កម្មករ​សំណង់​នៅ​ឧត្ដរមានជ័យ ៣០០នាក់​ចេញ​តវ៉ា​​ទាមទារ​ឱ្យ​ថៅកែ​ចិន​បើក​ប្រាក់​ខែ​ជូន​ពួកគាត់

ថៅកែ​ចិន​សម្រេច​បើក​ប្រាក់​ខែ​ឱ្យ​ក្រុម​កម្មករ​សំណង់​ធ្វើ​ការ​ក្នុង​រមណីយដ្ឋាន​អូរស្មាច់​ខេត្ត​ឧត្តរមានជ័យ ក្រោយ​ពី​ពួកគាត់​បាន​ប្រមូល​ម្ដុំ​គ្នា​ស្រែក​តវ៉ា​នៅ​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ទាមទារ​ឱ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​ដែល​មិន​បាន​បើក​ឱ្យ​ក្រុម​កម្មករ ២ខែ​ចុងក្រោយ​នេះ។ មន្ត្រី​សហជីព​ថា កម្មករ​សំណង់​នៅ​តែ​រងគ្រោះ​ជា​បន្តបន្ទាប់ ដោយសារ​តែ​កង្វះ​ការ​អនុវត្ត​ច្បាប់​លើ​ក្រុម​ថៅកែ​ទុច្ចរិត និង​មិន​សូវ​មាន​ការ​គាំពារ​ពី​សំណាក់​រដ្ឋាភិបាល។

ក្រុម​កម្មករ​សំណង់​ប្រមាណ ៣០០នាក់​នៅ​រសៀល​ថ្ងៃ​ទី១៨ ខែវិច្ឆិកា បាន​ឈរ​តម្រង់​ជួរ​នៅ​ក្នុង​ការដ្ឋាន​សំណង់​ជនជាតិ​ចិន​នៅ​ក្នុង​រមណីយដ្ឋាន​អូរស្មាច់​របស់​លោក លី យ៉ុងផាត់ ដើម្បី​ទទួល​លុយ​ពី​ថៅកែ​ចិន បន្ទាប់​ពី​ថៅកែ​មិន​បាន​បើកប្រាក់​ឈ្នួល​ឱ្យ​ក្នុង​រយៈពេល​ជាង ២ខែ​ចុងក្រោយ​នេះ។

ទោះ​ជា​យ៉ាងណា ក្រុម​កម្មករ​ឱ្យ​ដឹង​ថា ដំណោះស្រាយ​របស់​ថៅកែ​ចិន​គឺ​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​ពាក់​កណ្ដាល​សិន​ប៉ុណ្ណោះ ពោល​គឺ​ថៅកែ​បើក​ជូន​កម្មករ​សម្រាប់​ខែកញ្ញា ចំណែក​ប្រាក់​ឈ្នួល​សម្រាប់​ខែតុលា​ថៅកែ​អះអាង​ថា នឹង​បើក​ជូន​កម្មករ​នៅ​ចុង​ខែវិច្ឆិកា។ ទន្ទឹម​គ្នា​នេះ ក្នុង​ចំណោម​កម្មករ​ប្រមាណ ៣០០នាក់ អ្នក​ខ្លះ​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​ថៅកែ​នៅ​ឡើយ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​ជួប​ការ​លំបាក​សេដ្ឋកិច្ច​គ្រួសារ និង​ខ្វះ​ថវិកា​សម្រាប់​ទិញ​ម្ហូប​ចិញ្ចឹម​ជីវិត។

កម្មករ​ម្នាក់​គឺ​លោក គីន កុល ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី១៨ ខែវិច្ឆិកា​ថា មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្លះ​ពី​ថៅកែ​ចិន​នៅ​ឡើយ ដែល​ធ្វើ​ឱ្យ​លោក​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព​គ្រួសារ និង​ពុំ​មាន​ប្រាក់​បង់​ធនាគារ​នោះ​ទេ។ លោក​បញ្ជាក់​ថា រយៈពេល​ជិត ២ខែ​មក​នេះ ថៅកែ​តែង​ព្យាយាម​រក​លេស និង​ពន្យារពេល​បើក​ប្រាក់​ខែ​ឱ្យ​កម្មករ។

កម្មករ​ដដែល​ឱ្យ​ដឹង​ថា ការងារ​សំណង់​នៅ​ការដ្ឋាន​អូស្មាច់​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​ថៅកែ​ក្នុង​មួយ​ថ្ងៃ​ម្នាក់ ៤ម៉ឺន ៥ពាន់​រៀល ទៅ ៦ម៉ឺនរៀល តាម​ជំនាញ​ផ្នែក​កម្មករ និង​មេ​ជាង។

