កម្មករ​សិប្បកម្ម​តម្បាញ ហុង ស៊ីន ជិត ២០០​នាក់ នាំ​គ្នា​តវ៉ា ដោយ​សារ​ថៅកែ​ចិន​​​រត់​ចោល​មិន​ទូទាត់​ប្រាក់​បំណាច់

0:00 / 0:00

កម្មករ​នៅ​សិប្បកម្ម​តម្បាញ​មួយ​កន្លែង ក្នុង​ខណ្ឌ​មានជ័យ ជិត ២០០​នាក់ បន្ត​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា ​ទាមទារ​សុំ​ដំណោះស្រាយ ក្រោយ​ពេល​ថៅកែ​សិប្បកម្ម​ជា​ជនជាតិ​ចិន បាន​រត់ចោល​ និង​មិន​ទាន់​បើក​ប្រាក់​ឈ្នួល​អស់។ សហជីព​ឃ្លាំមើល​ការ​តវ៉ា ប្រាប់​ថា មន្ត្រី​ក្រសួង​ការងារ​សន្យា​ថា នឹង​ដោះស្រាយ​ជូន​កម្មករ​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ។

កម្មការិនី​ម្នាក់ នៃ​សិប្បកម្ម​តម្បាញ​ ហុង ស៊ីន (Hong Xing) លោកស្រី ហ៊ឹម សុខរឿន ឲ្យ​ដឹង​ថា ក្រុម​កម្មករ​ចំនួន​១៩០​នាក់ បណ្ដាក់​គ្នា​តវ៉ា​ និង​ដេក​យាម​មុខ​​កន្លែង​សិប្បកម្ម​​ទាំង​ថ្ងៃ និង​យប់ ចាប់​តាំង​ពី​ថ្ងៃ​ទី៩ ធ្នូ​ មក​ ព្រោះ​ខ្លាច​ថៅកែ​លួច​ដឹក​សម្ភារៈ និង​ម៉ាស៊ីន​ចេញ​ពី​ទីតាំង​សិប្បកម្ម៖ « ថៅកែ គាត់​បិទ​ទ្វារ​ រួច​ទៅ គាត់​អត់​គិត​លុយ​​​​​បំណាច់​ឆ្នាំ​ អតីតភាព ហើយ​នឹង​ប្រាក់​ឈ្នួល។ ប្រាក់​ឈ្នួល​គោល គាត់​ខុស​គោលការណ៍​របស់​ក្រសួង»

លោក​ស្រី​បន្ត​ថា​ ក្រោយ​ការ​តវ៉ា​ច្រើន​ថ្ងៃ​មក មន្ត្រី​ក្រសួង​ការងារ​ បាន​ចុះ​ជួប​កម្មករ​កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ និង​បាន​ណែនាំ​ឲ្យ​កម្មករ​សរសេរ​លិខិត​សុំ​ដំណោះ​ស្រាយ និង​សន្យា​ថា ដាក់​លិខិត​នោះ​ទៅ​ថ្នាក់​លើ​បន្ត។

សិប្បកម្ម​តម្បាញ​ ហុង ស៊ីន ស្ថិត​នៅ​​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។ កម្មករ​អះអាង​ថា ​​សិប្បកម្ម​តម្បាញ​នេះ ជា​កន្លែង​ដេរ​​ផ្គុំ​ ឬ​ដេរ​ភ្ជាប់​​តួ​សំលៀក​បំពាក់ ដែល​យក​មក​ពី​រោងចក្រ​ផ្សេង​មក។ ក្រោយ​ការ​ដេរ​ភ្ជាប់​រួច​ សំលៀក​បំពាក់​ទាំង​នោះ នឹង​ត្រូវ​បញ្ជូន​ទៅ​រោងចក្រ​មួយ​ទៀត ដើម្បី​ដំឡើង​ម៉ាក​យីហោ។ កម្មករ​ឲ្យ​ដឹង​ទៀត​ថា រោងចក្រ​ធំ ​ជា​ដៃគូ​របស់​សិប្បកម្ម​នេះ គឺ​រោងចក្រ អឹមវ៉េ (MV) មាន​ទីតាំង​នៅ​ខេត្ត​កំពង់ឆ្នាំង។

