អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលទើបត្រូវដកចេញពីមុខតំណែងថ្មីៗនេះ បានសារភាពថា លោកពិតជាមានទំនាក់ទំនងស្នេហានឹងស្ត្រីរងគ្រោះស្លាប់ កាលពីដើមឆ្នាំនេះមែន។ ជនរងគ្រោះ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ ៣៦ឆ្នាំ មានកូន៣នាក់ ត្រូវបានរកឃើញស្លាប់ដោយចងក ដែលសមត្ថកិច្ចខេត្តតាកែវ អះអាងកាលពីពេលនោះថា ជនរងគ្រោះធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែក្រោយការស៊ើបអង្កេតរបស់សមត្ថកិច្ចបង្ហាញថា ស្ត្រីជនរងគ្រោះត្រូវជនល្មើសធ្វើឃាត។ ការបែកធ្លាយព័ត៌មាននេះ ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញបានសាកសួរ អតីតស្នងការរងខេត្តតាកែវ លោក ឡាយ ណារិទ្ធ ជាបងប្រុសលោក គឺលោក ឡាយ វណ្ណៈ និងជនសង្ស័យជាប៉ូលិស ៤នាក់ផ្សេងទៀតកាលពីថ្ងៃ៣១ មីនា។
ក្រោយសាកសួរ ជនសង្ស័យបានសារភាពជាប់ពាក់ព័ន្ធនឹងឃាតកម្ម ប៉ុន្តែមិនទាន់បញ្ជាក់ពីអ្នកបញ្ជាឲ្យប្រព្រឹត្តឃាតកម្មនេះនៅឡើយទេ។ តុលាការបានបញ្ជូនជនសង្ស័យទាំង ៥នាក់ទៅឃុំនៅក្រសួងមហាផ្ទៃវិញដើម្បីបន្តនីតិវិធីនៅថ្ងៃក្រោយ។ លោក ឡាយ វណ្ណៈ បានសរសេរក្នុងទំព័រហ្វេសប៊ុក (Facebook) លោកថា លោកមានទំនាក់ទំនងស្នេហានឹងជនរងគ្រោះរយៈពេលមួយឆ្នាំ ប៉ុន្តែក្រោយមកលោកសុំផ្តាច់ទំនាក់ទំនងទើបជនរងគ្រោះ ធ្វើអត្តឃាត។ លោកបដិសេធថា លោកនិងបងប្រុសលោកមិនបានសម្លាប់ ជនរងគ្រោះនោះទេ។ លោកបន្តថា លោកជឿជាក់លើប្រព័ន្ធយុត្តិធម៌ និងតុលាការថា នឹងផ្តល់យុត្តិធម៌ដល់លោក។
មកទល់នឹងល្ងាចថ្ងៃសៅរ៍ទី២៣ មីនា តុលាការមិនទាន់ចោទប្រកាន់ ជនសង្ស័យជាប៉ូលិសខេត្តតាកែវនៅឡើយទេ ហើយសមត្ថកិច្ចក៏មិនទាន់ឃាត់ខ្លួន លោក ឡាយ វណ្ណៈ ដែរ។ រឿងអាស្រូវផ្លូវភេទរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា កើតឡើងជាញឹកញាប់ ប៉ុន្តែជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ានី កូនប្រុស លោកនាយករដ្ឋមន្ត្រី ដែលធ្លាប់ប្រកាសថា លោកចង់ក្លាយជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគតនោះ ក៏រងការចោទប្រកាន់ថា បានធ្វើទុក្ខបុកម្នេញផ្លូវភេទលើស្ត្រីតារាល្បីៗ រហូតដល់ស្រីម្នាក់ហ៊ានអារដៃ និងបានបង្ហាញស្នាមរងទុក្ខដោយអំពើទារុណ។ ចំណែកលោក ស្វាយ ស៊ីថា មន្ត្រីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលភរិយាលោកបានវាយប្រហារទឹកអាស៊ីដលើស្រីកំណាន់វ័យក្មេងរបស់លោកនោះ ក៏នៅតែអាចបន្តការងារក្នុងរបបលោក ហ៊ុន សែន ចំណែកភរិយាលោកក៏មិនទាន់ត្រូវបានផ្តន្ទាទោសតាមច្បាប់នៅឡើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។