អគ្គស្នងការនគរបាលជាតិប្រកាសពន្យារពេលផាកពិន័យឡាននិងម៉ូតូដែលគ្មានប័ណ្ណបើកបរ
2015.12.31
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ប្រកាសពន្យារពេលផាកពិន័យអ្នកបើកបររថយន្ត និងម៉ូតូដែលគ្មានប័ណ្ណបើកបរ ទោះបីជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវអនុវត្តនៅដើមឆ្នាំ២០១៦ក្ដី។ ការប្រកាសពន្យារពេលនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលបញ្ជាដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ផ្អាកធ្វើប័ណ្ណបើកបរជាបណ្ដោះអាសន្ន។
លោក នេត សាវឿន ប្រកាសពន្យារពេលផាកពិន័យមួយរយៈពេលនៅមុខទៀតនេះ ក្នុងប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ធ្នូ ។ លោក នេត សាវឿន បន្តថា ត្រូវរង់ចាំការសម្រេចពីរដ្ឋាភិបាលទៅថ្ងៃមុខ មុននឹងចាប់ផ្ដើមផាកពិន័យតាមច្បាប់ជាធរមាន៖ «ពាក់ព័ន្ធនឹងប័ណ្ណបើកបរ យើងត្រូវពន្យារពេលសិន បានន័យថា យើងអត់ទាន់ផាកពិន័យ និងចាត់ការតាមច្បាប់ទេ ទាំងម៉ូតូ ទាំងរថយន្ត។ ច្បាប់អត់ប័ណ្ណបើកបរ បើរថយន្តធ្ងន់ណាស់ ច្បាប់រហូតដល់ពន្ធនាគារ ពី៦ថ្ងៃ ដល់១ខែ ឬពិន័យជាប្រាក់ពី១០ម៉ឺន ដល់៨០ម៉ឺនរៀល គឺពិន័យធ្ងន់ណាស់ អ៊ីចឹងយើងមិនអនុគ្រោះទេនៅថ្ងៃក្រោយ»។
ចំណែកការផាកពិន័យ នៃអំពើល្មើសចរាចរណ៍ផ្លូវគោកថ្មីនេះ លោក នេត សាវឿន បញ្ជាក់ថា នគរបាលមិនយកប្រាក់ពីពលរដ្ឋនៅនឹងកន្លែងទេ ដោយតម្រូវដល់ពលរដ្ឋដែលប្រព្រឹត្តិល្មើស ត្រូវយកបង្កាន់ដៃដែលប៉ូលិសចរាចរណ៍ផាកពិន័យនៅតាមដងផ្លូវនោះ ទៅបង់ប្រាក់នៅតាមការិយាល័យចរាចរណ៍ផ្លូវគោក របស់ស្នងការនគរបាល អធិការដ្ឋាននគរបាលគ្រប់រាជធានីខេត្ត និងនៅរាជធានីភ្នំពេញមានប៉ុស្តិ៍នគរបាលផង។
ប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ស្ដីពីទម្រង់បែបបទ នៃបង្កាន់ដៃ ពិន័យអន្តរកាលចំពោះអំពើល្មើស និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចុះថ្ងៃទី២៩ ធ្នូ បញ្ជាក់ថា ពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍ ត្រូវយកបង្កាន់ដៃពិន័យនោះ ទៅបង់នៅតាមការិយាល័យចរាចរណ៍ផ្លូវគោកដែលបានកំណត់ ក្នុងរយៈពេល៣០ថ្ងៃ។ ប្រសិនបើអ្នកប្រព្រឹត្តល្មើសមិនទៅបង់ប្រាក់តាមការកំណត់ ដោយពុំប្ដឹងតវ៉ាទេ នោះទឹកប្រាក់នឹងគុណជាពីរបើលើសពី៣០ថ្ងៃ ហើយនឹងគុណជាបី បើលើពី៦០ថ្ងៃ តែបើផុតរយៈពេល៩០ថ្ងៃ មន្ត្រីមានសមត្ថកិច្ចនឹងរៀបចំសំណុំរឿងទៅតុលាការ៕