ក្រុមកម្មករជិត ១ពាន់នាក់ ពីរោងចក្រម៉ូណូភា (Monopia Cambodia) ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាំគ្នាព្យាយាមធ្វើដំណើរទៅសុំអន្តរាគមន៍ពីក្រសួងការងារ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ វិច្ឆិកា ក្នុងវិវាទការងារ ដែលភាគីរោងចក្រមិនព្រមទទួលយកតំណាងពួកគេឲ្យចូលធ្វើការវិញ។ ក៏ប៉ុន្តែដំណើរនេះ ត្រូវអាក់ខានទៅវិញ បន្ទាប់ពីមន្ត្រីនៃក្រសួងចុះទៅសម្របសម្រួល។
តំណាងកម្មករម្នាក់ ដែលត្រូវភាគីរោងចក្របញ្ឈប់ពីការងារ លោក អឿន ចាន់នី ថ្លែងថា ភាគីរោងចក្រនៅតែប្រកាន់ជំហរមិនទទួលយកតំណាង ២នាក់ឲ្យធ្វើការវិញឡើយ ថ្វីបើមានការសម្របសម្រួលពីមន្ត្រីមកពីក្រសួងការងារក៏ដោយ។ លោកបន្តថា ក្រុមហ៊ុននៅតែចិញ្ចឹមចិត្តរើសអើង មិនទទួលយកពួកគាត់ចូលធ្វើការ ដោយយកលេសថា មិនបំពេញការងារក្នុងម៉ោងធ្វើការជាដើម។
ប្រធានរដ្ឋបាលក្រុមហ៊ុនម៉ូណូភា (Monopia Cambodia) លោក សម សុជា ប្រាប់អាស៊ីសេរីថា ភាគីរោងចក្រ បានបញ្ឈប់ពួកគាត់ពីការងារតាមនីតិវិធី ហើយក៏មិនអាចមានការផ្សះផ្សាណាមួយ ដើម្បីបើកផ្លូវឲ្យតំណាងកម្មករបានចូលធ្វើការវិញដែរ។
កាលពីថ្ងៃទី១៩ វិច្ឆិកា ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ លោក ចឹក បូរិន ចេញលិខិតមួយ សម្រេចឲ្យនាយកក្រុមហ៊ុនម៉ូណូភា (ខេមបូឌា) បញ្ឈប់ការងារលោក អឿន ចាន់នី និងលោក នៅ ចន្ថា ដែលជាប្រតិភូពេញសិទ្ធិ និងជាសហជីពមូលដ្ឋាន ប្រចាំក្រុមហ៊ុន ក្រោមហេតុផលថា លោកទាំងពីរបានប្រព្រឹត្តកំហុសដូចរបាយការណ៍ក្រុមហ៊ុនដាក់ជូនមន្ទីរការងារ។
កំហុសទាំងនោះមាន ការដើរចោលកន្លែងការងារក្នុងម៉ោងធ្វើការ ប្រើកាយវិការ និងសំដីមិនសមរម្យចំពោះថៅកែ ញុះញង់ឲ្យកម្មករមិនធ្វើការងារ គំរាមកំហែងកម្មករ និងមិនគោរពបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុនជាដើម។
មន្ទីរការងារ ក៏តម្រូវឲ្យថៅកែក្រុមហ៊ុនគណនាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនតំណាងកម្មករទាំងពីរនាក់ ឲ្យត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។
ក្រុមតំណាងកម្មករថា សេចក្ដីសម្រេចនេះ មានការលម្អៀងទៅខាងថៅកែ ព្រោះមន្ទីរការងារផ្អែកតែលើរបាយការណ៍របស់ភាគីក្រុមហ៊ុនតែប៉ុណ្ណោះ ដោយមិនចុះស៊ើបអង្កេត និងសាកសួរកម្មករពីវិវាទនេះឲ្យបានគ្រប់ជ្រុងជ្រោយទេ។
មកពេលនេះ តំណាងកម្មករទាំងអស់ថា ពួកគេគ្មានចង់បានអ្វី ក្រៅពីស្នើឲ្យថៅកែរោងចក្រទទួលយកតំណាងទាំងអស់ឲ្យចូលធ្វើការវិញនោះឡើយ។
ក្រុមតំណាងកម្មករបញ្ជាក់ថា បើនៅតែមិនមានដំណោះស្រាយក្នុងរឿងនេះទេ កម្មករជិត ១ពាន់នាក់ នឹងនាំគ្នាទៅរកដំណោះស្រាយជាថ្មីទៀត ពីរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ឲ្យខាងតែបាន នៅថ្ងៃទី២២ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។