ពលរដ្ឋ​អះអាង​ថា​ ជនជាតិ​ចិន​ជា​ច្រើន​នាក់​បន្ត​ហូរ​ចូល​មក​ក្រុង​ប៉ោយប៉ែត

ប្រជាពលរដ្ឋ​​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​​រិះ​គន់​អាជ្ញាធរ​ខេត្ត​នេះ​ថា​បណ្ដោយ​ឱ្យ​ជនជាតិ​ចិន​​ជា​ច្រើន​នាក់​​​បន្ត​ហូរ​ចូល​មក​ស្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ជា​បន្តបន្ទាប់​។ ​ពួកគេ​​អះអាង​ថា ជន​បរទេស​ទាំង​នោះ​​ចូល​មក​កម្ពុជា​​ប្រកប​របរ​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ លោក ជា​ សុផាន្នី ថ្លែង​នៅ​ថ្ងៃ​ទី​២៣​ មេសា​ថា ​​​ប្រមាណ​ ១ខែ​​ចុង​ក្រោយ​នេះ ​មាន​ជនជាតិ​ចិន​រាប់​រយ​​នាក់​សម្រុក​មក​ស្នាក់​នៅ​តំបន់​ព្រំដែន​​ក្រុង​ប៉ោយប៉ែត។​លោក​ថា ​អ្នក​ភូមិ​នៅ​​តំបន់​ព្រំដែន​ខេត្ត​​មួយ​នេះ​​ ព្រួយបារម្ភ​ខ្លាច​ជនជាតិ​ចិន​ទាំង​នោះ​នាំ​​ជំងឺ​កូវីដ​១៩​ មក​ចម្លង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពីព្រោះ​​បរទេស​ទាំង​នោះ​ ដើរ​តាម​ផ្លូវ​ទាំង​ហ្វូង​ៗ ដោយ​ពុំ​សូវ​មាន​​ពាក់​ម៉ាស់​ការពារ ដូច​ពលរដ្ឋ​ខ្មែរ​ឡើយ៖ «ចាប់​ជាង​គេ​ជនជាតិ​ចិន​បើ​គាត់​ចូល​រហូត​អ៊ីចឹង ហើយ​បើ​គេ​នាំ​ជំងឺ​មក​ចម្លង​ឱ្យ​យើង​ ហើយ​ក្រសួង​សុខាភិបាល​ចេះ​តែ​ផ្សាយ​តួលេខ​អត់​មាន​ឆ្លង​អ៊ីចឹង​ ចេះ​តែ​ផ្សាយ​​យក​ល្អ​អ៊ីចឹង​ ហើយ​ពួក​ចិន​វា​ចេះ​តែ​មក​អីចឹង​ដឹង​ខាង​ណា​ត្រួត​ពិនិត្យ។ បើ​នៅ​តែ​អីចឹង​ងាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង។ វា​មក​ពេល​ល្ងាច​ព្រលប់ៗ វា​មក​តាម​រថយន្ត​ ប្រហែល​គេ​ចុះ​យន្តហោះ​នៅ​ខេត្ត​សៀមរាប​ ពេល​ដល់​ម៉ោង​គេ​ចេញ​វា​ដើរ​ប្រមាណ ១០នាក់​ទាំង​ខ្សែៗ អ៊ីចឹង​ទៅ​ដល់​ពេល​វា​ចេញ​ពី​ធ្វើ​ការ »

ចំណែក​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ទៀត​ ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ថា ​​ជនជាតិ​ចិន​ទាំង​នេះ ​​ទំនង​គេច​មក​ពី​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា និង​ហ៊្វីលីពីន ​មក​​រស់​នៅ​​កម្ពុជា ដោយ​សារ​ប្រទេស​ទាំង​នោះ​មាន​វិធានការ​ទប់​ស្កាត់​ជនបរទេស​តឹងរ៉ឹង​ ដើម្បី​បង្ការ​ជំងឺ​​កូវីដ​១៩​។ ​លោក​បន្ត​ថា ​ជនបរទេស​ទាំង​នោះ​​​​​ភាគ​ច្រើន​ស្នាក់​នៅ​តាម​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​ ហើយ​លួច​បើក​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ក្នុង​កាស៊ីណូ​នោះ​តែ​ម្ដង៖ «ក្នុង​កាស៊ីណូ​ដែល​យើង​មើល​ឃើញ​កាស៊ីណូ​ក្រុមហ៊ុន ក្រោនរីសត (Ground Resort) មាន​ចិន​ប្រហែល ៧០ភាគ​រយ​ ហើយ​កាស៊ីណូ ​ហ្គ្រែនដាយមែន (Grand Daiment) ក៏​មាន ចិន​រហូត​ដល់​ទុក​បុគ្គលិក​ខ្មែរ​ ថៃ និង​ឥណ្ឌូណេស៊ី​អត់​ឱ្យ​ចេញ​ទៅ​ណា ហើយ​ផ្សេងៗ ក៏​មាន​ដែរ​គឺ​គ្រប់​តែ​កាស៊ីណូ​ហ្នឹង​បើក​ល្បែង​អនឡាញ ដោយសារ​តែ​គេ​យល់​ឃើញ​ថា ​ល្បែង​អនឡាញ ​​គេ​លែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឹណែត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ លោក ហេង លីហួរ ប្រាប់​អាស៊ី​សេរី​ថា ក្នុង​ខែ​មេសា​នេះ​ពុំ​មាន​ជន​ជាតិ​ចិន​ចំណូល​ថ្មី​មក​ស្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​ប្រជាពលរដ្ឋ​ឃើញ​ដើរ​​ជា​ក្រុម​នៅ​ក្រុម​ប៉ោយប៉ែត​នោះ​ ពួកគេ​បាន​មក​កម្ពុជា​តាំង​តែ​មុន​រាតត្បាត​ជំងឺ​កូវីដ១៩។ បន្ថែម​ពី​នេះ​​ទៀត​ លោក​​ថា ​ពុំ​មាន​ជនជាតិ​ចិន​ណា​ម្នាក់​បើក​ល្បែង​ភ្នាល់​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​​នៅ​ក្រុង​ប៉ោយប៉ែត​នោះ​ដែរ៖ «គឺ​មិន​មាន​តែ​ម្ដង​ បើ​កាស៊ីណូ​បិទ​១០០​ភាគរយ​ ហើយ​មិន​ទាន់​មាន​ព័ត៌មាន​ដល់​កម្លាំង​សមត្ថកិច្ច​របស់​ខ្ញុំ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​កម្លាំង​យើង​នឹង​ព្យាយាម​អស់​លទ្ធភាព​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​។តែ​រាល់​ថ្ងៃ​នេះ​យើង​ធ្វើ​ការ​រាល់​ថ្ងៃ​ ដោយសារ​យើង​​ព្យាយាម​ធ្វើ​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​ ពាក់ព័ន្ធ​នឹង​ជំងឺ​កូវិដ​ យើង​ព្យាយាម​ប្រយ័ត្នប្រយែង​ការ​ដើរហើរ​ និង​ប្រយ័ត្នប្រយែង​នៅ​លើ​ទីផ្សារ »

