ជនជាតិចិន ​កំពុង​ប្រើប្រាស់​ទឹកដី​​និង​​ពលរដ្ឋខ្មែរ​ ធ្វើ​ការងារ​​ឆបោក​​តាម​​អនឡាញ​

0:00 / 0:00

ជនជាតិចិន​ កំពុង​ប្រើប្រាស់​ទឹកដី​ និង​​ពលរដ្ឋខ្មែរ ​ធ្វើការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​​​។ បុគ្គលិក​ដែល​ធ្លាប់​ធ្វើការ​ឲ្យ​ក្រុមហ៊ុនចិន​មួយចំនួន​ឲ្យដឹងថា ​ការ​ងារ​​អន​ឡាញ​ខុស​ច្បាប់​នោះ​ គឺ​ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ​ដើម្បី​ឆបោក​យក​លុយ​ទ្រង់​ទ្រាយ​ធំពី​ជនបរទេស​ ឬ​មនុស្ស​គ្រប់​ប្រភេទ។​ មន្ត្រីសង្គមស៊ីវិល​ជំរុញឲ្យ​រដ្ឋាភិបាល ​ពិនិត្យ​និង​ដោះស្រាយ​ករណី​ឆបោក​របស់​ឧក្រិដ្ឋជន​បច្ចេកវិទ្យានេះ​ដោយ​ម៉ឹងម៉ាត់ ​ព្រោះ​សកម្មភាព​ខុសច្បាប់នេះ ​នឹង​នាំឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជាតិ។

បច្ចុប្បន្ននេះ ​ជនជាតិចិន​ កំពុង​បើក​ដំណើការ​ក្រុមហ៊ុន​ឆបោក​តាម​​អនឡាញ​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ខ្មែរ​ និង​កំពុង​ពេញ​ទាក់ទាញ​ពលរដ្ឋខ្មែរ​ជាច្រើន​នាក់​​ទៅ​ធ្វើការ​ឲ្យ​ពួកគេ​តាមរយៈ​ការផ្តល់​ប្រាក់ខែ​ខ្ពស់។ ទោះជាយ៉ាងណា ​មាន​មនុស្ស​តិចណាស់​ដែល​បាន​ដឹង​អំពី​សកម្ម​ភាព​ខុសច្បាប់​ និង​រឿង​រ៉ាវ​អាថ៌កំបាំង​នៅ​ពី​​ក្រោយ​ការងារ​អន​ឡាញ​របស់​ក្រុមហ៊ុនចិន​នេះ​។

បុរស​ម្នាក់​ដែល​ធ្លាប់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​អនឡាញ​របស់​ជនជាតិចិន​ដែល​សុំមិន​បញ្ចេ​ញ​ឈ្មោះ​ ​ប្រាប់វិទ្យុ​អាស៊ី​សេរី​ថា​ ដោយសារតែ​បាត់បង់​ការ​ងារ​ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ-១៩ ​លោក​បាន​ព្យាយាម​ស្វែងរក​ការងារ​ថ្មីជា​បណ្តោះ​អាសន្ន​ដើម្បី​ដោះស្រាយ​ជីវភាព​ និង​បំណុល។ បន្ទាប់មក ​លោក​បាន​ដាក់ពាក្យចូល​ធ្វើការ​នៅ​ក្រុម​ហ៊ុន​អនឡាញ​របស់​ចិន​មួយកន្លែង​ដែល​ដាក់ឈ្មោះ​ថា​ គ្លូបលអ៊ីនធឺណេ​សិនណល (Global International) ស្ថិតនៅ​ជិតបុរីសន្តិភាព២ ​ក្នុង​សង្កាត់​ចោម​ចៅ ​កាលពី​ខែសីហា ​ក្រោយ​ឃើញ​ក្រុមហ៊ុន ​ប្រកាស​លើ​ហ្វេសប៊ុក (Facebook)​ ជ្រើស​រើសបុគ្គលិក​ជា​ច្រើន​​នាក់​ផ្នែក​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​ (Customer Service)​។ ក្រុមហ៊ុន​ ​សន្យា​ផ្តល់​ប្រាក់ខែ​ចាប់ពី​ ៨​រយដល់​១ពាន់​ដុល្លារ ​ក្នុង​មួយខែ ​ប៉ុន្តែ​ពុំមាន​សេរីភាព​នោះទេ​ ហើយ​បុគ្គលិក​ត្រូវ​ចេះ​ភាសា​អង់គ្លេស ​និង​កំព្យូរទ័រ​៖ ​«វា (ជនជាតិចិន)​​ ឲ្យកន្លែង​ស្នាក់នៅ ​និង​កន្លែង​ហូបចុក​ដល់​យើង​ ប៉ុន្តែ​នៅក្នុង​បរិវេណ​គេ​នោះ​តែម្តង​ ហើយ​យើង​អត់​អាច​ចេញ​បានទេ ​ព្រោះ​មាន សន្តិសុខ​​គេ​យាម។​ សន្តិសុខនោះ ​មាន​ទាំង​ដំបងឆក់​ ខ្នោះដៃ ​និង​មាន​ទាំង​កាំភ្លើង​ទៀត​ ដូច្នេះ​យើង​ខ្លាច។ គេ​ឲ្យ​មួយខែ​ឈប់​ម្តង ​សូម្បីតែ​ឈប់​ម្តង​នោះ​ ក៏​យើង​អត់​​ចេញ​ទៅ​ណា​បាន​ដែរ »​។

