ក្រសួង​ការងារ​​ប្រាប់​កម្មករ​ម៉ូណូភា​​ឱ្យ​​ផ្អាក​ការ​តវ៉ា ចូល​ធ្វើ​ការ​វិញ និង​​ទុក​ពេល​ឲ្យ​​ក្រសួង​ចុះ​ដោះ​ស្រាយ

0:00 / 0:00

មន្ត្រី​នៃ​ក្រសួង​ការងារ​ ប្រាប់​កម្មករ​រោងចក្រ​ម៉ូណូភា (Monopia Cambodia) ឱ្យ​ចូល​ធ្វើ​ការ​វិញ និង​ផ្អាក​ការ​តវ៉ា​មួយ​អន្លើ​សិន ដើម្បី​ទុក​ពេល​ឲ្យ​​ក្រសួង​ចុះ​ដោះ​ស្រាយ​ក្នុង​រឿង​វិវាទ​ការងារ​នៅ​រោងចក្រ​នេះ ដែល​មាន​រយៈ​ពេល​ជាង ១សប្ដាហ៍​មក​ហើយ។

មន្ត្រី​ក្រសួង​ការងារ​ ប្រាប់​កម្មកររោងចក្រ​ម៉ូណូភា (Monopia Cambodia) នៅ​ថ្ងៃ​ទី២២ វិច្ឆកា ឱ្យ​ផ្អាក​ការ​តវ៉ា និង​ចូល​ធ្វើ​ការ​វិញ ដើម្បី​ទុក​ពេល​ឲ្យ​ក្រសួង​ចុះ​ដោះ​ស្រាយ​រឿង​វិវាទ​របស់​ពួក​គាត់ ជាមួយ​ថៅកែ​រោងចក្រ។

ការ​ណែនាំ​នេះ គឺ​ក្នុង​ជំនួប​រវាង​តំណាង​ភាគី​កម្មករ ១០រូប និង​មន្ត្រី​ក្រសួង​ការងារ នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី២២ វិច្ឆកា។ នៅ​មុន​កិច្ច​ប្រជុំ​នេះ ក្រុម​កម្មករ-កម្មការិនី រោងចក្រ ម៉ូណូភា (Monopia Cambodia) នៅ​ខេត្ត​កំពង់​ស្ពឺ ប្រមាណ ៤រយ​នាក់ បាន​លើក​គ្នា​មក​ក្រសួង​ការងារ ដើម្បី​តវ៉ា និង​ដាក់​ញត្តិ​ស្នើសុំ​ដោះ​ស្រាយ​វិវាទ​ការ​ងារ​នៅ​រោងចក្រ​នេះ រឿង​ថៅកែ​មិន​ព្រម​ទទួល​យក​តំណាង​ពួក​គេ ៩នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ។ កម្មករ បាន​ឈរ​ប្រមូល​ផ្ដុំ​គ្នា​មុខ​ក្បែរ​ក្រសួង​ការងារ ខ្លះ​លើក​បដា ហើយ​ខ្លះ​ទៀត​កាន់​រូប​លោក ហ៊ុន សែន និង​ភរិយា ស្នើ​សុំ​រដ្ឋមន្ត្រី​ការងារ លោក អ៊ិត​ សំហេង ឱ្យ​ជួយ​ដល់​តំណាង​ពួក​គេ​ទាំង​អស់ ៩នាក់​នោះ។

ក្រុម​កម្មករ ដាក់​ជូន​លិខិត​ ២​ដាច់​ដោយ​ឡែក​ពី​គ្នា​ជូន​ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី២២ វិច្ឆិកា ក្នុង​នោះ​មាន​លិខិត​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​លើ​វិវាទ​ការងារ និង​ពាក្យបណ្ដឹង​ជំទាស់​នឹង​លិខិត​របស់​មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ ដែល​សម្រេច​ឲ្យ​ភាគី​រោងចក្រ​បញ្ឈប់​តំណាង​កម្មករ ដោយ​ផ្អែក​លើ​របាយការណ៍​របស់​ក្រុមហ៊ុន និង​​គ្មាន​ចុះ​ស៊ើប​អង្កេត​រឿង​នេះ ឲ្យ​បាន​ច្បាស់លាស់​ និង​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ។

ក្រោយ​ពី​ចូល​ជួប​មន្ត្រី​ក្រសួង​ការងារ​ តំណាង​កម្មករ លោក អឿន ចាន់​នី ឲ្យ​អាស៊ី​សេរី​ដឹង​ថា ក្រសួង​សន្យា​​នឹង​សម្របសម្រួល​ដោះស្រាយ​តាម​សំណើ​របស់​កម្មករ​ ប៉ុន្តែ​តម្រូវ​ឲ្យ​កម្មករ​ទាំង​អស់​ចូល​ធ្វើការ​ជា​ធម្មតា​វិញ វៀរលែង​តែ​តំណាង​កម្មករ ៩នាក់ ដោយ​ត្រូវ​រង់ចាំ​ក្រសួង​ដោះស្រាយ​បញ្ចប់​វិវាទ​ជា​មុន​សិន៖ «ឥឡូវ​ខាង​ក្រសួង​គេ​រៀបចំ​ឯកសារ​ដាក់​ទៅ​គណៈរដ្ឋមន្ត្រី ឲ្យ​ធ្វើការ​លឿន​បំផុត​ ដើម្បី​ឲ្យ​ពួក​យើង​ចូល​ធ្វើ​ការ​ កុំ​ឲ្យ​មាន​ច្របូកច្របល់​ក្នុង​សង្គម។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ឯកឧត្ដម​ លោក​ជំទាវ​ ជំរុញ​ការងារ​នេះ ឲ្យ​បាន​លឿន​បំផុត ដើម្បី​កុំ​ឲ្យ​ខាត​ប្រយោជន៍​ខាង​រោងចក្រ​ កុំ​ឲ្យ​ខាត​ប្រយោជន៍​កម្មករ កម្មការិនី​ទាំង​អស់​គ្នា។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​បណ្ឌិត​ ឲ្យ​ជួយ​ជំរុញ​ការងារ​ឲ្យ​លឿន​បំផុត»។

