ក្រុមគ្រួសារលោក ហ៊ុន សែន បង្កើតកម្មវិធីរាំច្រៀងសប្បាយនៅលើគំនរទុក្ខពលរដ្ឋ
2024.04.14
ខណៈប្រជាពលរដ្ឋ កំពុងញាំញីដោយវិបត្តិសេដ្ឋកិច្ច និងទទួលរងអំពើអយុត្តិធម៌នោះ គ្រួសារលោក ហ៊ុន សែន ឯណោះវិញ បែរជាឆ្លៀតយកឱកាសបុណ្យចូលឆ្នាំថ្មី រៀបចំកម្មវិធីជប់លៀងច្រៀងរាំ សប្បាយក្អាកក្អាយជាមួយក្រុមគ្រួសារ និងបក្ខពួកដែលជាប់ឈ្មោះពុករលួយ រំលោភសិទ្ធិពលរដ្ឋ រំលោភអំណាច និងក្រុមអ្នកជំនួញជាប់ឈ្មោះអាស្រូវរឿងរកស៊ីបំផ្លាញព្រៃឈើ លុបបឹងលុបទន្លេ និងប្លន់ដីពីប្រជាពលរដ្ឋ។ ពលរដ្ឋរិះគន់ថា ទង្វើនេះ ឆ្លុះបញ្ចាំងពីភាពអាត្មានិយម និងអគុណធម៌ របស់គ្រួសារមេដឹកនាំ និងបក្ខពួក និងជាការបញ្ឈឺ ដល់ពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌។
បន្ទាប់ពីទទួលបានជ័យជម្នះ បន្តបន្ទាប់គ្នា ក្នុងការច្បាមយកអំណាចកំពូលៗ ឱ្យខ្លួនឯង និងកូនចៅហើយនោះ ក្រុមគ្រួសាររបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងកូនចៅ ដែលក្ដោបក្ដាប់តំណែងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងតំណែងកំពូលៗ ជាច្រើនទៀត ហាក់ធ្ងន់ចិត្ត និងសប្បាយរីករាយជាងមុន។ ភាពសប្បាយរីករាយទាំងនេះ ស្ដែងឡើងតាមរយៈការបង្កើតកម្មវិធីជប់លៀងទទួលទានអាហារសម្បូរបែប និងស្រាថ្លៃៗ ព្រមទាំងច្រៀងរាំសប្បាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នៅភូមិគ្រឹះរបស់លោក ហ៊ុន សែន។
នៅក្នុងវីដេអូ ដែលបង្ហោះនៅលើគណនីតិកតុក(Tiktok) របស់ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលមានតួនាទីជាប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន បង្ហាញពីកម្មវិធីជួបជុំសមាជិកគ្រួសាររបស់លោក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី កាលពីយប់ថ្ងៃទី១២ ខែមេសា ដោយមានការចូលរួមពីក្រុមមន្ត្រីកាន់អំណាចនយោបាយកំពូលៗ និងក្រុមអ្នកជំនួញធំៗ ដែលស្និទ្ធនឹងលោក ហ៊ុន សែន និងមានកេរ្តិ៍ឈ្មោះអាស្រូវ ខាងរំលោភយកដីពីប្រជាពលរដ្ឋ និងបំផ្លាញធនធានធម្មជាតិមួយចំនួន ដូចជា ឈ្មួញរកស៊ីកាប់ឈើលក់ លោក ទ្រី ភាព ឈ្មួយរកស៊ីលុបបឹង និងឆ្នេរ លោកស្រី ជឹង សុភាព ហៅយាយភូ និងឧកញ៉ា គិត ម៉េង ជាដើម។
