ពលករ​ខ្មែរ​រៃ​អង្គាស​ប្រាក់​ជួយ​ពលករ​ដែល​ខ្វះខាត

0:00 / 0:00

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​បណ្ដាញ​ពលករ​នៅ​ប្រទេស​នេះ​បាន​រៃ​អង្គាស​ប្រាក់​តាម​លទ្ធភាព​ដើម្បី​ទិញ​គ្រឿង​បរិភោគ​ផ្ដល់​ឱ្យ​ពលករ​ដែល​បាត់បង់​ការងារ និង​ពលករ​ដែល​កំពុង​ស្ថិត​ក្នុង​តំបន់​ដែល​អាជ្ញាធរ​ថៃ​រាំង​ខ្ទប់​។ ការ​ជួយ​គ្នា​របស់​ពលករ​ខ្មែរ​ពេលនេះ ពួកគេ​រំពឹង​ថា នឹង​អាច​ជួយ​ដោះ​ទាល់​ដល់​ពលករ​ដែល​ជួប​ការ​លំបាក​ក្នុង​គ្រា​នៃ​ការ​រីក​រាលដាល​វិបត្តិ​ជំងឺ​កូវីដ-១៩។

ការ​ជួយ​គ្នា​ក្នុង​គ្រាក្រ ក្រុម​ពលករ​បេះបោច​ប្រាក់កាស​របស់​ពួកគេ ចាប់ពី​២០​បាត ឬ​ជាង​២​ពាន់​រៀល ទៅ​៥០០​បាត ឬ​ជាង​៦​ម៉ឺន​រៀល ឬ​ច្រើនជាង​នេះ ផ្ដល់​ជូន​ពលករ​ជួប​ការ​លំបាក ឬ​ឱ្យទៅ​តំណាង​ពលករ​ដែល​គេ​ជឿទុក​ចិត្ត​ថា ប្រាក់​នោះ​នឹង​បាន​ដល់ដៃ​ពលករ​ដែល​កំពុង​ជួប​ការ​លំបាក និង​ខ្វះ​អាហារ​បរិភោគ​។ ថវិកា​នោះ​អ្នកខ្លះ​ផ្ទេរ​តាម​កម្មវិធី​ធនាគារ​ដែល​មាន​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ អ្នកខ្លះ​យក​លុយ​ផ្ទាល់​ប្រគល់​ទៅ​តំណាង​ពលករ។

មេការ​សំណង់​លោក ម៉ិច សំណាង ដែល​លះបង់​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ពលករ​ដែល​កំពុង​ឆ្លង​ជំងឺ​កូ​វីដ ប្រាប់​ថា លោក​ទិញ​ថ្នាំពេទ្យ គ្រឿង​ហូបចុក និង​ថវិកា​១.០០០​បាត​(​មួយ​ពាន់​) ឬ​ជាង​១​សែន​២​ម៉ឺន​រៀល ផ្តល់​ជូន​ពល​ជាង ១០​គ្រួសារ​។ លោក​យល់​ថា ក្នុង​ស្ថានភាព​លំបាក​បែប​នេះ លោក​ត្រូវតែ​ត្បិតត្បៀត​ការចាយវាយ​ដើម្បី​អាច​ចែករំលែក​ទុក្ខ​លំបាក​ដល់​ពលករ​ដូចគ្នា។ «»

ក្រៅពី​មានការ​ជួយឧបត្ថម្ភ​ដល់​ពលករ​ជា​លក្ខណៈ​បុគ្គល ក៏​មាន​បណ្ដាញ​ពលករ​ខ្លះទៀត​បាន​បង្កើត​ជា​សមាគម​រៃអង្គាស​ប្រាក់​ជួយ​ពលករ​ដែល​ខ្វះខាត​ផង​ដែរ​។ ពួកគេ​លើកឡើង​ស្រដៀង​គ្នា​ថា បើ​នៅ​រង់ចាំ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ចុះ​មក​ជួយ​ពលករ​មិនដឹង​ចាំ​ដល់​ពេលណា​នោះ​ទេ។

