រដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លោក ម៉ាក ហ្វៀល (Mark Field) នឹងជួបប្រជុំទ្វេភាគីជាមួយលោក ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ាន ដែលចាប់ផ្ដើមពីថ្ងៃទី១៤ សីហានេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់នេះ ក្រោយចក្រភពអង់គ្លេសផ្ដាច់ខ្លួនចេញពីសហភាពអឺរ៉ុប។
សេចក្ដីប្រកាសព័ត៌មាននៃក្រសួងការបរទេសចក្រភពអង់គ្លេសចេញផ្សាយថ្ងៃទី១៤ សីហានេះ ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេសទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោក ម៉ាក ហ្វៀល (Mark Field) នឹងជួបប្រជុំទ្វេភាគីជាមួយលោក ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរសប្ដាហ៍របស់លោកមកកាន់ប្រទេសចំនួន៦ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ប្រទេសឥណ្ឌូនេស៊ី ហ្វ៊ីលីពីន ព្រុយណេ ថៃ កម្ពុជា និងឡាវ ។
ក្រសួងការបរទេសនៃចក្រភពអង់គ្លេសបដិសេធឆ្លើយនឹងសំណួររបស់អាស៊ីសេរីអំពីកាលបរិច្ឆេទនិងរបៀបវារៈជាក់លាក់នៃជំនួបរវាងលោក ម៉ាក ហ្វៀល (Mark Field) និងលោក ហ៊ុន សែន។ អាស៊ីសេរីបានព្យាយាមសុំការបញ្ជាក់បន្ថែមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ តែលោកមិនលើកទូរសព្ទ។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា លោកមិនទាន់ទទួលបានដំណឹងពីជំនួបរវាងលោក ហ៊ុន សែន និងប្រមុខការទូតចក្រភពអង់គ្លេសនៅឡើយ។
ជុំវិញការបោះឆ្នោតនៅកម្ពុជា លោក ម៉ាក ហ្វៀល (Mark Field) កាលពីថ្ងៃទី៣១ កក្កដា បានចេញសេចក្ដីថ្លែងការណ៍ចាត់ទុកការបោះឆ្នោត ដែលរៀបចំដោយរបបលោក ហ៊ុន សែន ថា មិនសេរី និងមិនអាចជឿទុកចិត្ដបាន ស្រដៀងនឹងជំហររបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលថ្កោលទោសការបោះឆ្នោតនៅកម្ពុជាដែរ។ លោកបានជំរុញឲ្យរបបលោក ហ៊ុន សែន ងាកមកគន្លងប្រជាធិបតេយ្យវិញ ដោយបញ្ឈប់ការរឹតត្បិតផ្នែកនយោបាយ ផ្ដល់សេរីភាពដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងស្តារឡើងវិញនូវគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យ។
ក្នុងសុន្ទរកថា ស្ដីពីគោលនយោបាយចក្រភពអង់គ្លេសនៅតំបន់អាស៊ីទាំងមូល ថ្លែងនាទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ សីហា ប្រមុខការទូតអង់គ្លេសរូបនេះលើកឡើងថា វិស័យជាអាទិភាពដែលអង់គ្លេសចង់ពង្រឹងកិច្ចសហប្រតិបត្តិបន្ថែមទៀតក្នុងតំបន់អាស៊ីនោះរួមមាន វិបុលភាព សន្ដិសុខ និងតម្លៃនៃមនុស្សជាតិ។ លោកបន្តថា ចក្រភពអង់គ្លេសនឹងនៅតែបន្តការលើកស្ទួយប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ហើយសង្កត់ធ្ងន់ថា ពលរដ្ឋក្នុងតំបន់អាស៊ី និងទូទាំងពិភពលោកគួរតែទទួលបានសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការជ្រើសរើសរបៀបរស់នៅដែលពួកគេចង់បាន។
សេចក្ដីប្រកាសព័ត៌មានស្ដីពីដំណើរទស្សនកិច្ចរបស់លោក ម៉ាក ហ្វៀល (Mark Field) បញ្ជាក់ថា ក្រៅពីជំនួបជាមួយលោក ហ៊ុន សែន លោកក៏នឹងជួបជាមួយក្រុមអ្នកជំនាញដោះមីននៅកម្ពុជា ដែលទទួលបានជំនួយពីចក្រភពអង់គ្លេសក្នុងការដោះមីនលើផ្ទៃដីជាង៧០ គីឡូមែត្រការ៉េក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ហើយថ្មីៗ នេះ ចក្រភពអង់គ្លេសក៏បានសន្យាថានឹងបន្តផ្ដល់ជំនួយដល់ការដោះមីននៅកម្ពុជារហូតដល់ឆ្នាំ២០២០។
ចក្រភពអង់គ្លេសជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ ក្រោមកិច្ចព្រមព្រៀងផ្ដល់ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបក្នុងទឹកប្រាក់ប្រមាណ ៥,៧ប៊ីលានដុល្លារអាមេរិក ក្នុងនោះផលិតផលសម្លៀកបំពាក់ត្រូវបាននាំចូលទៅកាន់ចក្រភពអង់គ្លេសច្រើនជាងគេ បើធៀបនឹងបណ្ដាប្រទេសដទៃទៀតក្នុងសហគមន៍អឺរ៉ុប។ កាលពីឆ្នាំ២០១៧ ការនាំចេញរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសមានតម្លៃប្រមាណ ១.៣ប៊ីលានដុល្លារអាមេរិក ខណៈការនាំចូលទំនិញពីចក្រភពអង់គ្លេសមកកម្ពុជាវិញមានតម្លៃតិចតួចប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
