ពលរដ្ឋ​ចាម​មួយ​ចំនួន​សម្ដែង​ក្ដី​អាណិត​អាសូរ និង​​រៀបរាប់​​ពី​​គុណ​សម្បត្តិ​​លោក អះម៉ាត់ យ៉ះយ៉ា

ដោយ ស្ងួន អមរា
2019.08.31
អះម៉ាត់ យ៉ះយ៉ា​ ៦២២ អតីត​រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និយាយ​ជាមួយ​អ្នក​កាសែត​ក្រោយ​ពេល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

ក្រោយពី​អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​លោក អះម៉ាត់ យ៉ះយ៉ា ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៥ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​រួមគ្នា​ប្រមាណ ២០០​លាន​រៀល ជាមួយ​ក្មួយប្រុស​របស់​លោក គឺ​លោក អ៊ីស្មាឯល ពិនអូស្មាន កាលពី​ថ្ងៃ​ទី​១៣ សីហា​កន្លងទៅ ពលរដ្ឋ​ចាម​មួយ​ចំនួន​បាន​បង្ហាញ​ការ​អាណិតអាសូរ និង​រៀបរាប់​ពី​គុណសម្បត្តិ​របស់​លោក អះម៉ាត់ យ៉ះយ៉ា ដែល​ធ្លាប់​ជួយ​សហគមន៍​ចាម​នា​ពេល​កន្លងមក ហើយ​ពួកគាត់​យល់​ឃើញ​ថា រូបលោក​ជា​មនុស្ស​ល្អ និង​ជា​ជន​គំរូ​សម្រាប់​អ្នក​មូស្លីម។

ពលរដ្ឋ​ចាម​អ្នក​កាន់សាសនា​ឥស្លាម​មួយ​ចំនួន ដែល​បាន​ស្គាល់​លោក អះម៉ាត់ យ៉ះយ៉ា បាន​បង្ហាញ​ក្តី​អាណិតអាសូរ និង​រំលឹក​ពី​អំពើ​ល្អ ដែល​លោក អះម៉ាត់ យ៉ះយ៉ា បាន​សាង​នា​ពេល​កន្លង​មក ហើយ​ពួកគាត់​មិន​ជឿ​ថា លោក អះម៉ាត់ យ៉ះយ៉ា បាន​ប្រព្រឹត្ត​ដូច​ត្រូវ​បាន​ចោទប្រកាន់​នោះ​ទេ។

ពលរដ្ឋ​ចាម​មួយ​រូប​រស់នៅ​ខេត្ត​កំពង់ចាម លោក សេន សុកក្រី មាន​ប្រសាសន៍​ថា លោក អះម៉ាត់ យ៉ះយ៉ា បាន​ជួយ​និស្សិត​មូស្លីម​ជាច្រើន​ឱ្យ​បាន​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា និង​ជួយ​សហគមន៍​មូស្លីម​នានា នៅ​ទូទាំង​ប្រទេស ហើយ​រូបលោក​មិនដែល​បាន​លឺ លោក អះម៉ាត់ យ៉ះយ៉ា ប្រព្រឹត្ត​ទង្វើ​អសីលធម៌​ណាមួយ​ឡើយ​។ បុរស​វ័យ ៤០​ឆ្នាំ​រូប​នេះ​ជឿ​ថា ការដែល​លោក អះម៉ាត់ យ៉ះយ៉ា ត្រូវ​បាន​ចោទប្រកាន់ និង​ផ្ដន្ទាទោស​ពី​បទ​ជួញដូរ​មនុស្ស គឺ​រឿង​មួយ​មិន​សមស្រប និង​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​លោក អះម៉ាត់ យ៉ះយ៉ា៖ «ខ្ញុំ​យល់ថា​រឿង​ហ្នឹង គឺជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​គាត់ (​លោក ម៉ាត់ យ៉ះយ៉ា​) ផ្ទាល់ ហើយ​កន្លង​មក ដែល​ខ្ញុំ​គិត​ថា អយុត្តិធម៌​ដោយសារ​គាត់​ជា​មនុស្ស ដែល​ជួយ​ប្រជាជន​មូស្លីម ហើយ​ជាពិសេស​ពួក​អ្នក​និស្សិត​មូស្លីម​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​មុន​មក​ហ្នឹង​ឱ្យ​រៀន​បាន​ខ្ពង់ខ្ពស់ បាន​ធ្វើជា​ឯកឧត្ដម បាន​ធ្វើជា​លោកជំទាវ​ច្រើន​កន្លង​មក​ហើយ ហើយ​រឿង​មួយទៀត រឿង​ប្រជាជន​ក្រីក្រ​ហ្នឹង​ក៏​គាត់​បាន​ជួយ​ច្រើន​ដែរ»

