មេដឹកនាំសង្គមស៊ីវិលមួយចំនួនផ្ញើសារជូនពរដល់ពលរដ្ឋ និងបង្ហាញនូវក្ដីប្រាថ្នាមួយចំនួនក្នុងឆ្នាំថ្មី ឆ្នាំ២០១៧។ ឆ្នាំថ្មីនេះ ពួកគាត់ចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយនានា ផ្ដល់នូវព័ត៌មានពិត កុំមានការរើសអើង និងផ្ដល់តម្លៃដល់សន្តិភាពក្នុងសង្គមជាតិជាចម្បង។
ឆ្លៀតក្នុងពេលនេះដែរ អាស៊ីសរី ក៏សូមជូនពរលោកអ្នកនាង កញ្ញា និងបង្ហាញជូននូវវត្ថុបំណង ព្រមទាំងបេសកកម្មសម្រាប់ឆ្នាំថ្មីនេះ។
ក្នុងឱកាសឆ្នាំថ្មីចូលមកដល់ម្តងៗ ប្រជាពលរដ្ឋទូទៅតែងតែមានក្តីប្រាថ្នារៀងៗខ្លួន ក្នុងនោះពួកគាត់ប្រាថ្នាចង់បាន ជាពិសេសគឺសេចក្ដីសុខក្នុងក្រុមគ្រួសារ ការប្រកបមុខរបររកស៊ី រីកចម្រើនទៅមុខជាបន្តបន្ទាប់។
ចំណែកក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារជួយគាំទ្រការស់នៅ និងសិទ្ធិប្រជាពលរដ្ឋ ក៏មានក្តីប្រាថ្នារបស់ខ្លួន និងមានផែនការច្បាស់លាស់ក្នុងមួយឆ្នាំៗ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ក្រុមគ្រួសារប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ។
ឆ្នាំថ្មី២០១៧ ប្រធានគណៈកម្មការដើម្បីលើកស្ទួយស្ត្រី នៅក្នុងវិស័យនយោបាយ និងជានាយិកានៃអង្គការសីលការ អ្នកស្រី ធីតា ឃិះ សូមជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ឲ្យទទួលបាននូវសេចក្ដីសុខ សន្តិភាព ចំរើនរុងរឿងជានិរន្ត។
អ្នកស្រីមានចំណាប់អារម្មណ៍ថា មេដឹកនាំទាំងឡាយ មានតួនាទីសំខាន់ណាស់ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវក្តីប្រាថ្នាទាំងនេះ។ បន្ថែមពីលើនេះទៀត អ្នកស្រីយល់ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមានតួនាទីសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយដំណឹងដល់សាធារណជនទូទៅឲ្យទទួលបាននូវព័ត៌មានពិត មានចំណេះដឹងដែលជាទុនមួយក្នុងការសម្រេចចិត្តចង់ធ្វើអ្វីមួយ និងជៀសវាងការផ្សាយព័ត៌មានណាដែលជំរុញឲ្យមានអំពើហិង្សា និងការរើសអើង ដែលនាំឲ្យបាត់តម្លៃនៃសន្តិភាព៖ «ជាពិសេសសូមឲ្យសារព័ត៌មានប្រើប្រាស់ពាក្យសម្ដី ឬក៏រឿងរ៉ាវដែលនាំមកនូវសន្តិភាព កុំប្រើពាក្យសម្ដីណាដែលនាំមកនូវការប្រទូសរ៉ាយគ្នា។ ត្រង់នេះមិនមែនមានន័យថា យើងមិននិយាយការពិតទេ ប៉ុន្តែសូមឲ្យការប្រើប្រាស់ព័ត៌មានពិតនោះកុំឲ្យក្លាយជាអំពើហិង្សា...»។
ឆ្នាំថ្មីនេះដែរ អ្នកស្រីសុំឲ្យមេដឹកនាំទាំងឡាយ និងអ្នកនយោបាយ គោរព និងឲ្យតម្លៃទៅលើប្រជាពលរដ្ឋជាធំ ព្រមទាំងរក្សាទំនាក់ទំនងល្អជាមួយពួកគាត់៖ «ពីព្រោះប្រជាពលរដ្ឋអាចថ្លឹងថ្លែងខុសត្រូវ និងផ្ដល់ជាប្រយោជន៍ដល់សង្គមជាតិច្រើន...»។
