មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​ឱ្យ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ទប់​ស្កាត់​ការ​បង្ក្រាប​គ្រឿង​ញៀន

ហេង រស្មី
2021-02-24
Share
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​ឱ្យ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ទប់​ស្កាត់​ការ​បង្ក្រាប​គ្រឿង​ញៀន សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ដែល​សមត្ថកិច្ច​កម្ពុជា​រឹបអូស​កន្លង​មក។
រូបថត៖​ គេហទំព័រ​អគ្គស្នងការ​នគរ​បាល​ជាតិ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ជំរុញ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យ​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​បន្ថែម​ទៀត​ ដើម្បី​ទប់​ស្កាត់​ចរាចរណ៍​ឆ្លងកាត់​ និង​ការ​ជួញដូរ​ថ្នាំ​ញៀន​ប្រយោជន៍ ​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​សង្គម​។​

អនុប្រធាន​អង្គការ​លីកាដូ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​លោក​ អំ​ សំអាត ទទួល​ស្គាល់​ថា កន្លង​មក​រដ្ឋាភិបាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​បញ្ហា​នេះ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ថា កម្ពុជា​កំពុង​ក្លាយ​ជា​កន្លែង​ហូរ​ចូល​នៃ​ការ​ជួញ​ដូរ​គ្រឿង​ញៀន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ច្រើន​ដល់​ធនធាន​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​ ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​ក្រោយ។​

លោក​ជំរុញ​អាជ្ញាធរ​ថា ត្រូវ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​នៅ​កម្ពុជា៖ «យុទ្ធសាស្ត្រ​នៃ​ការ​ចាប់​ នឹង​ការ​បង្ក្រាប​ហ្នឹង​មាន​ការ​កើន​ឡើង​ដែល​ធ្វើ​ឱ្យ ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ គឺ​បណ្ដាល​មក​ពី​បទ​ល្មើស​គ្រឿងញៀន​នេះ​វា​ច្រើន​ដែរ។ អ៊ីចឹង​អ្វី​ដែល​សំខាន់​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​គ្រឿង​ញៀន ​គឺ​ការ​អប់រំ ការ​ផ្សព្វផ្សាយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ច្បាប់ នឹង​ផល​វិបាក​ដែល​កើត​ចេញ​ពី​គ្រឿងញៀន​ ហើយ​ធ្វើ​យ៉ាង​ម៉េច​នាំ​គ្នា​ បង្ការ​ និង​ទប់​ស្កាត់​ហើយ​ចៀស​ផុត​ពី​គ្រឿងញៀន»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៤ កុម្ភៈ បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី៦ រយៈ​ពេល ១ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ទី១ មករា ដល់​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២១។

 លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​ពិភព​លោក​ទាំង​មូល​កំពុង​វាយ​ប្រហារ​ធ្ងន់ធ្ងរ​នៃ​ជំងឺ កូវីដ១៩ ស្ថានភាព​នៃ​ការ​ជួញ​ដូរ​ថ្នាំ​ញៀន មិន​មាន​សញ្ញា​ថមថយ​ឡើយ។ លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ស្ថានភាព​បែប​នេះ​បាន​ជះឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ឧក្រិដ្ឋជន​បាន​ឆ្លៀត​ឱកាស​លប​ធ្វើ​សកម្មភាព​នាំ​គ្រឿង​ញៀន ដឹក​ជញ្ជូន​ឆ្លង​កាត់​ប្រទេស​កម្ពុជា​ ទៅ​កាន់​ប្រទេស​ដទៃ។

សមត្ថកិច្ច​កម្ពុជា​កាល​ពី​ឆ្នាំ២០២០ កន្លង​ទៅ​នេះ បាន​បង្ក្រាប​គ្រឿងញៀន​ជាង ១ម៉ឺន​ករណី (១០.៤៦១ករណី) និង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ជាង ២ម៉ឺន​នាក់ (២១.៥៦៦នាក់) ចាប់​បាន​សារធាតុ​គ្រឿងញៀន​គ្រប់​ប្រភេទ សរុប​ជិត ៤តោន (៣៨៧៥,៩គីឡូក្រាម)​ និង​សារធាតុគីមី​ផ្សំ​គ្រឿងញៀន​ទម្ងន់​ជាង ៤តោន (៤.៤២៥គីឡូ​ក្រាម) រួម​ទាំង​មធ្យោបាយ​សម្ភារៈ និង​ភស្តុតាង​មួយ​ចំនួន ដែល​នៅ​ក្នុង​នោះ​មាន​ករណី​ជួញដូរ​គ្រឿងញៀន​ធំៗ មាន​ចំនួន ៧៧ករណី៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល