អ្នកឃ្លាំមើលពន្ធនាគារព្រួយបារម្ភពីភាពមិនប្រក្រតី និងអំពើពុករលួយ នៅពេលផ្ទេរ ឬឃុំខ្លួន អ្នកទោសនៃពន្ធនាគាររាជធានីភ្នំពេញ (PJ) ទៅអគារពន្ធនាគារថ្មី ឬអតីតគម្រោងពន្ធនាគារទំនើប។ ក្ដីកង្វល់នេះ គឺបន្ទាប់ពីមានព័ត៌មានថា អាជ្ញាធរពន្ធនាគារគ្រោងផ្ទេរអ្នកជាប់ឃុំនៅពន្ធនាគារ ប៉េហ្ស៊ី (PJ) ទៅដាក់អគារពន្ធនាគារថ្មី ដែលអតីតធ្លាប់ជាគម្រោងពន្ធនាគារទំនើប (VIP)។
អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ឱ្យដឹងថា ពន្ធនាគារថ្មី ដែលជាអតីតរបស់គម្រោងពន្ធនាគារទំនើបនេះ គឺឋិតនៅខាងក្រោយពន្ធនាគារព្រៃស ត្រូវបានក្រុមហ៊ុនឯកជនប្រគល់ឱ្យរដ្ឋាភិបាលរួចហើយ កាលពីដើមខែវិច្ឆិកា ហើយបច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធនាគាររង់ចាំប្រកាសរបស់ក្រសួងមហាផ្ទៃ ដើម្បីរៀបចំផ្ទេរអ្នកជាប់ឃុំ និងរៀបចំទីនោះ ជាពន្ធនាគាររបស់រាជធានីភ្នំពេញ ហៅថា ប៉េហ្ស៊ី (PJ)។
ទោះយ៉ាងនេះក្ដី លោក នុត សវនា បញ្ជាក់ថា លោកមិនដឹងថា ក្រសួងមហាផ្ទៃ នឹងចេញប្រកាសនៅពេលណាពិតប្រាកដនៅឡើយទេ។ តែដរាបណា មិនទាន់មានប្រកាសរបស់ក្រសួងមហាផ្ទៃ ការផ្ទេរអ្នកជាប់ឃុំ និងការប្ដូរទីស្នាក់ការពន្ធនាគាររាជធានីភ្នំពេញ មិនអាចធ្វើទៅបានទេ បើទោះជាក្រុមហ៊ុនឯកជនបានប្រគល់អគារនោះ ឱ្យរដ្ឋាភិបាលរួចហើយក៏ដោយ៖ «បាទ ព្រោះក្នុងច្បាប់ទាល់តែទទួលស្គាល់ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ទើបយើងអាចចាត់ទុកថា ជាអង្គភាពមួយ មានសិទ្ធិពេញលេញអនុវត្តជាពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ។ អ៊ីចឹង យើងចាំក្រសួងគេប្រកាសចាត់ទុកថា ជាទីតាំងមួយស្របច្បាប់ ទើបយើងអាចសម្រេចជាពន្ធនាគារបាន»។
អគារគម្រោងពន្ធនាគារថ្មី ដែលជាអតីតគម្រោងពន្ធនាគារឯកជន ដែលគេធ្លាប់ដាក់ឈ្មោះឱ្យថា ពន្ធនាគារទំនើប (VIP) នៅខាងក្រោយពន្ធនាគារព្រៃសនោះ វិនិយោគដោយក្រុមហ៊ុនឯកជនឈ្មោះ គន្ធ រីខុន ហូលឌីង (Kunn Rekon Holdings) ក្នុងទំហំទឹកប្រាក់ ៤លានដុល្លារអាមេរិក ក្រោមកិច្ចសន្យារយៈពេល ៤៥ឆ្នាំ។ ក្រុមហ៊ុនបានចាប់ផ្ដើមដំណើរការសាងសង់កាលពីខែឧសភា ឆ្នាំ២០១៧។ ប៉ុន្តែ នៅត្រឹមពាក់កណ្ដាលឆ្នាំ២០១៩ ក្នុងពេលអគារនេះ ត្រូវបានសាងសង់ហៀបនឹងជិតចប់គម្រោងហើយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេចលុបចោលគម្រោងពន្ធនាគារទំនើបនេះវិញ ដោយសំអាងថា មិនគួរមានការបែងចែកប្រភេទវណ្ណៈអ្នកជាប់ទោស មាន ឬ ក្រឡើយ។
ចំណែកទីស្នាក់ការពន្ធនាគាររាជធានីភ្នំពេញ ប៉េហ្ស៊ី (PJ) វិញ សព្វថ្ងៃ ស្ថិតនៅក្នុងបរិវេណអគ្គស្នងការនគរបាលរាជធានីភ្នំពេញ។ ស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ PJ នេះ ក៏មិនសូវខុសពីពន្ធនាគារផ្សេងទៀតដែរ ប៉ុន្តែអ្នកឃ្លាំមើលពន្ធនាគារសង្កេតឃើញថា ពន្ធនាគារ ប៉េហ្ស៊ី PJ មានលក្ខណៈប្រសើរជាងពន្ធនាគារផ្សេង បើធៀបនឹងពន្ធនាគារចំនួន ២៧កន្លែងផ្សេងទៀត។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ទំហំពន្ធនាគាររាជធានីភ្នំពេញ ប៉េហ្ស៊ី (PJ) បច្ចុប្បន្ន ពិតជាមានស្ថានភាពតូចមែន។ ប៉ុន្តែលោកបារម្ភថា អំពើពុករលួយ និងភាពមិនប្រក្រតី នៃការឃុំខ្លួនអ្នកជាប់ឃុំ មិនស្មើភាពគ្នា ដោយសារអគារថ្មី ដែលគ្រោងដាក់ជំនួសពន្ធនាគារ PJ នោះ ល្អ និងមានស្ថានភាពស្រួលជាងពន្ធនាគារផ្សេងទៀត៖ «យើងមើលទៅទំហំពន្ធនាគារ PJ ហ្នឹងក៏វាតូចដែរ។ អ៊ីចឹងបើយើងមើលទៅលើពន្ធនាគារថ្មីហ្នឹងវាធំ។ ក៏ប៉ុន្តែគ្រាន់ថា ពន្ធនាគារថ្មីនេះ វាមានសភាពខុសពីពន្ធនាគារមុនៗ វាខុសពី PJ ដោយសារវាមានលក្ខណៈទំនើបណា ហើយពីមុនមក នៅពន្ធនាគារ PJ ហ្នឹង ក៏វាជាគេថា ពន្ធនាគារមួយដែលស្រួល។ បានន័យថា ល្អជាងគេដែរ នៅកម្ពុជា។ អ៊ីចឹងផ្ទេរទៅពន្ធនាគារថ្មីនេះ ខ្ញុំបារម្ភទេ ខ្លាចលោថ្ងៃក្រោយទៅ វាអាចនឹងមានការរិះគន់ ឬក៏មានអំពើពុករលួយ ភាពមិនប្រក្រតីកើតឡើង ព្រោះអ្នក ( ទោស ) ដែលមានលុយ មានកាក់ ចង់ទៅពន្ធនាគារថ្មីហ្នឹង»។
ជុំវិញករណីរង់ចាំប្រកាសរបស់ក្រសួងមហាផ្ទៃ ដើម្បីផ្ទេរអ្នកជាប់ឃុំ និងផ្លាស់ប្ដូរទីស្នាក់ការថ្មី របស់ពន្ធនាគាររាជធានីភ្នំពេញនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី២២ វិច្ឆិកា ដោយសារមិនទទួលទូរស័ព្ទ។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញថា គិតត្រឹមបំណាច់ខែតុលា ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទាំង ២៨ទីតាំង នៅទូទាំងប្រទេស មានអ្នកកំពុងជាប់ឃុំជាង ៣ម៉ឺន ៦ពាន់នាក់ (៣៦.៦០០នាក់) ក្នុងនោះអ្នកជាប់ឃុំជាស្ត្រីមានជាង ៣ពាន់នាក់។ អ្នកកំពុងជាប់ឃុំភាគច្រើនជាប្រភេទអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន។
ចំណែកអង្គការលីកាដូ ដែលឃ្លាំមើលពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស រកឃើញថា ស្ថានភាពចង្អៀតណែន ក្នុងពន្ធនាគារ មិនអាចដោះស្រាយបានទេ ដោយសាររដ្ឋាភិបាល និងតុលាការ មិនទាន់អាចអនុវត្តតាមក្រមព្រហ្មទណ្ឌបាន ដោយដាក់អ្នកទោសបទមជ្ឈិមឱ្យស្ថិតនៅក្រៅឃុំ ដោយអនុវត្តយន្តការមាត្រាទោសសហគមន៍ និងការប្រែក្លាយពន្ធនាគារ ឱ្យទៅជាមណ្ឌលអប់រំកែប្រែ ពិតប្រាកដជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។