បុរសរូបនេះ​ឲ្យដឹងថា​ ក្រុមហ៊ុន​ឆបោក​របស់​ចិន​មួយនេះ​ជា​លក្ខណៈ​ខ្នាត​ធំ ​ដោយ​មាន​អគារ​រោងចក្រ​ និង​អគារ​ខុនដូពីរ ​សម្រាប់​ឲ្យ​បគ្គលិក​ប្រមាណ​ ៥០០​នាក់​​ស្នាក់​នៅ។ ក្រៅពីនេះ​ ក្រុមហ៊ុនចិននេះ​ ក៏មាន​សាខា​ជាច្រើន​កន្លែងទៀត​ ដូច​ជា ​នៅ​ព្រំដែន​ជ្រៃធំ ​ក្នុងខេត្ត​កណ្តាល ​និង​នៅខេត្ត​ព្រះសីហនុ។ លោក​បានធ្វើការងារ​ក្នុង​ក្រុមហ៊ុន​អន​ឡាញនេះ​ជិត​មួយខែ​ ក៏​លា​ឈប់​ទាំង​មិន​បាន​ប្រាក់កម្រៃ ​ហើយប្តូរ​ទៅ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​អនឡាញ​ចិន​មួយទៀត​នៅខេត្តព្រះសីហនុ ​នៅក្នុង​ខែកញ្ញា​​ នៅក្នុង​អគារ​ខុនដូ​មួយកន្លែង​ជិត​វត្តឥណ្ទញ្ញាណ ​ហៅវត្តក្រោម។

លោក​បញ្ជាក់ថា​ ក្រុមហ៊ុនចិន​ទាំងពីរ ​ប្រើប្រាស់​​វិធី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ដូច​គ្នា​។ លោក​រៀបរាប់ថា ​ពេល​ចូលធ្វើការភ្លាម ​មេការ​ចិន ​បាន​ចែក​ទូរស័ព្ទ​ឲ្យ​បុគ្គលិក​ម្នាក់ ​៥គ្រឿង ​ទៅ ​១០គ្រឿង ​និង​កំព្យូរ​ទ័រ​មួយ​គ្រឿង​។ មេកាចិន ​ក៏ណែនាំ​ឲ្យ​បង្កើត​បណ្តាញ​ទំនាក់ទំនង​សង្គម​ក្លែងក្លាយ​ជាច្រើន​ ដូចជា​ ​ហ្វេសប៊ុក ​​(Facebook)​ ​តេឡេ​ក្រាម​(Telegram ) ​វ៉តស្អាប់​ (WhatsApp)​ និង​ធ្វីតធើរ (Twitter​)​ ជាដើម​ ដោយ​ដាក់​រូប​ជា​បុរស ​និង​នារីស្អាតៗ​។ លោក​បន្តថា​​បន្ទាប់មក​ បុគ្គលិក​​ទាំងអស់​ ត្រូវ​ភ្ជាប់​បណ្តាញ​ទំនាក់​ទំនង​ទាំងនោះ ​ទៅកាន់​មនុស្ស​ដែល​ពួកគេ​មាន​គម្រោង​ឆបោក។ ​ប៉ុន្តែ​ ក្រុមហ៊ុន​ចិន​​ដែល​លោក​ធ្វើការនៅខេត្ត​ព្រះសី​ហនុ​នោះ ​មាន​គោលដៅ​ឆបោក​តែ​ជនជាតិ​អាមេរិក​ប៉ុណ្ណោះ៖ «ជាទូទៅ ​ប្រភព​ដែល​ត្រូវ​រកភ្ញៀវ​សំខាន់​នោះ​ គឺ​ហ្វេសប៊ុក។ ក្រៅពីនេះ​ យើង​មាន​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ ដែល​សម្រាប់​ទាក់ទង​ជន​បរទេស​ ហើយ​ភាគច្រើន​ កន្លែង​ដែល​ខ្ញុំ​ធ្វើនោះ​ គឺ​ទាក់ទង​ទៅ​ខាង​ពួកអាមេរិក។ ពេលយើង​បង្កើត​ហ្វេសប៊ុក​ហើយ ​គឺយើង​ត្រូវ​ចិញ្ចឹម​ហ្វេសប៊ុកនោះ​ឲ្យវា​ដើរទៀត ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក ​មើល​មក​ជាអាខោន​ដែល​មនុស្សលេង​ និង​ស្របច្បាប់ ​ជៀសវាង​ការ​បិទអាខោន​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក»។

អតីតបុគ្គលិក​ក្រុមហ៊ុនចិន​រូបនេះ​រៀបរាប់​ទៀតថា ​វិធី​ឆបោក​តាមប្រព័ន្ធ​អន​ឡាញ​ទាំងនោះ​មាន​ជាច្រើន​ប្រភេទ​ ដូចជា​ ការលួងលោម​ និង​បញ្ចុះបញ្ចូល​​ឲ្យ​ជន​រង​គ្រោះ​​ដាក់​ប្រាក់វិនិយោគ ​ដើម្បី​ទទួល​បាន​អត្រា​កាប្រាក់​ទ្វេដង ​និង​ការ​ប្រើប្រាស់​មនោ​សញ្ចេតនា​ស្នេហា​ក្លែងក្លាយ​​ជាមួយ​ជនរងគ្រោះ​ជាដើម។​ នៅពេល​ជន​រង​​គ្រោះ​ជឿ​ទុកចិត្ត ​និង​ធ្លាក់ក្នុង​មនោសញ្ចេតនាស្នេហា​ហើយនោះ ​អ្នក​ឆបោក ​តែង​ត្អូញត្អែ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ និង​ស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ ​ហើយ​ករណី​ខ្លះ​ជនជាតិ​ចិន​ អាច​ងាកទៅ​ប្រើវិធី​គំរាម​កំហែង​ ឬជំរិត​ទារប្រាក់​បន្ថែមទៀត ​តាម​ដែល​ពួកគេ​ចង់បាន​៖ «ចិន​មាន​រៀបចំ​ជាតួអង្គ​ជាតួស្រី​ឬតួប្រុស។ សម្រាប់តួ​មួយៗ​គឺ​គាត់​មានរូប​និង​វីដេអូ​គ្រប់គ្រាន់​ដែល​អ្នកអត់​ដឹង​គិតថា ​ជាអខោន​ពិតប្រាកដ។ ជា​ទូទៅ​ យើង​អត់ទំនាក់ទំនង​ទៅភ្ញៀវមុនទេ​គឺ​ត្រូវ​ធ្វើខ្លួន​ឯង​ឲ្យសម​ជា​តួអង្គ​នោះ។ បន្ទាប់​មក​ទៀត ​ពេលយើង​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ ​គឺ​យើង​ព្យាយាម​យកលេខ​ទំនាក់​ទំនង ​និង​ព័ត៌មាន​ផ្ទាល់ខ្លួន​​លម្អិត​របស់​គាត់​ឲ្យ​អស់។ យើង​មិន​ប្រញាប់​ពេកទេ គឺធ្វើ​ម៉េច​ឲ្យ​ទំនាក់​ទំនង​នោះ​កាន់តែ​ស្អិតរមួត​ ដើម្បី​ឲ្យគេ​ជឿជាក់​ និង​ផ្ញើលុយ​ឲ្យ​យើង»។

ក្រោយធ្វើការ​ឲ្យ​ក្រុមហ៊ុន​ចិន​នៅខេត្តព្រះសីហនុ​បាន​មួយខែ ​លោក​ក៏​សម្រេច​ឈប់ពី​ការងារវិញ​ ព្រោះ​យល់ថា​ ជាការ​ចាញ់​បោក​ជនជាតិចិន​ និង​បារម្ភ​ខ្លាច​ប្រឈម​​មុខ​ផ្លូវ​ច្បាប់៖ «ពលរដ្ឋ​យើង​ដែល​ចិនយក​ទៅ ​បើវា​គិតថា​ អត់ប្រយោជន៍ ​គឺវា​បញ្ឈប់​ហ្មង​ ដូច្នេះ​បាន​ន័យថា​ វា​បោក​យើង​ប្រើ​អស់​មួយខែ។ មួយទៀត​គោល​ដៅ និង​ទីតាំង​ឆបោក​នោះ​ចេញ​មកពី​ខ្មែរ​យើង​ដូច្នេះ​ធ្វើឲ្យ​បរទេស​ស្អប់​ជាតិសាសន៍​យើង​។ ការឆបោកនេះ​វាធំធេង​និង​ច្រើនណាស់។ ​មួយថ្ងៃ​ បើសិន​បុគ្គលិក​មួយ ​បោកមនុស្ស​ត្រឹមតែ​១០នាក់​ទៅ​២០នាក់​ ដូច្នេះ​មួយ​ឆ្នាំ​វា​ច្រើន​ណាស់។​ ខ្មែរ​យើង​អាច​ក្លាយ​ ជាអ្នក​រងគ្រោះ ​យើង​អាច​ជាប់គុក ​ព្រោះ​បើសិន​មាន​អាជ្ញាធរ​ចុះចាប់​ គឺ​ចិន​នឹង​យក​រួចខ្លួន​ អស់​ហើយ​ព្រោះ​គេ​មាន​លុយ»។