ប្រធាន​សមាគម​កម្ពុជា​មនុស្សធម៌ លោក ពៅ ប៊ុនធឿន ឱ្យ​អាស៊ីសេរី​ដឹង​ថា ចាប់​តាំង​ជំងឺ​កូវីដ​១៩​ផ្ទុះ​ខ្លាំង​នៅ​រយៈ​ចុង​ក្រោយ​នេះ សមាគម​លោក​បាន​រៃ​អង្គាស​ប្រាក់​ពី​សមាជិក និង​ពី​សប្បុរសជន​ជួយ​ទិញ បាយ​ម្ហូប ទឹកត្រី អង្ករ និង​មី​ជាដើម ជួយ​ពលករ​ជួប​ការ​បំបាក​បាន​ជាង ២.៥០០​គ្រួសារ។ លោក​យល់​ថា អ្វី​ដែល​សមាគម​លោក​បាន​ជួយ​នេះ​មិន​ច្រើន​ទេ ប៉ុន្តែ​លោក​យល់​ថា នេះ​គឺជា​អ្វី​ដែល​លោក​និង​ក្រុម​ការងារ​លោក​អាច​ជួយ​បាន​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា​។ លោក ពៅ ប៊ុនធឿន ឱ្យ​ដឹង​ទៀត​ថា សមាគម​លោក​មិន​បាន​ជួយ​ពលករ​បាន​ទូលំទូលាយ​ទេ គឺ​បាន​ត្រឹម​ជ្រើសរើស​ជួយ​ពលករ​ដែល​ដែល​លំបាក​ខ្លាំង ដូចជា​ពលករ​បាត់បង់​ការងារ និង​ពលករ​ក្នុង​តំបន់​បិទ​ខ្ទប់​ជាដើម។ «»

ស្រដៀង​គ្នា​នេះ​ដែរ សមាជិក​សហជីព​ដែល​ធ្វើ​ការងារ​ជាមួយ​សហជីព​ការពារ​សិទ្ធិ​ពលករ​ប្រទេស​ថៃ លោក សុន សីហា ប្រាប់​ថា លោក​និង​ក្រុមការងារ​បាន​កៀរគរ​ថវិកា​ពី​ពលករ​នានា អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​ថៃ និង​សប្បុរសជន​នៅ​ក្រៅ​ប្រទេស ដើម្បី​ទិញ​អង្ករ ពង​មាន់ មី ត្រីខ ជាដើម​សម្រាប់​ចែក​ជូន​ពលករ​ដែល​ជួប​ការ​លំបាក​។ សកម្មជន​ការពារ​សិទ្ធិ​ពលករ​រូប​នេះ សង្កេត​ឃើញ​ថា ពេលនេះ​មាន​ពលករ​រាប់​ម៉ឺន​នាក់​គ្មាន​ស្បៀងអាហារ​ហូបចុក​គ្រប់គ្រាន់ ប៉ុន្តែ​លោក​មិន​ទាន់​ឃើញ រដ្ឋាភិបាល​កម្ពុជា ឬ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទេស​ថៃ ជួយ​ពលករ​បាន​ទាន់​ពេល​នៅ​ឡើយ​ទេ។ «»

ពលករ​ខ្មែរ​ជួប​ការ​លំបាក​ខ្លាំង​ចាប់​តាំង​ពី​ថ្ងៃទី​២៨ មិថុនា​រហូត​មក​ពេល​នេះ ខណៈ​អាជ្ញាធរ​ថៃ​បាន​បិទ​ខ្ទប់​ការដ្ឋាន​សំណង់ និង​ពង្រឹង​វិធានការ​តឹងរ៉ឹង​មួយចំនួន​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ចំនួន ៥ នៅ​ជុំវិញ​នោះ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ​១៩។

