ក្រុមមគ្គុទ្ទេសក៍អង្គរ និងពលរដ្ឋរស់នៅក្រុងសៀមរាប ហួសចិត្តនៅគ្រាដែលប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ស៊ីណាត ដែលលែងកូនសត្វក្រពើ ចូលក្នុងទឹកកសិណអង្គរវត្ត កាលពីដើមសប្ដាហ៍នេះ។ ពួកគេបារម្ភថា ទង្វើនេះមិនផ្ដល់ផលចម្រើនដល់សង្គមនោះទេ ផ្ទុយទៅវិញនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនៅថ្ងៃអនាគត។
ក្រុមមគ្គុទ្ទេសក៍អង្គរ និងពលរដ្ឋសម្ដែងការមិនសប្បាយចិត្តទេ ចំពោះករណីលែងកូនក្រពើ ចូលក្នុងកសិណអង្គរវត្ត ដែលជាតំបន់រមណីដ្ឋានទេសចរប្រវត្តិសាស្ត្រដ៏ល្បីល្បាញលើពិភពលោកនោះ។ ប្រតិកម្មនេះ គឺបន្ទាប់ពីអ្នកស្រី ហ៊ុន ស៊ីណាត បង្ហោះសារតាមហ្វេសប៊ុក បង្ហាញពីសកម្មភាពលែងកូនក្រពើចូលទឹកកសិណទឹក ខាងមុខប្រាសាទអង្គរវត្ត។
ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប លោក ខៀវ ធី ថ្លែងថា ការលែងកូនក្រពើចូលក្នុងទឹកកសិណអង្គរបែបនេះ ជារឿងមិនអាចទទួលយកបាននោះទេ។ លោកព្យាករថា ៣ឆ្នាំក្រោយ កូនក្រពើនឹងធំឡើង នឹងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និងពលរដ្ឋរស់នៅតំបន់នោះ ដែលតែងចុះមុជទឹក និងលាងដៃជើងមាត់ច្រាំងកសិណអង្គរ៖ «មិនអាចទទួលយកបានទេ ប្អូន ! ក្រពើវាគ្រោះថ្នាក់ ពេលអនាគតទៅ។ ក្រពើវាធំទៅអ្នកណាច្រឡំចុះលាងដៃ ជើង ក្រពើអាចខាំគ្រោះថ្នាក់។ មិនគួរណា យកក្រពើនៅតំបន់កសិណអង្គរទេប្អូន។ បើអ្នកទេសចរមកតែខ្លួនឯង ចុះលាងដៃជើង ក្រពើអាចខាំ គ្រោះថ្នាក់»។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលខេត្តសៀមរាប លោក ទៀ សីហា និងអ្នកនាំពាក្យអាជ្ញាធរអប្សរា តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួលនៅថ្ងៃទី៨ វិច្ឆិកា។
តែទោះយ៉ាងណា អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានថ្លែងថា អាជ្ញាធរខេត្តជំរុញអាជ្ញាធរពាក់ព័ន្ធ ឱ្យសហការជាមួយ អាជ្ញាធរអប្សរា រកមធ្យោបាយស្វែងរក ចាប់កូនក្រពើនោះមកវិញ។ លោកថា កូនក្រពើនោះ ប្រវែងបណ្ដោយប្រហែល ៤០សង់ទីម៉ែត្រ និងមិនទាន់ចល័តចេញពីកសិណអង្គរនៅឡើយទេ ហើយវាអាចនឹងរកចំណីនៅពេលយប់តាមមាត់ច្រាំងកសិណអង្គរ។ លោកបញ្ជាក់ថា មន្ត្រីជំនាញនឹងរកមធ្យោបាយចាប់វាមកវិញ ដោយការដាក់សន្ទូច អូសមង និងឆ្លុះនៅពេលយប់ជាដើម។
ពលរដ្ឋរស់នៅក្រុងសៀមរាប លោក វិន ភារម្យ គិតថា ផ្ទៃទឹកកសិណអង្គរធំធេង មន្ត្រីជំនាញមិនងាយចាប់កូនក្រពើនោះបានមកវិញទេ។ លោកបារម្ភថា បើអាជ្ញាធររកកូនក្រពើនេះមិនឃើញ រយៈពេល ៣ឆ្នាំក្រោយ វានឹងធំឡើង នឹងបង្កគ្រោះដល់អាយុជីវិតក្មេងៗ ដែលតែងចុះមុជទឹក ក្នុងកសិណអង្គរ។ លោកថា មានប្រជាជនជាច្រើនប្រតិកម្មរឿងនេះ និងស្នើសុំអាជ្ញាធរឱ្យអប្សរារកវិធានការចាប់កូនក្រពើនោះមកវិញ ដើម្បីបញ្ចៀសគ្រោះថ្នាក់នៅថ្ងៃអនាគត៖ «ក្រពើប្រលែង ២ ទៅ៣ ឆ្នាំ វាធំ វាធំវាអាចប៉ះពាល់ដល់កូនក្មេង វាអត់ដឹងចុះមុជទឹក។ ប្រជាជនគេប្រតិកម្មគ្រប់គ្នា គេធ្លាប់តែប្រលែងត្រី ហើយណាមួយទៀត ក្មេងៗតែមុជទឹកនៅកសិណអង្គរ»។
ពលរដ្ឋ និងក្រុមមគ្គុទ្ទេសក៍អង្គរ ស្នើឱ្យអាជ្ញាធរអប្សរា គួរតែដាក់ស្លាកសញ្ញា ហាមឃាត់មិនឱ្យមានករណីនេះ ក្រោយៗទៀត។ រហូតមកដល់នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា នេះ អាជ្ញាធរពាក់ព័ន្ធ នៅមិនទាន់ចាប់កូនក្រពើនេះបានមកវិញនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