មន្ត្រី​ច្បាប់ ​នៃ​សហព័ន្ធ​​សហជីព​ការងារ​កម្មករ​កម្ពុជា លោក ជិន សូនី ដែល​ឃ្លាំមើល​ករណី​នេះ ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​កម្មករ ដាក់​លិខិត​ទៅ​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់ និង​ខណ្ឌ ព្រម​ទាំង​ក្រសួង​ការងារ​អស់​ហើយ ដោយ​មន្ត្រី​ក្រសួង​ការងារ​សន្យា​ថា នឹង​ចុះ​​ដោះស្រាយ​ដល់​ទីតាំង​តវ៉ា​​ នៅ​ថ្ងៃ​ទី១៦ ធ្នូ។ លោក​ថា បច្ចុប្បន្ន​ក្រុម​កម្មករ មិន​ទាន់​មាន​គម្រោង​តវ៉ា​ ​ឬ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ណា​ផ្សេង​ទៀត​ទេ ដោយ​រង់​ចាំ​ មើល​ដំណោះស្រាយ​ពី​ក្រសួង​ការងារ នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​សិន៖ « នៅ​ទេ​បង​ ព្រោះ​ថា ថ្ងៃ​ច័ន្ទ​នេះ ប្រហែល​ជា​មាន​ដំណោះស្រាយ ខាង​ក្រសួង​គាត់​នឹង​ចុះ​មក​សម្រប​សម្រួល​រឿង​ហ្នឹង ថា​ តើ​យ៉ាង​ម្ដេច​អ៊ីចឹង​ណា​បង ? មន្ត្រី​ក្រសួង​ការងារ​ បាន​ចុះ​មក​​ហើយ គាត់​បាន​សួរ​នាំ​ហើយ អ៊ីចឹង​ណា​បង។ សួរ​នាំ​រឿង​បញ្ហា​ទូទៅ​ករណី​ហ្នឹង បើក​ពេល​ណា។ បាន​ចុះ​មក​សាកសួរ​ហើយ បាន​ឯកតោភាគី​ទេ បាន​តែ​ខាង​កម្មករ​ទេ ព្រោះ​ខាង​ថៅកែ​គាត់​អត់​នៅ អត់​ដឹង​ទៅ​ណា»

អាស៊ី​សេរី គ្មាន​ប្រភព​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​ថៅកែ​សិប្បកម្ម​តម្បាញ​ ហុង ស៊ីន​ បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ធ្នូ។ អាស៊ី​សេរី ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ បាន​ដែរ​ ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

កម្មការិនី​លោកស្រី ហ៊ឹម សុខរឿន ​រំលឹក​ថា មុន​ថ្ងៃ​បើក​ប្រាក់​ឈ្នួល​ប៉ុន្មាន​ថ្ងៃ ថៅកែ​ប្រាប់​ថា ឲ្យ​កម្មករ​ឈប់​សម្រាក​ពីរ​បី​ថ្ងៃ ព្រោះ​គ្មាន​សម្ភារៈ​ដេរ តែ​​ដល់​ថ្ងៃ​ទី៩ ធ្នូ ជា​ថ្ងៃ​បើក​ប្រាក់​ឈ្នួល​សម្រាប់​ខែ​វិច្ឆិកា ថៅកែ​បាន​បើក​ឲ្យ​ម្នាក់​ខ្ទង់​មួយ​រយ (១០០)​ដុល្លារ ហើយ​ប្រាប់​ថា សិប្បកម្ម​នឹង​ត្រូវ​សេង (លក់​) ឲ្យ​ថៅកែ​ថ្មី រួច​ហើយ​ថៅកែ​ ក៏​បាត់​ដំណឹង​រហូត​ទៅ។ កម្មករ​ថា ពួក​គាត់​នឹង​តវ៉ា​រហូត​មាន​ដំណោះ​ស្រាយ ទើប​ព្រម​ឈប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។