ទោះ​ជា​យ៉ាង​ណា​លោក ហេង លីហួរ មិន​​ទាន់​មាន​តួលេខ​ចំនួន​​ជន​ជាតិ​ចិន ដែល​ស្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​ចំនួន​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ ដោយ​លោក​ប្រាប់​ថា អាជ្ញាធរ​គ្រោង​ចុះ​ស្រង់​ស្ថិតិ​ជនបរទេស​នៅ​ចុង​ខែ​មេសា​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​សហព័ន្ធ សហជីព កម្មករ​និយោជិត​ វិស័យ​ទេសចរ​សេវាកម្ម កម្ពុជា លោក​ ម៉ម រិទ្ធី ​យល់​​ថា ជន​ជាតិ​ចិន​ហូរ​ចូល​មក​កម្ពុជា​អំឡុង​ពេល​នេះ​​ប្រឈម​នឹង​ជំងឺ​កូវីដ១៩ មក​ចម្លង​ដល់​ពលរដ្ឋ​​កម្ពុជា ពីព្រោះ​ប្រភព​ដើម​នៃ​ការ​រាតត្បាត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​មក​ពី​ប្រទេស​ចិន។លោក​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​​គួរតែ​ចាត់​វិធានការ​លើ​ជន​ជាតិ​ចិន​ទាំង​នោះ​ជា​បន្ទាន់ ដើម្បី​សេចក្ដី​សុខ​របស់​ពលរដ្ឋ​ក្នុង​ស្រុក។ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​ប្រទេស​​ចំនួន រួម​មាន​ អាមេរិក បារាំង អ៊ីតាលី អេស្ប៉ាញ និង អ៊ីរ៉ង់ ចូល​មក​កម្ពុជា ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩ ក៏ប៉ុន្តែ​រដ្ឋាភិបាល​​បាន​បើក​ទូលាយ​ឱ្យ​ជនជាតិ​ចិន​បន្ត​ចូល​មក​កម្ពុជា​បាន​ដោយសេរី បើ​ទោះ​បី​ជា​ប្រទេស​នេះ​ជា​ប្រភព​​ដើម​ផ្ទុះ​ជំងឺ​កូវីដ-១៩ ក្ដី។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន្ត លោក កែវ វណ្ណថន និង​​លោក អាត់ បូនី ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​បញ្ហា​ជន​ជាតិ​ចិន​បន្ត​ចូល​មក​កម្ពុជា​នៅ​តំបន់​ផ្សេង បាន​ទេ នៅថ្ងៃទី២៣ មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

របាយការណ៍​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ២០១៩​​ មាន​ជនជាតិ​ចិន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយ:​ពេល​​វែង​ចំ​នួន​​ ២៥ម៉ឺន​នាក់​ (២៥០.០០០)​ ក្នុង​នោះ​ប្រមាណ​ ១០ ​ម៉ឺន​នាក់​ (១០០.០០០) ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ និង​ជា​ង ១១ម៉ឺន​នាក់​ (១១០.០០០) នៅ​ខេត្ត​ព្រះសីហនុ។​ ក្រៅ​ពី​នេះ​នៅ​ខេត្ត​ស្វាយ​រៀង​មាន​ជន​ជាតិ​ចិន​ចំនួន​ជាង ២ម៉ឺន​នាក់ (២០.០០០) នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ជិត​២​ម៉ឺន​នាក់ (២០.០០០) និង​នៅ​ខេត្ត​កណ្ដាល​មាន​ជាង ១ម៉ឺន​នាក់ (១០.០០០)៕

ក្រុម​ជន​ជាតិ​ចិនកំពុង​ធ្វើ​ដំណើរ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០២០។
ក្រុម​ជន​ជាតិ​ចិនកំពុង​ធ្វើ​ដំណើរ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០២០។ (រូប៖ ពី​ប្រជាពលរដ្ឋ)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។