ប្រជាពលរដ្ឋខ្មែរនិងថៃដែលជាប្រទេសព្រំដែនជាប់គ្នាកំពុងតែលំបាកដោយអត់ការងារធ្វើ ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវិដ១៩។ រដ្ឋាភិបាលប្រទេសទាំង២ ក៏បានដាក់ចេញវិធានការរៀងៗខ្លួន ដើម្បីទប់ទល់នឹងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ។ តើរដ្ឋាភិបាលកម្ពុជា និងថៃ បានជួយអ្វីខ្លះដល់ប្រជាពលរដ្ឋរបស់ខ្លួន អំឡុងពេលរាតត្បាតជំងឺកូវិដ១៩?
ចាប់តាំងពីការរាតត្បាតជំងឺកូវិដ១៩ មកទល់ថ្ងៃទី២៨ មេសា ក្រសួងសុខាភិបាលកម្ពុជាទើបតែរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ ចំនួន ១២២នាក់ ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញ បានដាក់ចេញវិធានការលេចធ្លោដូចជា ហាមពលរដ្ឋធ្វើដំណើរចេញពីខេត្តមួយទៅខេត្តមួយរយៈពេល ៧ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ មេសា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកាលពីថ្មីៗនេះថា រដ្ឋាភិបាលរបស់លោកបានត្រៀមថវិកាបម្រុង ជិត ៣ពាន់លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងជំងឺកូវិដ១៩។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះរដ្ឋាភិបាលមិនទាន់បញ្ចេញកញ្ចប់ថវិកានេះជួយដល់ប្រជាពលរដ្ឋណាម្នាក់នៅឡើយទេ។
ចំណែកប្រទេសថៃវិញ មានអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ជិត ៣.០០០ពាន់នាក់ ហើយគិតត្រឹមរយៈពេលដូចគ្នានេះ។
រដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយហាមឃាត់ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាចាប់ពី៥នាក់ឡើងទៅ និងហាមចេញពីផ្ទះចាប់ពីម៉ោង ១០យប់ដល់ម៉ោង ៤ទៀបភ្លឺ ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវិដ១៩ ហើយប្រសិនបើជនណាល្មើសបម្រាមនេះ នឹងផ្ដន្ទាទោសដាក់គុកមួយឆ្នាំនិងពិន័យជាប្រាក់ ៤ម៉ឺនបាត ឬប្រមាណ ១ពាន់ ៣០០ដុល្លារអាមេរិក។
រដ្ឋាភិបាលថៃសម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន និងបិទការធ្វើដំណើរផ្លូវទឹកផ្លូវគោក និងផ្លូវអាកាសរហូតដល់ថ្ងៃទី៣១ឧសភាខាងមុខ លើកលែងតែការដឹកទំនិញចេញនិងចូល និងការដឹកជញ្ជូនពលរដ្ឋថៃមកពីក្រៅប្រទេសប៉ុណ្ណោះ ។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចារ (Prayuth