មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​អាជ្ញាធរ​ឱ្យ​ស៊ើប​អង្កេត​មន្ត្រី​ឃុបឃិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ចូល​មក​កម្ពុជា

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល នៅ​តែ​ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ពន្លឿន​ការ​ស្វែងរក​មុខ​មន្ត្រី​គ្រាក់ៗ ដែល​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ជនជាតិ​ចិន​នាំ​ចូល​សារធាតុ​ញៀន​រាប់​សិប​តោន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​លើ​មន្ត្រី ដែល​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​នាំ​ចូល​សារធាតុ​ញៀន និង​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចង់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិភាព នឹង​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​មន្ត្រី​គ្រាក់ៗ ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​បាន​ឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន​ជាតិ​ចិន ដែល​បាន​នាំ​ចូល​សារធាតុ​ញៀន​រាប់​សិប​តោន​មក​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៣ មករា។ ពួក​គេ​រិះគន់​ថា ការ​បណ្ដោយ​ឱ្យ​ជនជាតិ​ចិន​ដឹក​ជញ្ជូន​គ្រឿងញៀន​ដ៍​ច្រើន​សន្ធឹកសន្ធាប់​កន្លង​ទៅ​នេះ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូរ​រលុង និង​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ ទើប​ពួក​គេ​ហ៊ាន​បង្កើត​រោងចក្រ​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា​បាន​ដោយ​សេរី​នោះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP Center) លោក យង់ គិមអេង បន្ត​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ស៊ើបអង្កេត​រក​មុខ​មេខ្លោង​ប្រកប​ដោយ​តម្លាភាព និង​ស្វែងរក​មុខ​មន្ត្រី ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ចិន​នាំ​ចូល និង​ផលិត​គ្រឿង​ញៀន​ដោយ​សេរី​ក្នុង​ស្រុក​ខ្មែរ។

លោក​យល់​ថា ប្រសិន​បើ​គ្មាន​អាជ្ញាធរ​អ្នក​មាន​អំណាច​គ្រាក់ៗ ឈរ​កាង​ពី​ក្រោយ​ក្រុម​ឧក្រិដ្ឋជន​ជន​ជាតិ​ចិន​ទាំង​នោះ ក៏​មិន​មាន​វត្តមាន​រោងចក្រ​ផលិត​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​នៅ​ប្រទេស​កម្ពុជា​ដែរ៖«ចូល​មក​ឃើញ​ថា​ចាប់​បាន​គ្រឿង​ញៀន​រាប់​តោន។ នេះ​ចាប់​បាន បើ​ចាប់​មិន​បាន​នឹង​បង្ក​មហន្តរាយ​ដល់​សង្គម​ខ្មែរ​យើង​ដូចម្ដេច »

ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​ក្រោយ​ពី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ឱ្យ​អាជ្ញា​ពាក់ព័ន្ធ ចាត់​វិធានការ​លើ​មន្ត្រី​ដែល​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​នាំ​ចូល​សារធាតុ​ញៀន និង​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។

លោក ស ខេង លើក​ឡើង​ថា បញ្ហា​គ្រឿង​ញៀន​បាន​លុកលុយ​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ក្រោយ​នេះ គ្រឿង​ញៀន​ភាគ​ច្រើន​នាំ​ចូល​តាម​ព្រំដែន គឺ​តាម​រយៈ​ជនជាតិ​ចិន។ លោក​បាន​បញ្ជាក់​ថា ថ្មីៗ នេះ អាជ្ញាធរ​ក៏​បាន​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន ដោយ​រឹបអូស​បាន​សារធាតុ​ញៀន​ជាង ១រយ (១០០) តោន​បន្ថែម​ទៀត៖ «នគរបាល សហការ​ជា​មួយ​ពលរដ្ឋ ដូច​ជា អ្នក​ពាក់ព័ន្ធ​បាន​បង្ក្រាប​បទ​ល្មើស​នេះ​យ៉ាង​ចាស់​ដៃ ដែល​មិន​ធ្លាប់​មាន​ក្នុង​រយះ​ពេល​មួយ​ឆ្នាំ​នេះ សម្បើម​ណាស់។ជា​ពិសេស ចុងក្រោយ​នេះ​រក​ឃើញ​សារធាតុ​ញៀន ដែល​គេ​ដឹក​ចូល​មក​ដោយ​ស្រប​ច្បាប់ មិនមែន​លួច​លាក់ គឺ​រាប់​សិប​តោន »

ការ​លើក​ឡើង​របស់​លោក ស ខេង នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​កងវរសេនាតូច​នគរបាល​ការពារ​ព្រំដែន​ប្រចាំ​ទិស​ភូមិភាគ​ទី១ ទី២ និង​ភូមិភាគ​ទី៣ កាល​ពី​ថ្ងៃ​ទី២៥ មករា។ លោក ស ខេង ក៏​បាន​ព្រមាន​ចំៗ ដល់​មន្ត្រី​នៅ​តាម​ច្រក​ព្រំដែន និង​ក្រសួង​ពាក់ព័ន្ធ ឱ្យ​ធ្វើ​យ៉ាង​ណា ចាត់​វិធានការ​ស៊ើប​អង្កេត​រក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​លំហូរ​គ្រឿង​ញៀន​ចូល​កម្ពុជា​ដ៏​ច្រើន​សម្បើម​កន្លង​ទៅ។ លោក​ទទួល​ស្គាល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វេសប្រហែស​ច្រើន ដោយ​មិន​មានការ​ចុះ​ត្រួត​ពិនិត្យ​សមិទ្ធផល​នៅ​តាម​បណ្ដា​សហគ្រាស​ក្រុមហ៊ុន​បរទេស និង​មិន​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​លើ​ឧបករណ៍​សម្ភារៈ​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​នាំ​ចូល​តាម​ច្រក​ព្រំដែន៖ «គ្រឿងញៀន​បាន​វាយលុក​សង្គម​កម្ពុជា​នេះ​យ៉ាង​ធ្ងន់ធ្ងរ យើង​មិន​អាច​មើល​រំលង​បាន​។ យើង​ត្រូវ​រក​មូលហេតុ​វាឱ្យ​បាន​ច្បាស់លាស់ ដើម្បី​យើង​រួមគ្នា​ដោះ​ស្រាយ។ ប៉ុន្តែ​មាន​មូលហេតុ​ដែល​យើង​អាច​ដឹង​ជា​បឋម​ការ​ដឹក​ជញ្ជូន​គ្រឿងញៀន ដែល​កែ​ច្នៃ​ហើយ​ឆ្លង​កាត់​តាម​ច្រក​ព្រំដែន »

