ពលករ​និង​អ្នក​ការពារ​សិទ្ធិ​គ្មាន​សង្ឃឹម​ថា ស្ថានទូត​អាច​ជួយ​ដោះ​ទុក្ខ​លំបាក​ពលករ​បាន​ឡើយ

0:00 / 0:00

ពលករ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ និង​អ្នកការពារ​សិទ្ធិ​មិន​រំពឹង​ថា ស្ថាន​ខ្មែរ​ប្រចាំ​ប្រទេស​នេះ​អាច​ជួយ​ឧបត្ថម្ភ​ថវិកា​ដោះ​ទុក្ខ​លំបាក​ពលករ​គ្មាន​ការងារ​បាន​ឡើយ​។ ការ​លើកឡើង​បែបនេះ ក្រោយពេល​ក្រសួង​ការងារ​ចេញ​លិខិត​ប្រាប់​ពលរដ្ឋ​ជួប​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ អាច​ទាក់ទង​ទៅ​ស្ថានទូត​ឱ្យ​​ជួយ​ឧបត្ថម្ភ​ថវិកា ប្រឹក្សា​និង​ផ្ដល់​ថ្នាំ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ស្រាល។

អ្នកការពារ​សិទ្ធិ​ពលករ​លើកឡើង​ថា បើ​ស្ថានទូត​ចង់​ជួយ​ពលករ​ដែល​ជួប​ការ​លំបាក មិន​ចាំបាច់​តម្រូវ​ឱ្យ​ពលករ​ទាក់ទង​ទៅ​ស្ថានទូត​ឡើយ ត្បិត​ពលករ​ក្នុង​តំបន់​បិទ​ខ្ទប់​សុទ្ធតែ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព។

សមាជិក​សហជីព​ដែល​ធ្វើ​ការងារ​ជាមួយ​សហជីព​ការពារ​សិទ្ធិ​ពលករ​ប្រទេស​ថៃ លោក សុន សីហា យល់ថា ប្រកាស​របស់​ក្រសួង​ការងារ​ឱ្យ​ជ​រុញ​ឱ្យ​ពលរដ្ឋ​ទៅ​សុំ​ជំនួយ​ពី​ស្ថានទូត​គឺ​គ្រាន់​ជា​លេស​រដ្ឋាភិបាល ក្នុង​ការ​បន្សាប​អារម្មណ៍​ពលករ ដែល​ចង់​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ប៉ុណ្ណោះ​។ លោក​ចោទ​សួរ​ថា តើ​ពេលនេះ​ស្ថានទូត​មាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​សម្រាប់​ជួយ​ពលករ​ហើយ​ឬ​នៅ​? លោក​សង្កេតឃើញ​ជាង​ពីរ​ឆ្នាំ​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ ស្ថានទូត​បាន​ជួយ​ពលករ​តិចតួច​ណាស់។ «»

ចំណែក​ពលករ​ធ្វើ​ការងារ​ផ្នែក​សំណង់​នៅ​ខេត្ត​នុនថាក់បូរី (Nonthaburi) លោក ធាត់ ឌីន ឱ្យ​ដឹង​ថា លោក​បាត់បង់​ការងារ​ជាង​បី​ខែ​មក​ហើយ និង​រស់នៅ​ដោយ​ខ្វះមុខខ្វះក្រោយ ប៉ុន្តែ​លោក​មិនដែល​ឃើញ​មន្ត្រី​ស្ថានទូត​ចុះ​មក​ជួយ​រូបលោក និង​ពលករ​ផ្សេង​ទៀត​ឡើយ​។ លោក​ថា កាល​ពី​មុន​លោក​មិនដែល​សុំ​ជំនួយ​ពី​ស្ថានទូត​ឡើយ​ព្រោះ​មិនដឹង​ត្រូវ​ទាក់ទង​តាមរបៀប​ណា​។ ពលករ​រូប​នេះ លើកឡើង​ទៀត​ថា ទោះ​ពេលនេះ​មាន​ប្រកាស​ពី​ក្រសួង​ការងារ​ឱ្យ​ពលករ​គ្មាន​ការងារ​ធ្វើ អាច​សុំ​ជំនួយ​ពី​ស្ថានទូត​ក្ដី ប៉ុន្តែ​លោក​មិន​រំពឹង​ថា ស្ថានទូត​អាច​ជួយ​ពលករ​បាន​ឡើយ។ «»

ក្រសួង​ការងារ​ប្រាប់​ទៅ​ពលករ​ដែល​កំពុង​ធ្វើ​ការ និង​ស្នាក់នៅ​ប្រទេស​ថៃ ឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ នៅ​នឹង​កន្លែង​ដដែល ដោយ​មិន​ត្រូវ​ចេញពី​កន្លែង​ស្នាក់នៅ ឬ​ចេញទៅ​ព្រំដែន​កម្ពុជា​-​ថៃ​ឡើយ​ព្រោះ​ការ​ធ្វើ​ដំណើរ​នេះ​ប្រឈម​ខ្ពស់​នៃ​ការ​ឆ្លង និង​ការ​ចម្លងជំងឺ​កូវីដ​-១៩ ពិសេស​គឺ​ជំងឺ​ប្រភេទ​បំប្លែង​ថ្មី Delta​។ លិខិត​ចុះ​កាល​ពី​ថ្ងៃទី​៣០ ខែកក្កដា ប្រាប់​ទៅ​ពលករ​កុំ​ចល័ត​ចេញ​ពី​កន្លែង​ស្នាក់នៅ រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី​១២ ខែសីហា ហើយ​បើ​ម្ចាស់​រថយន្ត ឬ​មេខ្យល់​ណា​បំផុសបំផុល ឬ​ដឹកជញ្ជូន​ពលករ គឺជា​ការ​ល្មើស​បម្រាម នឹង​ត្រូវ​ប្រឈម​វិធានការ ផ្លូវ​ច្បាប់។

