ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ មុនីនាថ សីហនុ នៅថ្ងៃទី២៦ ខែសីហា យាងទៅសម្រាកពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។ ដំណើរយាងទៅពិនិត្យព្រះរាជសុខភាពនេះ មិនទាន់កំណត់ពេលនៃការយាងត្រឡប់មកវិញនៅឡើយ។
ក្រុមមេដឹកនាំរបបក្រុងភ្នំពេញជាអ្នកថ្វាយព្រះរាជដំណើររបស់ទ្រង់ ហើយខណៈអវត្តមានរបស់អង្គព្រះមហាក្សត្រនេះ ប្រធានព្រឹទ្ធសភារបបឯកបក្ស លោក សាយ ឈុំ ត្រូវឡើងជាប្រមុខរដ្ឋស្ដីទីកាន់កិច្ចការជំនួសព្រះអង្គ។
ព្រះមហាក្សត្រ បរមនាថ នរោត្តម សីហមុនី ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនជាទៀងទាត់ ក៏ប៉ុន្តែម្ដងម្កាលនៅពេលរបបលោក ហ៊ុន សែន ធ្វើច្បាប់ណាមួយដែលប្រាសចាកពីស្មារ តីនៃរដ្ឋធម្មនុញ្ញ ទ្រង់ក៏យាងទៅប្រទេសចិនខុសកាលវិភាគរបស់ទ្រង់ផងដែរ។
អ្នកវិភាគ និងប្រជាពលរដ្ឋ សង្កេតឃើញថា ព្រះមហាក្សត្រកម្ពុជា តែងតែគង់នៅយ៉ាងស្ងៀមស្ងាត់ ក្នុងព្រះបរមរាជវាំង មិនសូវមានអំណាច និងមានព្រះរាជសកម្មភាពក្លៀវក្លាដូចព្រះបិតា ដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយរបស់ជាតិដែលជាប់គាំងអស់រយៈពេលជាច្រើនខែឆ្នាំមកនេះទេ ។ ពួកគេ យល់ថា គួរតែដល់ពេលដែលព្រះអង្គ គង់នៅជាឯករាជ្យមិនរងឥទ្ធិពលរបស់លោក ហ៊ុន សែន ហើយចាប់ផ្តើមបំពេញព្រះរាជតួនាទីឲ្យបានពេញលេញក្នុងការអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយសព្វថ្ងៃ ដើម្បីឱ្យខ្មែរគ្រប់និន្នាការអាចរួមរស់ជាមួយគ្នាដោយសុខដុមរមនាប្រកបដោយសាមគ្គីជាតិ និងឯកភាពជាតិពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។