ប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបង អះអាងថា ពលករខ្មែរធ្វើការនៅប្រទេសថៃជាច្រើននាក់ នាំគ្នាសម្រុកឆ្លងដែនត្រឡប់ទៅស្រុកកំណើតតាមទ្វារព្រំដែនអន្តរជាតិដូងក្នុងស្រុកកំរៀង។ ពួកគាត់បញ្ជាក់ថា ការឆ្លងដែននេះធ្វើឱ្យពលករខ្លះត្រូវឈរចាំនៅព្រំដែនអស់ជាច្រើនម៉ោងទើបឆ្លងដែនទៅដល់ទឹកដីកម្ពុជា។
ប្រជាពលរដ្ឋនៅព្រំដែនស្រុកកំរៀង លើកឡើងថា ស្រដៀងគ្នាថាពលករជាច្រើននាក់ត្រឡប់ទៅស្រុកកំណើតខុសប្រក្រតីនៅក្នុងខែវិច្ឆិកាបែបនេះ ជួនពេល លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិគ្រោងចូលកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា ពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ។
ប្រជាពលរដ្ឋម្នាក់រស់នៅតំបន់ព្រំដែនខេត្តបាត់ដំបង ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះដើម្បីការពារសុវត្ថិភាពនៅថ្ងៃ ទី៣១តុលាថា អ្នកលក់ដូរនៅព្រំដែនកម្ពុជាថៃ ភ្ញាក់ផ្អើលនឹងចំនួនពលកររាប់រងនាក់ឆ្លងដែនពីថៃត្រឡប់ទៅស្រុកកំណើត។ ពលរដ្ឋរូបនេះ អះអាងថា នៅព្រឹកថ្ងៃទី៣១តុលា ពលករបានឈរតម្រង់ជួរនៅច្រកទ្វារព្រំដែនអន្តរជាតិដួង ក្នុងស្រុកកំរៀង នៅខាងទឹកដីថៃ តាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១០ព្រឹកដើម្បីបំពេញបែបបទចូលទៅកម្ពុជា។លោកបញ្ជាក់ថា ពលករឆ្លងដែនច្រើនបែបនេះប្រមាណ៥ថ្ងៃហើយ៖ «អ្នកខ្លះមកតាំងពីយប់ទៅរងចាំដល់ម៉ោង៦ព្រឹកបានគេបើកច្រក ហើយគេមិនអនុញ្ញាតឱ្យដើរក្រៅពីស្ពានទេ អីចឹងហើយបានជាមនុស្សកកស្ទះម្ដុំៗតម្រាំតែចេញផុត ហើយនៅលើស្ពានមនុស្សណែន អ្នកធ្វើដំណើរដើរនៅស្ពាន ខាងក្រោយមានឡានម៉ូតូ ហើយឥឡូវនេះគេរឹត បន្តឹងទាំងអស់ គេមិនឱ្យចេញចូលបានស្រួលដូចមុនទេ » ។
រីឯអ្នកលក់ដូរនៅខាងទឹកដីថៃច្រកទ្វារព្រំដែនអន្តរជាតិដូរ ដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងថា ពលករសម្រុកឆ្លងដែនច្រើនខុសប្រក្រតីចាប់ទីថ្ងៃទី២៦តុលារហូតមក ជាពិសេសចន្លោះពី៧ដល់ម៉ោង១០ព្រឹក ដែលធ្វើឱ្យកកស្ទះជាអស់ជាច្រើនម៉ោងនៅច្រកព្រំដែនខាងទឹកដីថៃបណ្ដាលឲ្យពួកគេព្រួយបារម្ភ៖ «សូម្បីតែប្រពន្ធខ្ញុំលក់ដូរនៅទីនោះគាត់ឃើញពលករចេញទៅកម្ពុជាច្រើនព្រឺសម្បុរ។តាមពិតពលករមានអីចាំបាច់ត្រូវចេញនៅពេលនេះ បើមិនមានរឿងរាលដែលលោក សម រង្ស៊ី ថ្លែងចូលស្រុកកាលពីថ្មីៗនេះ ក៏មានពលករចូលច្រើនរហូត បើកាលពីមុនអត់មានសោះតែម្ដង ប្រជាពលរដ្ឋចេញចូលធម្មតា មានត្រឹមតែពី២០ទៅ៥០នាក់ក្នុងថ្ងៃ គឺអត់ច្រើនទេ » ។
អាស៊ីសេរីមិនទាន់មានប្រភពដើម្បីសាកសួរពលករពីមូលហេតុដែលពួកគេនាំគ្នាទៅកម្ពុជាវិញនៅឡើយទេ។
អាស៊ីសេរីក៏មិនទាន់អាចទាក់ទងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិដូង លោក ផាត សុផាន់ណា ដើម្បីសុំសេចក្ដីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣១តុលា។
ប៉ុន្តែលោក ផាត សុផាន់ណា អះអាងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា មិនមានពលករឆ្លងដែនច្រើនតាមច្រកព្រំដែនដែលលោកគ្រប់គ្រងនោះទេ។
រីឯស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ក៏បានចេញសេចក្ដីប្រកាសអះអាងថា គ្មានពលករខ្មែរត្រឡប់ទៅស្រុកកំណើតច្រើនខុសប្រក្រតីនៅពេលនេះឡើយ។
ប្រជាពលរដ្ឋនៅតំបន់ព្រំដែនខេត្តបាត់ដំបង អះអាងថា ពលរដ្ឋខ្មែរដែលធ្វើការងារនិងអ្នកលក់ដូរនៅខាងដីថៃ ភាគច្រើនអន្ទះសាចង់ឱ្យលោក សម រង្ស៊ី វិលចូលកម្ពុជាតាមការកំណត់ដែលបានសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។