រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បញ្ជា​ឲ្យ​មន្ត្រី​ចុះ​ស្រង់​ស្ថិតិ និង​តម្លៃ​បន្ទប់​ជួល​តាម​ផ្ទះ​សំណាក់​សណ្ឋាគារ

ដោយ សុ ជីវី
2018.11.29
Share on WhatsApp
Share on WhatsApp
យន្ត មីន ៨៥៥ ២០១៧ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន (រូប​កណ្ដាល) ចូល​រួម​សម្ពោធ​ទីស្នាក់ការ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា សាខា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៧។
RFA

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ជា​ឲ្យ​មន្ត្រី​ចុះ​ស្រង់​ស្ថិតិ និង​តម្លៃ​បន្ទប់​ជួល​តាម​សណ្ឋាគារ ផ្ទះសំណាក់ បឹង​ហ្គាឡូ និង​រីហ្សត (Resort) នានា ក្នុង​ខេត្ត​ព្រះសីហនុ ក្រោយ​រង​ការរិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា បន្ទប់​ជួល​ស្នាក់នៅ បាន​ឡើងថ្លៃ​ខ្លាំង នៅ​ខណៈ​ដែល​ម្ចាស់​អាជីវកម្ម​ភាគច្រើន ជា​ជន​ជាតិ​ចិន។ សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​ចង់​ឃើញ អាជ្ញាធរ និង​ម្ចាស់​អាជីវកម្ម បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​រួមគ្នា ក្រោយ​ស្រង់​តម្លៃ​រួច។

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ហៀក ហ៊ីមុល្លី កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា បាន​ចេញ​លិខិត​បង្គាប់​ឲ្យ​មន្ត្រី​ខេត្ត​ចុះ​ស្រង់​ស្ថិតិ និង​តម្លៃ​បន្ទប់​របស់​សណ្ឋាគារ ផ្ទះសំណាក់ បឹង​ហ្គាឡូ និង​រីហ្សត ចាប់ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ដល់​ថ្ងៃ​ទី​៣១ ធ្នូ ហើយ​ត្រូវ​ធ្វើ​របាយការណ៍​លទ្ធផល ដាក់​ជូន​គណៈ​អភិបាលខេត្ត ដើម្បី​ពិនិត្យ និង​សម្រេច។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​បន្ទប់​ជួល ឡើងថ្លៃ​ខ្លាំង នៅ​មួយ​រយៈ​ចុងក្រោយ​នេះ ដោយសារតែ ម្ចាស់​អាជីវកម្ម​ផ្ទះសំណាក់​ភាគច្រើន បាន​ជួល​ផ្ទះ​បន្ត​ពី​គេ ដើម្បី​យក​មក​ធ្វើ​អាជីវកម្ម និង​អាច​ដោយសារ ការ​ឡើង​ថ្លៃ​ភាស៊ី បង់​ឲ្យ​មន្ត្រី៖ «អ៊ីចឹង​យើង​ក៏​មិន​ដឹង​ថា វិធានការ​របស់​អាជ្ញាធរ នឹង​បាន​ជជែក​ជាមួយ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​នឹង កម្រិត​ណា? ក្នុង​ការ​ទប់ទល់​ក្នុង​ការ​តម្លើង​ថ្លៃ មិនមែន​ថា​តម្លើង​ថ្លៃ​ទេ វា​ថ្លៃ​ហ្មង​នៃ​ថ្លៃ​សេវា​ដែល​គាត់​ទទួល​បន្ត​ពី​គេ​មក​វា​ថ្លៃ​ដែរ។ ហី​បើសិនជា អ្នក​ដែល​គាត់​បាន​ផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ថា​គាត់​មាន​ផ្ទះ មាន​បន្ទប់​ជួល ថ្លៃ ប៉ុណ្ណេះ ប៉ុណ្ណោះ នឹង អាហ្នឹង គាត់​មាន​ផ្ទះ​របស់​គាត់​អត់​ទាន់​មាន​ធ្វើ​អាជីវកម្ម​ជួល​ទៅ​ឲ្យ​ជនជាតិ​ចិន​នៅឡើយ​ទេ។ និយាយ​ទៅ​ខ្ញុំ​នៅ​កំពង់សោម​មាន​បន្ទប់​ជួល​៣០​ដុល្លារ ថ្ងៃ​ធម្មតា មាន ប៉ុន្តែ​វា​មាន​ចំនួន​តិច​ណាស់ គេ​មិន​អាច​ផ្ដល់​ឲ្យ​បាន​គ្រប់គ្រាន់​ទេ។ បើ​ភ្ញៀវ​គាត់​មិន​ស្គាល់ ពួកគាត់​មិន​អាច​រក​បាន​នោះ​ទេ»