​បុរស​ម្នាក់​ទៀត​ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​អនឡាញ​ចិន​ ​និង​សុំមិន​បញ្ចេ​ញ​ឈ្មោះ​ដែរ​នោះ ​លើកឡើង​ដូចគ្នាថា​ មូលហេតុ​ដែល​ចូល​ធ្វើការ​នៅ​​ក្រុមហ៊ុនចិន​ឈ្មោះ​គ្លូបល​អ៊ីនធឺណេសិនណល ​(Global international) នោះ​ ព្រោះ​ដំបូង​​គិតថា ​ជា​ក្រុមហ៊ុន​ស្របច្បាប់​ ដោយសារ​​ក្រុមហ៊ុន ​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ផ្នែក​ផ្តល់​សេវា​កម្ម​អតិ​ថិជន​ (Customer service )។ លោកបានធ្វើការ​នៅទីនោះ​មួយខែ​កាលពី​ខែកញ្ញា ​ហើយ​លា​ឈប់វិញ ​ទាំង​មិនបាន​ប្រាក់​ឈ្នួល​ ដោយសារ​មិនចង់​បន្ត​ធ្វើការ​ខុសច្បាប់។ លោក​បញ្ជាក់ថា​ កន្លែង​ដែល​លោក​ធ្វើការ​នោះ ​គឺ​ជនជាតិចិន​ បាន​បែងចែក​ជាក្រុម​និង​កំណត់​គោល​ដៅ​ឆបោក​ផ្សេងៗគ្នា ​ដោយ​ក្រុមខ្លះ​ឆបោក​ប្រទេស​ក្នុង​តំបន់អាស៊ី ​និង​ក្រុមខ្លះ​ឆបោក​នៅ​​អាមេរិក ​និង​ក្រុមខ្លះ​ទៀត​ឆបោក​មនុស្ស​គ្រប់ប្រភេទ​និង​គ្រប់​ទី​កន្លែង។ លោកបន្តថា ​ដើម្បី​សម្រេច​គម្រោង​ឆបោក ​ដំបូង​ក្រុម​អ្នក​ឆបោក ​ត្រូវ​បង្កើត​បណ្តាញ​ទំនាក់​ទំនង​សង្គម​ក្លែងក្លាយ​ទាំងអស់​ រួចហើយ​ទាក់ទង​ទៅ​កាន់​ជនរង​គ្រោះ​។ បន្ទាប់មក​ក្រុមអ្នកឆបោក ​នឹង​​ប្រើ​ប្រាស់​បច្ចេក​ទេស​ឆបោក​បែបប្រទាក់​ក្រឡា​គ្នា​​មួយចំនួន​ តាម​ផែន​ការ​របស់​ជនជាតិ​ចិន​ ដូចជា ​ណែនាំឲ្យ​ជនរងគ្រោះ​ដាក់​ប្រាក់​វិនិយោគ ​ណែនាំ​ឲ្យ​ដាក់​ប្រាក់​ភ្នាល់​ល្បែងស៊ីសង ​និង​ការ​សន្យា​ជួយ​រក​ការងារ​ និង​ផ្តល់​របស់​មានតម្លៃ ​ប៉ុន្តែ​តម្រូវ​ឲ្យ​ដាក់​ប្រាក់កក់​ និង​បំពេញ​ឯកសារ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ រួច​ហើយ​​ជនជាតិចិន​ នឹងលួច​ដកលុយ​​ ឬហេកគណនី​ធនាគារ​តែម្តង៖ «ចិន​មាន​រូបមន្ត​ឲ្យយើង​រៀន​ធ្វើម៉េច​ទាក់ទងគេ​ថា​ យើង​ជា​ក្រុមហ៊ុន ​Financial consultant​ ​នៅហ្វីលីពីន​អីចឹង។ យើង​ប្រាប់ថា​ បើក​វិនិយោគ​ទុន ​និង​បើក​បាល់ទាត់​នៅហ្នឹង​។ ដូច្នេះ​ បើ​យើង​ចង់វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ ខ្ញុំ​ចង់​ធ្វើការ​ក្រៅម៉ោង​ គឺ​មាន​អាខោន​ខ្ញុំ​ និង​មេក្រុមខ្ញុំ​ គឺ​មាន​កម្មវិធីបែប​ហ្នឹង​ ដើម្បី​និយាយ​ប្រាប់គេ។ ឧទាហរណ៍ថា ​ភ្ញៀវ​ដាក់​លុយ​ដំបូង​ ១រយ​ទៅ​ ២រយ​ដុល្លារ ​គេ​ (ចិន​)​​ អត់ទាន់ ធ្វើស៊ីទេ ​ទាល់តែ​ចាប់ពី​ ៥ពាន់ ​ឬ ១ម៉ឺនដុល្លារឡើង​ ទើប​វាធ្វើស៊ី»។

