អាជ្ញាធរខេត្តព្រះសីហនុរង់ចាំក្រុមហ៊ុនកាស៊ីណូជីនទីង (Jingding) សាងសង់អាគារថ្មីរួចរាល់ ទើបរុះរើអាគារចាស់ចេញពីទីតាំងឆ្នេរកោះរ៉ុងសន្លឹម។ សកម្មជនបរិស្ថានរិះគន់អាជ្ញាធរខេត្តព្រះសីហនុថា មិនយកច្បាប់ជាធំ។
អាជ្ញាធរខេត្តព្រះសីហនុអះអាងថា ក្រុមហ៊ុនកាស៊ីណូជីនទីង បានយល់ព្រមរុះរើសំណង់អាគារដែលសាងសង់រំលោភដីឆ្នេរកោះរ៉ុងសន្លឹម ក្រោយពេលក្រុមហ៊ុនសាងសង់អាគារកាស៊ីណូថ្មីរួចរាល់។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ថ្លែងថា ក្រុមហ៊ុនកំពុងស្នើសុំគោលការណ៍ទៅក្រសួងពាក់ព័ន្ធដើម្បីសាងសង់អាគារថ្មីនៅទីតាំងមួយផ្សេងទៀត ប៉ុន្តែលោកមិនបានបញ្ជាក់ថា ទីតាំងថ្មីនោះស្ថិតនៅទីណាឡើយ។ លោកបន្តថា អាជ្ញាធរបានដាក់កម្លាំងឃ្លាំមើលកាស៊ីណូជីនទីងជាប្រចាំ ខ្លាចក្រែងមានការលួចបើកអាជីវកម្មល្បែងបន្តទៅទៀត។ លោកបកស្រាយថា មូលហេតុដែលមិនទាន់មានការរុះរើសំណង់កាស៊ីណូជីនទីង គឺដោយសារម្ចាស់ក្រុមហ៊ុនបានស្នើសុំពន្យារពេលរុះរើ ដើម្បីទុកសម្ភារៈនៅក្នុងទីតាំងនោះជាបណ្តោះអាសន្នសិន ទម្រាំអាគារនៅទីតាំងថ្មីសាងសង់រួចរាល់ ទើបក្រុមហ៊ុនរុះរើអាគារចាស់នោះចោលដោយខ្លួនឯង។ អ្នកនាំពាក្យរូបនេះបន្ថែមថា ករណីកាស៊ីណូជីនទីងនេះ មិនគួរមានការចោទសួរទៀតនោះទេ ព្រោះអាជ្ញាធរកំពុងតែអនុវត្តច្បាប់ស្រាប់ទៅហើយ៖ គេមិនបដិសេធថា គេមិនរុះរើទេ គ្រាន់តែគេសុំពេលវេលាសាងសង់អាគារថ្មី និងសុំគោលការណ៍អនុញ្ញាតទៅលើទីតាំងផ្សេងទៀត ហើយខ្ញុំក៏មិនដឹងថា ត្រូវបកស្រាយឱ្យលើសពីអ្វីដែលជាការងាររបស់សមត្ថកិច្ចលោកធ្វើការកន្លងមកហ្នឹងទេ។ ចំណាត់ការយ៉ាងណានោះ យើងរង់ចាំមើលការអនុវត្តកិច្ចការងារបន្តរបស់អាជ្ញាធរមានសមត្ថកិច្ច»។
ទោះជាយ៉ាងណា ជំហរបែបនេះរបស់អាជ្ញាធរខេត្តព្រះសីហនុ រងការរិះគន់ពីក្រុមអ្នកការពារបរិស្ថានថា ជាការមិនយកច្បាប់ជាធំ និងជាការពារបទល្មើស។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ថ្លែងថា អាជ្ញាធរកំពុងបង្កភាពងាយស្រួលដល់ក្រុមហ៊ុនដែលល្មើសច្បាប់ តាមរយៈការមិនវាយកម្ទេចសំណង់អាគាររំលោភដីឆ្នេរ និងទុកឱកាសឱ្យក្រុមហ៊ុនសុំគោលការណ៍សាងសង់កាស៊ីណូថ្មីទៀត។ លោកយល់ថា អាជ្ញាធរខេត្តព្រះសីហនុទំនងជាទទួលបានផលពីក្រុមហ៊ុន ទើបយល់ព្រមតាមសំណើរបស់ក្រុមហ៊ុន និងខកខានក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវបែបនេះ៖ «បើករណីហ្នឹងអាជ្ញាធរនៅតែមិនមានភាពច្បាស់លាស់ក្នុងការរុះរើ ដូចជាកំណត់ថ្ងៃរុះរើឱ្យច្បាស់លាស់នោះទេ ប្រាកដណាស់សាធារណជននឹងវាយតម្លៃថា អ្វីដែលអាជ្ញាធរកំពុងតែធ្វើហ្នឹង គឺគ្រាន់តែជាល្ខោនដើម្បីធ្វើយ៉ាងណាឱ្យគិតថាខ្លួនកំពុងតែអនុវត្តច្បាប់មែន តែជាក់ស្តែងហ្នឹងគឺមិនមែនទេ គឺគ្រាន់តែដើម្បីរកស៊ីជាដើមទេ»។