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​ពី អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ លោក ម៉ក់ ជីតូ និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ទេ​នៅ​ថ្ងៃ​ទី២៦ មករា។

ប៉ុន្តែ​លោក ម៉ក់ ជីតូ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កន្លង​ទៅ​ថា ការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ។ ប៉ុន្តែ​លោក​អះអាង​ថា អាជ្ញាធរ​កំពុង​ចុះ​បង្ក្រាប​បទ​ល្មើស​ជា​បន្ត​បន្ទាប់ ដោយ​អនុវត្ត​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក យង់ គិមអេង ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​ពន្លឿន​ការ​ស្វែងរក​មុខ​មេ​ខ្លោង និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ការ​នាំ​ចូល​គ្រឿងញៀន​ទ្រង់​ធំ​ចូល​មក​កម្ពុជា​ជា​បន្ត​បន្ទាប់ ដើម្បី​ធានា​ក្នុង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​គ្រឿងញៀន និង​រង​ការ​រិះគន់​ថា កម្ពុជា​ជា​កន្លែង​លាង​លុយ​កខ្វក់​សម្រាប់​ឧក្រិដ្ឋជន​គ្រឿង​ញៀន។ លោក ក៏​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​សង្គម និង​ប្រជាពលរដ្ឋ ជាពិសេស យុវជន​ជំនាន់​ក្រោយ រង​ការ​បំផ្លាញ​អនាគត​បាត់បង់​សសរ​ទ្រូង​ធនធាន​អភិវឌ្ឍ​ប្រទេស​ជាតិ ស្រប​ពេល​កំណើន​គ្រឿង​ញៀន​រាប់​សិប​តោន​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា៖ «កុំ​ឱ្យ​បញ្ហា​គ្រឿងញៀន​នេះ​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ក្នុង​ប្រទេស គួរ​តែ​មាន​មន្ត្រី​រដ្ឋាភិបាល​ជំនាញ​វិភាគ​បញ្ហា​គ្រឿង​ញៀន​នេះ​នៅ​តាម​ស្ថាប័ន​នីមួយៗ ដើម្បី​ពិនិត្យ​មើល​សារធាតុ ដែល​ក្រុមហ៊ុន​យក​ចូល​នេះ​ថា មាន​សារធាតុ​ញៀន​អត់ »

កាលពី​ខែធ្នូ​ឆ្នាំ​២០២១​ កន្លង​ទៅ អាជ្ញាធរ​បង្ក្រាប​សិប្បកម្ម​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​កន្លែង​នៅ​ស្រុក ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដោយ​រឹបអូស​បាន​គ្រឿងញៀន​ប្រមាណ ៨០តោន និង​ឃាត់​ក្រុម​ឧក្រិដ្ឋជន​ជាង ១០នាក់​ភាគច្រើន​ជា​ជន​ជាតិ​ចិន ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់ ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជាមួយ​សមត្ថកិច្ច។ លោក ស ខេង ក៏​បាន​បញ្ជាក់​ក្នុង​ពិធី​ប្រគល់​រថយន្ត​នោះ​ថា អាជ្ញាធរ​បាន​បង្ក្រាប​ដោយ​រឹបអូស​សារធាតុ​គីមី​ផ្សំ​ជា​គ្រឿង​ញៀន​ប្រមាណ​ជាង ១០០តោន​បន្ថែម​ទៀត។

របាយការណ៍​គណៈកម្មាធិការ​ប្រឆាំង​គ្រឿងញៀន​កាល​ពី​ឆ្នាំ២០២១ អាជ្ញាធរ​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន ៦,២៤២ ករណី និង​បាន​ឃាត់​ខ្លួន​មនុស្ស ១៣,៧៦៥នាក់។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ មាន​មនុស្ស ៤,៤១៥នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន និង​មនុស្ស ៨.៥៤៩ ប្រើប្រាស់​គ្រឿងញៀន​រួម​ទាំង​ជនបរទេស ៣៦៣​នាក់​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿង​ញៀន។ សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា រយៈ​ពេល ៩ខែ​ដើម​ឆ្នាំ២០២២ អាជ្ញាធរ​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ជាង ១ម៉ឺនករណី ឬ​ស្មើ​នឹង​គ្រឿងញៀន​ជាង ៤តោន។ ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​ចុង​ក្រោយ​នេះ ភាគ​ច្រើន​ជា​ឧក្រិដ្ឋជន​ជា​ជន​ជាតិ​ចិន។

ដោយ​ឡែក កាល​ពី​ឆ្នាំ២០២០ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ជនជាតិ​ចិន ៥២៣​នាក់ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​។ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែរ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​ជាតិ​ចិន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ភាគច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម ចាប់ជំរិត​ទារប្រាក់ អំពើ​ហិង្សា ឆបោក ចោរកម្ម រត់ពន្ធ​ថ្នាំញៀន និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។