លោក គីន កុល៖«ជួនកាល​អត់​មាន​អី​ហូប ប៉ុន្តែ​ពេល​អត់​មែនទែន​ទៅ​មេ​ខ្ញុំ​ក៏​ទៅ​ជឿ​អីវ៉ាន់​គេ​ឱ្យ​ពួក​ខ្ញុំ​ហូប​អ៊ីចឹង​ទៅ ឱ្យ​ខ្ចី​លុយ​តិចតួច​ជួនកាល ១ម៉ឺន​រៀល ២ម៉ឺន​រៀល។ ក្រុមហ៊ុន​ចិន​ខ្ញុំ​អត់​ដែល​ធ្វើ​ទេ ទើប​ចូល​កន្លែង​នេះ​ទេ ប្រាក់​ខែ​យ៉ាប់​បណ្ដោយ។ សំណូមពរ​សុំ​ឱ្យ​ដល់​ថ្ងៃ​បើក​លុយ​សុំ​ឱ្យ​បើក​ទៀង​ទាត់​មក កម្មករ​សុទ្ធ​តែ​អ្នក​ជំពាក់​អង្គការ​នៅ​ចាំ​គាត់​ថ្ងៃ​នេះ ថ្ងៃ​នោះ​ខ្ញុំ​លើស​ថ្ងៃ[បង់​អង្គការ]ជិត ២០ថ្ងៃ​ហើយ»។

រីឯ កម្មករ​ម្នាក់​ទៀត​លោក វឹក រឿន ស្នើ​ឱ្យ​ភាគី​ថៅកែ​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​តាម​ពេល​វេលា​កំណត់ ឬ​កន្លះ​ខែ​បើក​ម្ដង ដើម្បី​ដោះស្រាយ​ការ​លំបាក​របស់​កម្មករ។

​លោក វឹក រឿន៖ « ខ្ញុំ​ធ្វើ​បាន ៨ថ្ងៃ​បើក​បាន ១រយ ៤១ដុល្លារ ( ១៤១ដុល្លារ ) ។ ខ្ញុំ​សុំ​ស្នើ​ប្រសិន​បាន​កន្លះ​ខែ​បើក​ល្អ យើង​ជំពាក់​អង្គការ​វា​ប៉ះពាល់​ដែរ​មក​ធ្វើ​ការ​រក​លុយ​បើ​យឺតយ៉ាវ​យើង​ពន្យារ​គេ​តាម​ហ្នឹង​លុយ​ឡើង​តាម​ហ្នឹង »

ចំណែក កម្មករ​ម្នាក់​ទៀត​គឺ​លោកស្រី លឹម ផរ ឱ្យ​ដឹង​ថា ការ​ពន្យារ​ពេល​បើក​ប្រាក់​ឈ្នួល​របស់​ថៅកែ​នេះ​ធ្វើ​ឱ្យ​លោកស្រី និង​កម្មករ​ភាគ​ច្រើន​ពុំ​សូវ​មាន​កម្លាំង​កំហែង​ធ្វើ​ការ​នោះ​ទេ ដោយសារ​តែ​ពុំ​មាន​ប្រាក់​ទិញ​ម្ហូប​អាហារ​ហូប​ចុក​គ្រប់​គ្រាន់។ មក​ទល់​ពេល​នេះ​លោកស្រី​ក៏​មិន​ទាន់​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្លះ​ពី​សំណាក់​ថៅកែ​ចិន​នៅ​ឡើយ​ដែរ។

លោកស្រី លឹម ផរ៖«ដូច​ថា បាន​ហូប​ពេល​ព្រឹក​ពេល​ល្ងាច​អត់ ជួនកាល​ពេល​ថ្ងៃ​ក៏​អត់​បាយ​ទៅ​ធ្វើ​ការ​ទាំង​អត់​បាយ​ហ្នឹង​ឯង។ ពេល​ខ្ញុំ​អត់​អ៊ីចឹង​ជំពាក់​គេ​ធ្វើការ ដើម្បី​ចង់​បាន​លុយ​ដល់​ពេល​គេ​អត់​បើក​លុយ​ឱ្យ​មាន​តែ​ដេក​ទ្រាំ​នៅ​អត់​បាយ​អត់​ទឹក។ បើ​យើង​ជំពាក់​អង្គការ​មួយ​ថ្ងៃ​គេ​ខល(Call)មក ៤ ទៅ ១០ដង​អ៊ីចឹង។ កូន​នៅ​ផ្ទះ​អត់​បាយ​អត់​ទឹក​ទៅ​បើ​ថា យក​មក​នេះ​ក៏​អត់​អី​ហូប​បើ​គេ​អត់​បើក​លុយ​ឱ្យ​ផង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង និង​មេ​ការដ្ឋាន​សំណង់​អគារ​ជនជាតិ​ចិន​នៅ​រមណីយដ្ឋាន​អូរស្មាច់​ដើម្បី​សាកសួរ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែវិច្ឆិកា។

ចំណែក អនុ​ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ លោក យ៉ាន សុខុម ប្រាប់​ទ្យុអាស៊ីសេរី​ថា ភាគី​ថៅកែ​កំពុង​រៀបចំ​នីតិវិធី​ដោះស្រាយ​បញ្ហា​ផ្ដល់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ជា​បន្តបន្ទាប់​ហើយ។

ជុំវិញ​រឿង​នេះ អគ្គលេខាធិការ​សហព័ន្ធ​សហជីព​សំណង់ និង​ព្រៃឈើ​កម្ពុជា​លោក យ៉ាន់ ធី លើក​ឡើង​ថា កម្មករ​ផ្នែក​វិស័យ​សំណង់​នៅតែ​ប្រឈម​រងគ្រោះ​ខ្ពស់​ជាពិសេស​ភាគី​ថៅកែ​តែង​ព្យាយាម​គេចវេះ​មិន​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ ចំណែក​ឯ ការដ្ឋាន​ខ្លះ​ទៀត​ខ្វះ​ការ​ត្រួតពិនិត្យ​បច្ចេកទេស ដើម្បី​ធានា​សុវត្ថិភាព​កម្មករ។ លោក​បញ្ជាក់​ថា ការណ៍​ដែល​ថៅកែ​មិន​បាន​គោរព​តាម​កិច្ច​សន្យា​ក្នុង​ការ​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​បែប​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​កម្មករ ហើយ​រដ្ឋាភិបាល​គួរតែ​ណែនាំ​មន្ត្រី​ចុះ​អធិការ​កិច្ច​ត្រួត​ពិនិត្យ និង​ចាត់​វិធានការ​លើ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក យ៉ាន់ ធី៖«បងប្អូន​ជា​កម្មករ​ពួកគាត់​ធ្វើ​ការ​មួយ​ថ្ងៃ​គឺ​ពួកគាត់​រស់​មួយ​ថ្ងៃ ពេល​ធ្វើ​ការ​ហើយ​អត់​បើក​ប្រាក់​ឈ្នួល​ឱ្យ​គាត់​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ទាក់ទង​អ្នក​ដែល​ពាក់ព័ន្ធ​គួរតែ​មាន​ដំណោះស្រាយ​ដូច​ជា​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ​រដ្ឋ​មាន​មន្ទីរ​ការងារ​ខេត្ត​អី​ហ្នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​ឱ្យ​ទទួល​បាន​ប្រាក់​ឈ្នួល​ដែល​គាត់​បាន​បញ្ចេញ​កម្លាំង​ញើស​ឈាម​របស់​ពួកគាត់​ធ្វើ​ការ​រួច​ហើយ»។

កម្មករ​សំណង់​បម្រើ​ការងារ​នៅ​ការដ្ឋាន​ថៅកែ​ចិន​ក្នុង​រមណីយដ្ឋាន​អូស្មាច់​ភាគច្រើន​ជា​អ្នក​ចំណាក​ស្រុក​ពី​ខេត្ត​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​កូនកំព្រា និង​ស្ត្រី​មេម៉ាយ​ដែរ។ ក្រុម​កម្មករ​លើកឡើង​ថា ព្រោះ​តែ​ជីវភាព​លំបាក​ពួកគាត់​បាន​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត ធ្វើ​ការងារ​ហាលភ្លៀង​ហាលខ្យល់​ក្រោម​កម្ដៅ​ថ្ងៃ ដូច្នេះ​អាជ្ញាធរ​គួរតែ​បង្កើន​ការ​ដាក់​សម្ពោធ​ឱ្យ​ថៅកែ​ចិន​ជួយ​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យ​បាន​ពេញលេញ និង​គ្រប់​ចំនួន​ដែល​ថៅកែ​ជំពាក់​កម្មករ ដើម្បី​ឱ្យ​កម្មករ​មាន​ជំនឿ និង​កម្លាំង​ចិត្ត​ធ្វើ​ការងារ​ឱ្យ​ថៅកែ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។