ចំណែក ប្រធាន​រដ្ឋបាល​រោងចក្រ​ ម៉ូណូភា (Monopia Cambodia) លោក សំ សុជា ដែល​ខាង​ក្រសួង​ការងារ​ហៅ​ទៅ​ពិភាក្សា​នៅ​មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ នៅ​ថ្ងៃ​ជាមួយ​គ្នា ប្រាប់​អាស៊ី​សេរី​ថា​ ភាគី​រោងចក្រ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ទទួល​យក​តំណាង ​២​នាក់ គឺ​លោក អឿន ចាន់នី និង​លោក នៅ ចន្ថា ឲ្យ​ចូល​ធ្វើការ​វិញ​នោះ​ទេ ព្រោះ​លោក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ ដែល​មិន​អាច​ទទួល​យក​បាន។ លោក បន្ត​ថា ​ភាគី​រោងចក្រ​នឹង​គូរ​ដោះស្រាយ​ សម្រាប់​តំណាង​កម្មករ​៧​នាក់​ទៀត៖ «មិន​ទាំង​អស់​ទេ គ្រាន់​តែ​បន្ធូរ​បន្ថយ​ឲ្យ​ចូល​បាន​ខ្លះ។ ប៉ុន្តែ​ខ្ញុំ​មិន​ថា​ខាង​រោងចក្រ គាត់​អនុញ្ញាត​ឲ្យ​អ្នក​ណា​បាន​ចូល​ខ្លះ​ទេ ក្នុង​ចំណោម​៧​នាក់​ផ្សង​ទៀត​ហ្នឹង។ ផល​ប៉ះពាល់​ដូច​ខ្ញុំ​ជម្រាប​ជូន​តាំង​ពី​ដើម​អ៊ីចឹង ផល​ប៉ះពាល់​គឺ​ដូច​គ្នា​ ខាង​ខ្ញុំ​ក៏​ប៉ះពាល់​ ខាង​គាត់​ក៏​ប៉ះពាល់​។ អ៊ីចឹង​ហើយ​ បាន​យើង​ព្យាយាម​បន្ធូរបន្ថយ​ស្ថានការណ៍​ការ​នេះ»។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​នឹង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ​ បំភ្លឺ​បន្ថែម​លើ​រឿង​នេះ​បាន​ទេ ដោយ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស លោក ឃុន ថារ៉ូ យល់​ថា ភាគី​រោងចក្រ​គួរ​តែ​ដាក់​មានៈ​ចុះ ដោយ​បញ្ឈប់​ការ​រើស​សហជីព ហើយ​ទទួល​យក​តំណាង​កម្មករ​ឲ្យ​ចូល​ធ្វើ​ការងារ ដើម្បី​កុំ​ឲ្យ​ខាត​ប្រយោជន៍​ទាំង​ក្រុមហ៊ុន និង​កម្មករ​ត​ទៅ​ទៀត។ លោក ក៏ស្នើ​ដល់​មន្ត្រី​ក្រសួង​ការងារ​ចុះ​ស៊ើប​អង្កេត​រក​មូល​ហេតុ​ពិត​ប្រាកដ​ក្នុង​វិវាទ​ការងារមួយ​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ភាគី​ពាក់ព័ន្ធ និង​បញ្ចប់​ជម្លោះ​ការងារ​នេះ។

ក្រុមហ៊ុន ម៉ូណូភា ខេមបូឌា (Monopia Cambodia Co., Ltd) ស្ថិត​នៅ​ក្នុង​ឃុំ​រលាំង​គ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ គឺ​ជា​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ ផលិត​កាបូប​គ្រប់​ប្រភេទ​នាំ​ចេញ​ទៅ​បរទេស​ ដែល​មាន​កម្មករ​ធ្វើ​ការ​សរុប​ប្រមាណ​ ១ពាន់​នាក់។

វិវាទ​ការងារ​នៅ​រោងចក្រ​ ម៉ូណូភា (Monopia Cambodia) ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី១៤ វិច្ឆិកា ដោយ​មាន​កម្មករ​ប្រមាណ ៩រយ​នាក់​នាំគ្នា​​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​​យក​តំណាង​ពួកគេ​ចូល​ធ្វើ​ការ​វិញ ក្រោយ​ពី​ក្រុមហ៊ុន​ព្យួរ​ការងារ​តំណាង​កម្មករ​ ២នាក់ ដោយ​មិន​បាន​ជូន​ដំណឹង​ឲ្យ​កម្មករ​ដឹង​មុន។

ទោះបី​ជា​យ៉ាង​ណា ខាង​ក្រុម​តំណាង​កម្មករ​ទាំង​ ៩​នាក់ នៅ​តែ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​​ទទួល​​យក​​ពួក​គេ​​ចូល​​ធ្វើ​ការ​វិញ ដោយ​​មិន​​ត្រូវ​​ផាត់​ចោល​​តំណាង​​ណា​​ម្នាក់​​ពី​​ការងារ​​ឡើយ បើ​​មិន​​ដូច្នោះ​ទេ ពួកគេ​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។