ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យអាជ្ញាធរកម្ពុជា-ថៃបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ ដើម្បីឱ្យពួកគាត់នាំទំនិញទៅលក់នៅក្នុងដីថៃរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ។ អាជីវករខ្មែរអះអាងថា ការបិទច្រកនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ការរកប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។
ប្រជាពលរដ្ឋម្នាក់នៅក្រុងប៉ោយប៉ែត លោក ជា ដែត ថ្លែងនៅថ្ងៃទី៥ មេសាថា ចាប់តាំងពីអាជ្ញាធរកម្ពុជាថៃបានបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមក បណ្ដាលឱ្យពលរដ្ឋខ្មែរដែលមានរបរលក់ដូរនៅក្នុងផ្សាររ៉ុងក្លឿ ប្រទេសថៃ រាប់ពាន់គ្រួសារ បាត់បង់ប្រាក់ចំណូលទាំងស្រុង។លោកបញ្ជាក់ទៀតថា ការបិទច្រកនេះមកធ្វើឱ្យកម្ពុជាចាញ់ប្រៀបថៃយ៉ាងច្រើន ពីព្រោះទំនិញរបស់ខ្មែរមិនអាចចូលទៅលក់នៅក្នុងប្រទេសថៃបានឡើយ ស្របពេលដែលទំនិញរបស់ថៃដឹកចូលមកកម្ពុជាតាមច្រកមួយនេះយ៉ាងគគ្រឹកគគ្រេង៖ «មិនមែនគាត់មិនយល់ថា ជំងឺឆ្លងទេគាត់យល់ អីចឹងអាជ្ញាធរត្រូវដាក់ឱ្យគាត់ផ្លាស់ប្ដូរគ្នាយ៉ាងម៉េចមួយអាទិត្យត្រូវបើកច្រកឱ្យគាត់ចូល២ដង ដើម្បីឱ្យគាត់បានចូលទៅសម្អាតទំនិញ និងដើម្បីឱ្យគាត់យកទំនិញដោះដូរគ្នាមួយអាទិត្យម្ដងឬ២ដងក៏បានដែរ។ព្រោះអីទំនិញអាចផ្ញើតាមប្រៃសណីយ៍បានតើ ដូចថាថៃកុម្ម៉ង់ឥវ៉ាន់ខ្ញុំ បើសិនគាត់បើកមួយអាទិត្យម្ដងខ្ញុំអាចណាត់ម៉ូយថាអាទិត្យក្រោយខ្ញុំយកឥវ៉ាន់ទៅផ្ញើហើយខ្ញុំចេញមក ទើបខ្ញុំបានប្រាក់ចំណូលខ្លះ ដល់ពេលបិទជិតឈឹងអីចឹងគ្នាមិនងាប់ » ។
លោកបន្តថា អាជ្ញាធរខ្មែរគួរតែសម្របសម្រួលជាមួយភាគីថៃសុំបើកច្រកទ្វារព្រំដែនឱ្យបានយ៉ាងហោចមួយសប្ដាហ៍ម្ដង ដើម្បីឱ្យពលរដ្ឋខ្មែរអាចចូលទៅក្នុងផ្សាររ៉ុងក្លឿ ដើម្បីលក់ទំនិញដោយផ្ញើតាមប្រៃសណីយ៍ទៅឱ្យម៉ូយនៅក្នុងប្រទេសថៃបាន។
ស្រដៀងគ្នានេះដែរពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់ លោក សន ពិសិដ្ឋ ឱ្យដឹងថា ពលរដ្ឋខ្មែរដែលលក់ដូរក្នុងផ្សាររ៉ុងក្លឿរបស់ថៃប្រឈមនឹងធនាគាររឹបអូសទ្រព្យសម្បត្តិ ដោយសារតែពួកគាត់គ្មានប្រាក់សងធនាគារតាមការកំណត់ ដែលបានខ្ចីប្រាក់គេធ្វើដើមទុនលក់ដូរនៅក្នុងផ្សារថៃនោះ។លោកបន្តថា គ្រួសាររបស់លោកបាត់បង់ប្រាក់ចំណូលទាំងស្រុងជាច្រើនថ្ងៃហើយ ដោយសារតែមិនអាចចូលទៅលក់ដូរនៅក្នុងផ្សាររ៉ុងក្លឿបានដូចពេលមុនៗ៖ «វាប៉ះពាល់ត្រង់ថាដល់ពេលបិទអីចឹងទៅយើងចូលទៅលក់អត់បាន ព្រោះអីមុខរបរយើងវានៅក្នុងផ្សាររបស់គេ ដល់គេបិទអីចឹងយើងចូលទៅលក់អត់កើត ដល់អីចឹងវាអត់មានចំណូលប្រចាំថ្ងៃ។វាចាញ់ប្រៀបខាងថៃគេដឹកទំនិញចេញបានរហូត » ។
