កម្មករកម្មការិនីរោងចក្រ អ៊ឹម វ៉េ កាត់ដេរអន្តរជាតិ (M & V) នៅខេត្តកំពង់ឆ្នាំង ប្រមាណ ៥០០នាក់ សម្រេចចូលធ្វើការធម្មតាវិញនៅថ្ងៃទី២៤ ខែមិថុនា។ ការសម្រេចវិលចូលធ្វើការវិញនេះ គឺបន្ទាប់ពីពួកគេនាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ និងប្រាក់អត្ថប្រយោជន៍ចំនួន ១៥ចំណុចអស់រយៈពេល ១ថ្ងៃកន្លះ។
បើទោះបីជាក្រុមអ្នកតវ៉ាមិនសូវពេញចិត្តលើចំណុចខ្លះ នៃកិច្ចព្រមព្រៀងគ្នារវាងភាគីក្រុមហ៊ុន និងតំណាងកម្មករដែលមានសម្ព័ន្ធសហជីពចំនួនបី បានចូលរួមពិភាក្សាដោះស្រាយបញ្ហានោះ ក្រុមអ្នកតវ៉ាបានរំសាយនៅម៉ោងប្រមាណ ១១កន្លះព្រឹកថ្ងៃទី២៣ ខែមិថុនា។
អនុប្រធានសហជីពនិយោជិតកម្មករកម្ពុជា (CLUF) អ្នកស្រី សឿង វណ្ណា ថ្លែងថា នៅក្នុងកិច្ចចរចារកដំណោះស្រាយមានភាពតានតឹងខ្លាំងតាំងពីថ្ងៃទី២២ ខែមិថុនា បន្ទាប់ពីកម្មករផ្ទុះការតវ៉ាភ្លាមៗ។
ប៉ុន្តែការទាមទារទាំង ១៥ចំណុចនៅតែសម្រេចបានជោគជ័យ បើទោះបីជាចំណុចកម្មករស្នើសុំលុយ ១ដុល្លារបន្ថែមសម្រាប់អាហារថ្ងៃត្រង់ ហើយតម្រូវឲ្យក្រុមហ៊ុនបើកមួយសប្ដាហ៍ម្ដង ដែលជាចំណុចតឹងរ៉ឹងជាងគេនោះ ក៏ត្រូវរ៉ូវគ្នាដែរ ដោយកម្មករសុខចិត្តទទួលយកត្រឹម ១ពាន់រៀលតាមលទ្ធភាពផ្ដល់ជូនពីភាគីក្រុមហ៊ុន។ ចំណែកចំណុចទាមទារក្រៅពីនេះ លែងមានបញ្ហាទៀតហើយ៖ « កម្មករចង់ចូលធ្វើការងារវិញក៏បានដែរ នរណាចូលធ្វើបានឥឡូវ តែបើអត់ចង់ចូលទេ ចាំស្អែកបានចូល។ ស្អែកហ្នឹងចូលធ្វើការទាំងអស់គ្នាពេលព្រឹក។ ពេលដែលខ្ញុំចូលដោះស្រាយមានភាពតានតឹង តែដល់ពេលដោះស្រាយហើយ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ព្រោះអីខ្ញុំបានតស៊ូ និងសម្រេចគោលដៅឲ្យកម្មករ ហើយខ្ញុំមិនធ្វើឲ្យមានអំពើបាតុកម្មប្រើអំពើហិង្សាឡើយ »។
នៅក្នុងលិខិតជូនដំណឹងធ្វើកូដកម្មរបស់សហជីពនិយោជិតកម្មករកម្ពុជា សហជីពឥទ្ធិពលកម្មករកម្ពុជា និងសហជីពកម្មករកម្ពុជា-អាស៊ាន បានដាក់ការទាមទារចំនួន ១៥ចំណុច ក្នុងនោះរួមមាន ក្រុមហ៊ុនត្រូវយកកម្មករដែលរំសាយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ មកធ្វើការវិញជាកម្មករពេញសិទ្ធិ សុំលុយបាយថែមម៉ោង ២ម៉ោងមួយដុល្លារ និងសុំលុយមួយដុល្លារសម្រាប់អាហារថ្ងៃត្រង់ ជាដើម។
វិទ្យុអាស៊ីសេរី បានព្យាយាមជួបសម្ភាសតំណាងក្រុមហ៊ុន អ៊ឹម វ៉េ នៅថ្ងៃទី២៣ ខែមិថុនា ប៉ុន្តែក្រុមសន្តិសុខ និងតំណាងក្រុមហ៊ុនម្នាក់ បានដេញអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ចេញក្រៅបរិវេណរោងចក្រ ដោយមិនប្រាប់ពីមូលហេតុអ្វីទាំងអស់។
ក្រុមហ៊ុន អ៊ឹម វ៉េ មានកម្មករបម្រើការងារប្រមាណ ៣ពាន់នាក់។ រយៈពេល ១ថ្ងៃកន្លះនៃការធ្វើកូដកម្ម មានកម្មករខ្លះចូលធ្វើការធម្មតា ប៉ុន្តែពួកគេរងនូវការជេរប្រមាថ និងឌឺដងពីក្រុមអ្នកតវ៉ា ដោយថាអ្នកទាំងនោះមិនចេះជួយគ្នាក្នុងការតវ៉ាទាមទារផលប្រយោជន៍រួម។ ពេលនោះ នគរបាលក្រុង និងខេត្តប្រដាប់ដោយខែល និងដំបង ៣០នាក់ បានចុះឃ្លាំមើល ប៉ុន្តែពុំមានការប៉ះទង្គិចគ្នាកើតឡើងទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