នៅក្នុងបរិវេណភូមិគ្រឹះ ដែលតុបតែងដោយភ្លើងព្រោងព្រាត និងគ្រឿងសំណែនទេវតា មានដូចជាផ្លែឈើ និងផ្កាភ្ញី លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម មាននិស្ស័យចូលចិត្តឱ្យគេតែងចម្រៀងសរសើរខ្លួនឯងនោះ បានជួលតារាចម្រៀងជាច្រើននាក់មកច្រៀង។ លោក ហ៊ុន សែន និងប្រពន្ធ គឺអ្នកស្រី ប៊ុន រ៉ានី រាំផងសើចផង អស់ជាច្រើនបទ ក្នុងនោះមានទាំងចង្វាក់ម៉ាឌីហ្សុន រាំក្បាច់ រាំវង្ស និងចូកកំពឹសជាដើម។ចំណែកក្រុមមន្ត្រីកំពូលៗ និងក្រុមអ្នកជំនួញ ដែលជាប់ឈ្មោះអាស្រូវរឿងរកស៊ីបំផ្លាញព្រៃឈើ លុបបឹងលុបទន្លេ និងប្លន់ដីពីប្រជាពលរដ្ឋ ក៏បានឡើងរាំឡកជាមួយលោក ហ៊ុន សែន ពោរពេញដោយភាពស្និទ្ធស្នាលដែរ។
សកម្មជនដីធ្លី នៅឃុំបឹងប្រាំ ខេត្តបាត់ដំបង ដែលកំពុងរត់ភៀសខ្លួននៅប្រទេសថៃ អ្នកស្រី នួន នឿន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែមេសា ថា លោកស្រីឈឺចាប់ នៅពេលឃើញគ្រួសារមេដឹកនាំ នាំគ្នារាំច្រៀង ស្របពេលដែលពលរដ្ឋមួយចំនួន កំពុងទទួលរងភាពអយុត្តិធម៌ បាត់បង់ដីធ្លី ផ្ទះសម្បែង រត់ចោលស្រុកព្រាត់ប្រាសគ្រួសារ និងជាប់ពន្ធនាគារតាមរយៈការប្រឌិតបទចោទបែបនេះ។ លោកស្រីថ្លែងទៀតថា ទង្វើនេះ បង្ហាញពីភាពអាត្មានិយម និងអគុណធម៌ របស់គ្រួសារមេដឹកនាំ ដែលសប្បាយលើគំនរទុក្ខ និងទឹកភ្នែករបស់ពលរដ្ឋ។
អ្នកស្រី នួន នឿន៖ « អត់មានកិត្តិយសអីទេ ព្រោះថានៅក្នុងសកលលោកទាំងអស់អ្នកណាក៏ដឹងដែរថាគាត់ធ្វើតែអំពើអាក្រក់ សាងតែបាប។ ហើយការដែលគាត់កំពុងសប្បាយ លុយកាក់ដែលគាត់កំពុងមាននេះក៏ខ្ញុំយល់ថាអត់តម្លៃដែរ ព្រោះថាយើងសាងតែអាក្រក់ សាងតែកម្មពៀរធ្វើបាបអ្នកដទៃ ទោះបីយើងមានទ្រព្យប៉ុណ្ណាក៏វាអត់តម្លៃដែរ។ ទីពីរ គឺបាប។ ខ្ញុំជឿថា ពេលពួកគាត់ស្លាប់ទៅមិនដឹងថាចុះនរកប៉ុន្មានជាន់ទេ»។
អ្នកស្រី នួន នឿន គឺជាសកម្មជនដីធ្លីតំណាងឱ្យពលរដ្ឋជិត២០០ (១៩៤) គ្រួសារ ដែលមានទំនាស់ដីធ្លីក្នុងឃុំបឹងប្រាំ ជាមួយដើមបណ្ដឹង ដែលមានអាជ្ញាធរធ្វើជាខ្នងបង្អែក។ អ្នកស្រីក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សភ្លើងទៀន និងជាសមាជិកស្ត្រីថ្ងៃសុក្រ ដែលចេញតវ៉ាទាមទារឱ្យដោះលែងអ្នកទោសនយោបាយ រហូតដល់អ្នកស្រីត្រូវបង្ខំចិត្តចាកចេញពីគ្រួសារភៀសខ្លួនទៅប្រទេសថៃ ក្រោយរងពាក្យបណ្ដឹងរបស់តុលាការ និងការគំរាមកំហែងធ្វើទុក្ខបុកម្នេញពីអាជ្ញាធរនៅក្នុងមូលដ្ឋាន។
ចំណែក សកម្មជនដីធ្លីខេត្តកោះកុង លោកស្រី ផាវ ញើង លើកឡើងថា ការរាំច្រៀងសប្បាយរបស់គ្រួសារមេដឹកនាំ គឺជាសិទ្ធិរបស់ពួកគេ ក៏ប៉ុន្តែសំណើចក្អាកក្អាយរបស់ពួកគេនេះ ហាក់ជាការបញ្ឈឺ ដែលបង្កប់នូវភាពអយុត្តិធម៌ និងការឈឺចាប់របស់ជនរងគ្រោះ ដែលត្រូវអ្នកមានអំណាចរំលោភយកដីធ្លីហើយ ថែមទាំងត្រូវជាប់ពន្ធនាគារ ថែមទៀត។
