លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកសាជាថ្មីនៅថ្ងៃទី២១ វិច្ឆិកា ដោយប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យផ្អាកមិនឲ្យរថយន្តដឹកលើសចំណុះ និងរថយន្តសណ្ដោងវែងខុសពីទ្រង់ទ្រាយដើមទាំងអស់ ធ្វើចរាចរណ៍លើផ្លូវនានាបន្តទៀត។
លោក ហ៊ុន សែន ថា បញ្ហារថយន្តដឹកលើសទម្ងន់ជារឿងម្យ៉ាង ប៉ុន្តែបញ្ហារថយន្តសណ្ដោងវែងខុសពីទ្រង់ទ្រាយដើម មិនមែនជារឿងថ្មីទេ។ លោកបញ្ជាក់ថា បញ្ហានេះ លោកធ្លាប់ស្រែកបញ្ជាម្ដងរួចទៅហើយ ដោយលោកប្រៀបទៅនឹងជំងឺដែលរើ មកពីការភ្លេចខ្លួនរបស់អាជ្ញាធរ៖ «អ៊ីចឹងទេ ! អំពាវនាវឲ្យមានការដឹកជញ្ជូន មានការធ្វើចរាចរណ៍ដោយគោរពច្បាប់ចរាចរណ៍ មិនត្រូវដឹកលើសទម្ងន់ ហើយមិនត្រូវតរថយន្តនោះទេ។ ឥឡូវចាប់ទាំងអស់ ប្រមូលអាឡាននឹងកុំឲ្យមានលើផ្លូវ។ សហការជាមួយនគរបាលដើម្បីប្រមូលអាឡាននឹង ហើយយកទៅកាត់ បើមិនកាត់ទេ ទុកនៅនឹង ទុកចោលម៉ងកុំទៅធ្វើខ្វល់អ្វី ! មកបំផ្លាញផ្លូវអាម៉េច ?»។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានកម្រិតប្រាក់ពិន័យ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរសម្រាប់អ្នកដែលល្មើសច្បាប់ចរាចរណ៍។ ជនណាបើកបរដោយធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចជាដើម ហើយបណ្ដាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលទៅ ១៥លានរៀល ឬអាចបន្ថែមទោសទណ្ឌលើសពីនេះទៀត។
កន្លងមកលោក ហ៊ុន សែន ធ្លាប់ចេញបញ្ហាឲ្យអាជ្ញាធរ ទប់ស្កាត់រថយន្តខុសលក្ខណៈបច្ចេកទេសទាំងអស់ ទោះបីជាម្ចាស់រថយន្តទាំងនោះ មានខ្នងបង្អែកពាក់ផ្កាយបែបណាក្ដី។ ប៉ុន្តែយ៉ាងណាក៏ដោយ បញ្ហាទាំងអស់នេះនៅបន្តកើតមាននៅលើដងផ្លូវនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