Chan-o- Cha) ថ្លែងនៅរសៀលថ្ងៃទី២៨ មេសាថា ការពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ដោយសារព្រួយបារម្ភខ្លាចជំងឺកូវិដ១៩ផ្ទុះឡើងជាថ្មី៖ «ថ្ងៃនេះខ្ញុំជ្រាបច្បាស់អំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ខ្ញុំធ្លាប់គិតហើយថា បងប្អូនក៏លំបាកខ្ញុំក៏លំបាក ហើយខ្ញុំក៏យល់ច្បាស់់ដល់អ្នកដែលមានប្រាក់ចំណូលទាប ដូចជាបានឃើញស្រាប់ហើយ ដែលរដ្ឋាភិបាលដាក់ចេញវិធានការ ដើម្បីជួយបន្ធូរបន្ថយ។ ដោយលើកដំបូងបានវាយតម្លៃត្រឹមតែ៣លានទេ ប៉ុន្តែឥឡូវមានចំនួនរាប់សិបលាននាក់ ក៏នឹងត្រូវដោះស្រាយជាបន្តបន្ទាប់ទៅ តាមលទ្ធភាពដែលរដ្ឋាភិបាលមាន មិនថាថវិកាកណ្ដាលរបស់ជាតិដែលមាន និងប្រាក់កម្ចី ហើយនឹងត្រូវដោះស្រាយឱ្យរួចរាល់ទាន់ពេលប្រជាពលរដ្ឋកំពុងជួបការលំបាក » ។
ទោះជាបែបនេះក្តី រដ្ឋាភិបាលថៃត្រៀមថវិកាជាតិប្រមាណ ៦ម៉ឺនលាន (៦០.០០០.០០០.០០០) ដុល្លារអាមេរិក សម្រាប់ជួយដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ប្រទេសក្បែរខាងកម្ពុជានេះ បានផ្ដល់ប្រាក់ដល់ពលរដ្ឋម្នាក់ចំនួន ៥.០០០បាត ឬប្រមាណ ១៦០ដុល្លារអាមេរិកសម្រាប់រយៈពេល ៣ខែដំបូង។ នៅពេលនេះ មានពលរដ្ឋថៃជាង ៤លាននាក់ (៤.០០០.០០០) ហើយដែលបានបើកប្រាក់ ៥.០០០បាតនេះពីរដ្ឋាភិបាលថៃ និងមានមនុស្សជាង ១៤លាននាក់ (១៤.០០០.០០០) បានចុះឈ្មោះជាអ្នកមានវិបត្តិអត់ការងារធ្វើអំឡុងពេលរាតត្បាតជំងឺរលាកផ្លូវដង្ហើមថ្មីនេះ។
ពលករខ្មែរម្នាក់ធ្វើការនៅប្រទេសថៃ លោកស្រី ដាំ ស្រីធាន ថ្លែងថា វិធានការរបស់រដ្ឋាភិបាលក្រុងបាងកក ជារឿងល្អ ពីព្រោះរដ្ឋាភិបាលជួយឧបត្ថម្ភប្រាក់ដល់ប្រជាពលរដ្ឋរបស់ប្រទេសគេដើម្បីមានប្រាក់ទិញស្បៀងអាហារ ក្នុងពេលបាត់បង់ចំណូល។ ផ្ទុយទៅវិញ លោកស្រីមើលឃើញថា រដ្ឋាភិបាលក្រុងភ្នំពេញមិនបានជួយអ្វីដល់ពលរដ្ឋរបស់ខ្លួននោះទេ ជាពិសេសអ្នកដែលគ្មានការងារធ្វើបណ្ដាលមកពីជំងឺកូវិដ១៩នោះ៖ «ខ្ញុំមានអារម្មណ៍ថ្នាក់ដឹកនាំសព្វថ្ងៃគាត់ដូចមិនស្រលាញ់ប្រជាពលរដ្ឋខ្លួនឯង ខ្ញុំគិតថាថ្នាក់ដឹកនាំរបស់ខ្មែរគាត់កំពុងតែគិតថាចង់ប្រជាពលរដ្ឋទៅងាប់នៅប្រទេសណា ចង់ឆ្លងមិនបាននៅប្រទេសណាគាត់អត់គិតទេ គាត់ដឹងតែថាអ្នកណានៅណាឱ្យវាងាប់នៅហ្នឹងទៅ ឱ្យតែគ្រួសារគាត់បានសុខ។ សម្រាប់ពួកខ្ញុំនៅពេលដែលឃើញប្រទេសគេខំដឹកជញ្ជូនប្រជាពលរដ្ឋមកប្រទេស ហើយមើលថែពលរដ្ឋគេ ហើយក្រឡេកមើលប្រជាពលរដ្ឋខ្លួនឯងចង់ទៅត្រឡប់ទៅផ្ទះវិញក៏គេហាមអីចឹង គឺឈឺចាប់មែន » ។
