មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ចេញមុខដោះស្រាយបញ្ចប់វិវាទការងាររឿងទូទាត់ប្រាក់សំណង រវាងក្រុមអតីតបុគ្គលិកជាង ១រយនាក់ និងម្ចាស់សណ្ឋាគារ ហ្គ្រេត ឌូក ភ្នំពេញ (Great Duke Phnom Penh) ត្រឹមសប្ដាហ៍ក្រោយ។ តំណាងក្រុមអ្នកតវ៉ា សង្ឃឹមថា ក្រសួងនឹងគោរពពាក្យសន្យារបស់ខ្លួន ដើម្បីជំរុញការផ្ដល់ប្រាក់សំណងដល់បុគ្គលិកទាំងអស់យកទៅដោះស្រាយជីវភាព និងបំណុលធានា ក្នុងពេលឆាប់ខាងមុខនេះ។
រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យនៃក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងនឹងព្យាយាមដោះស្រាយបញ្ចប់បញ្ហានេះ ដោយស្វែងរកប្រភពប្រាក់ បើកឲ្យអតីតបុគ្គលិកសណ្ឋាគារសរុប ១៥២នាក់ នៅត្រឹមដំណាច់សប្ដាហ៍ក្រោយ តាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
ទោះជាយ៉ាងណា លោក ហេង សួរ មិនអាចបញ្ជាក់បានថា ប្រភពសាច់ប្រាក់នោះ បានមកពីណានោះទេ ប៉ុន្តែ ក្រសួងនឹងធ្វើការជាមួយភាគីម្ចាស់សណ្ឋាគារបន្តទៀត៖ «សូមបងប្អូនសម្រាយទៅ ក្រសួងខិតខំធ្វើមិច ដើម្បីរកថវិកាជូនបងប្អូនយើងមុន ហើយយើងនឹងធ្វើការជាមួយម្ចាស់សណ្ឋាគារតាមក្រោយ។ ខ្ញុំបានប្រាប់លោក កុសល ហើយ អ្វីដែលត្រូវការបន្តទៀត គឺពេលរសៀល យើងពិនិត្យបញ្ជីឈ្មោះទាំងអស់គ្នា ហើយរយៈពេលវេលា យើងនឹងព្យាយាមដោះស្រាយធ្វើមិចត្រឹមសប្ដាហ៍ក្រោយ»។

ការសន្យារបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងការងាររូបនេះ គឺធ្វើឡើងក្រោយពេលក្រុមអតីតបុគ្គលិកសណ្ឋាគារប្រមាណ ៦០នាក់ នាំគ្នាឈរលើកបដាពាក្យស្លោក និងរូបលោក ហ៊ុន សែន នៅមុខសណ្ឋាគារអស់រយៈពេលជាង ៣ម៉ោង នៅព្រឹកថ្ងៃទី២១ ខែឧសភា។
ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល ប្រាប់អាស៊ីសេរី ថា ក្រុមលោកបានផ្ដល់បញ្ជីឈ្មោះបុគ្គលិក និងតារាងគណនាប្រាក់សំណងការងារជូនក្រសួងការងារតាមតម្រូវការ នៅពេលរសៀលរួចហើយ ។
លោកឲ្យដឹងថា ចំនួនទឹកប្រាក់សរុបដែលត្រូវទូទាត់ឲ្យបុគ្គល ១៥២នាក់ គឺប្រមាណជាង ៣២ម៉ឺនដុល្លារ ដោយផ្អែកតាមតារាងគណនារបស់ក្រុមមេធាវីតំណាងម្ចាស់សណ្ឋាគារបង្ហាញជូនក្រសួងការងារ កាលពីពេលកន្លងទៅ ។
លោក សង្ឃឹមថាលោក ហេង សួរ និងគោរពពាក្យសន្យារបស់ខ្លួន ដោយធ្វើយ៉ាងណា ឲ្យអតីតបុគ្គលិកទាំងអស់គ្នាទទួលបានប្រាក់សំណងការងារទៅតាមចំនួនឆ្នាំរបស់ពួកគាត់ ដើម្បីយកទៅដោះស្រាយជីវភាពរស់នៅ សងបំណុលធនាគារ និងមានឱកាសស្វែងរកការងារធ្វើបន្តទៀត៖ «ខ្ញុំគិតថាដំណាក់នេះ កម្មករត្រូវការថវិកា លុយកាក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បង់ទៅធនាគារដែលគាត់ជំពាក់។ អ៊ីចឹង ! ខ្ញុំគិតថាល្អ ដែលរដ្ឋាភិបាលគួរផ្ដល់លុយដែលមាន លុយបុរេហិរញ្ញប្បទានហ្នឹង ឲ្យមកកម្មករសិនទៅ ហើយរដ្ឋាភិបាលមានចំណាត់ការបែបណា ទូទាត់ជាមួយសណ្ឋាគារ ហ្នឹងតាមក្រោយទៅ»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះ ពីមេធាវីរបស់ម្ចាស់សណ្ឋាគារ ហ្គ្រេត ឌូក គឺលោក នៅ ពិសិដ្ឋ បានទេ ដោយប្រព័ន្ធទូរស័ព្ទថា មិនអាចទាក់ទងបាន។
ក្រុមអ្នកតវ៉ា ប្រកាន់ជំហរថា ប្រសិនបើក្រសួងការងារនៅតែមិនអាចបញ្ចប់រឿងនេះបាន ដូចតាមការសន្យាទេ ពួកគាត់នឹងបន្តធ្វើបាតុកម្មមុខសណ្ឋាគារជារៀងរាល់ថ្ងៃ ដោយមានអ្នកខ្លះបោះតង់ដេកមុខសណ្ឋាគារ ហើយនាំគ្នាដើរហែក្បួនទៅដាក់ញត្តិដល់គេហដ្ឋានលោក ហ៊ុន សែន ក្បែរវិមានឯករាជ្យ បើទោះជាត្រូវរងការប្រើហិង្សាពីសំណាក់អាជ្ញាធរក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។