អ្នកស្រីសង្ឃឹមទៀតថា សារព័ត៌មាននៅតែមានតួនាទីសំខាន់ក្នុងការផ្តល់ដំណឹងដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងអ្នកដឹកនាំនានា ដើម្បីធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ក្នុងការអភិវឌ្ឍសង្គមជាតិ។
ស្របពេលជាមួយគ្នានេះដែរ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានការចាប់អារម្មណ៍ច្រើនទៅលើព្រឹត្តិការណ៍ការវិវឌ្ឍន៍ថ្មីៗនៅក្នុងសង្គម ទាំងវិស័យការងារ និងនយោបាយ។ លោកចាត់ទុកឆ្នាំថ្មី២០១៧ នេះ ជាឆ្នាំមួយដែលមានការលំបាកច្រើនដែលត្រូវពុះពារទៅមុខ និងត្រូវមានការប្រុងប្រយ័ត្នបំផុត៖ «បញ្ហានយោបាយយើងឃើញថា ការបោះឆ្នោតក៏ខិតជិតចូលមកដល់ ហើយវិស័យការងារក៏រងសម្ពាធយ៉ាងខ្លាំងដែរ ទាំងផ្លូវកាយ និងផ្លូវច្បាប់ផ្សេងៗ! ដូច្នេះយើងចង់ឃើញរដ្ឋាភិបាល ជាពិសេសសភាជាតិ និងតុលាការ ត្រូវផ្ដល់ភាពយុត្តិធម៌ដល់កម្មករ និងប្រជាពលរដ្ឋទូទៅ។ ពួកគាត់មិនចង់ឃើញសទៅជាខ្មៅ ខ្មៅទៅជាសនោះទេ ផ្ទុយទៅវិញ ពួកគាត់ចង់ឃើញរដ្ឋសភា និងរដ្ឋាភិបាលជំរុញឲ្យមានយុត្តិធម៌ក្នុងសង្គមពិតប្រាកដ»។
មេដឹកនាំសហជីពកម្មកររូបនេះ ក៏សូមជូនពរប្រជាពលរដ្ឋ កម្មករទាំងអស់នៅក្នុងឆ្នាំថ្មី ឆ្នាំសកល ២០១៧ នេះ ឲ្យមានសុខភាពល្អ និងមានភាពជោគជ័យគ្រប់ភារកិច្ចទាំងអស់។ លោកក៏ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករទាំងអស់ដែលតែងតែផ្តល់ការលើកទឹកចិត្តឲ្យលោកបន្តការគ្រប់គ្រងសហជីព លើកស្ទួយសិទ្ធិកម្មករ និងទាមទារអត្ថប្រយោជន៍នានា សម្រាប់ប្អូនកម្មករក្នុងឆ្នាំថ្មីនេះទៀត។ លោកក៏ថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយនានា ដែលបានផ្ដល់សំឡេងដល់កម្មករក្នុងការតស៊ូមតិកន្លងមក និងនៅពេលខាងមុខនេះទៀត៖ «ខ្ញុំសូមក៏អរគុណដល់អាស៊ីសេរី ដែរ ដែលបានផ្ដល់នូវព័ត៌មានច្បាស់ៗឯករាជ្យពិតប្រាកដ និងតែងតែបានផ្ដល់សំឡេងដល់អ្នកដែលទន់ខ្សោយនោះឲ្យមានឱកាសបញ្ចេញសំឡេងទៅក្នុងចំណោមមហាជនបានដឹងពីទុកលំបាករបស់ខ្លួន និងដើម្បីរកវិធីដោះស្រាយ»។
ខណៈឆ្នាំថ្មី ឆ្នាំសកល ២០១៧ នេះដែរ អាស៊ីសេរី ក៏សូមឆ្លៀតឱកាសថ្លែងអំណរគុណដល់លោកអ្នកនាង កញ្ញា និងប្រិយមិត្តទាំងអស់ ដែលនៅតែស្រឡាញ់ពេញចិត្ត និងគាំទ្រការផ្សាយរបស់យើងនៅពេលកន្លងទៅនេះ។ ចំពោះយើង លោកអ្នកនាង កញ្ញា មិនត្រឹមតែជាអ្នកចូលចិត្ត និងគាំទ្រការផ្សាយរបស់យើងខ្ញុំប៉ុណ្ណោះទេ យើងខ្ញុំទាំងអស់គ្នា ចាត់ទុកលោកអ្នកនាង កញ្ញា ថាជាផ្នែកសំខាន់មួយនៃការផ្សាយរបស់យើង។ អ្វីៗដែលយើងខ្ញុំទាំងអស់គ្នាយកមកផ្សាយ យើងតែងតែគិតដល់ និងតម្កល់ផលប្រយោជន៍លោកអ្នកនាង កញ្ញា និងប្រិយមិត្តអ្នកស្ដាប់ជាធំជានិច្ច។
