តំណាងរាស្ត្រ​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ផាក​ពិន័យ​ចរាចរណ៍​ថ្លៃ​ហួសហេតុ

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ​បញ្ឈប់​ការអនុវត្ត​ច្បាប់​ផាក​ពិន័យ​ចរាចរណ៍​ថ្លៃ​ហួសហេតុ​លើ​ពលរដ្ឋ​ជាបន្ទាន់ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្លះ បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​តម្លៃ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​បែបនេះ​។ ទោះបីជា​យ៉ាងណា អាជ្ញាធរ​ចរាចរណ៍ អះអាង​ថា ការ​ផាក​ពិន័យ​ថ្លៃ​នេះ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្ត​ពោធិ៍សាត់ លោក ងឹម ញ៉េង ហៅ​ការ​បង្កើត​ច្បាប់​ផាក​ពិន័យ​ចរាចរណ៍​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​ថា ជា​ការ​សង្កត់​ក​ពលរដ្ឋ​ក្រីក្រ​ក្នុង​ពេល​ពលរដ្ឋ​កំពុង​រងគ្រោះ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ (Covid-19)។ តំណាងរាស្ត្រ​រូប​នេះ ពន្យល់​​ថា រដ្ឋអំណាច ដែល​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ ​​ប្រព្រឹត្តិ​ទង្វើ​ឆ្លៀតឱកាស​បង្កើត​ច្បាប់​ជំរិត​លុយ​ពី​ពលរដ្ឋ​របស់​ខ្លួន​ទេ។ ការ​បង្កើត​ច្បាប់​ផាក​ពិន័យ​ធ្ងន់ធ្ងរ​បែបនេះ ជា​ការ​សង្កត់ក ពលរដ្ឋ​ក្រីក្រ ឱ្យ​បង់ពន្ធ​ផាក​ពិន័យ​ច្រើន​ហួសហេតុ​ស្រប​ពេល រដ្ឋអំណាច នៃ​របប​ក្រុងភ្នំពេញ មិនទាន់​អាច​ដោះស្រាយ ការ​អត់​ការងារ​ធ្វើ និង​បញ្ហា​ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​។ លោក ងឹម ញ៉េង​សង្ស័យ​ថា របប​លោក ហ៊ុន សែន ខិតខំ​រក​វិធី​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ​គ្រប់​មធ្យោបាយ ដោយសារ​របប​នេះ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ៖ «វា​មិនមែន​ជា​មធ្យោបាយ​ល្អ ដែល​យើង​ត្រូវ​ធ្វើ​ភ្លាម ដើម្បី​ទទួល​បាន​សុវត្ថិភាព​ចរាចរណ៍​ទេ​។ វា​មិនមែន​ជា​មធ្យោបាយ​ល្អ ដែល​ត្រូវ​ធ្វើ​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​ទេ​។ ខ្ញុំ​មើល​ទៅ ដែល​គេ​ (​ រដ្ឋាភិបាល​ ) ខំប្រឹង​ប្រមូល​គ្រប់​មធ្យោបាយ​ទាំងអស់ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ប្រហែលជា​ចង់​ដួល​។ អ៊ីចឹង បានជា​គេ​ខំប្រឹង​គេ​មិនមែន​ផ្ដោត​ទៅ​លើ​ការរស់នៅ​ប្រកបដោយ​សុខដុមរមនា​របស់​សង្គម របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ។ គឺ​រដ្ឋាភិបាល​ប្រហែលជា​ឈរ​លែង​ចង់​ជាប់ ចង់​ដួល ដូច្នេះ​ត្រូវ​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ទប់​សេដ្ឋកិច្ច​។ ដូច​អា​រក​ខ្យង​។ ខ្យង​អត់​ឈាម​ហើយ​ទៅ​អារ​ក​ទៀត មើល​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ចង្កូម​របស់​ជន​ទុច្ចរិត​ទៅ​ហើយ គេ​ត្រូវ​រក​មធ្យោបាយ ដើម្បី​អារ​ក គាត់»។

