មតិ​ពលរដ្ឋ​ចំពោះ​សោកនាដកម្ម​បាក់​អគារ​នៅ​កែប​សម្លាប់​មនុស្ស ៣៦​នាក់

ដោយ ហេង រស្មី
2020-01-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ក្រុម​អ្នក​សង្គ្រោះ កំពុង​បន្ត​រុក​រក​ជន​រង​គ្រោះ​​​កប់​ក្នុង​គំនរ​​បំណែក​អគារ​ ដែល​បាក់​រលំ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០២០។
អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ក្រុម​អ្នក​សង្គ្រោះ កំពុង​បន្ត​រុក​រក​ជន​រង​គ្រោះ​​​កប់​ក្នុង​គំនរ​​បំណែក​អគារ​ ដែល​បាក់​រលំ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០២០។
RFA

ប្រជាពលរដ្ឋ បញ្ចេញមតិ​ឈឺចាប់​និង​សោកស្ដាយ​ចំពោះ​កម្មករ​សំណង់​ដែល​បាន​ស្លាប់ និង​របួស​ចំនួន ៥៩​នាក់ ដោយសារ​រលំ​បាក់​អគារ​កម្ពស់ ៦​ជាន់​នៅ​ក្នុង​ខេត្ត​កែប​។ ពួកគេ​នៅ​តែ​ទាមទារ​ឱ្យ​ស្ថាប័ន​ជំនាញ​និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កែប ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​នេះ ដើម្បី​ទប់ស្កាត់ កុំ​ឱ្យ​ករណី​ដដែល​កើត​ឡើងជា​បន្តបន្ទាប់​ទៀត។

ប្រជាពលរដ្ឋ និង​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ស៊ីវិល​ហ្វេសប៊ុក បង្ហាញ​អារម្មណ៍​តក់ស្លុត​ដោយ មិន​នឹកស្មាន​ដល់​ថា ហេតុការណ៍​បាក់​រំលំ​អគារ​កម្ពស់​៦​ជាន់​នៅ​ខេត្ត​កែប បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ កើន​ដល់ ៣៦​នាក់ ក្នុង​នោះ​មាន​ស្រី​១៤​នាក់ និង​ក្មេង​តូចៗ​ចំនួន​៦​នាក់ ចំណែក​អ្នក​រងរបួស​មាន​ចំនួន ២៣​នាក់។

យុវជន គង់ រ៉ៃយ៉ា ពេល​ទើប​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
យុវជន គង់ រ៉ៃយ៉ា ពេល​ទើប​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA

យុវជន គង់ រៃ​យ៉ា ដែល​ត្រូវ​របប​ក្រុងភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​២​ដង​ទាំង​អយុតិ្តធម៌ សម្តែង​ការ​សោកស្តាយ​ចំពោះ​ជនរងគ្រោះ និង​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​ចំពោះ​ម្ចាស់​សំណង់ និង​អាជ្ញាធរ​រដ្ឋ ដែល​ធ្វេស​ប្រហែល​មិនបាន​បំពេញ​កាតព្វកិច្ច​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ និង​ហាមឃាត់​សំណង់ អគារ​ដែល​សាងសង់​ខុស​បច្ចេកទេស​បែបនេះ​។ លោក គង់ រ៉ៃយ៉ា បន្ត​ថា ការ​ដែល​សំណង់​អគារ ខុស​បច្ចេកទេស នៅតែ​អាច​សាងសង់​បាន គឺ​ដោយសារតែ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​។ យុវជន​កែម ឡី និយម​រូប​នេះ ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា និង​អភិបាលខេត្ត​កែប លោក កែន ស​ត្ថា ព្រមទាំង​មន្ត្រី​ក្នុង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ គួរតែ មាន​ភាព​ក្លាហាន​ចុះចេញ​ពី​តំណែង​និង​ទទួលខុសត្រូវ។ ម្យ៉ាងវិញទៀត ប្រសិនបើ​លោកនាយក​រដ្ឋ មន្ត្រី ហ៊ុន សែន នៅ​បន្ត​ឱប​ក្រសោប​មន្ត្រី​ទាំងនេះ កាន់តែ​បង្ហាញ​ថា លោក​ជា​មេដឹកនាំ​អសមត្ថភាព និង​គ្មាន​ការ​ទទួលខុសត្រូវ​គ្រប់​រឿង៖ «ជាទូទៅ​ គាត់​មិនដែល​ទទួលស្គាល់​ថា​ខុស​ម្តង​ណា​ទេ​ តាំងពី​រឿង​ព្រៃឈើ​និង​រឿង​ផ្សេង​ៗ ជាច្រើន​ គឺ​តែងតែ​ថា​ ខ្លួន​គាត់​ត្រូវ​រហូត​ ហើយ​តែងតែ​ការពារ​មន្ត្រី​របស់​គាត់​ដែល​ជា​មនុស្ស​អសមត្ថភាព​ ឬជា​មនុស្ស​កាច​សាហាវ​​ឃោ​ឃៅ​។ករណី​ទាំងនេះ​ហើយដែល​ធ្វើឲ្យ​ប្រជាប្រិយ​ភាព​របស់​លោក​ ហ៊ុន​ សែន​ និង​គណបក្សប្រជាជន​កម្ពុជា​ កាន់តែ​ធ្លាក់ចុះ​»។

ពលករ​ម្នាក់ទៀត​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោកស្រី ឃាន កុសល ក៏​បង្ហាញ​ការ ឈឺចាប់​សោកស្ដាយ​ដែរ​ចំពោះ​សោកនាដកម្ម​បាក់​រំលំ​អគារ​ជា​លើក​ទី​៣​នេះ ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ស្លាប់​យ៉ាង​វេទនា​បំផុត។ លោកស្រី​ថា ករណី​បែប​នេះ នឹង​មិន​កើតមាន​ញឹក​ញាប់​ទេ ប្រសិន​បើ​អាជ្ញាធរ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ៖ «បាក់​អា​គា​រមុនៗ​ឈឺចាប់​រួចហើយ​ ឥឡូវនេះ​បាក់​ទៀត​។នេះ​មិនមែន​ជា​រឿង​សាមញ្ញ​ដែល​ចេះតែ​កើតមាន​ ឡើង​នោះ​ទេ​។ខ្ញុំ​គិតថា​ មានអំពើ​ពុករលួយ​ក្នុង​នោះ​ ទើប​មាន​បញ្ហា​ម្តង​ហើយ​ម្តង​ទៀត​។ អ្នក​ដែល​ទទួលខុសត្រូវ​ករណី​គឺ​រាប់​តាំងពី​ អាជ្ញាធរ​មូលដ្ឋាន​ដល់​រដ្ឋាភិបាល​តែម្តង​ ព្រោះ​ការ​ធ្វើ​សំណង់​អ្វីមួយ​ត្រូវ​សុំច្បាប់​តាំងពី​ក្រោម​ដល់​លើ​»។

លោកស្រី ឃាន កុសល យល់ថា លោក ហ៊ុន សែន មិន​អាច​យក​ករណី​បាក់​អគារ​នៅ​ប្រទេសគេ​​មក​ធ្វើ​លេះ​ដើម្បី​គេច​ពី​ការទទួលខុសត្រូវ​បាន​ទេ៖ «លោក​ ហ៊ុន​ សែន​ ថា​ប្រទេស​ផ្សេង​ក៏​បាក់​ដែរ​ ប៉ុន្តែ​ករណី​វា​ផ្សេងគ្នា​។នៅ​ខ្មែរ​បាក់​ដោយសារតែ​មានអំពើ​ពុក​ រលួយ​និង​ការ​មិន​យកចិត្ត​ទុកដាក់​ពី​មន្ត្រី​របស់​លោក​ហ៊ុន​ សែន​នេះឯង​។នៅ​ប្រទស​កូរ៉េ​ គ្រាន់តែ​ពលរដ្ឋ​លិច​ទូក​ស្លាប់​ភ្លាម​គឺ​មន្ត្រី​របស់​គេ​លា​ លែង​ពី​ដំណែង​ភ្លាម​ដើម្បី​បង្ហាញ​ការទទួលខុសត្រូវ​។នៅ​ខ្មែរយើង​ស្លាប់​មនុស្ស​ច្រើនយ៉ាង​នេះ​ហើយ​ ហេតុ​អី​មិន​មាន​អ្នកទទួល​ខុសត្រូវ​ ។ករណីនេះ​ត្រូវតែ​ទទួលខុសត្រូវ​»។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត គឺ លោក ឈុន វាន សង្កេត​ឃើញ​ថា មូលហេតុ​នៃ​ការ​បាក់​រលំ​អគារ និង​អគារ ខុស​បច្ចេកទេស​កំពុង​សាងសង់​ឡើង​យ៉ាង​អនាធិបតេយ្យ​នេះ គឺ​ដោយសារតែ​អាជ្ញាធរ​មិន​បាន​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដោយសារ​ទទួល​បាន​ការ​ស៊ូកប៉ាន់។ ដូច​អ្នកដទៃ​ដែរ លោក ទាមទារ ឱ្យ​មន្ត្រី​រដ្ឋាភិបាល ត្រូវតែ​ទទួលខុសត្រូវ មិន​អាច​គេចវេះ​បាន​ទេ ព្រោះ​ការ​បាក់​រលំ​អគារ​នេះ បណ្ដាល​ឱ្យ​ប៉ះពាល់​អាយុជីវិត​កម្មករ​ជា​ច្រើន​នាក់ និង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ផង​ដែរ៖ «ខ្ញុំ​យល់ថា​ ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ដែល​ថា​ មិន​ឲ្យ​មន្ត្រី​ទទួលខុសត្រូវ​ ឬមិន​ដក​ ដំណែង​មន្ត្រី​ចោល​ គឺជា​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​ផ្សេង​ៗ ទៀត ​ឲ្យ​បន្ត​ធ្វេសប្រហែស​នូវ​ការសាងសង់​អា​គារ​ធំៗ​ ដែល​អាច​នឹង​កើតមាន​ការ​បាក់​​រលំ​ជា​បន្ត​ទៅទៀត​។ ការ​និយាយ​របស់​គាត់​ គឺ​និយាយ​ឲ្យ​រួចខ្លួន ​និង​បិទបាំង​ទង្វើ​អាក្រក់​របស់​ពួកគាត់​»។

សកម្មភាព​រុករក​ជន​រងគ្រោះ​ក្នុង​អគារ​រលំ​បាក់​ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ មិថុនា​ ២០១៩។
សកម្មភាព​រុករក​ជន​រងគ្រោះ​ក្នុង​អគារ​រលំ​បាក់​ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ មិថុនា ​២០១៩។ Photo courtesy of Royal du Cambodge's Facebook Page

ក្នុង​រយៈពេល​៧​ខែ​នេះ មាន​សំណង់​អគារ​ខ្ពស់ៗ​កំពុង​សាងសង់​ចំនួន​៣ បាន​បាក់​រលំ​រាប​ដល់​ដី​ក្នុង​នោះ​កាលពី​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ​២០១៩ មាន​អគារ​កម្ពស់ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​២៨ នាក់​ស្លាប់ និង​របួស​២៦​នាក់។ បន្ទាប់​មក នៅ​ដើមខែ​ធ្នូ នេះ បាន​បាក់​រលំ​សាលាឆាន់​កំពុង​សាងសង់​នៅ​វត្ត​គោកចក ក្នុង​ខេត្ត​សៀមរាប បណ្ដាល​ឱ្យ​កម្មករ ៣​នាក់​ស្លាប់ និង​១៣​នាក់​រង​របួស។ ករណី​ចុង​ក្រោយនេះ​គឺ​បាក់​រលំ​អគារ​កម្ពស់ ៦​ជាន់ កំពុង​សាងសង់​នៅ​ក្នុង ខេត្ត​កែប បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ ៣៦​នាក់ និង​របួស ២៣​នាក់។

ករណី​បាក់​រលំ​សំណង់​ដែល​សាងសង់​ខុស​បច្ចេកទេស​ទាំងនេះ គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់ ត្រូវ​បាន​នាំ​មក​ផ្ដន្ទាទោស ឬ​ដាក់​ឱ្យ​ទទួល​ខុសត្រូវ​ឡើយ។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ (BWTUC) លោក យ៉ាន់ ធី ដែល​ចុះ ទៅ​ដល់​ទីតាំង​កើតហេតុ ថ្លែង​ថា ករណី​បាក់​រលំ​អគារ​នេះ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កែប​មាន ចំណែក​ទទួលខុសត្រូវ ព្រោះ​ថា អាជ្ញាធរ​ធ្វេសប្រហែស​បណ្ដោយ​ឱ្យ​សាងសង់​អគារ​នោះ ទាំង​បាន​ដឹង​ថា អគារ​នោះ​សាងសង់​ខុស​បច្ចេកទេស និង​សាងសង់​ដល់​ទៅ ៧​ជាន់ ខណៈ​សុំ​ច្បាប់​អនុញ្ញាត​តែ ៥​ជាន់​ប៉ុណ្ណោះ។ លោក​សង្ស័យ​ថា អាជ្ញាធរ​ទទួល​បាន​ផលប្រយោជន៍​ទើប​បណ្តោយ​ឱ្យ​អគារ​បែបនេះ​បន្ត​សាងសង់៖ «ខ្ញុំ​យល់ថា​ អ្នកទទួល​ខុសត្រូវ​មុនគេ​ គឺទី១ម្ចាស់​សំណង់​ ទី២គឺ​មាន​អាជ្ញាធរ​សមត្ថកិច្ច​រួមមាន​មន្ទីរ​ខេត្ត​ និង​អាជ្ញាធរ​ខេត្ត​»។

លោក យ៉ាន់ ធី សម្ដែង​ការ​សោកស្តាយ​បំផុត​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ការពារ​មន្ត្រី របស់​ខ្លួន ប៉ុន្តែ​បែរ​ជា​ព្រមាន​ចាត់វិធានការ​លើ​អ្នក​រិះគន់​ទៅវិញ។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា មិន អាច​លើក​យករ​ណី​បាក់​រលំ​អគារ​នៅ​ស្រុក​គេ មក​ប្រៀបធៀប​នៅ​ស្រុក​ខ្មែរ​បានទេ ព្រោះ​អ្វី​ដែល កំពុង​កើត​មាននៅ​ស្រុក​ខ្មែរ​នេះ គឺ​ដោយសារ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិន​ទទួលខុសត្រូវ​ការងារ​របស់​ខ្លួន ឱ្យ​បាន​ត្រឹមត្រូវ។ ម្យ៉ាងទៀត ប្រសិនបើ​មានការ​បាក់​រលំ​អគារ​នៅ​ស្រុក​គេ​មែន ក៏​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​អ្នក​ពាក់ព័ន្ធ ធ្វើ​ឱ្យ​គ្រួសារ​ជនរងគ្រោះ​បាន​ស្ងប់ចិត្ត​ខ្លះ​ដែរ៖ «ទោះបី​មាន​កំហុស​ចេតនា​ក្តី​ អចេតនា​ក្តី​ ត្រូវតែ​មាន​អ្នកទទួល​ខុសត្រូវ​ទោះបី​ក្នុង​កម្រិត​ណាក៏ដោយ​។ បើ​​គាត់​នៅតែ​មាន​វប្បធម៌​ការពារ​មន្ត្រី​របស់​គាត់​បែបនេះ​ទៀត​ ថ្ងៃ​ក្រោយ​​នេះ​ មានហេតុ​ការណ៍​អី​ផ្សេងទៀត​»។