ក្រសួង​ការងារ​ប្រាប់​ទៅ​ពលករ​ទៀត​ថា បើ​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ឬ​មាន​បញ្ហា​ជីវភាព​លំបាក​ខ្លាំង គឺ​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ដែល​មាន លេខ​ទូរស័ព្ទ 092 8050 561/094 0925 905/062 1413 009/086 7999 957 និង​ ប្រព័ន្ធ​តេឡក្រាម(https://t.me/helpkhmerinthailand)។

ចំណែក ពលករ​ដែល​សង្ស័យ​ថា ខ្លួន​មាន​វិជ្ជមាន​កូវីដ​-១៩ ឬ​មាន​វិជ្ជមាន​កូវីដ​-១៩ កម្រិត​ស្រាល ហើយ​មិនទាន់​ដឹង​ថា​ត្រូវ​ទំនាក់ទំនង​ទៅ​ផ្នែក​ណា អាច​ទទួល​ការ​ពិគ្រោះ​យោបល់ តាម​ប្រព័ន្ធ​ តេឡេក្រាម​របស់​ក្រុមការងារ​ស្ថានទូត(https://t.me/consultcovidinthailand)។

ទោះ​យ៉ាងណា​វិទ្យុ​អាស៊ីសេរី​ព្យាយាម​ហៅ​ទៅ​ទូរស័ព្ទ​ទៅ​ក្រុមការងារ​ស្ថានទូត តាម​លេខ​ទូរស័ព្ទ​ដែល​ក្រសួង​ការងារ​បាន​បង្ហាញ​នោះ ប៉ុន្តែ​ពេល​ហៅ​ចូល​គ្មាន​អ្នកទទួល ហើយ​អ្នក​លើក​ទូរស័ព្ទ​ខ្លះទៀត​ពេល​អ្នករាយការណ៍​អាស៊ីសេរី​សុំ​សម្ភាស ក៏​បិទ​ទូរស័ព្ទ​មិន​ឆ្លើយ​តប។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឌីថេ ហូយ៉ា ដែល​ធ្វើ​ការងារ​ទាក់ទង​ពលករ​ចំណាកស្រុក យល់​ថា ការ​តម្រូវ​ឱ្យ​ពលករ​ទាក់​ទៅ​ស្ថានទូត​ដើម្បី​សុំ​ជំនួយ ឬ​សុំ​ប្រឹក្សា នឹង​បង្ក​ការ​លំបាក​ដល់​ពលករ ព្រោះ​កន្លងមក​ពលករ​ជួប​ការ​លំបាក​ខ្លួន​ក្នុង​ការ​ទំនាក់ទំនង​ទៅ​ស្ថានទូត​។ លោក​បន្ត​ថា ពេលខ្លះ​ទោះ​ពលករ​ទាក់ទង​ស្ថានទូត​បាន​រួច​ហើយ​ក្ដី ប៉ុន្តែ​ស្ថានទូត​មិន​បាន​ឆ្លើយតប​ឱ្យ​ប្រសិទ្ធភាព​ដល់​ពលករ​នោះ​ទេ។ «»

លោក ហូយ៉ា យល់​ថា ដើម្បី​ឱ្យ​ពលករ​ស្ដាប់​ការណែនាំ​មិន​វិល​ចូល​ប្រទេស​ក្នុង​រយៈពេល​ហាមឃាត់ រដ្ឋាភិបាល​ត្រូវ​ជួយ​បង់​ផ្គត់ផ្គង់​ថវិកា​ថ្លៃ​កន្លែង​ស្នាក់​នៅ ថ្លៃ​ហូបចុក និង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​អាច​ឱ្យ​ពលករ​ខ្មែរ​ទាំងអស់ ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ជាដើម​។ ក្រសួង​សុខាភិបាល​ថៃ​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​១ មករា ដល់​ថ្ងៃទី​២២ កក្កដា មាន​ពលករ​ខ្មែរ​ជាង​១ ម៉ឺន​នាក់​ហើយ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បិទ​ខ្ទប់​ខេត្ត​ចំនួន ៨ ជាប់​ព្រំដែន​ថៃ រយៈពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់​ពាក់​កណ្តាល​អាធ្រាត្រ ថ្ងៃទី​២៩ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី១២ ខែ​សីហា ក្រោម​ហេតុផល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ​១៩ បំប្លែង​ថ្មី ប្រភេទ​ដែលតា (Delta)​។ ពលករ និង​អ្នកការពារ​សិទ្ធិ​ពលករ​លើកឡើង​ថា ប្រសិន​បើ រដ្ឋាភិបាល ឬ​ស្ថានទូត​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ពលករ និង​ការ​ជួយ​ព្យាបាល​ពលករ​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ ប្រហែល​គ្មាន​ពលករ​រូប​ណា​ប្រថុយ​ជីវិត​លួច​ទៅ​ខ្មែរ​វិញ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។