លោក​ឲ្យដឹងថា​ ក្រុមហ៊ុន​ឆបោក​តាមអនឡាញនេះ​ គឺ​មាន​ច្រើន​កន្លែង​ ជាពិសេស តំបន់​ដែល​ជនជាតិចិន​រស់នៅច្រើន​ ដូចជា ​ភ្នំពេញ ​ខេត្តកណ្តាល​ ខេត្តកោះកុង​ ​ក្រុង​បាវិត ​ក្រុង​បោយ​ប៉ែត​ និង​ក្រុង​ព្រះសីហនុ​ជាដើម។ ក្រៅពី​ជនជាតិខ្មែរ ​ក៏មាន​ជនជាតិ​ថៃ (Thai) ​ហ្វីលីពីន ​(Phillipine)​ ឥណ្ឌូនេស៊ី ​(Indonesia) ​និង​​ជនជាតិឥណ្ឋា ​(India) ​ដែល​កំពុង​ធ្វើការ​ឲ្យក្រុមហ៊ុន​របស់ចិន​ទាំងនោះ​។ ក្រុមហ៊ុន​នីមួយៗ​ មាន​ជនជាតិចិន​​​គ្រប់គ្រង​ចាប់ពី ​៣០ នាក់​ ទៅ​ ១០០​នាក់។ ក្រុម​ហ៊ុន​​ឆបោកនេះ​ តែងតែ​ផ្លាស់​ប្តូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជា​ញឹកញាប់ ​ហើយ​ពួកគេ​តែងតែ​ជួល​ផ្ទះល្វែង ​ឬអគារខុន​ដូរ​ និង​សណ្ឋាគារធំៗ​ ឬ​ផ្ទះវីឡា​ដាច់​ដោយ​​ឡែកៗ ​តែម្តង​ ដើម្បី​ងាយស្រួល​ធ្វើ​សកម្ម​ភាព​។

ពលរដ្ឋរូបនេះ​ជឿថា ​ការណ៍ដែល​ជនជាតិចិន ​អាច​បើក​ក្រុមហ៊ុន​ឆបោក​ទ្រង់ទ្រាយធំ ​នៅ​ប្រទេសកម្ពុជា​បែបនេះ​ ប្រាកដ​ជាមាន​​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយចំនួន ​ជាអ្នក​ការពារ​ពីក្រោយ​ខ្នង ​ដើម្បី​ចែកផល​ប្រយោជន៍​គ្នា៖ «រកស៊ី​អនឡាញ​ខុសច្បាប់​ហើយ​ទៅបើក​នៅ​ទឹកដី​ភ្នំពេញកើត ​អ៊ីចឹង​ខ្ញុំ​គិត​ថា ​មាន​អ្នកកាងធំ​ ហើយ​អ្នកកាងនោះ​ ខ្ញុំ​វិភាគ​មើល​ប្រហែល​ជាផ្កាយ​ ៤​ ឬផ្កាយ ​៣​ ដែល​ធ្វើការ​ក្នុង​ជួររាជរដ្ឋាភិបាល​ ព្រោះអី​សូម្បី​តែ​ឡាន​ដែល​បើក​ក្នុងនោះ​ ក៏មាន​ដាក់​ស្លាកខេមរភូមិន្ទ។ គេ​អត់​បារម្ភ​ បើ​គេមាន​ខ្នងបង្អែក​ពីក្រោយ​ធំ ​ហើយ​ខ្ញុំ​គិត​ថា ខ្នង​បង្អែក​គេ​នោះ​ គេ​ស៊ី​លុយ​ធំ​រួច​អស់​ហើយ»

លោក​អះអាងថា ​ពលរដ្ឋខ្មែរ​ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុនចិន​នោះ ​ក៏អាច​ក្លាយ​ជាជនរងគ្រោះ​ដែរ ​ព្រោះ​​ត្រូវ​ជនជាតិចិន ​បង្ខាំង​ឲ្យ​ធ្វើការ​ទីនោះ​រយៈពេល​​ ១ខែ​ទៅ ២ខែ ​ហើយ​ចុង​ក្រោយ​បណ្តេញ​ចេញ​ទាំង​គ្មាន​ប្រាក់ឈ្នួល ​ឬ​ត្រូវ​បង់លុយ​ឲ្យ​ជនជាតិចិន​ថែម​ទៀត​ជាថ្នូរ​នឹង​បាន​សេរីភាព​វិញ។

