បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) គ្រោងធ្វើបាតុកម្មនៅដើមខែមករា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យក្រុមហ៊ុនកាស៊ីណូដ៏ធំមួយនេះ ទទួលយកប្រធានសហជីពម្នាក់ ឱ្យចូលធ្វើការវិញ និងដំឡើងប្រាក់ឈ្នួលសមរម្យដល់បុគ្គលិក។ មន្ត្រីសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស និង សិទ្ធិការងារ លើកឡើងថា ក្រុមហ៊ុន គួរតែបន្ទន់ឥរិយាបថដោះស្រាយជាមួយបុគ្គលិក ដើម្បី បញ្ចៀសផលប៉ះពាល់ទាំងសងខាង។
សហជីព និងបុគ្គលិកប្រចាំកាស៊ីណូ ណាហ្គា វើលដ៍ ប្រកាសរួមគ្នាថា ពួកគេនឹងចេញធ្វើបាតុកម្ម តវ៉ានៅមុខកាស៊ីណូមួយនេះ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ រហូតទាល់តែមានដំណោះស្រាយសមរម្យ។ ការសម្រេចជ្រើសរើសមធ្យោបាយធ្វើបាតុកម្មនេះ គឺបន្ទាប់ពីពួកគេ បានបោះឆ្នោតស្ទង់មតិស្របតាមច្បាប់រួចរាល់ និងក្រោយពីបានព្យាយាមស្វែងរកដំណោះស្រាយតាមនីតិវិធីច្បាប់គ្រប់បែបយ៉ាងហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គា វើលដ៍ អ្នកស្រី ឈុន សុខា ប្រាប់អាស៊ីសេរីថា សហជីពបានធ្វើលិខិតជូនដំណឹងទៅក្រុមហ៊ុន ក្រសួងការងារ និងអង្គការ ស៊ីវិល ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀតរួចហើយ អំពីគម្រោងធ្វើបាតុកម្មនៅថ្ងៃទី៩ ខែមករា ខាងមុខនោះ។ អ្នកស្រីបញ្ជាក់ថា គិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ ក្រុមហ៊ុនមានពេល ៣សប្តាហ៍ សម្រាប់ពិចារណា វិលមកចរចារដោះស្រាយគ្នាដោយសន្តិវិធី។ អនុប្រធានសហជីពរូបនេះ អះអាងថា បើក្រុមហ៊ុននៅតែព្រងើយកន្តើយក្នុងការដោះស្រាយក្នុងរយៈនេះ គឺសហជីព និងបុគ្គលិក នឹងអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួនក្នុងការតវ៉ា ទាល់តែមានដំណោះស្រាយ៖ «ប្រសិនបើអំឡុងពេលដែលយើងរង់ចាំនេះ អត់មានដំណោះស្រាយសមរម្យណាមួយ ដែលអាចទទួលយកបានទេ គឺនៅថ្ងៃទី៩ ខែមករា យើងចេញធ្វើបាតុកម្មតែម្តង » ។
គោលបំណងនៃការធ្វើបាតុកម្មខាងមុខនេះ គឺបុគ្គលិក និងសហជីពទាមទារចំនួន ៦ចំណុច រួមមាន៖ ឱ្យក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ទទួលយកប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ និងទូទាត់ប្រាប់សំណងចាប់តាំងពីថ្ងៃក្រុមហ៊ុនព្យូរការងារ, អនុញ្ញាតឲ្យកម្មករឈប់សម្រាក និងធ្វើការតាមការស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ ដែលមានចរិតមិនល្អ។ ក្រុមហ៊ុន ត្រូវដំឡើងប្រាក់ឈ្នួលឱ្យបាន ៣០០ ដុល្លារសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង ៥០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកកាស៊ីណូ និងក្រុមហ៊ុន ត្រូវបង្កើតបទបញ្ញត្តិកុំឲ្យមានអំពើហិង្សា និងការបៀតបៀនផ្លូវភេទលើបុគ្គលិកស្ត្រីនៅកន្លែងការងារ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ ដោយសារទូរស័ព្ទចូល តែគ្មានអ្នកទទួល។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ សង្កេតឃើញថា សហជីព និងបុគ្គលិក បានព្យាយាមធ្វើត្រឹមត្រូវ តាមច្បាប់ល្អបំផុតក្នុងការស្វែងរកដំណោះស្រាយ។ លោកបន្តថា ប្រសិនបើក្រុមហ៊ុនមានឆន្ទៈ ដោះស្រាយប្រកបដោយភាពស្មោះត្រង់ នៅមុនថ្ងៃធ្វើបាតុកម្មមកដល់ គឺជារឿងល្អប្រសើរ ដើម្បី បញ្ចៀសផលប៉ះពាល់ទាំងសងខាង៖ «ក្រុមហ៊ុន គួរតែជួបជាមួយសហជីព តំណាងកម្មករនោះទេ ដើម្បី ស្វែងរកដំណោះស្រាយ និងការសម្បទានទៅវិញទៅមកក្នុងក្របខណ្ឌណាមួយ ទើបជាដំណោះស្រាយដោយសន្តិវិធី។ ការបណ្តោយឲ្យមានកូដកម្មបាតុកម្ម គឺនឹងជះឥទ្ធិពលខ្លាំងដល់សង្វាក់ ផលិតកម្មនិងសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហើយក៏កម្មករក៏ប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់គាត់ដែរ។ ៣សប្តាហ៍ មុនថ្ងៃធ្វើបាតុកម្មនេះ ក្រុមហ៊ុនគួរតែពិចារណាចរចារដោះស្រាយបញ្ចៀសបាតុកម្ម » ។
វិវាទការងារក្នុងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ នេះ កើតឡើងចាប់តាំងពីយប់ថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីក្រុមហ៊ុនព្យួរការងារ ប្រធានសហជីពម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ ។ ការព្យួរការងារនេះ ដោយសារតែស្ត្រីមេសហជីពវ័យក្មេងរូបនេះ បានតាមសួរនាំហេតុផលរឿងសន្តិសុខក្រុមហ៊ុន ឆែកកាបូបបុគ្គលិកម្នាក់ ហើយបានឃើញ និងដកហូតអាវយឺតដែលមានសរសេរថា «ក្រុមហ៊ុនរីកចម្រើន បុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យ»។ ក្រុមហ៊ុនចោទកញ្ញាថា ជាមេក្លោងនាំបុគ្គលិកពាក់អាវយឺតធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួល។
ទោះយ៉ាងណាក្តី ក្រុមអង្គការ សមាគម និងសហព័ន្ធសហជីពជាង២០ ដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ បានចេញសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ក្នុងការព្យួរការងារមេដឹកដាំសហជីពដ៏សកម្មម្នាក់នេះ ជារឿងគ្មានមូលដ្ឋានច្បាប់ និងមិនយុត្តិធម៌នោះទេ។ សង្គមស៊ីវិលថា កញ្ញា ឈឹម ស៊ីថរ គ្រាន់តែប្រើប្រាស់សិទ្ធិជាមូលដ្ឋាន និងប្រកបដោយវិជ្ជាជីវៈឯករាជ្យតំណាងឲ្យកម្មករជាង ៤ពាន់នាក់ ទាមទារឱ្យមានលក្ខខណ្ឌការងារល្អប្រសើរ និងដំឡើងប្រាក់ឈ្នួលសមរម្យសម្រាប់បុគ្គលិក ណាហ្គា វើលដ៍។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ គាំទ្រចំពោះការបន្តសកម្មភាពទាមទាររបស់កម្មករនយោជិត ប្រកបដោយអហិង្សា និងប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ ដែលធានាដោយច្បាប់ ដើម្បីធានាថា ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលយកប្រធានសហជីពចូលធ្វើការវិញ និងធានាលុបបំបាត់ការរើសអើងរាល់ទម្រង់ប្រឆាំងសហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។