លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​អភិបាលខេត្ត​ទូទាំង​ប្រទេស​ចាត់​វិធានការ​តឹងរ៉ឹង​លើ​ក្មេង​ទំនើង

ដោយ មាន ឫទ្ធិ
2024.05.24
លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​អភិបាលខេត្ត​ទូទាំង​ប្រទេស​ចាត់​វិធានការ​តឹងរ៉ឹង​លើ​ក្មេង​ទំនើង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព កាលពីថ្ងៃទី២៤ ឧសភា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​អភិបាលខេត្ត​នៅ​ទូទាំង​ប្រទេស​ចាត់​វិធានការ ទប់ស្កាត់​ក្មេង​ទំនើង​។ អ្នកឃ្លាំមើល​ថា បញ្ហា​ក្មេង​ទំនើង​កើនឡើង ដោយសារ​តែ​មាន​បញ្ហា​នៅក្នុង​ប្រព័ន្ធ​អប់រំ និង​ឥទ្ធិពល​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​កើនឡើង។

បច្ចុប្បន្ន​នេះ បញ្ហា​ក្មេង​ទំនើង​ដេញ​កាប់​ចាក់​គ្នា​តាម​ដងផ្លូវ និង​ទីប្រជុំ​បង្ក​ភាព​អនាធិបតេយ្យ​កំពុង​កើនឡើង​។ ការណ៍​នេះ បង្ក​ជា​ក្ដី​បារម្ភ​ដល់​ការរស់នៅ​របស់​ពលរដ្ឋ។ រីឯ រដ្ឋាភិបាល បើ​ទោះ​ជា​បាន​ដាក់​ចេញ​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ទប់ស្កាត់ ករណី​ចោរកម្ម និង​ក្មេង​ទំនើង ហើយ​ក្ដី តែ​ការអនុវត្ត​ជាក់ស្តែង​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។

ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ផែនទី បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​ការ​គ្រប​ដណ្ដប់​សុខភាព​ជា​សកល​ឆ្នាំ​២០២៤-២០៣៥ នៅ​ថ្ងៃទី​២៣ ខែ​ឧសភា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​អភិបាល​ខេត្ត​ទូទាំង​ប្រទេស រួម​នឹង​សមត្ថកិច្ច ត្រូវ​ទប់ស្កាត់​បញ្ហា​ក្មេង​ទំនើង​ឱ្យ​បាន​តឹងរ៉ឹង​។ លោក ហ៊ុន ម៉ាណែត បាន​ទទួល​ស្គាល់​ថា បញ្ហា​ក្មេង​ទំនើង កំពុង​កើន​ឡើង នៅ​ទីក្រុង​ភ្នំពេញ បង្ក​ជា​ក្ដី​ភ័យខ្លាច ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន។

រយៈពេល​៥​ខែ ចុងក្រោយ​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ជាង​៣០០​ករណី (៣៣៧) និង ឃាត់ខ្លួន​ជិត​៨០០​នាក់ (៧៨៨​នាក់​) ហើយ​បាន បញ្ជូន​ទៅ តុលាការ ជាង ២០០ ករណី (២៤១) ។ នៅ​ក្នុង​សំណុំរឿង​ក្មេង​ទំនើង​ទាំងនោះ ភាគច្រើន ពាក់ព័ន្ធ ការប្រើ​អំពើ​ហិង្សា ចោរកម្ម និង​បង្ហោះ​ម៉ូតូ នៅ​តាម​ដងផ្លូវ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។

រីឯ អ្នកឃ្លាំមើល​លើកឡើង​ថា បញ្ហា​ក្មេង​ទំនើង​កើតមាន​ជា​ហូរហែ​នេះ​ដោយសារតែ​ឥទ្ធិពល គ្រឿងញៀន និង​គ្រឿង​ស្រវឹង ដែល​កំពុង​ពង្វក់ស្មារតី​យុវជន​ស្ទើរ​រាល់ថ្ងៃ ចំណែក អាជ្ញាធរ​ពាក់ព័ន្ធ ហាក់​ពុំ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​។ រីឯ ប្រព័ន្ធ​អប់រំ​វិញ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា គុណភាព​អប់រំ​នៅ​មាន​កម្រិត។

ទាក់ទិន​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៣ ខែ​ឧសភា ថា ជា​ការ​ល្អ​ដែល​រដ្ឋាភិបាល ទប់ស្កាត់ បញ្ហា​ក្មេង​ទំនើង​។ ក៏ប៉ុន្តែ លោក​ថា បញ្ហា​ពុំ​អាច​ដោះស្រាយ​បាន​យូរ​អង្វែង​ទេ ប្រសិន​សិន​បើ​រដ្ឋាភិបាល ពុំ​ទប់ស្កាត់​ឫសគល់​បញ្ហា ដូចជា បញ្ហា គ្រឿងញៀន និង​គ្រឿង​ស្រវឹង ដែល​កំពុង​ពង្វក់ ស្មារតី​យុវជន​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។

ក្រសួង​មហាផ្ទៃ​បាន​ចេញ​របាយការណ៍​ទូទាំង​ប្រទេស​ពាក់ព័ន្ធ​ក្មេង​ទំនើង និង​បញ្ហា​គ្រឿងញៀន ចាប់ពី​ខែ​មេសា ដល់​ខែ​ឧសភា បាន​រក​ឃើញ​ថា មាន​មនុស្ស​ជាង​២០០​នាក់ (២៥៩​នាក់) ត្រូវ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ចំណែក ៨៥​នាក់ ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង​ដែល​បាន​បង្ក​អសន្តិសុខ តាមរយៈ​ការប្រើ​អំពើ​ហិង្សា កាប់​ចាក់ ដោយ​អ្នក​ទាំង​នោះ​ភាគច្រើន ប្រើប្រាស់​គ្រឿង​ស្រវឹង។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ សង្កេត​ឃើញ​ថា ក្មេង​ទំនើង ភាគច្រើន​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ហើយ​ដើរលេង​ផឹកស៊ី​សប្បាយ នៅពេល​យប់​ជ្រៅ បង្ក​ការ​រំខាន ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​។ មិន​តែ​ប៉ុណ្ណោះ ក្រុម​ក្មេង​ទំនើង​ទាំងនោះ បាន​លួច ទ្រព្យសម្បត្តិ​ពលរដ្ឋ និង​បង្ក​ការខូចខាត សម្បត្តិ​សាធារណៈ​នានា​ផង​ដែរ​។​

បើ​ទោះ​បី​ជា បញ្ហា​ទាំងនេះ​បាន​កើត​មាន​ជា​ហូរហែ​ក្ដី តែ អ្នកឃ្លាំមើល បញ្ហា​សង្គម​លើកឡើង​ថា មន្ត្រី​ពាក់ព័ន្ធ ហាក់​ពុំ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ​។ ជាក់ស្ដែង ក្រៅពី​ជិះ​ម៉ូតូ​ដេញ កាប់​ចាក់ គ្នា​ពេញ​កណ្ដាល​ទីក្រុង​ភ្នំពេញ ក្មេង​ទំនើង​ខ្លះ បាន​បើករថយន្ត​សេ​រ៊ី​ទំនើបៗ​ប្រណាំង​គ្នា​សប្បាយ​នៅ​តាម​ដងផ្លូវ ខ្លះ​ក្នុង​ស្ថានភាព​ស្រវឹង បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ផ្តាច់​ផ្តិល​ជីវិត​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​ក៏​មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។