កាលពីចុងខែឧសភាកន្លងទៅ អាជ្ញាធរខេត្តព្រះសីហនុបានចុះបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តចិនយីហោ ជីនទីង (Jingding) បន្ទាប់ពីពិនិត្យឃើញថា ទីតាំងកម្សាន្តនោះបានប្រព្រឹត្តខុសច្បាប់ជាច្រើនចំណុច ដូចជា បង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ បង្ហូរប្រេងម៉ាស៊ីនចូលសមុទ្រប៉ះពាល់ដល់បរិស្ថាន ចាក់ធុងបាស់ខ្លាំងរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ។ ជាពិសេស កាស៊ីណូចិនមួយនេះបានសាងសង់រំលោភលីដីឆ្នេរសមុទ្រកោះរ៉ុងសន្លឹមដោយខុសច្បាប់។ ថ្វីដ្បិតតែរកឃើញបទល្មើសច្រើនបែបនេះក្តី ក៏ជាច្រើនខែមកនេះ អាជ្ញាធរមិនបានចុះវាយកម្ទេចសំណង់កាស៊ីណូចិននោះនៅឡើយទេ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ជឿជាក់ថា ករណីនេះអាចមានអំពើពុករលួយនៅពីក្រោយ ពីព្រោះកាស៊ីណូជីនទីង អាចសង់រំលោភដីឆ្នេរ និងអាចបើកដំណើរការបានជាយូរ មុននឹងត្រូវអាជ្ញាធរចុះបិទអាជីវកម្ម។ លើសពីនេះ ទោះជាត្រូវបិទអាជីវកម្មហើយក៏ដោយ ក៏កាស៊ីណូនេះទទួលបានការយោគយល់ពីអាជ្ញាធរ និងរួចផុតពីសំណាញ់ច្បាប់ថែមទៀត។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវតែវាយកម្ទេចសំណង់អាគារខុសច្បាប់នោះចោល ទើបជាការអនុវត្តច្បាប់ពិតប្រាកដ៖ «វាមិនសមហេតុផលក្នុងការលើកឡើងថា ទាល់តែមានស្អីៗ។ បើវាខុសទៅហើយ ក្នុងច្បាប់ចែងថាខុសទៅហើយ នៅចាំស្អីទៀត ? ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ហើយកន្លងមកយើងឃើញថា មិនមានប្រសិទ្ធភាព ដោយសារមន្ត្រីមិនអនុវត្តច្បាប់ហ្នឹងតែម្តង»។
ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃកំពុងធ្វើធម្មយាត្រាដោយថ្មើជើងពីភ្នំពេញឆ្ពោះទៅទីរួមខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរចុះរុះរើសំណង់កាស៊ីណូជីនទីង និងទីតាំងសំណង់ខុសច្បាប់ដទៃទៀតនៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីនេះ ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃក៏ចង់ដាស់ស្មារតីពលរដ្ឋ ជាពិសេស យុវជនខ្មែរឱ្យងាកមកចាប់អារម្មណ៍ និងចូលរួមថែរក្សាធនធានធម្មជាតិផងដែរ។ គិតត្រឹមថ្ងៃទី២៩ តុលា ក្រុមយុវជនមាតាធម្មជាតិ៥ នាក់ និងព្រះសង្ឃ ២អង្គ ធ្វើធម្មយាត្រាបានប្រមាណ ២០០គីឡូម៉ែត្រហើយ ហើយគ្រោងនឹងប្រើពេល ២ថ្ងៃទៀត ដើម្បីទៅដល់ក្រុងព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។