ប៉ូលិស​ចរាចរណ៍ បាន​ចាប់ផ្ដើម​អនុវត្ត​អនុក្រឹត្យ​ផាក​ពិន័យ​ធ្ងន់ធ្ងរ លើ​ពលរដ្ឋ​ល្មើស​ចរាចរណ៍​ចាប់ពី​ថ្ងៃ​ទី​០១ ឧសភា ដោយ​អះអាង​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួលបន្ទុក​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍ លោក ហ៊ឹម យ៉ាន ធ្វើ​សន្និសីទ​សារព័ត៌មាន​មុន​ពេល​ចាប់ផ្ដើម​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក មួយថ្ងៃ គឺ​កាលពី​ថ្ងៃ​ទី​៣០ មេសា អះអាង​ថា ការ​ដំឡើងថ្លៃ​ផាក​ពិន័យ​៣​ទៅ​៥​ដង ដោយសារតែ​ពលរដ្ឋ​មិន​ទាន់​មាន​ស្មារតី​គោរព​ច្បាប់​ចរាចរណ៍៖ «គោលបំណង​ដូច​ខ្ញុំ​បាន​លើក​ឡើង​ខាងដើម គឺ​កាត់បន្ថយ​គ្រោះថ្នាក់ ហើយ​អនុក្រឹត្យ​នេះ បាន​ដំឡើង​ការ​ពិន័យ ៣ ទៅ​៥​ដង ក្រោយពី​មើល​ឃើញ​ថា ស្មារតី​គោរព​ច្បាប់​របស់​ប្រជាពលរដ្ឋ​របស់​យើង​នេះ គឺ​មិន​ទាន់​បាន​លើកកម្ពស់ ហើយ​មិនទាន់​មានការ​ភ្ញាក់​រលឹក។ អ៊ីចឹង ត្រូវតែ​រៀបចំ វិសោធនកម្ម​ពិន័យ​នេះ ឡើងវិញ ចេញ​ជា​អនុក្រឹត្យ​៣៩ ហើយ​បញ្ហា​ការដំឡើង​ប្រាក់​ពិន័យ​នេះ ជា​ពិសោធ​សាកល​មួយ​នៅ​ទូទាំង​ពិភពលោក​។ នៅ​ប្រទេស​ខ្លះ គេ​ដំឡើង​មួយ​ឆ្នាំ ១០​ដង»។

ចំណែក​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន វិញ ប្រាប់​ប៉ូលិស​ចរាចរណ៍​ថា ការ​ផាកពិន័យ​ច្រើន​នេះ ក៏​ជា​ឱកាស​រកលុយ​បាន​ច្រើន​ដែរ​។ ក្នុង​សារ​បែក​ធ្លាយ​សំឡេង លោក នេត សាវឿន បាន​ប្រាប់​ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត ឱ្យ​ពន្យល់​ប៉ូលិស​ចរាចរណ៍ ថា បើ​ការអនុវត្ត​ផាក​ពិន័យ​បាន​ល្អ ប៉ូលិស​ចរាចរណ៍ នឹង​រក​ចំណូល​បាន​ច្រើន៖ «យើង​ពង្រឹង ឆ្លៀតពេល​ពង្រឹង​ចរាចរណ៍។ ចរាចរណ៍​លើក​នេះ បើ​សិន​ជា​ណា បងប្អូន​ (​ ប៉ូលិស​ចរាចរណ៍​ )​ ធ្វើ​ត្រឹមត្រូវ កម្រៃ​ចូល​ច្រើន​ណាស់ ព្រោះ​ផាក​ពិន័យ​ច្រើន​។ អ៊ីចឹង ពិភាក្សា​ជាមួយ​យ៉ាន ( ហ៊ឹម យ៉ាន​ ) ដូច​ខ្ញុំ​ណែនាំ​មុន​នេះ»។

ទោះជា​អាជ្ញាធរ​ចរាចរណ៍​សំអាង​ហេតុផល​ថា ការ​ផាក​ពិន័យ​ឱ្យ​ធ្ងន់ធ្ងរ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​របាយការណ៍​របស់​ប៉ូលិស បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍ មិន​បាន​ថមថយ​ឡើយ​នៅ​ថ្ងៃ​ចាប់ផ្ដើម​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ដំបូង។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញ​ថា នៅ​ថ្ងៃ​ទី១ ឧសភា មនុស្ស​ចំនួន ៨​នាក់​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​។ ឯ​មនុស្ស​របួសធ្ងន់​ស្រាល​៣​នាក់​។ គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួងមហាផ្ទៃ ធ្លាប់​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ជា​មធ្យម​៥​នាក់ ក្នុង​មួយថ្ងៃ​។ បើ​ធៀប​នឹង​តួលេខ​មនុស្ស​៨​នាក់ ស្លាប់​នៅ​ថ្ងៃ​ទី​០១ ឧសភា គឺ​ចំនួន​នេះ គ្មាន​ការ​ថយ​ចុះ​ទេ។

