ពលរដ្ឋ​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង​រិះគន់​ករណី​មិន​ទប់ស្កាត់​វៀតណាម​នេសាទ​ខុសច្បាប់

ដោយ ម៉ៅ សុធានី
2018-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បទ​ល្មើស​នេសាទ​នៅ​ភូមិ​ព្រែកត្រប់ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១៧។
បទ​ល្មើស​នេសាទ​នៅ​ភូមិ​ព្រែកត្រប់ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១៧។
Photo Provided

ប្រជា​នេសាទ​នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​នេះ​ថា មិន​ទប់ស្កាត់​ជនជាតិ​វៀតណាម​ធ្វើ​នេសាទ​ខុសច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប។ ការរិះគន់​នេះ ដោយសារ​មាន​ទូក​កាណូត​នេសាទ​របស់​ជនជាតិ​វៀតណាម​ជាច្រើន​គ្រឿង កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់​បឹង​ទន្លេសាប​ដោយ​សេរី ហើយ​មិន​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅឡើយ។

ប្រជា​នេសាទ​ស្រុក​ឯកភ្នំ អំពាវនាវ​សុំ​ឲ្យ​មេដឹកនាំ​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន ដក​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តំបន់​បឹង​ទន្លេសាប​ចេញ ពី​តំណែង​ទាំងអស់ ព្រោះ​មន្ត្រី​ទាំងនេះ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម និង​អ្នកមាន​ទ្រព្យ​ធ្វើ​នេសាទ​ខុសច្បាប់។

តំណាង​ប្រជា​នេសាទ​ខេត្ត​បាត់ដំបង លោក ហ៊ុត ហាន ថ្លែងប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​២១ ធ្នូ ថា ជនជាតិ​វៀតណាម​ជាច្រើន​នាក់​ធ្វើ​នេសាទ​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើ​អួន​ក្រឡា​ញឹក អូស​ចាប់​ត្រី​នៅមុខ​តំបន់​អភិរក្ស​ក្នុង​បឹង​ទន្លេសាប នៅ​ភូមិ​ក្បាល​តោល ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​មាន​អាជ្ញាធរ​ណា​អើពើ​ទប់ស្កាត់​នោះ​ទេ។ តំណាង​ប្រជា​នេសាទ​រូប​នេះ​អះអាង​ទៀត​ថា អ្នកនេសាទ​ជនជាតិ​វៀតណាម ធ្វើ​សកម្មភាព​នៅ​ពេល​ថ្ងៃ​លិច គឺ​ចាប់ពី​ម៉ោង​៦​រសៀល​រហូតដល់​ម៉ោង​៤​ទៀបភ្លឺ ទើប​ពួកគេ​នាំគ្នា​ដឹក​ត្រី​យក​ទៅ​លក់​នៅ​ទីផ្សារ​ក្នុង​តំបន់​នោះ៖ «អា​នឹង​គេ​អូស​ម៉ាស៊ីន ២​គ្រឿង មុខ​វា​ទទឹក ៧០​ម៉ែត្រ និង​បណ្ដោយ​ប្រហែល ១០០​ម៉ែត្រ កាណូត​២​គ្រឿង កម្លាំង​៦​ម៉ាស៊ីន​អូស​សង្ខាង ធ្វើ​ឲ្យ​ប៉ះពាល់​ធនធាន​របស់​យើង​ខ្លាំង​មែនទែន ជាពិសេស​ឡូត៍​បម្រុង។ ព្រោះ​ឧបករណ៍​នេះ​មាន​អា​ត្រជាក់ និង​អាក្ដៅ អា​ត្រជាក់​ប្រើ​ច្រក​វ៉ាក់​នៅ​ខាងក្រោម​អាច​ឆក់​ត្រី​បាន​ទៀត​ផង»

