មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះទៅបិទលិខិតកោះហៅ ថៅកែសិប្បកម្មតម្បាញ ហុង ស៊ីន នៅរបងទ្វារសិប្បកម្ម ឲ្យចូលខ្លួន ដោះស្រាយជាមួយក្រសួងការងារយូរបំផុតត្រឹមថ្ងៃទី១៨ ធ្នូ ដើម្បីទូទាត់សំណងជូនកម្មករជិត ២០០នាក់។ សហជីពជំរុញឲ្យក្រសួងការងារចាត់វិធានការតឹងរ៉ឹង ដើម្បីឲ្យថៅកែសងប្រាក់អតីតភាព និងអត្ថប្រយោជន៍កម្មករដល់អស់។
កម្មករនៃសិប្បកម្មតម្បាញ ហុង ស៊ីន (Hong Xing) ប្រាប់ថា មន្ត្រីក្រសួងការងារ បានចុះទៅដល់មុខរោងសិប្បកម្ម នៅព្រឹកថ្ងៃចន្ទ ទី១៦ ធ្នូ និងបានប្រកាសប្រាប់កម្មករថា ក្រសួងកំពុងកោះហៅថៅកែ ឬតំណាងសិប្បកម្ម ឲ្យចូលខ្លួនដោះស្រាយ និងទុកពេលយូរបំផុតត្រឹមថ្ងៃទី១៨ ធ្នូ។ កម្មករ ឲ្យដឹងទៀតថា មន្ត្រីក្រសួងការងារ សុំឲ្យកម្មកររង់ចាំដល់ថ្ងៃទី១៨ ធ្នូ សិន ហើយបើថៅកែមិនព្រមចូលខ្លួនដោះស្រាយទេ ក្រសួងនឹងមានវិធានការ។
កម្មការិនីម្នាក់ លោកស្រី តេង ស្រីមុំ ប្រាប់ថា ក្រុមកម្មករបន្តរង់ចាំ និងដេកយាម នៅមុខរោងសិប្បកម្មទាំងយប់ ទាំងថ្ងៃបន្តទៀត ដល់ថ្ងៃទី១៨ ធ្នូ តាមការណែនាំរបស់មន្ត្រីក្រសួង។ កម្មការិនីរូបនេះ រំពឹងថា នឹងទទួលបានដំណោះស្រាយ ដូចការសន្យារបស់មន្ត្រីក្រសួងការងារ៖ « រង់ចាំដល់ថ្ងៃពុធបង ហើយក្រសួងការងារ គាត់កោះហៅ អាជេរ ( ថៅកែចិន ) ហ្នឹងហើយ។ ដល់ពេល ដល់ថ្ងៃពុធហ្នឹង គាត់នឹងមានវិធានការថ្មីទៀត បើសិនជាចិនហ្នឹង គាត់មិនមានវិធានការថ្មីទេ»។
សិប្បកម្មតម្បាញ ហុង ស៊ីន ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្មករ អះអាងថា សិប្បកម្មតម្បាញនេះ មានកម្មករសរុប ១៩០នាក់ ជាកន្លែងដេរផ្គុំ ឬដេរភ្ជាប់តួសំលៀកបំពាក់ ដែលយកមកពីរោងចក្រផ្សេង។ ក្រោយការដេរភ្ជាប់រួច សំលៀកបំពាក់ទាំងនោះ នឹងត្រូវបញ្ជូនទៅរោងចក្រមួយទៀត ដើម្បីដំឡើងម៉ាកយីហោ។ កម្មករឲ្យដឹងទៀតថា រោងចក្រធំ ជាដៃគូរបស់សិប្បកម្មនេះ គឺរោងចក្រ អឹមវ៉េ (MV) មានទីតាំងនៅខេត្តកំពង់ឆ្នាំង។ ពួកគេបានប្រមូលផ្ដុំគ្នាតវ៉ា និងដេកយាមមុខរោងសិប្បកម្ម តាំងពីថ្ងៃទី០៩ ធ្នូមក ដោយសារថៅកែជាជនជាតិចិន បានចាក់សោទ្វាររបងរោងចក្រចោល ក្រោយពេលបានបើកប្រាក់ឈ្នួលឲ្យកម្មករ ម្នាក់ខ្ទង់១០០ដុល្លាររួចមក។
អាស៊ីសេរី គ្មានប្រភពភាគីថៅកែសិប្បកម្មតម្បាញ ហុង ស៊ីន ទេ។ អាស៊ីសេរី ក៏មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងជាអគ្គលេខាធិការរង នៃអគ្គនាយកដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មគ្រប់មុខសញ្ញា លោក ទេស រុក្ខាផល បានទេ នៅថ្ងៃទី១៦ ធ្នូ ដោយសារ ទូរស័ព្ទរោទ៍ គ្មានអ្នកទទួល។
មន្ត្រីច្បាប់ នៃសហព័ន្ធសហជីពការងារកម្មករកម្ពុជា លោក ជិន សូនី ដែលឃ្លាំមើលករណីនេះ ឲ្យដឹងថា មន្ត្រីនៃក្រសួងការងារ ពិតជាបានចុះទៅសន្យា និងបិទលិខិតកោះហៅថៅកែសិប្បកម្មតម្បាញហុង ស៊ីន ប្រាកដមែន។ តែយ៉ាងណា លោក ជំរុញឲ្យក្រសួងការងារ ពន្លឿននីតិវិធីដោះស្រាយ ជូនកម្មករឲ្យឆាប់ ព្រោះកម្មការិនី សុទ្ធតែជាស្ត្រី ហើយត្រូវបណ្ដាក់គ្នា ដេកតាមចិញ្ចើមថ្នល់យាមនៅមុខរោងសិប្បកម្ម រាល់យប់៖ « កម្មករ គាត់យល់ថា បើចុងក្រោយគ្មានដំណោះស្រាយអ្វីទេ ប្រហែលជាត្រូវរកផ្លូវច្បាប់ណាមួយ ដើម្បីឡាយឡុងគ្រឿងម៉ាស៊ីន គ្រឿងអ្វី ដើម្បីទូទាត់ប្រាក់របស់គាត់ណា»។
សិប្បកម្មតម្បាញ ហុង ស៊ីន បើកដំណើរការជាង ១០ឆ្នាំហើយ។ កម្មករ អះអាងថា អ្នកខ្លះ មានអតីតភាពការងារ ៧ ឬ ៨ឆ្នាំ និងតិចជាងនេះ។ ពួកគេ ថា ការមិនសុខចិត្ត ដោយសារ ថៅកែរត់ចោល ដោយមិនទាន់បានទូទាត់ប្រាក់អតីតភាព ប្រាក់បំណាច់ សំណង និងអត្ថប្រយោជន៍ឲ្យឡើយ។ សិប្បកម្មនេះ រងការបិទទ្វារ ក្រោយលេចលឺព័ត៌មានថា ថៅកែបានសេង (លក់) ទៅឲ្យថៅកែថ្មី តែមិនដឹងប្រាកដថា ថៅកែថ្មីជានរណា។ កម្មករថា ពួកគេ នៅរង់ចាំដល់ថ្ងៃទី១៨ ធ្នូ ដើម្បីរង់ចាំដំណោះស្រាយពីក្រសួងការងារ មុននឹងធ្វើសកម្មភាពតវ៉ានានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
