ជនជាតិដើមភាគតិចជាង ១០០គ្រួសារ រស់នៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ព្រមានថា នឹងលើកគ្នាតវ៉ាជាថ្មីទៀត ប្រសិនបើអាជ្ញាធរឃុំ មិនដោះស្រាយការសំណូមពររបស់ពួកគេ ដែលសុំកុំឱ្យផ្លាស់ប្ដូរមេភូមិនោះទេ។ កាលពីពេលថ្មីៗនេះ អ្នកភូមិជាង ២០នាក់ បានធ្វើដំណើរទៅ សាលាស្រុកកោះញែក និងសាលាឃុំរយ៉ រយៈពេល ២ថ្ងៃជាប់គ្នា បំណងស្នើឱ្យអាជ្ញាធរបង្ហាញមូលហេតុច្បាស់លាស់ ករណីផ្លាស់ប្ដូរមេភូមិមេមុំ។ ពួកគេអះអាងថា មេភូមិថ្មី ដែលអាជ្ញាធរទើបតែងតាំងនោះ ធ្លាប់មានរឿងអាស្រូវ លក់ដីព្រៃដោយខុសច្បាប់ អស់ជាច្រើនហិកតារ។
ជនជាតិដើមភាគតិចព្នងជាង ២០នាក់ ក្នុងចំណោមពលរដ្ឋជាង ១រយគ្រួសារ រស់នៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក នៅថ្ងៃទី២១ មេសា ប្ដេជ្ញាថា ពួកគេនឹងបន្តទាមទារ ឱ្យអាជ្ញាធរឃុំ ពិចារណារឿងនេះឡើងវិញ។
តំណាងជនជាតិដើមភាគតិច រស់នៅភូមិមេមុំ លោក គឹម ដុម ឱ្យដឹងថា ការតែងតាំងមេភូមិថ្មី ធ្វើឡើងដោយស្ងាត់ៗ មិនបានផ្តល់ដំណឹងឱ្យអ្នកភូមិដឹងនោះទេ។ លោកចោទប្រកាន់ថា មេភូមិថ្មីដែលអាជ្ញាធរឃុំតែងតាំងនោះ មានជាប់ពាក់ព័ន្ធ ការលក់ដីព្រៃរាប់សិបហិកតារ ដោយខុសច្បាប់ នៅភូមិរយ៉លើ ឧបសម្ពន្ធភូមិមេមុំ។ លោកបារម្ភថា ពលរដ្ឋជាង ២រយគ្រួសារគ្រោងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ បង្កើតសហគមន៍ការពារព្រៃឈើមានផ្ទៃដីជាង ២ពាន់ហិកតារឋិតនៅភូមិមេមុំ បំណងអភិរក្សធនធានធម្មជាតិបន្សល់ចុងក្រោយ ក៏ប៉ុន្តែផែនការនេះ អាចនឹងរាំងស្ទះ ប្រសិនបើមេភូមិថ្មី គ្មានឆន្ទៈការពារព្រៃឈើដូចមេភូមិចាស់នោះទេ។ លោកបញ្ជាក់ថា ពលរដ្ឋរាប់រយគ្រួសារ នឹងលើកគ្នាតវ៉ាទៀត ប្រសិនបើអាជ្ញាធរឃុំមិនដោះស្រាយការទាមទាររបស់ពួកគេនោះទេ៖ «ដល់មេភូមិថ្មី ពួកខ្ញុំអត់ចូលចិត្តអីចឹង។ គាត់ដូរថ្មីយើងអត់ដឹងចរិតគាត់អីចឹង កន្លែងគាត់ដីធ្លីអី កន្លែងពួកគាត់លក់អស់ នៅដីពួកខ្ញុំអីនៅ។ ដីសហគមន៍ពួកខ្ញុំចង់ធ្វើ (អភិរក្ស) ដល់ដូរមេភូមិថ្មី ខ្លាចគេមិនឱ្យធ្វើ។ ពួកខ្ញុំតវ៉ា ខ្លាចយកដីធ្លីពួកខ្ញុំខំថែ និងខំមើល ដីដែលគ្រោងបង្កើតសហគមន៍»។
ថ្មីៗនេះ ប្រធានក្រុមប្រឹក្សាឃុំរយ៉ លោក ពិល ដិត បានសម្រេចផ្លាស់ប្ដូរមេភូមិមេមុំ លោក តោន ក្រេះ ដោយដាក់ជំនួស លោក ផាន់ មឿន ជាមេភូមិមេមុំថ្មី។
អាស៊ីសេរីមិនអាចទាក់ទង មេភូមិមេមុំថ្មី លោក ផាន់ មឿន ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបាននៅឡើយទេ នៅថ្ងៃអាទិត្យ ទី២១ មេសា។
មេភូមិមេមុំចាស់ ដែលត្រូវអាជ្ញាធរដកចេញពីតំណែង គឺលោក តោន ក្រេះ មានប្រសាសន៍ថា ការដកដំណែងលោកនេះ អាជ្ញាធរឃុំមិនបានបង្ហាញមូលហេតុច្បាស់លាស់នោះទេ ហើយលោកក៏មិនបានប្រព្រឹត្តកំហុសដែរ។ លោកសង្ស័យថា មេភូមិថ្មី លោក ផាន់ មឿន អាចនឹងសូកប៉ាន់ប្រាក់ជាច្រើន ដើម្បីធ្វើជាមេភូមិ៖ « ខ្ញុំថា ខ្ញុំមិនខឹងទេ គេដកព្រោះយើងធ្វើការជាមួយគ្នាយូរឆ្នាំហើយ ប៉ុន្តែ កុំឱ្យយកអាអ្នកលក់ដីច្រើនទៅធ្វើដើមទុន ដើម្បីសូកប៉ាន់មេឃុំ ហើយមេឃុំទម្លាក់យើងចោល។ កាប់ទន្ទ្រានព្រៃខ្លួនឯង យកដើមទុកធ្វើមេភូមិ ពលរដ្ឋគេខឹងអីចឹង »។
ចំណែកមេឃុំរយ៉ លោក ពិល ដិត បដិសេធថា មេភូមិថ្មី ដែលទើបតែងតាំង មិនជាប់ពាក់ព័ន្ធលក់ដីព្រៃខុសច្បាប់នោះទេ។ លោកថា ការផ្លាស់ប្ដូរមេភូមិថ្មី ធ្វើឡើងត្រឹមត្រូវតាមច្បាប់ ដោយមានការចង្អុលបង្ហាញពីថ្នាក់លើ ខណៈដែលមេភូមិចាស់អសមត្ថភាពធ្វើការងារ និងមិនគោរពវិន័យរដ្ឋបាល។ លោកបញ្ជាក់ថា ការទាមទាររបស់ពលរដ្ឋ គឺជាទង្វើមិនសមហេតុផល និងប្រើសិទ្ធិហួសដែលកំណត់៖ « ច្បាស់ជាអត់ហើយ អនុវត្តតាមគោលការណ៍អត់មានបុគ្គលណា រៀបចំអីណា។ បើយើងអនុវត្តតាមពួកគាត់មិនបាច់អនុវត្តច្បាប់ទេ មិនបាច់ធ្វើច្បាប់ក៏បានដែរ អនុវត្តតាមពលរដ្ឋ តាមចំណង់ទៅ »។
អាស៊ីសេរីព្យាយាមទាក់ទង អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក ចឹង សុចិន្ថា ដើម្បីសុំអធិប្បាយជុំវិញការតវ៉ារបស់ពលរដ្ឋ មិនទាន់បាននៅឡើយដែរនៅថ្ងៃ អាទិត្យ ទី២១ មេសា។
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់ ចែងថា មេឃុំមានសិទ្ធិផ្លាស់ប្ដូរមេភូមិ ដោយត្រូវបង្ហាញមូលហេតុច្បាស់លាស់ ទី១ យោងតាមពលរដ្ឋប្ដឹង ទី២ មេភូមិមិនគោរពវិន័យរដ្ឋបាល ទី៣ អស់កាយសម្បទា និងទី៤ មេភូមិមរណភាព។ លើសពីនេះ មេឃុំមានសិទ្ធិកោះប្រជុំ សមាជិកក្រុមប្រឹក្សាឃុំ អនុម័តតែងតាំង មេភូមិថ្មី ដោយយកសំឡេងភាគច្រើន។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក អ៊ាង ម៉េងលី យល់ថា ការតវ៉ារបស់ពលរដ្ឋ អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោះស្រាយ ដោយមិនត្រូវរារាំង និងហាមឃាត់ ឬគំរាមកំហែងនោះទេ។ លោកថា ការទាមទាររបស់ពលរដ្ឋ អាជ្ញាធរខេត្ត គួរតែស៊ើបអង្កេតឱ្យស៊ីជម្រៅរឿងនេះ និងត្រូវបង្ហាញមូលហេតុច្បាស់លាស់ ករណីផ្លាស់ប្ដូរមេភូមិថ្មី ថាតើ ត្រឹមត្រូវតាមក្របខ័ណ្ឌច្បាប់ឬទេ? «»
ភូមិមេមុំ របស់ឃុំរយ៉ ស្រុកកោះញែក មានពលរដ្ឋរស់នៅជាង ២រយគ្រួសារ (២២៣) ភាគច្រើនជាជនជាតិដើមភាគតិច ព្នង និងជនជាតិដើមភាគតិចថ្មន។ កាលពីមុនឆ្នាំ២០១០ ភូមិនេះហ៊ុមព័ទ្ធដោយព្រៃស្រោង និងព្រៃឈើ ផ្ដល់ម្លប់បៃតងស្ទើរគ្រប់តំបន់ ក៏ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើមឈើធំៗត្រូវគេកាប់ចោះធ្វើអាជីវកម្មអស់ទាំងស្រុង បន្សល់ដើមឈើតូចៗមិនទាន់មានតម្លៃអាចប្រើប្រាស់បាន ហើយដីព្រៃសាធារណៈរបស់រដ្ឋមួយផ្នែកធំ ត្រូវគេឈូសឆាយហ៊ុមព័ទ្ធជាសម្បត្តិបុគ្គល៕