គណនេយ្យ​ហ្វេសប៊ុក (Facebook) អតីត​មូស្លីម​នៃ​កម្ពុជា ឬ​ជា​ភាសា​អង់គ្លេស Muslim Alumni of Cambodia បាន សរសេរថា «​យើងខ្ញុំ​ជឿជាក់​ថា គាត់ (​លោក អះម៉ាត់ យ៉ះយ៉ា) មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ តើ​អាច​ទេ ដែល​គាត់ (​លោក អះម៉ាត់ យ៉ះយ៉ា) ជា​អ្នក​ជួញដូរ​មនុស្ស​រាប់​រយ​នាក់? បើ​បុរស​ម្នាក់​នេះ កាល​នោះ​បាន​ចិញ្ចឹម​និស្សិត​រាប់​សិប​នាក់​ឱ្យ​ស្នាក់នៅ និង​ហូបចុក​ជាមួយ​ក្នុង​ផ្ទះ​របស់​ខ្លួន​ក្នុង​រយៈពេល ៣-៤​ឆ្នាំ និង​ដែល​ជា​បុរស​ម្នាក់ ដែល​លោភលន់​ក្នុង​ការ​ជួយ​និស្សិត​ឱ្យ​បាន​ចូលរៀន​មហាវិទ្យាល័យ​ច្រើនជាង​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ឱ្យ​បងប្អូន​យើង​បាន​ចូលរៀន​ច្រើន (​ឧទាហរណ៍ មាន​លុយ អាច​ជួយ ១០០​នាក់ តែ​មាន​មហិច្ឆតា​ចង់​ជួយ ១៥០​នាក់។

ហ្វេសប៊ុក​ដដែល​បាន​សរសេរ​បន្ត​ថា លោក អះម៉ាត់ យ៉ះយ៉ា បាន​តស៊ូ​មតិ​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​រួម​របស់​សហគមន៍ និង​បាន​កសាង​នូវ​ស្នាដៃ​ជាច្រើន​រាប់មិនអស់ ហើយ​អ្នក​មូស្លីម​ភាគ ច្រើន​សុទ្ធតែ​បាន​ដឹង​អំពី​រឿង ដែល​លោក អះម៉ាត់ យ៉ះយ៉ា បាន​ជួយ​ដល់​អ្នកដទៃ។

ពលរដ្ឋ​ចាម​ម្នាក់ទៀត​នៅ​ខេត្ត​កំពង់ចាម គឺ​លោក ហ៊ីម ឯល មាន​ប្រសាសន៍ថា លោក អះម៉ាត់ យ៉ះយ៉ា ជា​មនុស្ស​ល្អ និង​ជា​ជន​គំរូ​មួយ ដែល​ជា​និច្ចកាល​តែងតែ​ជួយ​ដល់​សិស្ស​និស្សិត និង​សហគមន៍​ចាម ហើយ​លោក​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍ និង​ផ្ដល់​សេរីភាព​ឱ្យ​លោក អះម៉ាត់ យ៉ះយ៉ា ឡើង​វិញ៖ «តាម​ដែល​ខ្ញុំ​ដឹងឮ​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​គាត់ (អះម៉ាត់ យ៉ះយ៉ា) កន្លងមក​គាត់​ធ្លាប់​ជួយ​និស្សិត​ឱ្យ​បាន​រៀន​ចេះដឹង​ខ្ពង់ខ្ពស់ ជួយ​ជន​ក្រីក្រ​មូស្លីម​កម្ពុជា​ហ្នឹង​ណា ហើយ​និង​ជួយ​កុមារ​កំព្រា សាងសង់​ជា​ម៉ាស្ជិត បាន​ច្រើន សមិទ្ធផល​ហើយ​សាលា បង្រៀន ដូចជា​អ្វី​ផ្សេងៗ ហើយ​បើសិនជា​ចោទប្រកាន់​គាត់​របៀប​នេះ ប្រហែលជា​រឿង​មិន​ត្រឹមត្រូវ ព្រោះ​តាម​ការ​ស្មាន និង​ដឹង​របស់ខ្ញុំ​គាត់​ជា​មនុស្ស​ល្អ​ម្នាក់»