សង្គម​ស៊ីវិល​រូប​នេះ ឲ្យ​ដឹង​ថា ស្ថានភាព​ខេត្ត​ព្រះសីហនុ​បាន​ប្រែប្រួល​ខ្លាំង ក្រោយ​វត្តមាន​ជនជាតិ​ចិន ប្រមូល​ផ្ដុំគ្នា​យ៉ាង​ច្រើន​កុះករ នៅ​ខេត្ត​ទេសចរណ៍​ជាប់​សមុទ្រ​មួយ​នេះ។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​នាំគ្នា​បង្ហោះ​វីដេអូ (Post) និង​ចែករំលែក (Share)​ព័ត៌មាន នៃ​ការ​ឡើងថ្លៃ​បន្ទប់​ជួល តាម​សណ្ឋាគារ និង​ផ្ទះសំណាក់ ក្នុង​ខេត្ត​ព្រះសីហនុ។ ពួកគេ​រអ៊ូ ថា មិន​ហ៊ាន និង​មិន​ចង់​ទៅលេង​ខេត្ត​ទេសចរណ៍ មួយ​នេះ​ទៀត​ទេ ដោយសារ អាជីវកម្ម​ទាំងអស់​ស្ទើរ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ទាំងស្រុង​និង​មានតម្លៃ​ថ្លៃ​មិន​ធ្លាប់​មាន​ហើយ​ថ្លៃ​ជាង​តំបន់​ទេសចរណ៍ ផ្សេងៗ។

ប៉ុន្ដែ ក៏​មាន​ក្រុម​មន្ត្រី និង​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ខ្លះ ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ទៅលេង​ខេត្ត​មួយ​នេះ​ដែរ បើទោះជា​ទទួលស្គាល់​ថា បន្ទប់​ស្នាក់នៅ​មានតម្លៃ​ថ្លៃ​ក៏ដោយ។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ខ្លះ បាន​ឡក​លើយ ឲ្យ​ក្រុម​អ្នក​រិះគន់ ការ​ដំឡើង​ថ្លៃ​បន្ទប់​ផ្ទះសំណាក់​ហួសហេតុ ថា បើ​គ្មាន​លុយ​ត្រឹម ១០០​ដុល្លារ ជួល​បន្ទប់​មួយ​យប់​សម្រាក​ទេ គួរ វេច កន្ទេល ទៅ​សម្រាក​ជាដើម។

ការិយាល័យ​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា បាន​ចេញ​សេចក្ដីថ្លែងការណ៍ អះអាង​ថា របប​មួយ​នេះ បាន​យកចិត្តទុកដាក់​ខ្លាំង ចំពោះ​កង្វល់​ពលរដ្ឋ​មួយ​ចំនួន ដែល​បាន​បង្ហាញ​អារម្មណ៍​តាម​បណ្ដាញ​សង្គម​ចំពោះ​ហេតុការណ៍ កើតឡើង​នៅ​ក្រុងព្រះសីហនុ ដោយ​សង្ស័យថា មានការ​ពាក់ព័ន្ធ​នឹង​វត្តមាន​ជនជាតិ​ចិន​។ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ បកស្រាយ​ថា កំពុង​ចាត់វិធានការ​ម៉ឺងម៉ាត់ ហើយ​អ្នក​ទេសចរណ៍​បរទេស ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​ចាប់​បញ្ជូន​ត្រលប់​ទៅវិញ មាន​គោលនយោបាយ​ច្បាស់លាស់ មិន​អនុញ្ញាតឲ្យ​មានការ​រើសអើង​ពូជសាសន៍ លើ​ទឹកដី​កម្ពុជា ជាដើម។ ប៉ុន្តែ​របប​នេះ នៅតែ​បន្ត​ជំរុញ និង​លើកទឹកចិត្ត ដល់​វិនិយោគិន​ជាតិ អន្តរជាតិ និង​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​កម្សាន្ត​ខេត្ត​ទេសចរណ៍ មួយ​នេះ ឲ្យ​បាន​ច្រើន។

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ដ មីន បដិសេធ​ការ​រិះគន់​ថា ខេត្ត​ព្រះសីហនុ មិន​មាន​បន្ទប់​សមរម្យ តម្លៃ​ត្រឹម​២០ ឬ ៣០​ដុល្លារ​។ លោក​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា ទទួលស្គាល់ ខេត្ត​ទេសចរណ៍​មួយ​នេះ មានការ​ខ្វះខាត តែ​មន្ត្រី​ទាំងអស់​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំងនោះ​។ អភិបាលខេត្ត​រូបនេះ​អះអាង​ថា ខេត្ត​ព្រះសីហនុ នៅតែ​មាន បន្ទប់​ជួល​ស្នាក់នៅ មួយ​យប់ ចាប់ពី​តម្លៃ​១៥​ដុល្លារ រហូតដល់​១​ពាន់ ដុល្លារ ហើយ លោក​បញ្ជាក់​មូលហេតុ​ថា ការ​ឡើងថ្លៃ​ផ្ទះសំណាក់ ជា​ស្ថានភាព​ទីផ្សារ​សេរី៖ «អ៊ីចឹង​ចំពោះ​មុខ​ខ្ញុំ សុំ សំណូមពរ​ដល់​បងប្អូន ប្រជាពលរដ្ឋ​យើង​ទី​១ ភ្ញៀវ​បរទេស ភ្ញៀវ​ក្នុង​ប្រទេស​យើង​គឺថា​កុំ​ចាត់​ទុក​ខែត្រ​យើង​ថា​វា​អាក្រក់ ពេក កន្លងមក​មាន​ព័ត៌មាន​អត់​ដល់​ថ្នាក់​អត់​មាន​ផ្ទះ​សំណាក់​ដែល​មាន​តម្លៃ​ថោក​អី​ទេ។ គឺថា​មាន មាន​ដែរ​តែ​យើង​ត្រូវ​ខល​ទៅ​កក់​ទុក​មុន អ៊ីចឹង​ហើយ​យើង​មើល​វា​មាន​អា​ថ្លៃ មាន​អា​ថោក យើង​គួរ​ចេះ​មើល​ថា វា​ថ្លៃ វា​ថោក តាម​តម្លៃ​ដែល​យើង​អាច​ទទួល​យក​មក​ស្នាក់​នៅ​បាន។ ទី​២ គឺ​ម្ចាស់​ស្រុក យើង ដែល​ជា​ម្ចាស់​អាជីវកម្ម ពលរដ្ឋ​អ្នក​ភ្នំពេញ អ្នក​សៀមរាប យើង​ត្រូវតែ​មើល នេះ​ជា​ឪ​កាស​មាស ឪ​កាស​ពេជ្រ​ហើយ យើង​កំពុង​ខ្វះ​បន្ទប់ដេក អ៊ីចឹង​វា​ឡើងថ្លៃ​ដោយ​ដារ​ការ​ខ្វះ បន្ទប់ដេក បើ​យើង​មក​សាងសង់​ឲ្យ​វា​គ្រប់​វា​នឹង​លែង​ថ្លៃ​ហើយ​វា​មិន​អញ្ចឹង រដ្ឋបាល​យើង​គិត​អ៊ីចឹង ហើយ​យើង​មានការ​លើកទឹកចិត្ត​អោយ​ពលរដ្ឋ​យើង​មក​ធ្វើការ​វិនិយោគ​ថែម​ទៀត»

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី ទទួល​ស្គាល់​ថា ពិត​ជា​មាន​បន្ទប់​ជួល​ផ្ទះសំណាក់​ខ្លះ តម្លៃ​ជួល​ប្រហែល​៣០ ឬ ៤០​ដុល្លារ​មែន ដោយសារ ជា​ផ្ទះ​ផ្ទាល់ខ្លួន​របស់​ម្ចាស់​អាជីវកម្ម ប៉ុន្ដែ​មិន​អាច​មាន​ចំនួន​គ្រប់គ្រាន់ និង​អ្នក​ទេសចរណ៍​ថ្មីថ្មោង មិន​ងាយស្រួល​រក​ទេ។ សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​ព្រះសីហនុ​រូប​នេះ យល់ថា គួរ​ប្រញាប់​បញ្ចប់​ការ​ស្រង់​ស្ថិតិ និង​តម្លៃ​បន្ទប់​ស្នាក់នៅ​ឲ្យ​បាន​លឿន ហើយ​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​មានការ​ប្រជុំ​គ្នា ដើម្បី​ជជែក និង​ព្រមព្រៀងគ្នា លើ​តម្លៃ​បន្ទប់​ឲ្យ​បាន​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។