កាលពីថ្មីៗ នេះ លោក ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលរបស់លោកគ្មានប្រាក់ជួយដល់ប្រជាពលរដ្ឋអត់ការងារធ្វើដោយសារជំងឺកូវិដ១៩នោះទេ ហើយលោកក៏ជំរុញឱ្យអ្នករត់ម៉ូតូឌុបដែលជួបវិបត្តិអត់ការងារធ្វើ ឱ្យលក់ម៉ូតូទិញអង្គរហូបសិនទៅ៖ «លក់ម៉ូតូសិនទៅចាយសិនទៅ ទិញអង្ករស៊ីសិន ព្រោះបើមកឱ្យរដ្ឋប៉ះប៉ូវទាំងអស់ ងាប់បាត់រដ្ឋឯណាមានលុយ។ រដ្ឋពឹងពាក់លើពន្ធ ហើយបើយើងទៅខ្ចីលុយពីបរទេសដើម្បីយកមកបើក ឱ្យអ្នកដែលអត់មានការងារធ្វើហ្នឹងវាមិនងាប់បាត់ហើយ ប្រទេសណាក៏គេមិនឱ្យលុយយើងខ្ចីយកមកបើកប្រាក់ខែដែរអត់ទេ » ។
ងាកមកមើលពីការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេសវិញម្ដង។ រដ្ឋាភិបាលក្រុងភ្នំពេញ មិនព្រមយកក្រុមនិស្សិតចេញពីក្រុងវូហាន (Wuhan) ទីដែលមានការផ្ទុះជំងឺកូវីដ-១៩ នោះឡើយ ទោះជាពួកគេដង្ហោយសុំយ៉ាងណាក្តី។ លើសពីនេះ លោក ហ៊ុន សែន បានប្រកាសហាមឃាត់មិនឱ្យយន្តហោះដឹកប្រជាពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ីត្រឡប់ទៅកម្ពុជាឡើយ ធ្វើឱ្យពួកគេខ្លះស្រែកទ្រហោយំ និងខកចិត្តជាខ្លាំងចំពោះទង្វើបែបនេះ។ ទើបតែនៅថ្ងៃទី២៧ មេសា ទេ ដែលលោក ហ៊ុន សែន កែប្រែចិត្តអនុញ្ញាតឱ្យពលរដ្ឋខ្មែរទាំងនោះអាចវិលត្រឡប់មកវិញបាន តែត្រូវចេញលុយថ្លៃសំបុត្រយន្តហោះដោយខ្លួនឯង។
ត្រង់ចំណុចនេះខុសគ្នាដាច់ស្រឡះនឹងរដ្ឋាភិបាលថៃ ដែលបានជួលយន្តហោះទៅដឹកជញ្ជូនពលរដ្ឋរបស់ខ្លួនត្រឡប់មកប្រទេសវិញដោយមិនយកប្រាក់ ទោះស្ថិតនៅប្រទេសណាក៏ដោយ។ សព្វថ្ងៃរដ្ឋាភិបាលថៃដឹកជញ្ជូនពលរដ្ឋរបស់ខ្លួនតាមយន្តហោះប្រមាណ ២០០នាក់ក្នុងមួយថ្ងៃត្រឡប់ទៅប្រទេសថៃ និងតាមព្រំដែនផ្លូវគោកប្រមាណ ៣០០នាក់ក្នុងមួយថ្ងៃ។ បន្ថែមពីនេះ ថៃបានដាក់ពលរដ្ឋទាំងនោះឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដោយផ្ដល់កន្លែងស្នាក់នៅក្នុងសណ្ឋាគារ និងក្នុងមជ្ឈមណ្ឌលដែលអាជ្ញាធរបានរៀបចំ មានទីកន្លែងសមរម្យ ដោយមានទាហាននិងអាជ្ញាធរមូលដ្ឋានយាមការពារត្រឹមត្រូវ និងផ្ដល់ស្បៀងអាហារចំនួន៣ពេលក្នុងមួយថ្ងៃទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។