លោក​បន្ត​ទៀត​ថា ការដែល​លោក អះម៉ាត់ យ៉ះយ៉ា ត្រូវ​បាន​កាត់​ឱ្យ​ជាប់ទោស​ពី​បទ​ជួញដូរ​មនុស្ស​នោះ ជា​រឿង​ដែល​យល់​ច្រឡំ និង​មិន​អាច​ទទួល​យក​បាន ដ្បិត​លោក អះម៉ាត់ យ៉ះយ៉ា ជា​មនុស្ស​ល្អ តែង​ជួយ​ទំនុកបម្រុង​អ្នកដទៃ ហើយ​លោក​ជឿ​ថា លោក អះម៉ាត់ យ៉ះយ៉ា មិន​ប្រព្រឹត្រ​ដូច​ការ​ចោទប្រកាន់​នោះ​ដែរ៖ «ខ្ញុំ​យល់​ថា ប្រហែល​ជា​យល់​ច្រឡំ​។ រឿង​ហ្នឹង​ប្រហែលជា​រឿង​ផ្សេង​ច្រើន​ជាង ដោយសារតែ​ការពិត​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​គាត់ៗ ប្រហែលជា​មិន​ធ្វើ​ទៅដល់​ថ្នាក់​អា​ដែង​គេ​ចោទប្រកាន់​នោះ​ទេ ព្រោះ​គាត់​ជា​មនុស្ស​ល្អ​មួយ​រូប ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ក្នុង​ចំណោម​មូស្លីម​កម្ពុជា ដែល​ទទួល​ដឹងឮ​ទាំងអស់​ក្នុង​កម្ពុជា​ហ្នឹង»

ហ្វេសប៊ុក​ឈ្មោះ ម៉ូស្កាន បាន​សរសេរ​ថា លោក អះម៉ាត់ យ៉ះយ៉ា ជា​មនុស្ស​ដំបូង​គេ និង​តែ​ម្នាក់​គត់ ដែល​បាន​ផ្ដួចផ្ដើម​គំនិត​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ឥស្លាម​កម្ពុជា ហើយ​គោលបំណង​តែមួយ គឺ​គាត់​ចង់​ឃើញ​អ្នក​មូស្លីម​ជំនាន់​ក្រោយ​រួច​ផុត​ពី​ភាព​ក្រីក្រ អវិជ្ជា ហើយ​វា​ជា​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល៖ «(លោក អះ​ម៉ាត់ យ៉ះយ៉ា) ជា​មនុស្ស​ដែល​ខំប្រឹង​លះបង់​កម្លាំងកាយ កម្លាំងចិត្ត គំនិត ថវិកា​ផ្ទាល់ខ្លួន​ស្ទើរ​ពេញ​មួយ​ជីវិត ដើម្បី​ឥស្លាម​ទូទាំង​ប្រទេស និង​សង្គមជាតិ​ទាំងមូល​។ ក្នុងនាម​ខ្ញុំ​ជា​កូន​ឥស្លាម​មួយ​រូប ខ្ញុំ​ពិតជា​សោកស្ដាយ​ខ្លាំង​បំផុត ដែល​វីរបុរស​ឥស្លាម​មួយ​រូប​នេះ ត្រូវ​ជួប​នូវ​រឿង​អយុត្តិធម៌​បែបនេះ»

ជនជាតិ​ចាម​ម្នាក់ទៀត​នៅ​ខេត្ត​កំពង់ចាម គឺ​លោក ឯល សា មានប្រសាសន៍ លោក​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​មនុស្ស​ល្អ​ដូច​លោក អះម៉ាត់ យ៉ះយ៉ា ត្រូវ​បាន​គេ​ចោទ និង​ចាប់ខ្លួន​ពី​បទ​ជួញដូរ​មនុស្ស ហើយ​លោក​យល់ថា មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​លោក អះម៉ាត់ យ៉ះយ៉ា៖ «វា​អយុត្តិធម៌​ពេក​។ ការ​ពិត​កន្លង​មក​គាត់ (លោក អះម៉ាត់ យ៉ះយ៉ា) ដូច​ថា មនុស្ស​គាត់​ជា​មនុស្ស​ម្នាក់​ល្អ​ប្រពៃ​ណាស់​។ គាត់​បាន​ជួយ​គាំទ្រ​សិស្ស​និស្សិត​។ កន្លងមក​ល្អ​គ្រប់​ដប់​ទៅ​ហើយ​។ ហេតុ​អី​បាន​គេ​ចាប់​គាត់ ហើយ​គេ​ចោទ​គាត់​ថា ពី​បទ​ជួញដូរ​មនុស្ស​? វា​មិន​ត្រឹមត្រូវ»

លោក អះម៉ាត់ យ៉ះយ៉ា ធ្លាប់​មាន​ប្រសាសន៍ប្រាប់​អាស៊ីសេរី​នា​ពេល​កន្លង​ទៅ​ថា កាល​ពី​ឆ្នាំ​២០០៥ លោក​បាន​បង្កើត​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​ក្រុមហ៊ុន​នេះ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ការងារ​ត្រឹមត្រូវ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ដំណើរ​ការ​បាន​ប្រមាណ តែ ៣​ខែ​ប៉ុណ្ណោះ ក្រសួង​បាន​បញ្ចប់​អាជ្ញាប័ណ្ណ​ទៅវិញ។

លោក គ្រី អាមីន តំណាង​ជនជាតិ​ចាម​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​នាំ​គ្នា​ផ្ដិត​មេដៃ​លើ​ញត្តិ​ស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ និង​លើកលែងទោស​ដល់​លោក អះម៉ាត់ យ៉ះយ៉ា ឱ្យ​មាន​សេរីភាព​ឡើងវិញ មានប្រសាសន៍ថា ពលរដ្ឋ​ចាម​ក្នុង​ខេត្ត​របស់​លោក​ប្រមាណ ៦០០​នាក់ បាន​ស្ម័គ្រចិត្ត​ផ្ដិត​មេដៃ​លើ​ញត្តិ​នោះ ដោយ​ពួកគាត់​យល់ថា ករណី​ចាប់ខ្លួន​លោក អះម៉ាត់ យ៉ះយ៉ា ជា​រឿង​អយុត្តិធម៌៖ «និយាយ​ទៅ​មេដៃ​ហ្នឹង​គ្មាន​អ្នក​បង្ខំ​អ្នកណា​ទេ​។ ប្រជាជន​ស្ម័គ្រចិត្ត​ខ្លួនឯង​។ ខ្ញុំ​ឃើញ​ទង្វើ​ល្អ​គាត់​ធ្វើ​ចំពោះ​កូនសិស្ស​និស្សិត​អី​ហ្នឹង​ណា៎​។ ខ្ញុំ​ស្រឡាញ់​គាត់​ដូចជា​ឪ​ខ្ញុំ​បង្កើត​អ៊ីចឹង​។ បាទ​ខ្ញុំ​ស្រក់​ទឹកភ្នែក ដោយសារ​ទង្វើ​គេ​ធ្វើបាប​គាត់​។ និយាយ​ទៅ​អ្នក​ចាស់ទុំ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​អី​ហ្នឹង អាណិត​ស្រឡាញ់​គាត់ (អះម៉ាត់ យ៉ះយ៉ា) មែនទែន​។ សំខាន់​​បើ​គេ​ឱ្យ (​ផ្ដិត​) មេដៃ​មួយ ពីរ គាត់​ផ្ដិត​ថែមទៀត​។ គាត់ (​ពលរដ្ឋ​ចាម​) អាណិត​ស្រឡាញ់​គាត់ (អះម៉ាត់ យ៉ះយ៉ា) ដែល​គាត់​ធ្វើ​ទង្វើ​ល្អ​ចំពោះ​គាត់ យាយៗ តាៗ​។ ខ្ញុំ​មើល​ឃើញ​ថា ទង្វើ​គាត់​ល្អ​ណាស់ អះម៉ាត់ យ៉ះយ៉ា ហ្នឹង​។ ខ្ញុំ​មើល​ទៅ​អយុត្តិធម៌​ណាស់​ចំពោះ​គាត់​បាទ»

