លោក ស ខេង ផ្ដាំ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រកាស​អាសន្ន ពី​ការ​កើន​ឡើង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ២០១៩

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ផ្តាំ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រកាស​អាសន្ន ទាក់ទិន​ការ​កើន​ឡើង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ២០១៩ និង​ត្រូវ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​មាន​តម្លាភាព។ លោក​ថា មូលហេតុ​ចម្បង នាំ​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​យឺត មិន​ឆ្លើយ​តប​កំណើន​យានយន្ត កង្វះ​ការ​គ្រប់គ្រង​ចំណី​ផ្លូវ និង​កង្វះ​ការ​បំពាក់​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍​តាម​ដង​ផ្លូវ​ជា​ដើម។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​នៅ​​ថ្ងៃ​ទី២១ មករា​ថា គ្រប់​រាជធានី​ខេត្ត សុទ្ធ​សឹង​តែ​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​នោះ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ។ លោក​សង្កត់​ធ្ងន់​ថា បើ​ទោះ​បី​ជា​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​យឺត មិន​ឆ្លើយ​តប និង​កំណើន​យាន​យន្ត​ក្តី ក៏​គ្រោះថ្នាក់​ចរាចរណ៍​នឹង​មិន​អាច​កើន​ឡើង​ដូច្នេះ​ដែរ ប្រសិន​បើ​អ្នក​បើក​បរ​មាន​ស្មារតី​គោរព​ច្បាប់​ទាំងអស់​គ្នា៖ «សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់ មិន​មែន​តែ​ផ្នែក​ណា​ទេ ត្រូវ​ប្រកាស​អាសន្ន ព្រោះ​វា​កើន​ឡើង​ច្រើន​ពេក។ ឥឡូវ​យើង​ថា ដោយសារ​កំណើន​យានយន្ត ក៏​ត្រូវ​ដែល​ទេ​មិន​ខុស​ទេ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​អភិវឌ្ឍន៍​មិន​ទាន់ នេះ​ជា​មូលដ្ឋាន​ពីរ។ ប៉ុន្តែ​ក្រៅ​ពី​ហ្នឹង វា​មាន​រឿង​អី​ទៀត យាន​យន្ត​កើន​មែន ហេដ្ឋារចនាសម្ព័ន្ធ​អភិវឌ្ឍន៍​មិន​ទាន់​មែន ប៉ុន្តែ​បើ​ស្មារតី​គោរព​ច្បាប់​វា​ខ្ពស់ ប្រហែល​ជា​គ្រោះថ្នាក់​ហ្នឹង​មិន​ដល់​ប៉ុណ្ណឹង​ទេ »

របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បង្ហាញ​ថា ក្នុង​ឆ្នាំ២០១៩ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​ចំនួន​ជាង ៤ពាន់លើក (៤.១២១) មាន​មនុស្ស​ស្លាប់​ជិត ២ពាន់នាក់ (១.៩៨១) និង​រង​របួស​ជាង ៦ពាន់នាក់ (៦.១៤១នាក់) ដោយ​គិត​ជា​មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃៗ មាន​មនុស្ស​ស្លាប់ ៥.៤នាក់។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​ចរាចរ​នេះ​កើត​ឡើង​ភាគ​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ៣៤៨នាក់ នៅ​ខេត្ត​ព្រះសីហនុ មាន​មនុស្ស​ស្លាប់ ១៤៩នាក់ និង​ខេត្ត​កណ្ដាល​មាន​មនុស្ស​ស្លាប់ ១៤៣នាក់។ អត្រា​គ្រោះថ្នាក់​ចរាចរ​នៅ​ឆ្នាំ២០១៩ កើន​ឡើង ៤៥៤លើក ស្មើនឹង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ក្នុង​នោះ​អ្នក​ស្លាប់​កើន ២២០នាក់ ស្មើ​នឹង ១២ភាគរយ ខណៈ​អ្នក​រង​របួស​កើន​ជាង ១ពាន់ ៣០០នាក់ (១.៣៧១) ស្មើ​នឹង ២៩ភាគ​រយ។

នាយ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ជា​ទម្លាប់​ដដែលៗ។ លោក​ថា គ្រោះថ្នាក់​ចរាចរណ៍​ជាក់​ស្ដែង អាច​នឹង​កើន​ឡើង​​ខ្ពស់​ជាង​របាយការណ៍​របស់​សមត្ថកិច្ច​ទៅ​ទៀត ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ខ្លះ មិន​មាន​នៅ​ក្នុង​របាយការណ៍​ប៉ូលិស​ដោយ​សារ​អ្នក​បើកបរ​សម្រប​សម្រួល​គ្នា​ដោយ​ស្ងាត់ៗ នៅ​ពេល​ដែល​ប៉ះ​ទង្គិច​​គ្នា។ លោក​មើល​ឃើញ​ថា កម្រិត​នៃ​ការ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​របស់​ពលរដ្ឋ ឬ​អ្នក​បើកបរ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ លោក​ជំរុញ​ឱ្យ​ពលរដ្ឋ និង​អ្នក​​បើកបរ​គ្រប់​រូប ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា៖ «៖ អ្នក​ដែល​ធ្វើ​ការ ដែល​វិស័យ​ចរាចរណ៍​ហ្នឹង​មាន​ចំនួន​តិច បើ​ធៀប​ជាមួយ​ហ្នឹង​ពលរដ្ឋ ដែល​គាត់​បើកបរ​នៅ​តាម​ផ្លូវ​ថ្នល់។ បើ​យើង​សង្ឃឹម​ថា ពួក​គាត់​នឹង​ចង្អុល​បង្ហាញ​គ្រប់​ជ្រុងជ្រោយ គឺ​មិន​អាច​ទៅ​រួច​ទេ វា​ទាមទារ​ឱ្យ​ពលរដ្ឋ​ហ្នឹង​ស្វះស្វែង​ចូលរួម​ហើយ​ទទួល​ស្គាល់​ថា ហ្នឹង​ជា​បញ្ហា​រួម​ទាំង​​អស់​គ្នា គឺ​សូម​ឱ្យ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ យើង​ចង់​បាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ទាំង​អស់​គ្នា »

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​រដ្ឋាភិបាល ត្រូវ​ទម្លាក់​កញ្ចប់​ថវិកា​ឱ្យ​ច្រើន ដើម្បី​ទ្រទ្រង់​ការងារ​សុវត្ថិភាព​ចរាចរណ៍​ ពន្លឿន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព និង​ស្មើភាព​គ្នា ព្រម​ទាំង​បង្កើន​ចំនួន​ប៉ូលិស​ចរាចរណ៍​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។