វីដេអូ​ឃ្លីប​មួយ​បង្ហោះ ក្នុង​ទំព័រ​ហ្វេសប៊ុក មូលនិធិ​ពលករ​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បង្ហាញ​ពី​ក្រុម​ការងារ​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​ក្រុម​ពលករ​នានា​ធ្វើការ​ក្នុង​ប្រទេស​ថៃ និង​សប្បុរសជន​ផ្សេងទៀត ដើម្បី​ជួយ​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង​នេះ។ ក្រុម​ពលករ​ខ្មែរ​ដែល​កំពុង​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​ដែល​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​ការ​បរិច្ចាគ​របស់​ក្រុម​ពលករ​រៀបរាប់​ថា ប្រាក់​នេះ​អាច​ជួយ​ឱ្យ​ពួកគាត់​មានលទ្ធភាព​ទិញ​ថ្នាំលេប។ «»

អាស៊ីសេរី​មិនអាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង នេះ​បាន​ទេ នៅ​ថ្ងៃទី៨ ខែ​កក្កដា។ ទោះ​យ៉ាង​ណា​ស្ថានទូត​ខ្មែរ ប្រចាំ​ទីក្រុង​បាងកក បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន កាល​ពី​ថ្ងៃទី៦ កក្កដា ថា មន្ត្រី​តំណាង​ស្ថានទូត​កម្ពុជា សហការ​ជាមួយ​មូលនិធិ LPN ចុះ​ចែក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​សំភារៈ​ប្រើប្រាស់​រួមមាន អង្ករ មី ត្រីខ ប្រេងឆា ត្រីងៀត អំបិល ប្រហុក និង​ម៉ាស ដល់​ពលករ​ខ្មែរ​ចំនួន ៧០​គ្រួសារ ធ្វើការ​នៅ​ក្រុមហ៊ុន​កែច្នៃ​គ្រឿង​សង្ហារិម​ក្នុង​ខេត្ត​ឆាក់ឈើងសៅ ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ទោះ​បែប​នេះ សកម្មជន​ការពារ​សិទ្ធិ​ពលករ លោក សុន សីហា រិះគន់​ថា ក្រុម​ការងារ​ស្ថានទូត​ចែក​អំណោយ​ខុស​គោល​ដៅ​។ លោក​ថា ពេលនេះ​ពលករ​ដែល​ជួប​ការ​លំបាក​ខ្លាំង​គឺ​ពលករ​ដែល​កំពុង​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​តាម​ការដ្ឋាន​សំណង់ មិនមែន​ជា​ពលករ​ដែល​មាន​ការងារ​ធ្វើ​ទេ។ លោក​បន្ត​ថា ការ​ចែក​អំណោយ​ទៀត​សោត មន្ត្រី​ស្ថានទូត ឬ​រដ្ឋាភិបាល​កម្ពុជា គួរ​បញ្ចេញ​ថវិកា​របស់​រដ្ឋ ឬ​ថវិកា​ក​កា​បាទ​ក្រហម​កម្ពុជា ទើប​អាច​ជួយ​ពលរដ្ឋ​បាន​គ្រប់គ្រាន់។ «»

រីឯ មន្ត្រី​អង្គការ​សង់ត្រាល់​(Central)​ទទួល​បន្ទុក​ផ្នែក​ពលករ លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ដល់​កម្រិត​អាសន្ន​ខ្លាំង​ដែល​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ជួយសង្គ្រោះ​អាយុជីវិត​របស់​ពួកគាត់​ជា​បន្ទាន់។

គិត​ត្រឹម​ថ្ងៃទី៧ ខែ​កក្កដា អាជ្ញាធរ​ថៃ និង​ស្ថានទូត​កម្ពុជា​ប្រទេស​នេះ មិន​ទាន់​បង្ហាញ​តួលេខ​នៃ​ពលករ​ខ្មែរ​ដែល​កំពុង​ជួប​ការ​លំបាក ឬ​ពលករ​ខ្មែរ​ឆ្លង​ជំងឺ​កូវីដ​នៅឡើយ​ទេ ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​ពលករ​ថា មាន​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​កំពុង​ត្រូវការ​ជំនួយ​ជាបន្ទាន់​ក្នុងចំណោម​ពលករ​ធ្វើការ​ងារ​នៅ​ប្រទេស​នេះ​ប្រមាណ ២​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។