"កម្មករផ្នែកសេវាកម្មរងការកេងប្រវ័ញ្ចពលកម្មខ្លាំងបើគ្មានការកំណត់ប្រាក់ឈ្នួលគោល"
2018.12.21

កម្មករផ្នែកសេវាកម្មតាមសណ្ឋាគារ និងភោជនីយដ្ឋានស្វាគមន៍ របបលោក ហ៊ុន សែន ដែលជំរុញឲ្យមានការកំណត់ប្រាក់ឈ្នួលគោលដូចកម្មករក្នុងវិស័យកាត់ដេរ។ សហជីពធ្វើការខាងវិស័យ សេវាកម្ម យល់ថា ការមិនកំណត់ប្រាក់ឈ្នួលគោលនេះ គឺធ្វើឲ្យកម្មករទទួលបានប្រាក់ឈ្នួលទាប និងប្រឈមការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដូចជានៅក្នុងក្រុមហ៊ុន ណាហ្គា វើលដ៍ (NAGO World) ជាដើម ទោះបីជា ក្រុមហ៊ុនទទួលបានប្រាក់ចំណូលខ្ពស់រាល់ឆ្នាំក្តី ប៉ុន្តែមិនហ៊ានដំឡើងប្រាក់ឈ្នួលសមរម្យដល់បុគ្គលិកនោះទេ។ កាលពីសប្ដាហ៍មុន លោក ហ៊ុន សែន បានជំរុញឲ្យក្រសួងស្ថាប័ន ពាក់ព័ន្ធរួមគ្នា ពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យសំណង់ សេវាកម្ម និងវិស័យកសិកម្មជាដើម។
កម្មករមួយចំនួនដែលកំពុងបម្រើការតាមសណ្ឋាគារ និងភោជនីយដ្ឋាន បានត្អូញត្អែរថា ពួកគេប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទទួលបានប្រាក់ឈ្នួលទាប ការជេរប្រមាថ ហើយថៅកែតែងបង្ខំឱ្យពួកគេធ្វើការហួសម៉ោង និងមិនសូវអនុញ្ញាតឱ្យមានថ្ងៃឈប់សម្រាកត្រឹមត្រូវ នៅពេលបុណ្យទាន ដូចចែងក្នុងច្បាប់ការងារឡើយ។
ស្ត្រីម្នាក់ដែលជាអ្នកធ្វើការសម្អាតបន្ទប់នៅសណ្ឋាគាររបស់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ រយៈពេល ១១ឆ្នាំ អ្នកស្រី ញៀន ដាវី រៀបរាប់ថា ក្នុង១ថ្ងៃ ក្រុមហ៊ុនតម្រូវឲ្យលោកស្រី ធ្វើការរយៈពេល៨ម៉ោង ដើម្បីបោសជូតសម្អាតបន្ទប់សណ្ឋាគារចំនួន ១៤បន្ទប់ ប៉ុន្តែបើសម្អាត ១៤បន្ទប់ នេះ មិនរួចរាល់ទេ គឺមិនអាចទៅផ្ទះសម្រាកបានទេ។ លោកស្រីបន្តថា ការងារនេះ គឺហត់នឿយ ខ្លាំង ប៉ុន្តែទទួលប្រាក់ខែទាប គឺចំនួន១៦០ដុល្លារក្នុងមួយខែ ខណៈបន្ទប់សណ្ឋាគារដែលពួកគាត់ រៀបចំនោះ មានតម្លៃខ្ពស់ៗបំផុត សម្រាប់ជួលឲ្យភ្ញៀវ។ លោកស្រីបញ្ជាក់ថា សម្រាប់បន្ទប់ធម្មតា តម្លៃចាប់ពី ២រយ ដុល្លារ ដល់៤រយដុល្លារក្នុងមួយយប់។ ចំណែក បន្ទប់បែបទំនើបបំផុតតម្លៃចាប់ពី ២ពាន់ដុល្លារ រហូតដល់៤ពាន់ដុល្លារក្នុងមួយយប់៖ «ការងារសម្អាតបន្ទប់នេះទី១ គឺត្រូវប្ដូរកម្រាលពួក ស្រោមពួកថ្មីទាំងអស់ ស្រោមខ្នើយថ្មី ហើយត្រូវសម្អាតបន្ទប់ទឹកទាំង ក្នុង និងខាងក្រៅ ត្រូវតែថ្មីទាំងអស់។ អ៊ីចឹងត្រូវចំណាយការរៀបចំបន្ទប់ពី ៣០នាទី ទៅ៤០នាទី ឬអាចលើសនេះក៏មានដែរក្នុងមួយបន្ទប់។ អ៊ីចឹងបញ្ហាលំបាក គឺប្រាក់ខែទាប ហើយការងារច្រើន ដូច្នេះបើប្រាក់ខែច្រើន គឺទោះធ្វើការលើសម៉ោងតិចតួចក៏អាចធ្វើបានដែរ តែសព្វថ្ងៃនេះ ប្រាក់ខែ ការងារហត់ហើយច្រើន»។
ក្រៅពីធ្វើការហត់នឿយនោះ ពួកគាត់ក៏តែងទទួលរងការស្ដីបន្ទោសផងដែរ។
ស្ត្រីកម្មកររូបនេះ យល់ថា គួរតែកំណត់ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករដែលធ្វើការតាម សណ្ឋាគារ និងភោជនីយដ្ឋាន ដើម្បីជួយឲ្យពួកគាត់ទទួលបានប្រាក់ឈ្នួលខ្ពស់ និងអត្ថប្រយោជន៍ ផ្សេងៗ ដែលនឹងធ្វើឲ្យជីវភាពពួកគាត់ប្រសើរជាងមុន៖ «បច្ចុប្បន្ននេះ ទំនិញលើទីផ្សារវាថ្លៃ អ៊ីចឹងបុគ្គលិក មិនអាចមានជីវភាពល្អបាន។ រាល់ថ្ងៃនេះ ពួកខ្ញុំ ក៏ស្នើឲ្យក្រុមហ៊ុន គិតគួររឿងប្រាក់ខែដែរ គឺយ៉ាងទាបបំផុតក៏ត្រឹម ៣០០ដុល្លារដែរ ដើម្បីឲ្យសមាមាត្រជាមួយទីផ្សារ ហើយគិតគួរទៅវានៅសល់ខ្លះ ព្រោះរាល់ថ្ងៃនេះមិនសល់ទេ»។
ចំណែកស្ត្រីជាអ្នកបម្រើនៅក្នុងភោជនីយដ្ឋាននៅក្នុងក្រុមហ៊ុនណាហ្គា វើលដ៍ ម្នាក់ទៀត គឺអ្នកស្រី ណុប ទិត្យបូរ៉ាវី រៀបរាប់ថា អ្នកស្រីធ្វើការទីនោះជិត១០ឆ្នាំហើយ។ អ្នកស្រីបញ្ជាក់ថា ភោជនីយដ្ឋាននៅ ណាហ្គា វើលដ៍ គឺបើក២៤ម៉ោង ហើយបុគ្គលិកតម្រូវឲ្យធ្វើការចំនួន ៣វេន ហើយក្នុងមួយ វេន ៨ម៉ោង។ ពួកគាត់ មានពេលសម្រាកតែជាង ៤០នាទី ប៉ុណ្ណោះដើម្បីញាំបាយ។ ក្រៅពីនោះ គឺពួកគាត់ ត្រូវធ្វើការយ៉ាងសកម្មដូចជាលើកភេសជ្ជៈនិងអាហារ ឲ្យភ្ញៀវនៅតាមតុល្បែងជាដើម។អ្នកស្រីសម្ដែងការខកចិត្តថាម្ហូបអាហារទីនោះមានតម្លៃថ្លៃរហូតដល់មុខម្ហូបខ្លះមួយចានតម្លៃ ចាប់ពី៩០ដុល្លារឡើងទៅក៏មានដែរ ប៉ុន្តែពួកគាត់ ទទួលបានប្រាក់ខែទាប គឺជាង ១រយដុល្លារ ក្នុងមួយខែ។ ស្រី្តកម្មកររូបនេះ គាំទ្រចំពោះការដែលរបបក្រុងភ្នំពេញមានគម្រោងកំណត់ប្រាក់ឈ្នួល ជូនកម្មករគ្រប់វិស័យ ដើម្បីឲ្យពួកគាត់រស់នៅសមរម្យ៖ «យើងអត់នៅប្រចាំការធ្វើការងារទេ គេនឹងប្ដឹងយើងថាយើងដើរចោលការងារ ឬអត់ទទួលខុសត្រូវការងារ។ ខ្ញុំមិនពេញចិត្តនឹងប្រាក់ខែសព្វថ្ងៃនេះទេ ព្រោះអត់សមាមាត្រគ្នា ដោយសារយើងធ្វើការងារច្រើន ដែលជូនកាលមិនអាចចេញតាមម៉ោងកំណត់។ ពួកខ្ញុំស្នើសុំប្រាក់ខែយ៉ាងតិច ៣០០ដុល្លារ»។
អ្នកបម្រើសេវានៅសណ្ឋាគារ និងភោជនីយដ្ឋានរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ យល់ថា ការដែលក្រុមហ៊ុន អាចរកចំណូលបានច្រើនបំផុត ដោយសារតែកម្លាំងពលកម្មរបស់ពួកគាត់ ប៉ុន្តែផ្ដល់ប្រាក់ឈ្នួលឲ្យពួកគាត់ទាបបែបនេះ គឺជាការកេងប្រវ័ញ្ចកម្លាំងពលកម្មពួកគាត់។
មន្ត្រីការិយាល័យផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ណាហ្គា វើលដ៍ បានបដិសេធមិនឆ្លើយតបជាមួយ អាស៊ីសេរីនោះទេ នៅពេលសាកសួរជុំវិញប្រាក់ឈ្នួលគោល។
គេហទំព័រណាហ្គា វើលដ៍ ឲ្យដឹងថា បច្ចុប្បន្ន ណាហ្គា វើលដ៍ ត្រូវបានគេទទួលស្គាល់ថាជាសណ្ឋាគារ កាស៊ីណូដ៏ល្បីល្បាញ និងល្អប្រណីតក្នុងតំបន់ឥណ្ឌូចិន អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក។ នៅណាហ្គា វើលដ៍ មានអាគារ ៨ផ្នែក ជាសាលដ៏ធំសម្រាប់ការកម្សាន្ត មានបន្ទប់ខារ៉ាអូខេ និងស្លុតម៉ាស៊ីនជាច្រើនប្រភេទ។ មានបន្ទប់ប្រណីតជិត ២ពាន់(១.៦៥៨) មានបន្ទប់ពិសេស មានមណ្ឌលស្ប៉ា មានភោជនីយដ្ឋានចំនួន ១៤ រួមជាមួយកន្លែងប្រគំតន្ត្រី និងក្លឹបកម្សាន្តចំនួន២ផងដែរ។
ប្រធានសហជីពប្រចាំក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ទទួលស្គាល់ថា ប្រាក់ឈ្នួលបុគ្គលិកនិងកម្មករនៅក្នុងក្រុមហ៊ុនណាហ្គា វើលដ៍ គឺនៅទាបខ្លាំង បើប្រៀបធៀបជាមួយប្រាក់ចំណូល របស់ក្រុមហ៊ុន ណាហ្គា វើលដ៍។ កញ្ញាបញ្ជាក់ថា រយៈពេល៩ ខែឆ្នាំ២០១៨ គឺក្រុមហ៊ុន ណាហ្គា វើលដ៍ រកប្រាក់ចំណូលបានប្រមាណ ១ពាន់លានដុល្លារ។ កញ្ញា ឈឹម ស៊ីថរ ចាត់ទុកថា ការដែលក្រុមហ៊ុនទទួលបានចំណូលខ្ពស់ ប៉ុន្តែកម្មករទទួលបានប្រាក់ឈ្នួលទាបដដែលនេះ គឺជាការកេងប្រវ័ញ្ចកម្លាំងពលកម្មធ្ងន់ធ្ងរមួយ ព្រោះពួកគេសុទ្ធតែមានចំណេះដឹង និងជំនាញ៖ «ការងារទីនោះ គឺប្រឈមបញ្ហាដូរវេនការងារយប់ថ្ងៃៗ ហើយពេលបុណ្យទានសំខាន់ៗអី គឺយើងអត់បានសម្រាកដូចគេទេ យើងត្រូវសុំច្បាប់ ហើយបើយើងសុំច្បាប់មិនបានគឺយើងត្រូវធ្វើការ ប៉ុន្តែពេលធ្វើការគេគិតលុយថែមអោយយើងតាមច្បាប់ដែរ។ រីឯអ្នកធ្វើការខាងកាស៊ីណូវិញ គឺគាត់ ប្រឈមកាន់តែច្រើនទៀតដូចជាផ្សែងបារី ទទួលរងហិង្សាពីភ្ញៀវ នៅពេលដែលភ្ញៀវចាញ់ល្បែង ដូចជាប្រើភាសាអសុរោះជាដើម។ ជាមួយគ្នានេះ ឥឡូវនេះ គឺពួកគាត់ ក៏លំបាកមួយទៀត គឺសូម្បីតែចង់ទៅបន្ទប់ទឹក ឬក៏គាត់អត់ស្រួលខ្លួន ហើយសុំទៅពេទ្យក៏ពិបាករកមនុស្សមកដូរដោយសារតែក្រុមហ៊ុន គេអត់ចង់ចំណាយ លើបុគ្គលិក ពេលមានបញ្ហាអ៊ីចឹងៗទេ»។
កញ្ញា ឈឹម ស៊ីថរ អះអាងថា នៅចុងឆ្នាំ២០១៨នេះ ក្រុមហ៊ុន ណាហ្គា វើលដ៍ បានប្រើប្រាស់ បុគ្គលិក និងកម្មករប្រមាណ ៨ពាន់ ៦រយនាក់ ។
អង្គការសង្គមស៊ីវិល រកឃើញថា នៅតាមភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារតូចៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ក៏កំពុងកើតមានការរំលោភបំពានសិទ្ធិការងារកម្មករជាច្រើននាក់ ដែលបម្រើសេវាកម្មឱ្យភ្ញៀវទេសចរដែរ ដូចជាថៅកែបរទេស និងខ្មែរខ្លះ បានជេរប្រមាថ និងវាយតប់លើរាងកាយ បង្ខំឲ្យធ្វើការហួសម៉ោង គ្មានពេលសម្រាកត្រឹមត្រូវ ប្រាក់ខែទាប និងបើកមិនទៀងទាត់ ជាដើម ។
ក្នុងជំនួបស្វែងរកការគាំទ្រពីកម្មកររោងចក្រនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅ លោក ហ៊ុន សែន បានប្រកាសជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងកម្មករនិយោជិក តំណាងនិយោជក និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាពិភាក្សាឱ្យបានហ្មត់ចត់លើ ការកំណត់ប្រាក់ ឈ្នួល អប្បបរមាក្នុងវិស័យផ្សេងទៀត ដូចជាវិស័យសំណង់ អ្នកបម្រើសេវាកម្ម តាមសណ្ឋាគារ និងភោជនីយដ្ឋាន អ្នកបម្រើការតាមផ្ទះ និងវិស័យកសិកម្មជាដើម។ ការលើកឡើង នេះ បន្ទាប់ពីលោកទទួលបានសំណើពី សហជីពមួយចំនួន កាលពីថ្ងៃទី១០ ខែធ្នូ ដែលជាថ្ងៃទិវា សិទ្ធិមនុស្សអន្តរជាតិ៖ «សំណង់នៅ ធ្វើការតាមភោជនីយដ្ឋាន តាមសណ្ឋាគារក៏នៅ ធ្វើការតាមផ្ទះក៏នៅ ប៉ុន្តែធ្វើការតាមផ្ទះ ត្រូវប្រយ័ត្នប្រយែង ប្រយ័ត្នទីចុងបំផុត គាត់អត់មានការងារធ្វើ ប៉ុន្តែខ្ញុំនៅតែទទូចស្នើសុំឲ្យមានការកំណត់ទាំងអស់ ដើម្បីធានាថា ប្រទេសរបស់យើងអ្នកធ្វើការ យើងត្រូវដឹង យើងត្រូវដឹងពីចំណូល ហើយជៀសវាងការកេងប្រវ័ញ្ចនៃកម្លាំងពលកម្ម»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអ្នកនាំពាក្យក្រសួង ទេសចរណ៍លោក តុប សុភ័ក ជាច្រើនលើក ប៉ុន្តែពុំទទួលទូរស័ព្ទនោះទេ នៅថ្ងៃទី២០ ខែធ្នូ។
កញ្ញា ឈឹម ស៊ីថរ សម្ដែងការគាំទ្រចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ដែលជំរុញឲ្យ មានការកំណត់ប្រាក់ឈ្នួលគោលជូនកម្មករនៅតាមវិស័យផ្សេងៗ។ កញ្ញាអះអាងថា កម្មករដែលធ្វើការ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាននេះ គឺមានចំនួនច្រើនមិនចាញ់កម្មកររោងចក្រនោះឡើយ៖ «ប្រាកដជាគាំទ្រណាស់ ព្រោះវាជាអ្វីដែលយើចង់បាន ដោយសារគោលការណ៍កំណត់ប្រាក់ឈ្នួលនេះដើម្បីកុំឲ្យនិយោជក គាត់កេងប្រវ័ញ្ចកម្លាំងពលកម្ម។ ប៉ុន្តែការកំណត់នោះ ក៏ត្រូវជជែកឲ្យបានច្បាស់ថា តើកំណត់ប៉ុន្មាន ដើម្បីឲ្យសមរម្យជាមួយការរស់នៅរបស់បុគ្គលិក នៅតាមភ្នំពេញនិងតាមខេត្ត ហើយក៏វាត្រូវផ្អែកលើចំណូលរបស់ក្រុមហ៊ុនដែរ»។
របាយការណ៍របស់ធនាគារពិភពលោកឆ្នាំ២០១៧ បង្ហាញថា កម្ពុជាមានចំនួនកម្លាំងពលកម្មចំនួន ប្រមាណ ៩លាន៣សែននាក់ ក្នុងនោះវិស័យសេវាកម្មដែលរួមមានវិស័យសណ្ឋាគារ និងទេសចរណ៍ ផងនោះ មានចំនួន ៤៦.២៨ភាគរយ វិស័យឧស្សាហកម្មមានជាង ២៧ភាគរយ និងកសិកម្មមានជាង ២៦ភាគរយ។
សហជីព និងអ្នកបម្រើសេវាតាមសណ្ឋាគារ និងភោជនីយដ្ឋាន ប្ដេជ្ញាថានឹងបន្តធ្វើការតស៊ូមតិជំរុញ និងធ្វើយុទ្ធនាការដើម្បីទាមទារឲ្យរបបក្រុងភ្នំពេញ យកចិត្តទុកដាក់ដោះស្រាយនូវអ្វីដែលពួកគេ ទាមទារកន្លងមក ពីព្រោះថា បើគ្មានកម្លាំងញើសឈាមរបស់កម្មករទាំងនេះទេ វិស័យទេសចរណ៍ និងប្រាក់ចំណូលក្រុមហ៊ុនរបស់ខ្លួនមិនអាចកើតមានដែរ៕