ក្រសួង​ការងារ​ព្រមាន​ពលរដ្ឋ​ឱ្យ​ប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ខ្មែរ​ទៅធ្វើការ​នៅ​អូស្ត្រាលី

0:00 / 0:00

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមាន​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី (Australia)។ ការព្រមាន​នេះ ធ្វើឡើង​ស្របពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ចរចា​ ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលីនៅឡើយ​ ដើម្បី​ឱ្យ​អូស្ត្រាលី​ទទួល​យក​ពលករ​ខ្មែរ​ទៅធ្វើការ​នៅប្រទេសនេះ​ក្រោម​ទិដ្ឋាការ​ប្រភេទ«កសិកម្ម​អូស្ត្រាលី» (Australian Agriculture Visa)។

សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ កាលពី​ថ្ងៃទី៣០ ខែសីហា បញ្ជាក់ថា រដ្ឋាភិបាល​អូស្ត្រាលី​នៅពុំទាន់​សម្រេច​ថា នឹង​ផ្តល់​ទិដ្ឋាការ​ប្រភេទនេះ​ជូន​កម្ពុជា​នៅឡើយទេ។ ដូច្នេះ ក្រសួង​ស្នើ​ឱ្យ​សាធារណជន​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​រាល់​ការផ្សព្វផ្សាយ​អំពីការជ្រើសរើស និងការ​បញ្ជូន​ពលករខ្មែរ​ទៅធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី ដោយទីភ្នាក់ងារ​ជ្រើសរើស ឬ​អង្គភាព​ណាមួយ។ យ៉ាងណា ក្រសួងការងារ មិនបាន​បញ្ជាក់​អំពី​ចំណាត់ការ​ផ្លូវច្បាប់​ជាក់លាក់​ណាមួយ​ប្រឆាំងនឹង​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ខ្មែរណាមួយនៅឡើយទេ។ ក្រសួង​ដដែលគូសបញ្ជាក់​ថា ក្រសួង​ការងារ គឺជា​ក្រសួង​មាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង​លើ​ការបញ្ជូន​ពលករខ្មែរ​ទៅធ្វើការ​នៅ​បរទេស ដោយ​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ។

បើតាម​ក្រសួង​ការងារ ថ្មីៗនេះ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្រកាស​អំពី​ការបង្កើត​ទិដ្ឋាការ​ «កសិកម្ម​អូស្ត្រាលី» ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វះ​ខាត​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​របស់​ខ្លួន។ បច្ចុប្បន្ននេះ រដ្ឋាភិបាល​អូស្ត្រាលី កំពុង​ពិភាក្សា​ទ្វេភាគី​អំពី​ការផ្តល់​ទិដ្ឋាការ​ប្រភេទ​នេះ ជាមួយ​បណ្តា​ប្រទេស​ជាដៃគូ​នានា ក្នុងនោះ​ក៏រួម​ទាំង​កម្ពុជា​ផង។

កន្លងទៅ ​ពលករចំណាកស្រុក​ខ្មែរ​ មិនតិចនាក់​ទេ​​បាន​ចាញ់​បោក​មេខ្យល់ ឬក្រុមហ៊ុន​ឯកជន​ដែល​ប្រកាស​ជ្រើសរើស​ពលករ​ឱ្យ​ទៅធ្វើការ​នៅបរទេស ដូចជានៅ​ប្រទេសថៃ(Thailand) ម៉ាឡេស៊ី (Malaysia) កូរ៉េខាងត្បូង (Korea) ចិន (China) ជប៉ុន (Japan) ឬ ​អារ៉ាប់​រួម (United Arab Emirates) ជាដើម ជា​ថ្នូរ​នឹង​ការសន្យា​ថា​ នឹង​ទទួលបាន​ប្រាក់ឈ្នួលខ្ពស់ ឬជីវភាព​ធូរធារ។ ក៏ប៉ុន្តែ ពួកគេទាំងនោះ​​ជាញឹកញាប់ទទួល​រង​នូវ​ការខាតបង់​ប្រាក់កាស ពេលវេលា និង​ខ្លះត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​សុខភាព និង​ជីវិត​ទៀតផង ដោយសារ​ធ្វើការ​ខុសច្បាប់គ្មាន​លិខិតស្នាម​នៅ​ប្រទេសគេ ​​អំពើជួញ​ដូរមនុស្ស ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ឬ​អំពើ​ទាសភាព​សម័យ​ទំនើប​ជាដើម។ អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា រងការរិះគន់​ថា ​អសមត្ថភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងនេះ ដោយសារ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​មួយចំនួនជាប់សង្ស័យថា ​​មាន​ភាគហ៊ុន​​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួររដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។