ពលករខ្មែរជាង១០០នាក់នៅថៃនាំគ្នាធ្វើពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី
2023.07.17

ក្រុមពលករខ្មែរជាង១០០នាក់ រស់នៅទីក្រុងបាងកក ប្រទេសថៃ ជួបជុំគ្នាធ្វើពិធីរំឭកខួបចងចាំករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី។ ក្រុមពលករទាំងនោះ និមន្តព្រះសង្ឃខ្មែរចំនួន ៣អង្គ ប្រគេនចង្ហាន់ នៅថ្ងៃទី១៦ កក្កដា ដើម្បីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី រួមទាំងឥស្សរជនល្បីៗ ផ្សេងទៀតដែលត្រូវបានឃាតកបាញ់សម្លាប់យ៉ាងអយុត្តិធម៌ រួមមានលោក ជា វិជ្ជា លោក ឈុត វុទ្ធី អ្នកនាង ពិសិដ្ឋ ពីលីកា និងព្រះតេជព្រះគុណ សំ ប៊ុនធឿន។
តំណាងពលករខ្មែរដែលរៀបចំពិធីជួបជុំបង្សុកូលនេះ លោក ឆន សុខឿន ប្រាប់អាស៊ីសេរីថា ដោយសារនៅថ្ងៃទី១០ កក្កដា ជាថ្ងៃដែលឃាតកបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅចំកណ្ដាលរាជធានីភ្នំពេញកាលពី៧ឆ្នាំមុន ពលករភាគច្រើន មិនអាចឈប់សម្រាកបាន ដូច្នេះ ទើបពួកគាត់នាំគ្នាលើកពិធីមកធ្វើនៅថ្ងៃទី១៦ កក្កដាវិញ ព្រោះជាថ្ងៃឈប់សម្រាកពីការងារ។
លោក ឆន សុខឿន៖ «តាមពិតទៅ ពួកគាត់ រួមទាំងរូបខ្ញុំ ក៏ដូចជាក្រុមការងារទាំងអស់ មកប្រារព្ធពិធីនេះ គឺដោយសារមើលឃើញថា អំពើអយុត្តិធម៌ ដែលកើតទៅលើវីរជន ដែលបានបូជាអាយុជីវិត ដោយសារជនកំណាច មិនទាន់រកយុត្តិធម៌ឃើញ។ អ៊ីចឹងហើយ ពួកយើង នៅតែប្រពន្ធពិធីរំឭកដល់ពួកគាត់ ហើយជាពិសេស យើងចាំមិនភ្លេចនោះ គឺលោកបណ្ឌិត កែម ឡី ដែលគាត់បានលាតត្រដាង និងបង្ហាញពីទង្វើអាក្រក់របស់លោក ហ៊ុន សែន ក៏ដូចជា របបដឹកនាំរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ។ មានកូនខ្មែរច្រើននាក់ ដែលគាត់មើលឃើញពីទង្វើអាក្រក់ហ្នឹង ហើយងាកចេះតាមដានពីបញ្ហាសង្គមបច្ចុប្បន្ននេះ»។
ក្រុមពលករ ធ្វើពិធីគោរពវិញ្ញាណក្ខន្ធនេះនៅក្នុងអគារជួល ដែលពួកគេរស់នៅ ដោយអ្នកខ្លះ បានពាក់អាវយឺត មានរូបលោកបណ្ឌិត កែម ឡី រួមទាំងកាន់រូបថតរបស់លោក ឈុត វុទ្ធី លោក ជា វិជ្ជា ព្រះតេជព្រះគុណ សំ ប៊ុនធឿន និងកាន់ទង់ជាតិខ្មែរ ដើម្បីថតរូបជុំគ្នា។ នៅក្រោយចប់ពិធីតាមបែបសាសនា ពួកគេសំណេះសំណាលសួរសុខទុក្ខគ្នា រួមទាំងជជែកពីស្ថានភាពនយោបាយនៅក្នុងប្រទេស ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣ កក្កដា ខាងមុខនេះ ដែលពួកគាត់ចាត់ទុកជាការបោះឆ្នោតក្លែងក្លាយ និងបានធ្វើយុទ្ធនាការឱ្យពលរដ្ឋ ចូលរួមគូសខ្វែងលើសន្លឹកឆ្នោតចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។