ពលរដ្ឋរាប់ពាន់គ្រួសារ រស់នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ត្អូញត្អែរពីការបាត់បង់មុខរបរនេសាទលក្ខណៈគ្រួសារដើម្បីចិញ្ចឹមជីវិត បន្ទាប់ពីក្រុមហ៊ុន ទ្រី ភាព (TRY PHEAP GROUP CO,.LTD) ចាក់ដីលុបច្រាំងសមុទ្រប្រវែងប្រមាណ ២គីឡួម៉ែត្រ និងជម្រៅចូលក្នុងសមុទ្រជាង ៣គីឡូម៉ែត្រ ដើម្បីធ្វើអាជីវកម្ម។ អ្នកភូមិថា ព្រៃកោងកាង ដែលជាជម្រកត្រីពងកូន តាមបណ្ដោយច្រាំងសមុទ្រប្រវែងជាង ២គីឡូម៉ែត្រ ត្រូវបានក្រុមហ៊ុនបំផ្លាញអស់ទាំងស្រុង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ពលរដ្ឋជាច្រើនគ្រួសារ រស់នៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ បង្ហាញក្ដីកង្វល់យ៉ាងខ្លាំង ពីការធ្លាក់ចុះផលនេសាទ និងជីវភាពគ្រួសារ និងបាត់បង់ទីកន្លែងនេសាទត្រី សម្រាប់ចិញ្ចឹមជីវិតលក្ខណៈគ្រួសារ បន្ទាប់ពីក្រុមហ៊ុន ទ្រី ភាព ចាក់ដីលុបច្រាំងសមុទ្រចាប់តាំងពីឆ្នាំ ២០១៧ រហូតមកទល់ពេលនេះ ដែលបង្កឱ្យបាត់បង់ព្រៃកោងកាងទាំងស្រុង។
ពលរដ្ឋរស់នៅភូមិចង្ហោន ឃុំព្រែកត្នោត ថ្លែងសុំលាក់ឈ្មោះ ឱ្យដឹងនៅថ្ងៃទី១៥ មករាថា កាលពីមិនទាន់មានវត្តមានក្រុមហ៊ុនទ្រីភាព គ្រួសារលោកអាចនេសាទត្រីតាមច្រាំងសមុទ្ររកប្រាក់ចំណូលចាប់ពី ៣ម៉ឺន ដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ពលរដ្ឋរាប់ពាន់គ្រួសារបានបាត់បង់មុខរបបនេះ និងគ្មានទីកន្លែងនេសាទត្រីទៀតទេ៖ «ព្រៃកោងកាងកាលពីមុនច្រើនពីណាកាប់អត់បានទេ សុទ្ធតែចង់ចាប់ ដល់ពេលគេចាក់ដីលុបអត់មានពីណាឮមាត់។ ប៉ះពាល់ខ្លាំងណាស់ ធ្វើបាបប្រជាជនខ្លាំងណាស់។ កាលមុនយើងចុះសមុទ្របាន តែដល់ឥឡូវយើងចុះម៉េចបាន ? បើគេចាក់ដីអស់ហើយ។ កាលមុនយើងនេសាទ រុញឈឹបអី ! យើងមានទឹករាក់រុញ ដល់ឥឡូវគេចាក់ទឹកពេញអស់ហើយ រុញម៉េចកើត។ មានតែគន្លងរុញអត់កើតផង។ បារម្ភខ្លាំងដែលយូរអស់ផ្លូវដើរសមុទ្រ បារម្ភខ្លាំងដែរ » ។
បុរសដដែលបន្ថែមថា អ្នកភូមិភាគច្រើន មិនហ៊ានងើបតវ៉ា ប្រឆាំងក្រុមហ៊ុននោះទេ ព្រោះខ្លាចក្រែងអាជ្ញាធរធ្វើទុក្ខបុកម្នេញ ហើយបច្ចុប្បន្នក្រុមហ៊ុននេះ បានធ្វើរបងហ៊ុមព័ទ្ធ យកច្រាំងសមុទ្រប្រវែង ២គីឡូម៉ែត្រ និងហាមអ្នកភូមិមិនឱ្យចេញចូលតំបន់នោះទៀតផង៖ «ពលរដ្ឋដើរធ្វើខ្ញុំគេ ខ្លះដើរចោលផ្ទះចោលសម្បែង។ រាប់ពាន់គ្រួសារ មិនមែនរាប់រយទេ។ និយាយទៅ មួយចំហៀងឃុំហ្មងរកស៊ីសមុទ្រពលរដ្ឋ » ។
អាស៊ីសេរីមិនទាន់អាចទាក់ទង តំណាងក្រុមហ៊ុន ទ្រី ភាព គ្រូប (TRY PHEAP GROUP CO,.LTD) ដើម្បីសុំការបំភ្លឺករណីនេះបាននៅឡើយទេ នៅថ្ងៃទី១៥ មករាថា។
ចំណែកមេឃុំព្រែកត្នោត លោក គង់ ប៊ុនរា អភិបាលស្រុកទឹកឈូ លោក នាក់ សុវណ្ណារី និងអភិបាលខេត្តកំពត លោក ជាវ តាយ ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ ដោយសារពួកលោកមិនទទួលទូរស័ព្ទ។
មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា សកម្មភាពចាក់ដីលុបច្រាំងសមុទ្រ របស់ក្រុមហ៊ុន ទ្រី ភាព ឋិតក្នុងភាពអាថ៌កំបាំង និងមានចំណុចសង្ស័យច្រើន ព្រោះអាជ្ញាធរ និងក្រុមហ៊ុនមិនបានផ្សព្វផ្សាយ ពីគម្រោងវិនិយោគ និងបង្ហាញពីផលប៉ះពាល់បរិស្ថាន និងសង្គមនៅឡើយទេ។ អ្នកភូមិថា ក្រុមហ៊ុនបានពង្រាយសន្តិសុខយាមល្បាតយ៉ាងប្រុងប្រយ័ត្នមិនឱ្យមនុស្សប្លែកមុខចេញចូល និងហាមមិនថតរូបភាព។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តកំពត លោក យន់ ផល្លី ថ្លែងថា វត្តមានក្រុមហ៊ុននេះ ធ្វើឱ្យពលរដ្ឋរាប់ពាន់គ្រួសារ រស់នៅឃុំព្រែកត្នោតបាត់បង់មុខរបរនេសាទត្រីចិញ្ចឹមជីវិត ហើយបង្ខំចិត្តធ្វើការសំណង់ជំនួស និងមានអ្នកភូមិខ្លះទៀតធ្វើចំណាកស្រុក។ លោកថា នៅពេលដែលពលរដ្ឋបាត់បង់ទីកន្លែងនេសាទ ជីវភាពគ្រួសាររបស់ពួកគេធ្លាក់ចុះខ្លាំង៖ «ក្រុមហ៊ុនគាត់បានលុបកន្លែងឆ្នេរទឹករាក់ អ៊ីចឹងអាជីវកម្មរបស់ពលរដ្ឋនៅតំបន់នោះ ត្រូវបានបាត់បង់ ហើយជីវភាពរបស់ពលរដ្ឋក៏មានភាពក្រខ្សត់ដែរ ដោយសារតែពួកគាត់មិនបានប្រកបអាជីវកម្មលក្ខណៈគ្រួសាររបស់គាត់ នៅតំបន់ឆ្នេរទឹករាក់នោះបាទ » ។
មន្ត្រីនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា បង្ហាញការសោកស្ដាយការបាត់បង់ធនធានធម្មជាតិដ៏ធំសម្បើមនេះ ហើយលោកមានមន្ទិលលើគម្រោងវិនិយោគនេះថា តើច្រាំងសមុទ្រដែលក្រុមហ៊ុនចាក់ដីលុបនោះ រដ្ឋាភិបាលបានធ្វើអនុប្បយោគត្រឹមត្រូវតាមច្បាប់ ឬយ៉ាងណាទេ? ទន្ទឹមនឹងនេះលោកថាប្រសិនបើ ក្រុមហ៊ុនហាមមិនឱ្យពលរដ្ឋចេញចូលតំបន់នោះ គឺជាសញ្ញាបង្ហាញពីកត្តាខ្វះតម្លាភាព ទាក់ទិនគម្រោងវិនិយោគរបស់ក្រុមហ៊ុននេះ ហើយអាជ្ញាធរជំនាញត្រូវស៊ើបអង្កេតបញ្ហានេះឡើងវិញ៖ «យើងមិនដឹងថា តើអាជ្ញាធរមានសមត្ថកិច្ចក្នុងរឿងហ្នឹង បានធ្វើការត្រួតពិនិត្យលើភាពស្របច្បាប់ នៃការវិនិយោគហ្នឹងបានត្រឹមត្រូវ ឬនៅ ? មិនដឹងថា តើគេមានស្រាវជ្រាវពីផលប៉ះពាល់បរិស្ថាន ការវិនិយោគហ្នឹង មុនការវិនិយោគ ហើយផលប៉ះពាល់លើសង្គមនៅក្នុងតំបន់ហ្នឹង បានគ្រប់ជ្រុងជ្រោយហើយឬនៅ ទៅតាមផ្លូវច្បាប់របស់កម្ពុជាយើង ?» ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា បើសិនជាក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមច្បាប់ មិនគួរលាក់បាំង និងរឹតត្បិតពលរដ្ឋមូលដ្ឋានមិនឱ្យចេញចូលតំបន់នោះទេ។ លោកចង់ឱ្យអាជ្ញាធរបំភ្លឺករណីនេះ និងបង្ហាញជាសាធារណៈ៕
(អគារក្រុមហ៊ុនប្រេងរបស់ឧកញ៉ា ទ្រី ភាព ឈ្មោះ ប៉ាប៉ា ប៉េត្រូលៀម (PA PA Petroleum) នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត)