ការ​រុករក​ជនរងគ្រោះ​បាក់​អគារ​នៅ​ខេត្ត​កែប​ត្រូវ​បញ្ចប់ ក្រោយ​រក​ឃើញ​មនុស្ស ៣៦​នាក់​ស្លាប់

ដោយ ជី វិតា
2020-01-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​កាយ​អគារ ៧​ជាន់ រលំ​នៅ​ខេត្ត​កែប នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២០។
សកម្មភាព​កាយ​អគារ ៧​ជាន់ រលំ​នៅ​ខេត្ត​កែប នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២០។
RFA

លោកនាយក​រដ្ឋ ហ៊ុន សែន សម្រេច​បិទ​បញ្ចប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុង​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប ហើយ​នៅ​ថ្ងៃ​ទី៥ ខែ​មករា​នេះ ក្រោយ​រក​ឃើញ​មនុស្ស​ស្លាប់​ចំនួន ៣៦​នាក់ ក្នុងចំណោម​ជនរងគ្រោះ ៥៩​នាក់​ដែល​ត្រូវ​រក​ឃើញ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ពិនិត្យ​គុណភាព​សំណង់​ដែល​បាន​សាងសង់​ខ្ពស់ៗ​ឡើង​នៅ​ក្នុង​ខេត្ត​កែប និង​ខេត្ត​ផ្សេងៗ​ទៀត​បាន​ត្រឹមត្រូវ​ដើម្បី​ទប់ស្កាត់​បញ្ហា​បាក់​រលំ​អគារ​ទៀត។

លោក ហ៊ុន សែន បញ្ជាក់​ថា ព្រឹត្តិការណ៍​បាក់​អគារ​ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​នេះ គ្មាន​ការ​ដក​ដំណែង​អភិបាលខេត្ត ឬ​អភិបាលរង​ខេត្ត​កែប នោះ​ទេ ព្រោះ​អ្នក​ទាំងនោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា។ លោក​ថា​ចោទ​ប្រកាន់​ថា អ្នក​ពាក់ព័ន្ធ​សំខាន់ គឺ​មេការ​សំណង់ ប៉ុន្តែ មេការ​រូប​នោះ​បាន​ស្លាប់​ក្នុង​គំនរ​អគារ​បាត់​ទៅ​ហើយ។ លោក​ថែម​ទាំង អួតអាង​ថា បញ្ហា​បាក់​រលំ​អគារ​នេះ ព្រោះ​មានការ​អភិវឌ្ឍ និង​គ្មាន​សង្គ្រាម លោក​ថា បើ​ប្រទេស​កម្ពុជា​មិន​អាច​បញ្ចប់​សង្គ្រាម​ក៏​គ្មាន​អគារ​ខ្ពស់​ៗ​សាងសង់​ដូច​សព្វថ្ងៃ​នេះ​ដែរ៖ «អភិបាលខេត្ត​កែប មន្ត្រី​នៅ​ក្នុង​រដ្ឋបាល​ខេត្ត មិន​ត្រូវ​បាន​ដក​ចេញពី​តំណែង​ទេ ខ្ញុំ​សូម​បញ្ជាក់ ពិតមែន​កើត​ក្នុង​ដែនដី​របស់​ខ្លួន​អស់លោក​អាច​យល់​ទេ នៅ​ប្រទេស​នានា​ដែល​បាន​កើត​ដូចជា​សហរដ្ឋ​អាមេរិក នៅ​រដ្ឋ​មួយ​ដួល​អូតែល​តែម្ដង​អ៊ីចឹង​ទេ​អភិបាល​រដ្ឋ​ហ្នឹង​គេ​លាលែង​ពី​តំណែង​ទេ ត្រូវ​បាន​ដកចេញ​ពី​តំណែង​ទេ ហើយ​បែរជា​រុញច្រាន​តែ​កម្ពុជា»

របាយការណ៍​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ប្រតិបត្តិការ​សង្គ្រោះ​ដែល​ប្រើ​ពេល​ជាង ៤៣​ម៉ោង​នេះ ក្រុម​ការងារ​សង្គ្រោះ បាន​រុក​រក​ឃើញ​ជនរងគ្រោះ​សរុប ៥៩​នាក់ (​ស្រី​២២​នាក់​) ក្នុង​នោះ​បាត់បង់​ជីវិត ៣៦​នាក់ (ស្រី ១៤​នាក់​) ក្នុងចំណោម​ជនរងគ្រោះ​ទាំងនេះ មាន​ក្មេង​ចំនួន​៦​នាក់ (​ក្មេង​ស្រី​២​នាក់​) និង​របួស​២៣​នាក់ (ស្រី ៨នាក់)។ ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​ត្រូវ​បាន​ដឹក​យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​អ្នក​រងរបួស​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

