត់វិធនការឲ្យថៅកែទូទាត់សំណងប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ ប្រាក់ផលប្រយោជន៍ផ្សេងៗ ជូនកម្មករ តាមច្បាប់ការងារ ប្រសិនបើសិប្បកម្មតម្បាញមួយនេះ រងការបិទទ្វារមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។