ជនជាតិ​ចាម ដែល​ស្រលាញ់ និង​និយម​លោក អះម៉ាត់ យ៉ះយ៉ា បាន​ចាប់ផ្តើម​នាំគ្នា​ផ្តិត​មេដៃ​លើ​ញត្តិ​ទាមទារ​រក​យុត្តិធម៌​ជូន​លោក​តាំងពី​ថ្ងៃ​ទី​១៦ សីហា ដែល​ញត្តិ​នោះ​គ្រោង​ដាក់​ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​ខាងមុខ។ ក្នុង​ញត្តិ​នោះ​បាន​សរសេរ​រៀបរាប់​ថា លោក អះម៉ាត់ យ៉ះយ៉ា បាន​កសាង​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​សម្រាប់​សហគមន៍​អ្នក​មូស្លីម ដូចជា​ការ​ផ្ដួចផ្ដើម​មុនគេ និង​ស្វែងរក​អាហារូបករណ៍​ដល់​និស្សិត​មូស្លីម​ឱ្យ​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​ផ្នែក​ចំណេះដឹង​ទូទៅ ជិត​មួយ​ពាន់​នាក់ និង​ផ្ដល់​ទីកន្លែង​ស្នាក់នៅ​ឱ្យ​និស្សិត​មួយ​ចំនួន​មកពី​តាម​បណ្ដា​ខេត្ត ដែល​គ្មាន​លទ្ធភាព​ជួល​ផ្ទះ​។ ជួយ​កសាង​វិហារ​ឥស្លាម ជួយ​ជន​ក្រីក្រ ចាស់ជរា​ក្មេង​កំព្រា នៅ​តាម​សហគមន៍​មួយ​ចំនួន​ស្របតាម គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​សហគមន៍ ហើយ​ការដែល​លោក​បាន​រៀបចំ​ជា​ក្រុមហ៊ុន​បញ្ជូន​ពលករ ដែល​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​នាំ​ពលករ​ទៅ​ធ្វើ​ការ​ប្រទេស​អារ៉ាប៊ីសាអូឌីត ពេលនោះ ក៏​ស្ថិត​ក្នុង​គោលបំណង​ចង់​ចូលរួម​ស្វែងរក​ការងារ​ធ្វើ​ជូន​បងប្អូន​អ្នក​កាន់​សាសនា​ឥស្លាម​ផង​ដែរ។

លោក អះម៉ាត់ យ៉ះយ៉ា បាន​ប្រាប់​អាស៊ីសេរី​នៅមុន​ពេល​គេ​ចាប់ខ្លួន​លោក​ថា សំណុំរឿង​ចាប់ខ្លួន​ក្មួយប្រុស​លោក និង​ការចោទប្រកាន់​លោក ពី​បទ​ជួញដូរ​មនុស្ស​នេះ គឺជា​ការ​ប្រឌិត​ឡើង ដោយ​ក្មួយជីដូនមួយ​របស់​លោក គឺ​លោក អូស្មាន់ ហាសាន់ ដែល​បច្ចុប្បន្ន​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។ លោក​បញ្ជាក់​ថា លោក អូស្មាន់ ហាសាន់ ជា​អ្នក​នៅ​ពី​ក្រោយ​​​ខ្នង​ការ​ចង់​ចាប់ខ្លួន​លោក ដោយសារតែ​លោក និង​ពលរដ្ឋ​ជាច្រើន​ទៀត ធ្លាប់​មាន​ទំនាស់​ជាមួយ​លោក អូស្មាន ហាស្សាន់ រឿង​មិន​គាំទ្រ​ការ​ពុះ​ដី​វិហារ​បឹងកក់ ដើម្បី​ធ្វើ​ផ្លូវ​។ ទោះជា​យ៉ាង​ណា លោក អូស្មាន់ ហាសាន់ បាន​បដិសេធ​ការចោទប្រកាន់​នេះ និង​អះអាង​ថា លោក​មិន​ជាប់​ទាក់ទង​នឹង​សំណុំ​រឿង​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។