វិទ្យុអាស៊ីសេរី ​មិនទាន់អាចស្វែងរកប្រភពទាក់ទងតំណាងក្រុមហ៊ុនចិន​ឈ្មោះ​គ្លូបល​អ៊ីនធឺណេសិនណល ​(Global international) ដើម្បីសាកសួររឿងនេះបានទេ ​ដោយ​សារគ្មានប្រភពច្បាស់លាស់។ ប៉ុន្តែថ្មីៗ នេះ ក្រុមហ៊ុននេះ បានឲ្យបុគ្គលិកខ្មែរដែលធ្វើការក្រុមហ៊ុននេះ ប្រកាសលើហ្វេសប៊ុក និងតេឡេក្រាម ដើម្បីរកបុគ្គលិក​បន្ថែម​ឲ្យទៅធ្វើការក្នុងក្រុមហ៊ុននេះ ដោយផ្តល់ប្រាក់ខែចាប់ពី ៨រយ ដល់ ១ពាន់ដុល្លារ ធ្វើការផ្នែកសេវាភ្ញៀវ ​(Customer Service) ប៉ុន្តែពុំមានសេរីភាពឡើយ។

ទាក់ទងករណីនេះ ​អ្នកនាំពាក្យ ​និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​លោក កែវ វណ្ណថន​ មានប្រសាសន៍ថា ​រដ្ឋាភិបាល​​បាន​សម្រេច​បិទ​ល្បែង​អន​ឡាញ​ជាយូរ​មកហើយ ​ប៉ុន្តែ​ប្រសិនបើ​មាន​ក្រុមហ៊ុន​អនឡាញ ​បន្តបើក​លួចលាក់​នៅកម្ពុជា​ទៀត ​គឺ​អាជ្ញាធរជំនាញ​នឹង​ចុះបង្ក្រាប​ភ្លាម ​នៅ​ពេល​​ដឹង​ទីតាំង​ច្បាស់​លាស់។ ទោះ​យ៉ាងណា​ លោក​ចាត់ទុកថា ​ការចោទ​មន្ត្រីរដ្ឋាភិបាល​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​អាជីវកម្ម​អនឡាញ​ខុសច្បាប់​របស់​ជនជាតិចិននេះ​​​ គឺជា​ពាក្យ​ចចាម​អារ៉ាម​ប៉ុណ្ណោះ៖ «អត់​មាន​ឃើញថា ​ការបើក​អនឡាញនេះ ​គគ្រឹកគគ្រាក់​ដូច​លោកមាន​ប្រសាសន៍​មិញ​នេះទេ។ ​អត់មានទេ។ និយាយរួម ​ជាទូទៅ ​រាជរដ្ឋាភិបាល​បាន​បិទ​យូរ​ហើយ​ ប៉ុន្តែវា​មាន​គេលួច​បើក​តិចតូចអី​។ កាលណា​យើង​ឃើញមួយ​ យើង​ចាប់មួយ ​ឃើញ​ពីរ​ចាប់​ពីរ​ គឺមិន​អនុញ្ញាត​ទេ»។

ករណីជនជាតិចិន ​បើក​អាជីវកម្ម​អនឡាញ់​ខុសច្បាប់នេះ ​មិនមែន​ទើបតែ​កើតឡើង​ថ្មីថ្មោង​នោះទេ។ កន្លងទៅ ​អាជ្ញាធរ​កម្ពុជា ​តែង​បង្ក្រាប​បាន​ជនជាតិចិន​ទ្រង់ទ្រាយ​ធំ​ជារឿយ​ៗ ​ហើយ​បញ្ជូន​ទៅ​ប្រទេស​របស់​ពួក​គេ​ជា​បន្ត​បន្ទាប់។ ម្យ៉ាងវិញទៀត ​ក្រោយពី​រដ្ឋា​ភិបាលសម្រេច​បិទ​ល្បែង​អន​ឡាញ ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​​ មក ​​ជន​ជាតិ​ចិន​ជា​ច្រើន​ដែល​ធ្វើ​ការ​ផ្នែក​នេះ​ ក៏បាន​ចាក​ចេញ​ទៅ​ប្រទេស​របស់​ខ្លួន​វិញ។ ប៉ុន្តែ​រយៈពេល​ចុង​ក្រោយនេះ ​មេឧក្រិដ្ឋជន​បច្ចេកវិទ្យា​ដែល​ជា​ជនជាតិចិន ​បាន​ប្តូរវិធី​សាស្ត្ររបស់​ខ្លួន​ដោយ​កាត់​បន្ថយ​ការ​​​ប្រើប្រាស់​បុគ្គលិក​ជា​ជន​ជាតិចិន​គ្នាឯង​ ​មកជា​ការ​ប្រើប្រាស់​ពលរដ្ឋខ្មែរ​ម្ចាស់ស្រុក​ និង​ជនជាតិដទៃ​​​ ដើម្បី​ធ្វើ​ការងារ​ឆបោក​តាម​អនឡាញ​នេះ​ ខណៈ​ដែល​ពល​រដ្ឋខ្មែរ​ភាគច្រើន​​បាត់បង់​ប្រាក់​ចំណូល​ និង​ការងារ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩។

ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល​លោក ផៃ ស៊ីផាន ​ថ្លែងថា ​រដ្ឋាភិបាល​បាន​ដឹង ​និង​ព្រួយបារម្ភ​អំពី​បញ្ហា​ការលួច​បើក​អាជីវកម្ម​អនឡាញ​ខុស​ច្បាប់នេះ ​ហើយ​​ក្រសួង​មហាផ្ទៃ ​ក៏បាន​ចាត់​តាំងឲ្យ​នាយកដ្ឋាន​ប្រឆាំង​ឧក្រិដ្ឋកម្មបច្ចេកវិទ្យា​ ធ្វើការ​​បង្ក្រាប​ជាបន្តបន្ទាប់។ លោកទទួល​ស្គាល់ថា ​មូលហេតុដែល​អាជីវកម្ម​ឆបោក​​អនឡាញ​នេះ ​បន្តកើត​មាន​ដោយ​សារ​អាជ្ញាធរ​កម្ពុជា​ នៅ​ខ្វះលទ្ធភាព ​និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទប់ស្កាត់​ និង​បង្ក្រាប​ ដូច​នៅ​ប្រទេស​ដទៃ​ដែរ។ ទន្ទឹមគ្នានេះ ​លោកមិន​ច្រានចោល​ចំពោះការ​ចោទ​ថា ​មន្ត្រី​មួយចំនួន​អាច​ពាក់ព័ន្ធ​ក្នុង​អាជីវកម្ម​ខុសច្បាប់​នេះទេ​ ហើយ​​លោក​អំពាវនាវ​ឲ្យពលរដ្ឋ​ចូលរួម​សហការ​​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរជំនាញ ​ឬ​តាម​ទំព័រ​ហ្វេស​ប៊ុក​ របស់​លោកនាយករដ្ឋ ហ៊ុន សែន ​និង​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​លោក ស ខេង៖ «សូម​អំពាវនាវ​ថា​ បើ​សិន​​ជា​ដឹង​សូម​ជួយ​រាយការណ៍​ទៅ​ក្រសួងមហាផ្ទៃ ​ខាង​ឧក្រិដ្ឋកម្ម​អនឡាញ ​ព្រោះ​យើង​ក៏បាន​ធ្វើការ​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​ពី​រឿង​នេះ​ដែរ។ អាហ្នឹង​គឺមិនមែន​តែ​ជាជនជាតិ​បរទេសទេ​ សូម្បីតែ​ខ្មែរ​ក៏រៀនសូត្រ​ពី​ហ្នឹងមក ​ក៏​បោកប្រាស់​ខ្មែរ​​គ្នាឯង​ដែរ។ ដូច្នេះ​ការបោកប្រាស់នេះ​ មិនមែន​តែ​តាមរយៈ​ពូជសាសន៍នេះ​សាសន៍​នោះទេ​ គឺ​ឥឡូវ ​វា​ហៀរ​ដល់ខ្មែរ​។ អាស្រ័យ​ហេតុ​ដូច្នេះ​ តាមរយៈ​វិទ្យុអាស៊ីសេរី ​ប្រជាពលរដ្ឋ​ទាំងអស់​សូមមេត្តា​ជួយ​ដាក់​បណ្តឹង​ប្រាប់​ដល់​ក្រសួងមហាផ្ទៃ​ ឬ​អាជ្ញាធរដែនដី ​ដើម្បី​យើង​ធ្វើការ​បង្ក្រាប»។

ជុំវិញរឿងនេះ ​នាយកកម្មវិធីនៃ​អង្គការតម្លាភាព​កម្ពុជា​លោក អ៊ឹម នរិន្ទ ​ព្រួយបារម្ភថា ​ប្រសិនបើ​ក្រុមហ៊ុន​ឆបោក​​តាម​អនឡាញ​នេះ​ បន្តមាន​ទៀតនោះ​ នឹង​បង្ក​ឲ្យមាន​បញ្ហា​អសន្តិសុខ​ក្នុង​សង្គមកម្ពុជា​​ និង​ប៉ះពាល់​មុខមាត់​ប្រទេសកម្ពុជា​ ព្រមទាំង​ប៉ះពាល់​ដល់​ការ​ទាក់ទាញ​អ្នកវិនិយោគ​ដែល​រកស៊ី​សុចរិត​ទៀតផង។ លោក​ជឿថា ​ប្រសិនបើ​អាជ្ញាធរកម្ពុជា ​អនុវត្តច្បាប់​ឲ្យមាន​ប្រសិទ្ធភាព​នោះ​ ​គឺ​សកម្មភាព​ខុសច្បាប់​លើប្រព័ន្ធអ៊ីនធឺណិត​ទាំងនេះ​ នឹង​មិនអាច​បិទបាំង​បាន​យូរ​នោះទេ ​ព្រោះ​អាជ្ញាធរ​​មាន​មធ្យោ​បាយ​​ជាច្រើន​ក្នុងការ​តាម​ដាន ​ទប់ស្កាត់ ​និង​បង្ក្រាប៖ «ធម្មតា​ ប្រទេស​ដែល​ក្រីក្រ​ច្រើន​តែ​មានការ​អនុវត្ត​ច្បាប់​ទន់ខ្សោយ ​មាន​អំពើពុករលួយ ​ដូច្នេះ​ហើយ​វា​ផ្តល់​ឱកាស​ដល់​ក្រុមឆ្លៀតឱកាស​នោះ​ដើម្បី​គាត់​ចូលមក​ក្នុង​ប្រទេស​ហ្នឹង ​ហើយ​ប្រព្រឹត្ត​បទល្មើស​បាន។ យើង​ដឹង​ហើយ​ថា ​បើ​ការអនុវត្តច្បាប់​ទន់ខ្សោយ​ មាន​អំពើពុករលួយ ​ក្រុមឧក្រិដ្ឋ​ជន ​គាត់​អាច​ប្រើប្រាស់​លុយ​ដើម្បី​បិទបាំង​នូវ​ទង្វើ​របស់​ខ្លួន។ ដូច្នេះ​ការប្រព្រឹត្តបទ​ឧក្រិដ្ឋ​ផ្សេងៗ​ នេះ​ វា​កើត​នៅ​ប្រទេសកីក្រ ​ឬ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ច្រើន»

នាយកដ្ឋានព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ​បាន​ប្រកាស​ជារឿយ​ៗ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​ឆបោក​របស់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា ​ព្រោះ​សកម្មភាព​ឆបោក​ទាំងនេះ​នៅបន្តកើត​មាន​ជាច្រើន​ករណី​ក្នុង​ប្រទេសកម្ពុជា​។ សកម្មភាពឆបោក ដែល​នាយកដ្ឋានព័ត៌មានវិទ្យា ​បង្ហាញ​នោះ​ គឺ​មួយចំនួន​ដូចគ្នា​នឹង​ការរៀបរាប់​ពលរដ្ឋ ដែល​ធ្លាប់​ធ្វើការ​ឲ្យ​ក្រុមហ៊ុនចិន។ នាយកដ្ឋានព័ត៌មានវិទ្យា​​អះអាងថា ​មាន​ល្បិចកល​ឆបោក​ជាច្រើន​ប្រភេទ​ទៀត​ ប៉ុន្តែ​ជាទូទៅ​ជនខិល​​ខូចតែងតែ​អូសទាញ​ជនរងគ្រោះ​ ដោយ​ប្រើប្រាស់វិធីសាស្ត្រ​ផ្តល់​ជូន​នូវប្រយោជន៍ហិរញ្ញវត្ថុ ​សម្ភារៈ កិត្តិយស​ ឬ​អំណោយ ​ដែលមានតម្លៃ​​ និង​ងាយស្រួល​ក្នុងការ​ទទួលបាន​ ជាមួយនឹង​លក្ខខណ្ឌ​ងាយៗ។​ នាយកដ្ឋានព័ត៌មានវិទ្យាបញ្ជាក់ថា ​ដើម្បី​ការពារ​ខ្លួន​ពីការ​ឆបោក​នេះ ​មាន​ដូចជា ​ត្រូវពិចារណា​ និង​រកការប្រឹក្សា​​យោបល់ ​មុនពេល​ផ្តល់ប្រាក់ ​ឬវត្ថុ​មានតម្លៃ​ក្នុង​ទម្រង់​វិនិយោគ​ផ្សេងៗ​ ដែល​អ្នក​ពុំបានដឹង​ និង​កុំបណ្តោយ​ខ្លួន​ឲ្យធ្លាក់​ក្នុងល្បិចសម្លុត​ ឬ​គម្រាមកំហែង​ពី​ជនខិលខូច​ និង​ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ ​ឬ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ។

ទោះជាយ៉ាងណា ​មន្ត្រីសង្គមស៊វិល​ និង​ពលរដ្ឋ ​លើកឡើងថា ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​សហការ​ផ្តល់​ព័ត៌មាននោះ ​ដំបូង​​អាជ្ញាធរត្រូវ​​បង្ហាញ​ការអនុវត្តច្បាប់​ឲ្យ​ពិតប្រាកដ ​និង​មាន​ប្រសិទ្ធភាព ​ព្រមទាំង​ជួយ​ការពារ​និង​លាក់អត្តសញ្ញាណ​របស់​ពលរដ្ឋ។ ក្រៅពី​នេះពួកគាត់​ ជំរុញឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​ល្បិច​ឆបោក​នេះ​ឲ្យបាន​ទូលំទូលាយ​ដើម្បីឲ្យ​ពលរដ្ឋ​បានយល់ដឹង​ និង​ប្រុងប្រយ័ត្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។