លោក​បន្ថែម​ទៀត​ថា ក្រៅ​ពី​នេះ​ក៏​មាន​ក្រុម​អ្នកមាន​លុយកាក់​ប្រើ​ឧបករណ៍​បណរ៉ាវ ឬ​ហៅថា មង​ក្រឡា​ញឹក ដាក់​ពាំង​រាប់ពាន់​ម៉ែត្រ​ចាប់​យក​ត្រី នៅ​ឡូត៍​លេខ​១ និង​ឡូត៍​នេសាទ​លេខ​២ ក្នុង​ឃុំ​កោះ​ជី​វាំង ជា​ច្រើន​កន្លែង​ទៀត បាន​ធ្វើ​សកម្មភាព​ជាច្រើន​ខែ ហើយ​មិន​មាន​សមត្ថកិច្ច​ណា​ទៅ​ទប់ស្កាត់​នោះ​ទេ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​អភិបាលស្រុក​ឯកភ្នំ លោក ម៉ិល សុផល មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា នៅ​តំបន់​ព្រៃ​លិច​ទឹក ជាប់​បឹង​ទន្លេសាប​ក្នុងស្រុក​ឯកភ្នំ មិន​មាន​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​ដូច​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នោះ​ទេ ព្រោះ​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ជា​ញឹកញាប់​ដែរ៖ «ព័ត៌មាន​បាន​មក​ពិត​ប្រាកដ ឬ​អត់? ទីមួយ​ជួនកាល​យក​រូបភាព​ពី​ណា​មក​បំប៉ោង​ដាក់​សមត្ថកិច្ច ទី​២​សមត្ថកិច្ច​ចុះទៅ​វា​បាត់ គេ​ហៅថា​គាត់​ដឹង​ដំណឹង​ថា​យើង​ចុះទៅ​គាត់​បន្លិច​បាត់ ហើយ​ពេល​យើង​មកវិញ​គាត់​ងើប​វិញ​ដដែល។ ប៉ុន្តែ​មិន​អី​ទេ​ខ្ញុំ​នឹង​រៀបចំ​កម្លាំង​ចុះ​ទៅ​មើល​ហើយ គ្រាន់តែ​មិន​ប្រាប់​ថា ចុះ​ថ្ងៃ​ណា​ប៉ុណ្ណឹង»

ទោះជា​យ៉ាង​នេះ​តំណាង​ប្រជា​នេសាទ​លោក ហ៊ុត ហាន អះអាង​ថា ការ​ធ្វើ​នេសាទ​ខុសច្បាប់​គឺ​រឿង​ពិត ព្រោះ​លោក​បាន​ចុះទៅ​ដល់​ទី​តាំង​ផ្ទាល់​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ក្បាលតោល ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី​២១ ធ្នូ ដូច្នេះ​មិនមែន​ជា​ការ​មួលបង្កាច់​ខុស​ពី​ការពិត​ដើម្បី​បង្ខូច​ឈ្មោះ​អាជ្ញាធរ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ទៅវិញ​ទេ ដែល​ច្រើន​ឆ្លើយ​បដិសេធ​យករួចខ្លួន​នោះ៖ «ធ្វើ​នេះ​មិន​ចេះ​តិច​ទេ តាំងពី​ថ្ងៃ​៦​ធ្នូ​មក គេ​នៅតែ​ធ្វើ​ដដែល ដូច្នេះ​ហើយ​បានជា​ពលរដ្ឋ​ព្រួយបារម្ភ​នោះ ហើយ​ខ្ញុំ​មិនដែល​ទៅ​ចេះ​និយាយ​កុហក​ទេ អ៊ីចឹង​បើ​សិន​លោក​អភិបាល​គាត់​ថា ពលរដ្ឋ​រាយការណ៍​បំប៉ោង​ដូច្នេះ ខ្ញុំ​គិត​ថា​លោក​អភិបាល​ខ្លួនឯង​ទេ ដែល​មិន​ដឹង​ព័ត៌មាន​ពិតប្រាកដ»

លោក​អះអាង​ទៀត​ថា ការ​ធ្វើ​នេសាទ​ខុសច្បាប់​នេះ ធ្វើ​ឲ្យ​ហិនហោច​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​ឆាប់រហ័ស ព្រោះ​សព្វថ្ងៃ​ជនជាតិ​វៀតណាម និង​អ្នកមាន​លុយ​ទាំងនោះ​នេសាទ​ត្រី​ទាំង​តូច​ធំ​រាប់​សិប​តោន​ក្នុង​មួយ​ថ្ងៃៗ។ លោក​ថា បញ្ហា​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅ​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ក្នុង​ខេត្ត​បាត់ដំបង​រាប់ពាន់​គ្រួសារ និង​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប ក្នុង​នោះ​ជាច្រើន​ទៀត មិន​អាច​រក​ត្រី​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ឡើយ ព្រោះ​ពួកគាត់​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​របប​ធ្វើ​នេសាទ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព លុះត្រាតែ​អាជ្ញាធរ​របប​លោក​ហ៊ុន សែន ដក​មន្ត្រី​ពាក់ព័ន្ធ​ទាំង​ចេញពី​តំណែង ហើយ​ដាក់​មន្ត្រី​ផ្សេង​ដែល​មាន​ការ​ស្មោះត្រង់​ចំពោះ​ពលរដ្ឋ និង​ប្រទេសជាតិ​ជំនួស ហើយ​ចុះ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ទៀងទាត់ នឹង​អាច​ជួយ​ការពារ​បញ្ហា​នេះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល