សង្គម​ស៊ីវិល​​​រំឭក​ខួប​ ៦ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​ វ៉េង ស្រេង និង​នៅ​រោងចក្រ យ៉ាកជិន

0:00 / 0:00

សង្គម​ស៊ីវិល និង​គ្រួសារ​ជន​រងគ្រោះ ​រំឭក​ព្រឹត្តិការណ៍​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ វ៉េង ស្រេង និង​នៅ​មុខ​រោងចក្រ យ៉ាក ជិន (Yak Jin) កាល​ពី ៦ឆ្នាំ​មុន ដែល​មក​ទល់​ពេល​នេះ​ជន​រងគ្រោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។ នៅ​ឆ្នាំ២០២០ នេះ អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ នឹង​មិន​ធ្វើ​ពិធី​បង្សុកូល​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ ព្រោះ​បារម្ភ​ខ្លាច​មាន​ការ​បង្ក្រាប​ពី​សំណាក់​កង​កម្លាំង​រដ្ឋាភិបាល​ដូច​ឆ្នាំ​កន្លង​ទៅ។

នៅ​ថ្ងៃ​ទី២ និង​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២០ ជា​ថ្ងៃ​ខួប​គម្រប់ ៦ឆ្នាំ​នៃ​ព្រឹត្តិការណ៍​កង​កម្លាំង​រដ្ឋាភិបាល​បាញ់​បង្ក្រាប​ ចាប់ខ្លួន និង​វាយ​ធ្វើ​បាប​លើ​មន្ត្រី​សង្គម​ស៊ីវិល និង​កម្មករ​នៅ​លើ​ផ្លូវ វ៉េង ស្រេង និង នៅ​មុខ​រោងចក្រ យ៉ាក ជិន (Yak Jin) នៅ​រាជ​ធានី​ភ្នំពេញ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ដែល​រង គ្រោះ​​ក្នុង​ព្រឹត្តិការណ៍​នោះ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក​ផង មាន​ប្រសាសន៍​ថា សាច់ញាតិ​កម្មករ​ដែល​បាន​ស្លាប់ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​ព្រះសង្ឃ​ផង នឹង​ធ្វើ​ពិធី​រម្លឹក​ខួប​ព្រឹត្តិការណ៍​ដ៏​ឈឺ​ចាប់​នេះ នៅ​ទីស្នាក់ការ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់​ (CENTRAL) នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​មករា។ លោក​បញ្ជាក់​ថា ការ​ប្រារព្ធ​ខួប​នេះ មានការ រៀបរាប់​រម្លឹក​ឡើង​វិញ​អំពី​ការ​ការ​ឈឺ​ចាប់ និង​មាន​ពិធី​បង្សុកូល ឧទ្ធិស​កុសល​ដល់​វីរៈ​បាតុករ ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​បុព្វហេតុ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០ដុល្លារ កាល​ពី​ដើម​ឆ្នាំ២០១៤៖ «»

កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ មាន​ព្រឹត្តិការណ៍​បង្ក្រាប​ដ៏​ហិង្សា​លើ​កម្មករ​នៅ​ក្បែរ​រោងចក្រ​យ៉ាក​ជីន (Yakjin) ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ វ៉េង ស្រេង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ ក្នុង​ពេល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ។ ការ​បង្ក្រាប​ដ៏​ហិង្សា​នៅ ក្បែរ​រោងចក្រ យ៉ាក ជីន នោះ គឺ​កម្លាំង​ កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​ របស់​លោក ចាប ភក្តី បាន​ចាប់​ខ្លួន​មនុស្ស ១០នាក់ ក្នុង​ចំណោម​នោះ ក៏​មាន មាន​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​សហគមន៍​​កសិករ​កម្ពុជា ( CCFC) លោក ថេង សាវឿន ផង​ដែរ។ ចំណែក​ការ​បាញ់​បង្ក្រាប​នៅ​លើ​ផ្លូវ វ៉ែង ស្រេង វិញ ប្រព្រឹត្ត ដោយ​កង​កម្លាំង​ចម្រុះ​រដ្ឋាភិបាល បណ្ដាល​ឲ្យ​កម្មករ​ចំនួន ៤​នាក់​សម្លាប់ ម្នាក់​បាត់​ខ្លួន និង​កម្មករ​ជិត ៤០​នាក់​រង​របួស ព្រម​ទាំង​កម្មករ ១៣នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន។

