សាកសពបុរសជនជាតិបារាំងនិងកូនតូចៗ ៤នាក់ ប្រុស២ ស្រី២ ដែលគេរកឃើញស្លាប់នៅក្នុងឡានពន្លិចក្នុងទឹកស្រះ ក្នុងបរិវេណផ្ទះរបស់ជនរងគ្រោះ នៅខេត្តកំពង់ស្ពឺ កាលពីរឆ្នាំមុននោះ គឺស្លាប់ដោយមានគេលួចសម្លាប់ មិនមែនស្លាប់ដោយសារធ្វើអតឃាតដោយខ្លួនឯង ដូចការសន្និដ្ឋានកន្លងមកទេ។
ចៅក្រមស៊ើបអង្កេត សាលាដំបូងខេត្តកំពង់ស្ពឺ លោក ឈឹម ឫទ្ធី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អា អែហ្វ ប៉េ (AFP) នៅថ្ងៃទី៦ ឧសភា ថា ក្រុមអ្នកជំនាញបារាំង បានបង្ហាញលទ្ធផលនៃធ្វើកោសលវិច័យ នៃគ្រោងឆ្អឹងជនរងគ្រោះថា ឪពុកនិងកូន៣នាក់ក្នុងចំណោមកូន៤នាក់នោះ ត្រូវបានគេសម្លាប់មុននឹងយកសពដាក់ក្នុងឡានរបស់ជនរងគ្រោះ រួចរុញឡានទម្លាក់ទឹកស្រះពន្លិចដើម្បីបំបាត់ដាន។
លោកចៅក្រមបន្តថា មានតែកូនតូចជាងគេទេ ដែលនៅរស់មុននឹងគេរុញឡានដាក់សពនោះទម្លាក់ទៅក្នុងទឹកស្រះ។
បុរសជនជាតិបារាំងឈ្មោះ ឡូរ៉ង់ វ៉ាលីយេ (Laurent Vallier) អាយុ ៤២ឆ្នាំ និងកូនប្រុស២ និងស្រី២ មានអាយុចាប់ពី ២ឆ្នាំ ដល់ ៩ឆ្នាំ ទាំងឪពុកនិងកូន បានបាត់ខ្លួនពីផ្ទះតាំងពីខែកញ្ញា ឆ្នាំ២០១១។
ជិតមួយឆ្នាំក្រោយមក គឺនៅខែមករា ឆ្នាំ២០១២ ឆ្អឹងសាកសពឪពុកនិងកួន៤នាក់នោះ ត្រូវបានគេប្រទះឃើញនៅក្នុងឡានរបស់ជនរងគ្រោះ ក្នុងស្រះក្បែរផ្ទះ។
ទីភ្នាក់ងារដដែលបន្តថា ជនរងគ្រោះ ឡូរ៉ង់ វ៉ាលីយេ យកប្រពន្ធខ្មែរ តែប្រពន្ធបានស្លាប់ពេលសម្រាលកូន កាលពីឆ្នាំ២០០៩។
ទាក់ទងឃាតកម្មនេះ ប៉ូលិសមិនទាន់កំណត់មុខសញ្ញា និងចាប់ឃាតកបាននៅឡើយទេ។
ប៉ុន្តែកន្លងមក ប៉ូលិសសង្ស័យថា ឃាតកម្មនេះអាចពាក់ព័ន្ធក្រុមគ្រួសារខាងប្រពន្ធ ព្រោះជនរងគ្រោះធ្លាប់ឈ្លោះជាមួយសាច់ញាតិខាងប្រពន្ធ។
ទោះយ៉ាងណា ប៉ូលិសគ្រាន់តែបានសាកសួរមិនបានចាប់ខ្លួនសាច់ញាតិខាងប្រពន្ធនោះទេ ហើយមកទល់ពេលនេះប៉ូលិសនៅមិនទាន់បានចាប់ខ្លួនឃាតករបាននៅឡើយទេ។
តាមការអះអាងរបស់អ្នកជិតខាង ជនរងគ្រោះ ឡូរ៉ង់ វ៉ាលីយេ បានមកកម្ពុជាប្រហែល១៣ ឆ្នាំមុន មានការងារជាអ្នកនាំភ្ញៀវទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