យើងតែងស្វែងរកព័ត៌មានណា ដែលមានប្រយោជន៍ដល់លោកអ្នកនាងពីមួយថ្ងៃទៅមួយថ្ងៃដោយប្រកាន់នូវគោលការណ៍ និងអនុវត្តទៅតាមក្រមសីលធម៌របស់ស្ថាប័នយើងយ៉ាងខ្ជាប់ខ្ជួន។ យើងមិននិយាយបំផ្លើស មិនប្រកាន់និន្នាការនយោបាយ មិនលើកជើង អ្នកនយោបាយណា ឬក៏គណបក្សណាដើម្បីស្វែងរកតួនាទី ឬប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
យើងខ្ញុំទាំងអស់គ្នា តែងតែគិតថា ការផ្សព្វផ្សាយព័ត៌មាន គឺជាមុខរបរថ្លៃថ្នូរ និងចាំបាច់មួយនៅក្នុងសង្គម។ យើងជឿជាក់ថា ការងាររបស់យើងអាចផ្ដល់នូវព័ត៌មានដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងដែលចាំបាច់ ដើម្បីរួមចំណែកជួយប្រជាជាតិ និងពលរដ្ឋកម្ពុជា អោយមានការផ្លាស់ប្ដូរក្នុងជីវភាពរស់នៅ និងមានការអភិវឌ្ឍដ៏ត្រឹមត្រូវមួយ។
ក្នុងឆ្នាំកន្លងទៅនេះ យើងខ្ញុំបានរួមដំណើរជាមួយលោកអ្នកនាង កញ្ញា និងប្រិយមិត្ត ធ្វើជាសាក្សី នៃព្រឹត្តិការណ៍សោកសង្រេងដែលអាចនឹងចារទុកក្នុងប្រវត្តិសាស្ត្រខ្មែរមួយចំនួនផង ដូចជាការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល មន្ត្រី គ.ជ.ប អ្នកតវ៉ាសិទ្ធិលំនៅឋាន និងការធ្វើឃាតលោកបណ្ឌិត កែម ឡី ជាដើម។
ខ្ញុំបាទ និងសហការី នៃអាស៊ីសេរី ទាំងអស់ សូមលំឱនកាយគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី និងវីរជនខ្មែរដទៃទៀត ដែលបានត្រូវឃាតកឆក់យកជីវិតក្នុងបុព្វហេតុការពារសិទ្ធិរស់នៅ សិទ្ធិក្នុងការនិយាយស្តី និងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងបុព្វហេតុការពារជាតិ និងព្រំដែនខ្មែរ។
ក្រុមការងារយើងខ្ញុំនឹងរីករាយឥតឧបមា ប្រសិនបើយើងបានរាយការណ៍ជូនលោកអ្នកនាង អំពីការដោះលែងអ្នកទាំងឡាយដែលត្រូវគេចាប់ឃុំឃាំងដោយបំពានច្បាប់ ឬដោយបញ្ហានយោបាយ និងជាពិសេសរាយការណ៍អំពីការផ្ដល់យុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី នៅក្នុងឆ្នាំ២០១៧ នេះ។
ជាថ្មីម្ដងទៀត នៅក្នុងឆ្នាំថ្មី២០១៧ នេះ យើងនឹងខិតខំប្រឹងប្រែងកែលំអការផ្សាយរបស់យើងបន្ថែមទៀត អោយកាន់តែមានសុក្រឹតភាព និងអោយទាន់ហេតុការណ៍។
ក្រុមការងាររបស់អាស៊ីសេរី ទាំងអស់ មានសេចក្ដីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមផ្ដល់ព័ត៌មានជូនលោក អ្នកនាង កញ្ញា ក្នុងឆ្នាំកន្លងទៅនេះ។ ខ្ញុំបាទសូមអរគុណលោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ដែលតែងតែមានភក្ដីភាព និងគាំទ្រការផ្សាយរបស់អាស៊ីសេរី គឺដោយមានការជឿជាក់ និងគាំទ្ររបស់លោកអ្នកនាងនេះហើយ ដែលជំរុញអោយក្រុមយើងខ្ញុំខិតខំបន្ថែមទៀតដើម្បីបម្រើលោកអ្នកនាង អោយកាន់តែមានប្រសិទ្ធភាព។
ខ្ញុំបាទសូមប្រសិទ្ធពរជ័យ ជូនលោកអ្នកនាង ព្រមទាំងប្រជាជាតិខ្មែរទាំងមូលអោយទទួលបាននូវសុខ សន្តិភាព និងសុភមង្គល ក្នុងឆ្នាំ២០១៧ នេះ និងឆ្នាំខាងមុខៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។