លោកស្រី ផាវ ញើង៖ «អារីករាយបែបជិះជាន់ គាបសង្កត់ប្រជាពលរដ្ឋ អ្នកការពារបរិស្ថាន អ្នកការពារសង្គមហ្នឹងជាប់គុកជាប់ពន្ធនាគារដោយគ្មានទទួលបានយុត្តិធម៌ត្រឹមត្រូវទេ។ សម្រាប់អ្នកមានលុយមានអំណាច ដើរបោកប្រាស់លុយប្រជាពលរដ្ឋ ដើរប្លន់ដីរាស្ត្រ អាហ្នឹងសប្បាយហ៊ឺហាហ៊ឹកហ៊ាក់ណាស់។ អាហ្នឹងបង្ហាញថា ឆន្ទៈពួកគាត់មិនខ្វាយខ្វល់ជាមួយប្រជាពលរដ្ឋទេ។»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ពិធីជួបជុំរបស់គ្រួសារថ្នាក់ដឹកនាំ ធ្វើឡើងដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មិនមែនដើម្បីបញ្ឈឺចិត្តពលរដ្ឋនោះទេ។
លោក សុខ ឥសាន៖ « ក្នុងមួយឆ្នាំធ្វើម្ដង យើងយល់ថាអ្នកណាក៏សប្បាយរីករាយដែរ។ រាល់បញ្ហាដែលកើតឡើងនៅក្នុងសង្គមនានានោះទុកម្ដុំសិន ដើម្បីសប្បាយសិននៅពេលចូលឆ្នាំ។ មិនដែលមានអ្នកណាចូលឆ្នាំហើយយកបញ្ហាមកស្មុគស្មាញមកដោះស្រាយក្នុងពេលចូលឆ្នាំទេ»។
ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត យល់ឃើញថា កម្មវិធីសប្បាយរបស់គ្រួសារត្រកូលហ៊ុន ធ្វើឡើងដើម្បីអបអរលើជ័យជម្នះ ក្នុងការក្ដោបក្ដាប់អំណាចកំពូលៗ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាជាងការអបអរបុណ្យចូលឆ្នាំថ្មី។
លោក ម៉ែន ណាត៖ «បើយើងមើលទៅហាក់បង្ហាញឱ្យឃើញថា មេដឹកនាំហ្នឹងអត់ខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទេ។ កាលណាមេដឹកនាំប្រភេទអ៊ីចឹងៗ មេដឹកនាំដែលមើលឃើញតែសំបកក្រៅហ្នឹង យកអាសំបកក្រៅទៅអួតអាងប្រាប់ប្រជាពលរដ្ឋ ទៅអួតអាងប្រាប់អន្តរជាតិហ្នឹងមានន័យថា មេដឹកនាំហ្នឹងអត់មានសមត្ថភាពនៅក្នុងការដឹកនាំហើយ»។
យ៉ាងណាក៏ដោយចុះ សកម្មជនរងគ្រោះដីធ្លី លើកឡើងថា ភាពសប្បាយរីករាយរបស់ក្រុមមន្ត្រីមេដឹកនាំ និងបក្ខពួក ដែលប្រៀបបានទៅនឹងការបញ្ឈឺចិត្តពួកគាត់នេះ មិនបានធ្វើឱ្យពួកគាត់បាក់ទឹកចិត្ត ក្នុងការស្វែងរក និងទាមទារយុត្តិធម៌ឱ្យខ្លួនឯងនោះឡើយ។ ពួកគាត់ជឿជាក់ថា ប្រសិនបើក្រុមមេដឹកនាំ នៅតែសាងអំពើបាប ដែលធ្វើឱ្យពលរដ្ឋទឹកភ្នែក ដោយភាពអយុត្តិធម៌នោះ ថ្ងៃណាមួយពួកគេនឹងទទួលរងនូវបាបកម្ម ដែលពួកគេបានសាងជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។