មន្ត្រី​សង្គម​ស៊ីវិល​សមាគម​អាដហុក ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​នេះ ឯកភាព​នឹង​ចំនួន​ជនរងគ្រោះ​ដែល​ត្រូវ​បាន​រក​ឃើញ​នេះ។

លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​កិច្ច​អន្តរាគមន៍​ជួយ​ជនរងគ្រោះ​នេះ ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​បាក់​រលំ​អគារ​នេះ​មាន​កំហុស​ធំៗ​២​គឺ មេការ​សំណង់​ប្រើប្រាស់​ដែក​សាងសង់ មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​របស់​អ្នក​គូស​ប្លង់ និង​ទី​២ បណ្ដាល​មកពី​ការ​ឆាប់​ដក​ពុម្ព​ប្លង់​សេ​មុន​កាល​កំណត់៖ «ជា​កំហុស​របស់​មេការ មេការ​រូប​នេះ​គាត់​បាន​ទទួល​មរណភាព​ទាំង​ខ្លួន និង​កូន​ទៅទៀត ប៉ុន្តែ ខ្ញុំ​ក៏​អាច​បញ្ជាក់​បាន​ដែរ​ថា ម្ចាស់​សំណង់​ក៏​ស្ថិត​ទីនេះ ពេលនេះ​តាម​ដឹង​ស្នងការ​ខេត្ត​កែប នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​កំពត»

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​នៅ​ខេត្ត​កែប លោក យន់ ផល្លី ដែល​បាន​ចុះ​ឃ្លាំមើល​ករណី​នេះ សង្កេត​ឃើញ​ថា ក្រុម​ជួយសង្គ្រោះ​មានការ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយសង្គ្រោះ​។ លោក យន់ ផល្លី យល់​ថា អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បន្ត​គឺ​វិធានការ​ផ្លូវច្បាប់​លើ​អ្នក​ពាក់ព័ន្ធ​ដែល​បណ្ដាល​ឱ្យ​មានការ​បាក់​រលំ​អគារ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា នៅ​ខេត្ត​កែប ក៏​មាន​សំណង់​អគារ​ខ្ពស់ៗ​ផ្សេងទៀត​ដែរ ដូច្នេះ​លោក ជំរុញ​រដ្ឋាភិបាល ឱ្យ​ត្រួត​ពិនិត្យ​ឡើងវិញ​គុណភាព​សំណង់​ទាំងនោះ​ឡើងវិញ៖ «នៅ​ខេត្ត​កែប ឃើញ​មាន​អគារ​ខ្ពស់ៗ ប៉ុន្តែ​ថា តើ​មាន​ច្បាប់​សាងសង់ ឬ​គោរព​ទៅតាម​គោល​នៃ​ការ​ស្នើ​យ៉ាងណា​នោះ​ខ្ញុំ​ក៏​មិន​ទាន់​បាន​ក្ដាប់​បាន​ជុំវិញ​ដែរ អ៊ីចឹង​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​គួរតែ​មាន​ការ​ត្រួត​ពិនិត្យ​ឡើងវិញ ដើម្បី​កុំ​ឱ្យ​មាន​ភាព​ថ្លោះធ្លោយ​បន្ត​ទៀត»

លោក ហ៊ុន សែន រំពឹង​ថា នៅ​ពេល​ច្បាប់​ស្ដីពី​សំណង់​ត្រូវ​បាន​អនុវត្ត​ពេញលេញ បញ្ហា​សំណង់​នឹង​ត្រូវ​បាន​ដោះស្រាយ​ប្រសើរ​ជាង​នេះ​។ ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា ការដឹកនាំ​ប្រទេស​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​ការអនុវត្ត​ច្បាប់​គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ។

ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប នេះ ជា​សោកនាដកម្ម លើក​ទី​៣​ហើយ ទី​១​គឺ នៅ​ក្នុង​ព្រះសីហនុ ទី​២ នៅ​ខេត្ត​សៀមរាប ក្នុង​រយៈពេល ៧​ខែ ដែល​ករណី​ទាំងនេះ បណ្ដាល​ឱ្យ​មនុស្ស​បាត់បង់​ជីវិត​សរុប​ចំនួន ៦៧​នាក់ និង​របួស​៥៩​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល