ស្ត្រីជាកម្មកររោងចក្រដេរស្បែកជើង ចាកាស៊ូ (JACKA SHOES) ពីរនាក់ត្រូវថៅកែរោងចក្របញ្ឈប់ការងារបន្ទាប់ពី ពួកគេ ចូលរួមសកម្មភាពជាមួយសហជីព។ មន្រ្តីសហជីពថា ទង្វើបែបនេះរបស់ភាគីថៅកែរោងចក្រជាការរំលោភច្បាប់ការងារ និងស្នើទៅកម្មករដែលបាត់បង់ការងារនោះរកអន្តរាគមន៍ពីសហជីព ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ។
កម្មការិនីរោងចក្រ ចាកា ស៊ូ (Jacka shoes factory) ម្នាក់ គឺលោកស្រី ឈន សម្ផស្ស ដែលត្រូវថៅកែបញ្ឈប់ពីការងារថា មិនទទួលយកការសម្រេចរបស់ថៅកែរោងចក្រទេនិងកំពុងរៀបចំដាក់ពាក្យប្ដឹងថៅកែរោងចក្រ។ លោកស្រី ចាត់ទុកថា ករណីនេះជារឿងអយុត្តិធម៌និងស្នើទៅក្រសួងការងារ ឬស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដល់រូបនាង។ កម្មការិនីដដែលបន្តថា ភាគីថៅកែមិនបានជូនដំណឹងឲ្យដឹងមុន និងមិនបានប្រាប់ពីហេតុផលអ្វីនោះទេគ្រាន់តែប្រាប់ថា រោងចក្រនេះអស់និស្ស័យនិងនាងហើយ៖ «ធ្វើម៉េច សម្ផស្សធ្វើម៉េចបើរោងចក្រអស់និស្ស័យជាមួយសម្ផស្សឯងគេនិយាយអ៊ីចឹង ព្រោះអីខាងរោងចក្រហ្នឹងដូចជាកុម្មុយនិស្តដល់ម៉ុងគាត់ចង់បញ្ឈប់អ្នកណាគាត់បញ្ឈប់អ្នកហ្នឹងហ្មងអ៊ីចឹង»។
លោកស្រី ឈន សម្ផស្ស ឲ្យដឹងថា នាងបានធ្វើការងារនៅរោងចក្រនេះជិត៦ឆ្នាំហើយ ហើយការបញ្ឈប់នេះគឺធ្វើឡើងមុនកិច្ចសន្យា។ លោកស្រី រម្លឹកថា កាលពីខែមីនាកន្លងមក លោកស្រីធ្លាប់បានចូលរួមទាមទារតវ៉ាឲ្យថៅកែផ្ដល់ប្រាក់អត្ថប្រយោជន៍មួយចំនួនដល់កម្មករ។
កម្មករម្នាក់ទៀតកញ្ញា ស្រី មុំ ប្រាប់ថា ថៅកែរោងចក្របានហាមមិនឱ្យកម្មករ បង្កើតសហជីពនៅក្នុងរោងចក្រនេះទេ ហើយបើគេដឹងថាមានអ្នកណាចង់ធ្វើតំណាងកម្មករ ថៅកែនឹងបញ្ឈប់កម្មករនោះចោល។ កញ្ញាបន្តថា ថៅកែរោងចក្របញ្ឈប់កម្មករស្ទើររាល់ថ្ងៃដោយមិនបានជូនដំណឹងជាមុន ឬផ្ដល់សំណងឲ្យបានត្រឹមត្រូវតាមច្បាប់ការងារឡើយ៖ «ទាក់គេប្រាប់ថា គេនឹងបញ្ឈប់ចោលទាំងអស់អត់ឥវ៉ាន់ធ្វើប៉ុន្តែឥវ៉ាន់មានធ្វើកម្មករនៅធ្វើរាល់ថ្ងៃ»។
ទាក់ទងការចោទប្រកាន់នេះ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីបុគ្គលិកផ្នែករដ្ឋបាលនៃរោងចក្រចាកា ស៊ូ នៅថ្ងៃទី១០ ខែឧសភា ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។ ចំណែក អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរដោយលោក មិនទទួលទូរស័ព្ទ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា តាមច្បាប់ការងារមិនបានហាមឃាត់កម្មករមិនឲ្យចូលរួមសកម្មភាពជាមួយសហជីពទេ ហើយបើថៃកែបញ្ឈប់កម្មករព្រោះមានការចូលរួមជាមួយសហជីពជាការរំលោភសិទ្ធិកម្មករយ៉ាងធ្ងន់ធ្ងរ។ លោកបន្តថា កម្មករដែលត្រូវថៅកែបញ្ឈប់អាចបន្តជជែកជាមួយថៅកែនិងរកអន្តរាគមន៍ទៅតំណាងសហជីព ក្រសួងការងារនិងក្រុមប្រឹក្សាអាជ្ញាកណ្ដាល៖ «ក្រុមច្បាប់ការងារអនុសញ្ញាអន្តរជាតិគេហាមឃាត់ចំពោះសកម្មភាពរាំងស្ទះឬក៏ជ្រៀតជ្រែក ឬរើសអើងសហជីពហ្នឹងខ្លាំងណាស់ហើយច្បាប់សហជីពថ្មីនេះត្បិតតែតឹងតែងលើសហជីព ប៉ុន្តែគេក៏បានផ្ដល់កម្មករក្នុងការជ្រើសរើសឬចូលរួមនឹងសហជីពដែរហើយបើគេរកឃើញថា និយោជកណារើសអើងឬក៏ជ្រៀតជ្រែកការងារសហជីពកម្មករអាចប្ដឹងនិយោជកហ្នឹងបានទៀត»។
ក្រុមកម្មករឲ្យដឹងថា រហូតមកដល់ពេលនេះ ថៅកែរោងចក្រ ចាកា ស៊ូ បានបញ្ឈប់កម្មករប្រមាណ២០០នាក់ហើយ។
ច្បាប់ការងារចែងថា ការបញ្ឈប់កម្មករដែលមានអតីតភាពការងារចាប់ពី ២ឆ្នាំទៅ ៥ឆ្នាំ ត្រូវជូនដំណឹងមុនយ៉ាងតិច ១ខែ អតីតភាពការងារពី ៥ឆ្នាំទៅ ១០ឆ្នាំ ត្រូវជូនដំណឹងមុនយ៉ាងតិច ២ខែ។ និយោជកត្រូវផ្ដល់ទៅឲ្យកម្មករនិយោជិតនូវប្រាក់បំណាច់បណ្ដេញចេញពីការងារ ហើយប្រាក់បំណាច់បណ្ដេញចេញនេះទៀតសោត ក៏ត្រូវគិតទៅតាមអតីតភាពការងាររបស់និយោជិតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។