កម្មកររោងចក្រកាត់ដេរ ឡាក់ឃី លី ស៊ុន ឡុង (Lucky Ly Sunn Long Garment Co., Ltd.) ប្រមាណ១០០នាក់ បន្តធ្វើកូដកម្មមុខរោងចក្រ នៅថ្ងៃទី១៣ ឧសភា ដោយសម្រេចរួមគ្នាថា ទុកឲ្យខាងតុលាការប្រើនីតិវិធីចុះពិនិត្យវាយតម្លៃ និងបិទដីការក្សាការពារឥវ៉ាន់ក្រុមហ៊ុន ដើម្បីទុកលក់ប្ដូរយកប្រាក់បើកឲ្យកម្មករ។
តំណាងកម្មករ លោកស្រី មិត្ត វណ្ណនៀន ប្រាប់ថា ការដោះស្រាយវិវាទការងារតាមផ្លូវតុលាការនេះ មិនដឹងត្រូវប្រើពេលប៉ុន្មានថ្ងៃ ទើបអាចលក់ឥវ៉ាន់ទាំងអស់ក្នុងរោងចក្របាននោះទេ។ លោកស្រីឲ្យដឹងថា បើតាមការគណនាពីខាងរដ្ឋបាល ឥវ៉ាន់នៅក្នុងរោងចក្រអាចលក់បានក្នុងតម្លៃជាង ៤ម៉ឺនដុល្លារ ហើយកម្មករម្នាក់ៗ ទទួលបានចន្លោះពី ៣០ដុល្លារ ទៅ ៤០ដុល្លារ ។ លោកស្រី ស្នើដល់ស្ថាប័នតុលាការ ជួយពន្លឿនរឿងនេះ ដើម្បីឲ្យកម្មករជាង ៤រយនាក់ ទទួលបានប្រាក់ឈ្នួល យកទៅដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយពេលថៅកែចិនរត់ចោល។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ ដោយសារលោកមិនទទួលទូរស័ព្ទ។
រោងចក្រ ឡាក់ឃី លីស៊ុនឡុង (Lucky Ly Sunn Long Garment Co., Ltd.) គឺជារោងចក្រកាត់ដេរសំលៀកបំពាក់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនយីហោ ញូវ លុក (NEW LOOK)។ រោងចក្រនេះ មានទីតាំងនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្មកររោងចក្រនេះនាំគ្នាធ្វើកូដកម្មអស់រយៈពេល ២ថ្ងៃមកហើយ ក្រោយពីដឹងថា ថៅកែចិនរត់គេចខ្លួនមិនព្រមបើកប្រាក់ឈ្នួល និងប្រាក់អតីតភាពការងារឲ្យពួកគេ ដោយបន្សល់ទុកសម្ភារៈកាត់ដេរក្នុងរោងចក្រ ជាថ្នូរឲ្យកម្មករលក់យកប្រាក់ចែកគ្នាទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
