ប្រជាពលរដ្ឋ​ខេត្តកំពត​ ស្នើ​ដល់​​រដ្ឋាភិបាល​​បញ្ឈប់​​ក្រុមហ៊ុន​​ថៃប៊ុនរ៉ុង ដែល​កំពុងធ្វើ​អាជីវកម្ម​កាយថ្ម​ភ្នំ​នៅ​តំបន់ល្អាងភ្នំ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅស្រុកដងទង់​ ខេត្តកំពត ចោទ​ក្រុមហ៊ុន​ឈ្មោះថៃ ប៊ុនរ៉ុង ស៊ីមិន​ (Thai Boon Roong Cement CO, LTD)​ ដែល​រួម​វិនិយោគ​ជា​មួយ​ក្រុមហ៊ុនចិន​ កំពុង​ធ្វើ​អាជីវកម្ម​កាយដី​ភ្នំ​ ដោយ​បាន​ឈូសឆាយ​ព្រៃ​ឈើ​តូចធំ​ និង​រំលាយ​ភ្នំ​ល្អាង​ជាតំបន់​​ទេសចរ​វប្បធម៌​ប្រវត្តិសាស្ត្រ​ ស្ទើរ​តែ​បាត់​រូបរាង​ទាំង​ស្រុង​។ ពលរដ្ឋ​ និង​មន្ត្រីសង្គមស៊ីវិល​ ស្នើ​ដល់​អាជ្ញាធរ​ខេត្តកំពត​ និង​ក្រសួងពាក់ព័ន្ធ​ បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​នេះ​ ដើម្បី​អភិរក្ស​ភោគទ្រព្យ​ធនធាន​ធម្មជាតិ​ព្រៃឈើ​ និង​តំបន់ភ្នំ​មួយចំនួន​នៅ​ទី​នោះ​។

ប្រជា​ពលរដ្ឋ​រស់នៅ​ឃុំបន្ទាយមាសខាងលិច​ ស្រុកដងទង់​ ខេត្តកំពត​ សោយស្តាយ​តំបន់​ភ្នំល្អាង​ ដែល​ជា​ភ្នំថ្មកំបោរ​ និង​ជាតំបន់ភ្នំ​វប្បធម៌​ប្រវត្តិសាស្ត្រ​ និង​មាន​ទីវត្តអារាម​ព្រម​ទាំង​មាន​ទេសភាព​ព្រៃឈើ​ម្លប់បៃតង​ដ៍​ស្រស់ស្អាត​ កំពុង​រងការ​បំផ្លិចបំផ្លាញ​ធនធានព្រៃឈើ​ និង​កាយថ្មភ្នំ​ បន្ទាប់​ពី​រដ្ឋាភិបាលលោក ហ៊ុន សែន​ ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុនឈ្មោះថៃ ប៊ុនរ៉ុង ស៊ីមិន​ (Thai Boon Roong Cement CO, LTD)​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​។ លើសពីនេះ​ ប្រជាពលរដ្ឋ​មូលដ្ឋាន​ ត្អូញត្អែរ​ពី​ទុក្ខ​លំបាក​ដោយសារ​ ក្រុមហ៊ុន​ប្រើប្រាស់​គ្រឿងចក្រ​ធំៗ​ ដើម្បី​វាយកម្ទេច​ថ្ម​ភ្នំ​ និង​បាន​ឈួសឆាយ​ព្រៃឈើ​ បណ្តាល​ឱ្យ​ច្រោះ​ដី​នៅ​រដូវ​រស្សា​មាន​លាយ​លំជាតិ​កំបោរ​និង​សារធាតុគីមី​ហូរ​ចូល​ដី​កសិកម្ម​អ្នកភូមិ​ បណ្តាល​ឱ្យ​ខូចខាត​ផលដំណាំ​។

ពលរដ្ឋម្នាក់​រស់នៅ​ភូមិកណ្តាល​ ស្រុកដងទង់​លោក យឹម សុភាព​ ថ្លែង​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃទី៧ ខែវិច្ឆិកា​ ថា​តំបន់​រមណីដ្ឋាន​ភ្នំ​ធម្មជាតិ​មួយ​ចំនួន​នៅ​ស្រុក​ដងទង់​​ កំពុង​រងការ​ឈួសឆាយ​បំផ្លិចបផ្លាញ​ជា​បន្តបន្ទាប់​ ពី​សំណាក់​ក្រុមហ៊ុន​ឈ្មោះ​ថៃ ប៊ុនរ៉ុង​ សហការ​ជាមួយ​ក្រុមហ៊ុនចិន​ និង​ក្រុមបុគ្គល​មានលុយអំណាច​។ លោក​បន្តថា​ វត្តមាន​ក្រុមហ៊ុនថៃ ប៊ុនរ៉ុង​ មក​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​កន្លង​មក​នេះ​ ប្រជា​ពលរដ្ឋ​មូលដ្ឋាន​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ ព្រោះ​មាន​ការ​រំលាយភ្នំ​ និង​ឈួស​ឆាយ​​ព្រៃឈើ​​ដើម្បី​ធ្វើ​អាជីវកម្ម​នេះ​៖ « មាន​ក្រុមហ៊ុន​យើង​ជា​ប្រជា​ពលរដ្ឋ​សូម្បី​តែ​ដឹកថ្ម​យក​មក​ធ្វើផ្ទះ​ក៍​ក្រុមហ៊ុន​ហាមឃាត់​ដែរ។ ខ្ញុំ​សោកស្តាយ​ភ្នំ​ដែរ​ជាប្រវត្តិសាស្ត្រ​ តែ​ត្រូវ​ក្រុមហ៊ុន ក្រុមបុគ្គល​ កាប់​បំផ្លាញ​រំលាយ​ភស្ភុតាង​បាន​ត្រឹមតែ​សោកស្ដាយ​ព្រោះ​គេ​ថា​មក​អភិវឌ្ឍន៍»។

ពលរដ្ឋ​រូបនេះ​ សោក​ស្ដាយ​តំបន់រមណីដ្ឋាន​ភ្នំល្អាង​ ដែល​ធ្លាប់​មាន​កន្លែង​គោរពបូជា​ ដូចជា ទីវត្តអារាម​ និង​កន្លែង​ប្រជាពលរដ្ឋ​តែង​ប្រតិបត្តិ​គោរព​ជំនឿ​​​​ ត្រូវ​បាន​ក្រុមហ៊ុន​កម្ទេច​ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ខួង​យកថ្ម​ និង​អាចម៍ដី​ ដែល​បណ្តាល​ឱ្យ​បាន​រូបរាង​ដើម​ស្ទើរ​តែ​ទាំងស្រុង​។ លើសពីនេះ​ លោក​ជំរុញ​ដល់អាជ្ញាធរ​ និង​ក្រសួងពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ លើ​ក្រុមហ៊ុន​ដើម្បី​ធានា​ថា​ភោគទ្រព្យ​ធនធានធម្មជាតិ​មិន​ទទួល​រងការ​បំផ្លិចបំផ្លាញ​បន្ថែមទៀត​។

ស្ថាបនិក​ចលនា​មាតា​ធម្ម​ជាតិ​លោក​ អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន​(Alejandro Gonzalez Davidson)​ សង្កេតឃើញថា ​រដ្ឋាភិបាល លោក ហ៊ុន សែន​ តែង​ផ្តល់​សិទ្ធិវិនិយោគ​ឲ្យ​ក្រុមហ៊ុនឯកជន​ដែល​ជិតស្និទ្ន​រួមមាន​ក្រុមហ៊ុនចិន​ ដើម្បី​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ ក្រោមលេសអភិវឌ្ឍ​នេះ​ ហើយ​បញ្ហានេះ​ តែង​ធ្វើ​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​មិន​សប្បាយចិត្ត​ និង​មាន​ក្តី​បារម្ភ​ពី​ជោគវាសនា​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​។ លោក​ បន្តថា​ ការ​វិនិយោគ​របស់​ក្រុមហ៊ុនចិន​និងឧកញ៉ា​មួយចំនួន​នៅស្រុកខ្មែរ​ មិន​មាន​តម្លាភាព​នោះទេ​ ព្រោះ​មាន​ការឃុបឃិត​គ្នាជាមួយ​អ្នកអំណាច​ ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ ទើប​មិន​បាន​គិតគូរ​ពី​សុខមាលភាព​ប្រជាជន​មូលដ្ឋាន​ និង​មិន​មាន​ការទទួល​ខុសត្រូវ​លើ​ធនធាន​ធម្មជាតិ​៖ «វិធីសាស្ត្រ​របស់​ក្រុមហ៊ុនចិន​ហ្នឹង​មក​របៀប​ជើងកាង​ បែរ​លួចលាក់​ មិន​សូវ​ចំណេញ​ដល់​ប្រទេសជាតិ​ទេ​ បង់ពន្ធ​ចូលរដ្ឋ​តិចតួច​តែ​ចំណេញ​ដល់​បុគ្គលពាក់ព័ន្ធ​ និង​ក្រុមហ៊ុនចិន​ផ្ទាល់​ ទាំងយោធា​ អ្នក​នយោបាយ​នៅ​ខ្មែរ»។

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាចទាក់ទង​សុំ​ការបកស្រាយ​ពី​អ្នកនាំពាក្យ​សាលាខេត្តកំពត​ លោក វ៉ិត វឌ្ឍនា​ និង​តំណាងក្រុមហ៊ុនថៃ ប៊ុនរ៉ុង​ បាននៅឡើយទេ​ នៅថ្ងៃទី០៧វិច្ឆិកា​ ដោយ​ទូរស័ព្ទ​ហៅចូល​ជា​ច្រើដង​តែ​គ្មាន​អ្នកទទួល​។

ប៉ុន្តែ​នាយករដ្ឋរដ្ឋបាលព្រៃឈើខេត្តកំពត​ លោក ជួន សារ៉ា​ ធ្លាប់ថ្លែងប្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន​នៅ​ចំពោះមុខ​កន្លង​ទៅថា​ ក្រុមហ៊ុន​អនុវត្ត​គម្រោងនេះ​តាមទំហំផ្ទៃដី​ដែល​រដ្ឋាភិបាល​បាន​កំណត់តែប៉ុណ្ណោះ​ ហើយ​ក្រុមហ៊ុន​បាន​ធ្វើ​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​យ៉ាង​ច្បាស់លាស់​។ លោកបន្ត​ថា​ អាជ្ញាធរ​មូលដ្ឋាន​ តែងតែ​ចុះណែនាំ​ដល់​ក្រុមហ៊ុន​ ធ្វើ​យ៉ាងណា​បញ្ចៀស​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ធ្ងន់ធ្ងរ​ និង​គិតគូរ​ពី​សុខមាលភាព​ប្រជាជន​មូលដ្ឋាន​ជា​ចម្បង​។

ក្រុមហ៊ុនថៃប៊ុនរ៉ុង​ បាន​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ផលិតស៊ីម៉ង់តិ៍​ដ៏​ធំ​របស់​ខ្លួន​ដែល​រួមវិនិយោគ​ជាមួយក្រុមហ៊ុន​ចិន​ ស្ថិត​នៅ​ស្រុកដងទង់​ ខេត្តកំពត​ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩​។ រោងចក្រស៊ីម៉ងតិ៍​ថៃប៊ុនរ៉ុងនេះ​ មានតម្លៃ​វិនិយោគជាង១រយ (១១០)​លាន​ដុល្លារអាមេរិក​ សាងសង់​លើផ្ទៃដីទំហំ​ជិត៧រយ​ (៦៧៨,៤)ហិកតា​ ហើយ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បានប្រមាណ២ពាន់៥រយ (២.៥០០) ​តោនក្នុងមួយថ្ងៃ​ ឬ​ស្មើនឹង​ជិត ១លានតោន​ក្នុងមួយឆ្នាំ​។ លោក ហ៊ុន សែន​អះអាង​ក្នុង​ពេល​ចូលរួម​សម្ពោធរោងចក្រស៊ីម៉ង់តិ៍​នេះ​ថា​ ការ​វិនិយោគ​នៅ​តំបន់នោះ​ ព្រោះ​នៅស្រុកដងទង់​មាន​ភ្នំ​ជា​ច្រើន​ដែល​ជា​វត្ថុធាតុដើម​ សម្រាប់​ផលិតស៊ីម៉ង់តិ៍​។ លោក រំពឹងថា​ គម្រោងវិនិយោគនេះ ​នឹង​ជួយជំរុញ​ដល់​សេដ្ឋកិច្ចជាតិ​យ៉ាងច្រើន​ដូចជា​ ផ្តល់ការងារ​ជូន​ប្រជាពលរដ្ឋ​ កសាង​ហេដ្ឋានរចនាសម្ព័ន្ធ​ សាងសង់​អគារក្នុង​ក្រុង​ និង​ទី​ជនបទ​ជាដើម​។

ជុំវិញរឿង​នេះ​អ្នកសម្របសម្រួល​នៃ​សមាគមអាដហុក​ (ADHOC) ប្រចាំ​ខេត្តកំពត​ លោក យន់ ផល្លី ​ព្រួយបារម្ភថា​ ធនធានធម្មជាតិ​ភ្នំប្រវត្តិសាស្ត្រ​មួយចំនួន​អាច​នឹង​ត្រូវ​បាត់រូបរាង​នៅ​ថ្ងៃអនាគត​ ស្របពេល​ដែល​រដ្ឋាភិបាល​បាន​ផ្តល់សិទ្ធិ​ឱ្យ​ក្រុមហ៊ុនឯកជន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​ជា​បន្តបន្ទាប់​។ លោក សង្កេតឃើញ​ថា​ ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​កន្លង​មកនេះ​ មិនទាន់​មាន​ការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​បាន​ត្រឹមត្រូវ​នៅឡើយ​ ដែល​នាំ​ឱ្យ​មានការ​បំផ្លាញ​ធនធាន​ព្រៃឈើ​ និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន៖ «នៅ​ពេល​ដែរ​ក្រុមហ៊ុន​មានអាជ្ញាប័ណ្ណ​អាជ្ញាធរ​ថ្នាក់ក្រោម​ យើង​សង្កេត​មើល​ទៅ​មិន​ហ៊ាន​ទេ​។ ទោះ​បី​ជា​មាន​ផលប៉ះពាល់​ ដូចជា​ក្នុង​ឃុំស្តេចគង់ខាងត្បូង​ ប្រជាពលរដ្ឋ​បាន​ត្រឹមតែ​និយាយរអ៊ូ​ តែ​មិន​ហ៊ាន​ធ្វើ​ការតវ៉ា​។ បើ​យើង​ក្រឡេកមើល​ភ្នំ​ដែរ​អស់ហ្នឹង​ ធម្មតា​បើ​យើង​បំផ្លិចបំផ្លាញ​ភាព​រេច​រឹល​ចេះ​តែ​ទៅ​មុខ​ ហើយ​ការ​កកើត​ក៍​មិន​អាច​កើត​ឡើង​វិញ​បាន​ដែរ​»។

មន្ត្រី​សង្គម​ស៊ីវិល​​​រូប​នេះ​បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​តែពិចារណា​លើក្រុមហ៊ុន​ដែល​បាន​បង្កផលប៉ះពាល់​ ធ្វើ​ឱ្យ​ខូចខាត​​ទ្រព្យសម្បត្តិ​​សាធារណៈ​​របស់​​រដ្ឋកន្លង​មក​ ដើម្បី​អភិរក្ស​ធនធាន​ព្រៃឈើ និង​ភ្នំ សម្រាប់​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បានស្គាល់​។

ច្បាប់​​ភូមិបាល​ឆ្នាំ​​ ២០០១​ មាត្រា ១៦ ចែងថា​ ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​លក់ដូរ​បានទេ​ ហើយ​ទ្រព្យកម្ម​សិទ្ធិ​ទាំងនោះ​ មិន​អាច​កំណត់​អាជ្ញាយុកាល​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។