ពលរដ្ឋ​ខ្លះ ក៏​ត្អូញត្អែរ​ពី​ការ​មិន​សប្បាយចិត្ត ចំពោះ​ការ​ផាក​ពិន័យ​ថ្លៃ​ហួសហេតុ​ដែរ​។ លោក ឆេង ញឹម ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​នៅ​ភ្នំពេញ​ប្រាប់​ថា បើ​ទោះ​លោក​មិនទាន់​រង​ពិន័យ តែ​លោក​នៅតែ​ញញើត​នៅ​ពេល​ឃើញ​ប៉ូលិស​ចរាចរណ៍​ម្ដងៗ៖ «អាហ្នឹង បើ​ច្បាប់​គេ​ចេញ​មក​អ៊ីចឹង​ហើយ បើ​ឱ្យ​ស្មើភាព​គ្នា ដឹង​តែ​ពេញចិត្ត​បង​។ ប៉ុន្តែ​ខ្លាច​តែ​ប៉ូលិស​ចរាចរណ៍​មួយ​ចំនួន​តូច​ធ្វើ​អត់​ស្មើភាព​ណា​បង​។ កាត់បន្ថយ​គ្រោះថ្នាក់​វា​ល្អ​ម្យ៉ាង​ដែរ​បង ប៉ុន្តែ​គេ​ហៅថា យើង​វា​រឹត​បន្តឹង​វា​ប្រញាប់​ពេក​ណា​។ អា​ជំងឺ​ (​ កូ​វីដ​១៩ ) យើង​នេះ វា​អត់​ទាន់​ធូររលុង​ផង ហើយ​មក​រឹត​បន្តឹង​ទៀត ដូច​ច្របាច់ក​ប្រជាជន​យក​លុយ​អ៊ីចឹង​។ ណាមួយ អា​សេចក្ដីប្រកាស​វា​ទៀត ដូច​រាង​លឿន»។

ចំណែក ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​លោក តារា វិច្ឆ័យ ជំរុញ​ឱ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ការ​ផាកពិន័យ និង​ចាត់វិធានការ លើ​អ្នក​បើកបរ​មាន​ផ្ទុក​សារធាតុ​ញៀន មន្ត្រី​មានអំណាច​បើកបរ​បុក​ពលរដ្ឋ​គ្មាន​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​អ្នកបើកបរ​ឡានធំៗ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដាក់ទោស​អ្នក​មាន​អំណាច និង​កូន​អ្នក​មាន​ដែល​បើកឡាន​បុក​មនុស្ស​ស្លាប់ ជា​គំរូ ទើប​ជា​ជំហាន​នៃ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ពិត​ប្រាកដ៖ «( ពលរដ្ឋ​ ) មួយៗ ចង់​ដាច់​បាយ សេដ្ឋកិច្ច​វេទនា ធ្វើ​អ្វី​ក៏​ធ្វើ​អត់​ចេញ​រកលុយ​ចំណូល​អត់​មាន ហើយ​ដល់ពេល​ឥឡូវ បែរជា​ច្បាប់​ថ្មី ចរាចរណ៍​ផ្លូវគោក​ចេញ​មក ដូច​របៀប​គាប​យក​ទាំងស្រុង​តែម្ដង​។ គាប​កាន់តែ​ខ្លាំង ច្របាច់ក​យក​តែ​ម្ដង​។ បើ​មិន​ឱ្យ​ច្របាច់ក តែម្ដង​។ បើ​ចង់​កាត់បន្ថយ​គ្រោះថ្នាក់​ឱ្យ​បាន​ច្រើន គួរតែ​រដ្ឋាភិបាល ប្រឹង​ទប់ស្កាត់​អ្នកប្រើប្រាស់​គ្រឿងញៀន សារធាតុ​ស្រវឹង​ច្រើន​។ អ្នកខ្លះ ស្រវឹង​បើកបរ​ធ្វើ​ឱ្យ​គ្រោះថ្នាក់»។

របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ហាញ​ថា ការអនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​១ ឧសភា​ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៤​កន្លះ​រសៀល​នគរបាល​ចរាចរណ៍​ឃាត់​បាន​ម៉ូតូ​ជាង​មួយ​ពាន់ (១ ១៧៤)​គ្រឿង និង​រថយន្ត​ជាង​មួយ​រយ​(១៤៨)​គ្រឿង​។ របាយការណ៍​ប៉ូលិស​អះអាង​ថា ម៉ូតូ​ដែល​សមត្ថកិច្ច​ឃាត់​នោះ ដោយសារ អត់​មួក អត់​កញ្ចក់ អត់​ស្លាក​លេខ ល្មើស​សញ្ញា​ចរាចរណ៍ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ ឯ​រថយន្ត​ដែល​ឃាត់ទុក ដោយសារ អត់​ពាក់​ខ្សែក្រវាត់​បើកបរ​បញ្ច្រាស​ទិស អត់​ស្លាក​លេខ និយាយ​ទូរស័ព្ទ អត់​ប័ណ្ណ​សំគាល់​យាន ល្មើស​សញ្ញា​ចរាចរ និង​ដឹក​សំពីងសំពោង​បើកបរ​ហួស​ល្បឿន។ តែ​ប៉ូលិស មិន​បាន​បង្ហាញ​របាយ​ការណ៍​ថា ផាក​ពិន័យ​លុយ​ពី​ពលរដ្ឋ បាន​ប៉ុន្មាន​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។