លោក វន់ ពៅ ថ្លែងថា នៅ​ពេល​ដែល​លោក​និយាយ​រឿង​នេះ​ម្តងៗ លោក​មាន​អារម្មណ៍ ឈឺចាប់ បំផុត។ ប្រធាន​សមាគម​ការពារ​សិទ្ធិ និង​ការពារ​អត្ថប្រយោជន៍​កម្មករ​រូប​នេះ រម្លឹក​ថា​ ព្រឹត្តិការណ៍ កាល​នោះ លោក​បាន​ចូល​រួម​ឃ្លាំមើល​បាតុកម្ម​អហិង្សា​ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០ដុល្លារ​របស់​កម្មករ​នៅមុខ​រោងចក្រ យ៉ាក ជីន ឋិត​ក្នុង​សង្កាត់​កំបូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​ថ្ងៃទី២​ ខែ​មករា​ ឆ្នាំ២០១៤​។ លោក​បន្ត​ថា បាតុកម្ម​កាល​ ណោះ​ កម្លាំង​កង​ពលតូច​ទ័ព​ ពិសេស​ឆត្រយោង​៩១១​ របស់​លោក ចាប ភក្តី បាន​បង្ក្រាប​ដ៏​ហិង្សា​ និង​បាន​ចាប់ខ្លួន​លោក​រួម​ជាមួយ​អ្នក​ការពារ​សិទ្ធិមនុស្ស​ និង​កម្មករ ៩នាក់​ផ្សេង​ទៀត​។ បន្ទាប់​ពី​ចាប់​ខ្លួន​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​យក​លោក​ និង​អ្នក​ផ្សេង​ទៀត​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ ខេត្ត​ត្បូង​ឃ្មុំ​ ក្រោម​បទ​ចោទ​បង្ក​ហិង្សា​ដោយ​ចេតនា​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ។ ប៉ុន្តែ​ក្រោយ​មក​ តុលាការ​បាន​ដោះ​លែង​ពួក​លោក​វិញ​បន្ទាប់ ពី​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បាន ៥ខែ​ ដោយសារ​មាន​ការ​រិះគន់​ពី​អង្គការ​ជាតិ​ និង​អន្តរជាតិ។ លោក វន់ ពៅ និយាយ​ថា​ ទា​ហ៊ាន​ឆត្រ​យោង​ គឺ​ជា​អ្នក​វា​យ​ដំ​លោក​ និង​កម្មករ​ដែល​តវ៉ា​ស្ទើរ​បាត់បង់ជីវិត​ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​អង្គភាព​កងទ័ព​ឆត្រ​យោង​ បែរជា​អ្នក​ប្ដឹង​ពួក​លោក​ដែល​ជា​ជន​រង​គ្រោះ​ទៅវិញ៖ «»

ប្រធាន​សមាគម​រូប​នេះ​បន្ត​ថា ៦ឆ្នាំហើយដែលលោក និង​ជន​រងគ្រោះ​ដទៃ​ទៀត រង់ចាំ​យុត្តិធម៌ ប៉ុន្តែ យុត្តិធម៌​សម្រាប់​ពួក​លោក នៅ​ឆ្ងាយ​ដូច​ជើង​មេឃ ឬ​ដូច​រាវ​ម្ជុល​ក្នុង​បាត​សមុទ្រ៖ «»

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបា​លោក ផៃ ស៊ីផាន និង អ្នក នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អំពី​រឿង​នេះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល ។

ចំណែក​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន ថ្លែង​ថា លោក​មិន​អាច​ឆ្លើយ ករណី​នេះ​បាន​ទេ ដោយ​លើក​ហេតុផល​ថា ការ​ចង់​បាន​យុត្តិធម៌ និង​ការ​ចង់​ឲ្យ​កងទ័ព​ឆត្រ​យោង ៩១១ ទទួល​ខុសត្រូវ គឺ​មិន​ពាក់ព័ន្ធ​ជា​មួយ​លោក​ឡើយ៖ «»

កាលពី​ខែ​តុលា​ ឆ្នាំ២០១៤​ មេធាវី​នៃ​ក្រុមហ៊ុន​មេធាវី គ្លូប៊ល ឌីលិជេនស៍ (Global Diligence) ដែល​មាន​ទីតាំង​នៅ​ប្រទេស​អង់គ្លេស​ លោក​ រី​ឆាដ​ រ៉ូ​ជើរ​ (Richard​ Rogers​) បាន​ដាក់ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC​) ពី​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​នៅ​ផ្លូវ វ៉េង ស្រេង​ និង​ក្បែរ​រោងចក្រ យ៉ាក ជីន។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​ ចោទ​ប្រកាន់​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ដែល​បាន​ប្រព្រឹត្ត​ក្នុង​រយៈ​ពេល​ជាង​ ១២ឆ្នាំ​ចុង​ក្រោយ​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បញ្ជាក់​ថា មូលហេតុ​មិន​ទៅ​ប្រារព្ធ​ខួប ៦ឆ្នាំ នៅ​លើ​ដង​ផ្លូវ​ វ៉េង ស្រេង ជា​ទី​កន្លែង​កើត​ហេតុ​នោះ ដោយសារ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​នៅ​ទី​សាធារណៈ និង​មាន​ការ​បង្ក្រាប​ផ្ទួនៗ ពី​កង​កម្លាំង​សមត្ថកិច្ច។ សូម្បី​តែ​កាល​ពី​ឆ្នាំ​មុន​នេះ ទោះ​បី​ជា​ក្រុម​ជន​រង​គ្រោះ នាំ​គ្នា​សង់​រោង​ប្រារព្ធ​ខួប​នៅ​មុខ​ទីស្នាក់ការ​របស់​ផ្ទះ​សាមគ្គី​ ដែល​មាន​ទីតាំង នៅ​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ ក៏​ត្រូវ​បាន​អាជ្ញាធរ​ប្រមាណ ៥០នាក់​ចុះ​រុះរើ​រោង​មិន​ឲ្យ​ប្រារព្ធ​កម្មវិធី​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។