ចំណែក​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ បញ្ចេញមតិ​ដែរ​ថា អ្នកទទួលខុសត្រូវ​សាងសង់ និង​ម្ចាស់​សំណង់​មិន​ត្រូវ​ឱ្យ​រួចផុត​ពី​បទ​ព្រហ្ម ទណ្ឌ ដោយ​គ្រាន់តែ​ចេញ​សំណង​ដល់​ជនរងគ្រោះ​នោះ​ឡើយ។ ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប នេះ មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដូច​​​ផ្ទាល់​ដែរ​ដើម្បី​ធានា​ឱ្យ​ជនរងគ្រោះ​ទទួល​បាន​ភាព​យុត្តិធម៌។ លោក​ថា បើ​ករណី​នេះ ត្រូវ​បាន​អត់ឱន​នោះ បង្ហាញ​ថា ការ​អនុវត្ត​ច្បាប់​មិន​មាន​ប្រសិទ្ធភាព​ទៅ​ថ្ងៃ​អនាគត។

ក្រៅ​ពី​នេះ លោក ឃុន ថារ៉ូ ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​រៀបចំ​ដែនដី ត្រូវ​ពង្រឹង​ការ​អនុវត្ត​បទដ្ឋាន​សុវត្ថិភាព​នៅ​តាម​ការដ្ឋាន​សំណង់​នីមួយៗ​។ លោក​ពិនិត្យ​ឃើញ​ថា ការ​យក​ទីតាំង​ការដ្ឋាន​សំណង់​ដែល​កំពុង​សាងសង់ ធ្វើជា​កន្លែង​ស្នាក់នៅ​ផង និង​សាងសង់​ផង គឺជា​ហានិភ័យ​ខ្ពស់​បំផុត​ដល់​អាយុជីវិត​មនុស្ស។ មន្ត្រី​សិទ្ធិ​ការងារ​រូប​នេះ ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​មាន​វិធានការ​ចាំបាច់​ក្នុង​ការ​ជំរុញ​ឱ្យ​ក្រុមហ៊ុន សាងសង់​នានា អនុវត្ត​ឱ្យ​បាន​ពេញលេញ​ក្នុង​ការ​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​ជាតិ​របប​សន្តិសុខ​សង្គម (..) មុន​ការ​ចេញ​អាជ្ញាប័ណ្ណ​សាងសង់​ដើម្បី​ធានា​ថា កម្មករ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​សេវា និង​សំណង​សមរម្យ នៅ​ពេល​ដែល​មាន​គ្រោះថ្នាក់​ការងារ​កើត​ឡើង។

មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង សិទ្ធិមនុស្ស​រក​ឃើញ​ថា នា​ពេល​កន្លងមក កម្មករ​ដែល​បម្រើ ការងារ​នៅ​ក្នុង​វិស័យ​សំណង់​មាន​ចំនួន​តិចតួច​ណាស់ ដែល​មាន​ធានារ៉ាប់រង​នៅ​ពេល​ដែល​មាន ករណី​គ្រោះថ្នាក់​ការងារ​កើត​ឡើង។ មាន​កម្មករ​ប្រមាណ​តែ ៩ ភាគរយ​ប៉ុណ្ណោះ​ដែល​ទទួល​បាន ធានារ៉ាប់រង ផ្ដល់​ឱ្យ​ដោយ​និយោជិក និង​ប្រមាណ ៥​ភាគរយ​ត្រូវ​បាន​ចុះបញ្ជី​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

A criminal become a 4 stars general when he/she kill more innocent pple they'll promote them be a golden star general

Evil man whoever always said to its pple if he can't stop illegal logging trafficking and can't stop poor quality of illegal building construction collapse,then he'll behead himself or cut out his penis.But,in the last 4 decades brutal rule this thug still standing right there and the whole trees had been wipe out and the worst poor quality of illegal building construction collapses are keeping to kill more pple and its criminal authority are become a 4 stars general and the rest of victim families are become useless and worthless by thugs's criminal"what the hell this country?".

Jan 06, 2020 02:44 PM

គេហទំព័រ​ទាំងមូល