ព្រះអង្គ ប៊ុត ប៊ុនតិញ ចាត់​ទុក​សេចក្ដី​ប្រកាស​របស់​គណៈ​សង្ឃនាយក ផ្អាក​កម្មវិធី​ចូលឆ្នាំ ​ធ្វើ​តាម​លោក ហ៊ុន សែន

ដោយ ហេង រស្មី
2020.04.08
ទេព វង្ស ៦២២ សម្ដេច​ព្រះ​មហា​សង្ឃរាជ​គណៈ​មហានិកាយ ទេព វង្ស (កណ្ដាល) ក្នុង​ពិធី​បុណ្យ​មហា​សង្ឃទាន​រាប់​បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន ៤.៥០០​អង្គ និង​បូជា​ប្រទីប​ថ្វាយ​ព្រះរតនត្រ័យ នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
Photo: RFA

ព្រះសង្ឃ​ឯករាជ្យ​រិះគន់ វិធានការ​គណៈសង្ឃ​នាយក និង សម្ដេច​ព្រះ មហាសង្ឃរាជ នៃ​គណៈ ធម្មយុត្តិកនិកាយ​ជុំវិញ​ការ​បង្ការ​ជំងឺ​covid-19​។ ព្រះសង្ឃ​លើកឡើង​ថា គណៈសង្ឃនាយក និង​សម្តេច​ព្រះ មហាសង្ឃរាជ​នៃ​គណៈ ធម្មយុត្តិកនិកាយ សម្រេច​ផ្អាក ការ​ប្រារព្ធ​បុណ្យចូលឆ្នាំ គឺ​ធ្វើ​ឡើង តាម​បញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

គណៈសង្ឃ​នាយក និង​សម្តេច​ព្រះ​មហាសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ​នៃ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៧ មេសា បាន​ចេញ​សេចក្តី​ប្រកាស​ដាច់​ដោយ​ឡែកៗ​ពីគ្នា ផ្អាក​ការ​ប្រារព្ធ​កម្មវិធី​បុណ្យចូលឆ្នាំ​ខ្មែរ​តាម​បែប​ព្រះពុទ្ធសាសនា​ចាប់ពី​ថ្ងៃ​ច័ន្ទ​ទី​១៣ ដល់ ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​សប្ដាហ៍​ក្រោយនេះ ដោយ​អះអាង​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​មិន​ឱ្យ​មានការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​។ សង្ឃ​ប្រកាស​នេះ ធ្វើ​ឡើង​ក្រោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០៧ មេសា ប្រាប់​អង្គ​សន្និសីទកាសែត​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថា រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ពី​ធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឆ្នាំនេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​១៩។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សម្តេច​ព្រះ​សង្ឃនាយក នន្ទ ង៉ែត និង​សម្តេច​ព្រះ មហាសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ ប៊ូ គ្រី បាន​ទេ​ដោយ​ទូរស័ព្ទ​មិន​មាន​អ្នកទទួល។

ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរដីកា​ថា ព្រះអង្គ​ក៏​គាំទ្រ​មិន​ឱ្យ​មានការ​ជួប​ប្រជុំ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីត​១៩​ផង​ដែរ ប៉ុន្តែ​ព្រះសង្ឃ​ត្រូវតែ​ឯករាជ្យ​មិន​ត្រូវ​រង់ចាំ​តែ​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​បាន​ចេញ​សង្ឃ​ប្រកាស​ជា​ក្រោយ​នោះ​ទេ។

ព្រះតេជព្រះគុណ បន្ត​ថា ស្ថាប័ន​ជាតិ សាសនា និង​ព្រះមហាក្សត្រ សុទ្ធតែ​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត្យ តែ​ស្ថាប័ន​ព្រះពុទ្ធសាសនា​ប្រកាស​ក្រោយ​ប្រសាសន៍​របស់​លោក ហ៊ុន សែន បែបនេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ដើរ​តួនាទី​ភាពជា​អ្នកដឹកនាំ​នៅ​ក្នុង​ព្រះពុទ្ធសាសនា​ប្រកបដោយ​បញ្ញា​ទេ៖ «ប៉ុន្តែ​នេះ​អត់​ស្ដែង​ចេញពី​តួនាទី​របស់​ព្រះសង្ឃ​ទេ ស្ដែង​ចេញពី​តួនាទី​ថ្នាក់ដឹកនាំ​កំពូល។ ថ្នាក់ដឹកនាំ​កំពូល​នៃ​សង្ឃ​ហ្នឹង​ក៏​ចេញ​សេចក្តី​ប្រកាស​ក្រោយពី​ស្ថាប័ន​ជាតិ​ទៅ​ទៀត។ អ៊ីចឹង​វា​អត់​មាន​ភាពស្មើគ្នា​ប្រកប​ទៅ​ដោយ​បញ្ញា​គេ​ហៅថា​បញ្ញា​នៃ​ការចូលរួម​គិតគូរ​ពី​ស្ថាប័ន​ជាតិ​ក្តី ស្ថាប័ន​សាសនា​ក្តី​ឱ្យ​មាន​ភាព​ដើរ​ទន្ទឹមគ្នា​ហ្នឹង វា​អត់​ដើរ​ទន្ទឹមគ្នា​ទេ មាន​ដើរ​មុខ មាន​ដើរ​ក្រោយ»

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា​កិច្ចការ​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​អារាម​វា​ជា​កាតព្វកិច្ច​ដែល​ព្រះសង្ឃ​ជា​អ្នក​ជំនាញ​ដែល​ត្រូវ​ឱ្យ​ដំបូន្មាន​ទៅ​អ្នកដឹកនាំ​ប្រទេស និង​អ្នកនយោបាយ មិន​​ដឹង​ត្រូវ​អង្គុយ​ចាំ​នាយករដ្ឋមន្ត្រី​បញ្ជា​មក​ចេញ​សេចក្តី​ថ្លែងការណ៍​នោះ​ទេ៖ «ចំពោះ​ប្រទេស​យើង​មិនបាន​ឈរ​លើ​ជំហរ​ឯករាជ្យ​ព្រះសង្ឃ​ជា​អ្នក​នាំ​ផ្លូវ​ជា​អ្នក​ណែនាំ ជា​ម្លប់​ដល់​ពុទ្ធបរិស័ទ​ទេ។ អ្នកនយោបាយ​គឺជា​ជន​កំហូច ឬក៏​ជន​ផ្ដាច់ការ​ហ្នឹង​ជា​អ្នក​នាំ​ផ្លូវ​ទៅវិញ​។ នៅ​ក្នុង​សង្គម​យើង​មាន​មនុស្ស​អាក្រក់​អ្នក​នាំ​ផ្លូវ​ដូច្នេះ​សភាវៈ​អាក្រក់​នៅ​ក្នុង​សង្គម​យើង​វា​កើត​បន្ត​កន្ទុយ​គ្នា ហើយ​ប្រសិនបើ​ព្រះសង្ឃ​ដែល​តំណាង​ឱ្យ​សេចក្ដី​ល្អ សភាវៈ​ល្អ​ព្រះសង្ឃ​អត់​យកចិត្តទុកដាក់​អ្វី​សោះ មាន​ន័យ​ថា ព្រះសង្ឃ​នៅ​ពេល​នេះ​បាន​បាត់បង់​តួនាទី​ជា​ម្លប់ ជា​អ្នក​នាំ​ផ្លូវ ជា​អ្នក​ណែនាំ»

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ប៊ុត ប៊ុនតិញ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៦។
ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ប៊ុត ប៊ុនតិញ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៦។

ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​០៨ មេសា​នេះ​បាន​រក​ឃើញ​ករណី​កូវីដ​១៩​ថ្មី ចំនួន ២​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​អ្នកមាន​ជំងឺ​កូវីដ​សរុប​ចំនួន ១១៧​នាក់​នៅ​ទូទាំង​ប្រទេស ហើយ​ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​សរុប​បាន​កើន​ឡើង​ដល់​៦៣​នាក់ គឺ​ស្មើនឹង​៥៣,៨៤%​បើ​ធៀប​ទៅ​នឹង​ចំនួន​អ្នកជំងឺ​កូវីត​១៩ ទាំងអស់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។