នៅព្រឹកថ្ងៃទី៥ មេសា ក្រុមអាជីវករខ្មែរ ប្រមាណ ១០០នាក់ បានប្រមូលផ្ដុំគ្នានៅគល់ស្ពានព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីចូលទៅលក់ដូរនៅក្នុងទឹកដីថៃ ក៏ប៉ុន្តែពួកគេបានរំសាយទៅវិញដោយសារអាជ្ញាធរកម្ពុជា-ថៃបន្តបិទច្រកទ្វាព្រំដែនប្រទេសទាំង២ ទៅមុខទៀត។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលរងខេត្តបន្ទាយមានជ័យលោក ង៉ោ ម៉េងជ្រួន ដើម្បីសុំអត្ថាធិប្បាយជុំវិញការស្នើរបស់ប្រជាពលរដ្ឋនេះបានទេនៅថ្ងៃទី៥ មេសា ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
ប៉ុន្តែគេហទំព័រអគ្គនាយកនគរបាលអន្តោប្រវេសន៍ចុះផ្សារនៅថ្ងៃទី៥មេសាថា អភិបាលរងខេត្តបន្ទាយមានជ័យលោក ង៉ោ ម៉េងជ្រួន និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតបានចុះទៅដល់ព្រំដែននោះ ហើយបានប្រាប់ប្រជាពលរដ្ឋថា ភាគីថៃបានពន្យារពេលបិទច្រកទ្វារព្រំដែននេះបន្តទៅមុខទៀត ដោយសារប្រទេសថៃដាក់ក្នុងភាពអាសន្ន ដើម្បីទប់ទល់កុំឱ្យឆ្លងជំងឺ COVID ១៩។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ការបិទច្រកព្រំដែនកម្ពុជា-ថៃនេះ គឺកម្ពុជាខាតបង់សេដ្ឋកិច្ចច្រើនជាងថៃ ពីព្រោះពលរដ្ឋខ្មែរមិនអាចបាននាំទំនិញចូលទៅលក់ក្នុងដីថៃបានឡើយ ខណៈដែលឡានដឹកទំនិញរបស់ថៃហូរចូលមកកម្ពុជាតាមច្រកប៉ោយប៉ែតដូចធម្មតា។ លោកបន្តថា អំឡុងពេលរាតត្បាតជំងឺកូវិដ១៩នេះ ដើម្បីជួយពលរដ្ឋខ្មែរកុំខាតប្រាក់ច្រើន គឺអាជ្ញាធរខ្មែរគួរតែសម្រួលជាមួយភាគីថៃឱ្យពលរដ្ឋអាចនាំទំនិញចូលទៅលក់នៅផ្សារព្រំដែនក្នុងដីថៃបាន៖ «យើងនិយាយថាមួយអាទិត្យម្ដង ឬក៏មួយថ្ងៃម្ដងក៏បានដែរ ធ្វើម៉េចឱ្យបានពួកគាត់ហ្នឹងអាចចូលធ្វើការដោះដូរទំនិញ ដើម្បីបានចំណូលមកចិញ្ចឹមជីវិត។ បើសិនតែរង់ចាំពេលស្ងប់មេរោគនេះមិនថាពួកគាត់រស់នរបៀបណា ហើយបើសិនជាបិទសូមឱ្យបិទទាំងថៃទាំងខ្មែរ ឱ្យស្មើភាពគ្នា នៅក្នុងទីផ្សារសេរីនៃប្រទេសជិតខាងគ្នា » ។
កាលពីថ្ងៃទី២៣ ខែមីនា អាជ្ញាធរកម្ពុជាថៃបានឯកភាពគ្នាបិទច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតរយៈពេល ១៤ថ្ងៃ ដើម្បីការពារកុំឆ្លងជំងឺកូវិដ១៩។ ក្រៅពីនេះច្រកទ្វារព្រំដែនដទៃទៀតរវាងកម្ពុជាថៃក៏ត្រូវបានបិទជាបន្តបន្ទាប់ដែរ ចាប់តាំងពីថ្ងៃទី២០ មីនាមក ហើយរហូតមកទល់ពេលនេះមិនទាន់បើកឡើងវិញនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។