មាតាបិតាសិស្ស តវ៉ាសុំឲ្យគណៈគ្រប់គ្រងសាលាអន្តរជាតិ CIA (CIA First International School) បញ្ចុះតម្លៃ 50% សម្រាប់ការសិក្សាតាមអនឡាញ (Online) ដោយសារជំងឹកូវីដ១៩ (Covid-19)។ ពួកគេបាននាំគ្នាតវ៉ានៅមុខសាលាអន្តរជាតិនេះ ៣ដងរួចមកហើយ ដោយលើកហេតុផលមួយចំនួន អំពីបញ្ហាលំបាកកំពុងប្រឈមក្នុងជីវភាពរស់នៅ បញ្ហាសិស្សមិនបានទៅរៀននៅសាលាដោយផ្ទាល់ និងការរៀនពីផ្ទះ តាមប្រព័ន្ធអនឡាញ គឺបានម៉ោងតិចតួចពេកជាដើម។
ឆ្លើយតបទៅនឹងការទាមទារបញ្ចុះថ្លៃសាលានេះ អាស៊ីសេរី បានទទួលលិខិតមួយចុះថ្ងៃទី២៣ ខែមេសា ពីគណៈគ្រប់គ្រងសាលា ដែលបានបញ្ជាក់ថា ការបញ្ចុះតម្លៃសាលា នៅមិនទាន់កំណត់បានប៉ុន្មានភាគរយទេ គឺសាលានឹងជូនដំណឹងនៅពេលក្រោយ ជាពិសេស នៅពេលបង់ប្រាក់ក្នុងវគ្គសិក្សាក្រោយ (Term 4) ដើម្បីជាការប៉ះប៉ូវជាមួយការបង់ថ្លៃសាលា កាលពីវគ្គសិក្សាមុន គឺ (Term 3)។ លិខិតដដែលក៏បានជូនដំណឹងទៅមាតាបិតាថា សាលាសង្ឃឹមថា នឹងអាចបើកការចូលរៀនឡើងវិញ នៅថ្ងៃទី៤ ខែឧសភាខាងមុខ។
មាតាបិតាសិស្សម្នាក់ដែលសុំមិនបញ្ចេញឈ្មោះប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីយប់មិញថា ពួកគេសង្ឃឹមថា ក្រសួងអប់រំនឹងជួយអន្តរាគមន៍ចំពោះការបញ្ចុះតម្លៃសិក្សានេះ។ ក៏ប៉ុន្តែមន្ត្រីអ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់កាសែតក្នុងស្រុកថា ក្រសួងលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធដោះស្រាយគ្នាដោយសន្តិវិធី ពីព្រោះភាគីទាំងពីរ ទទួលរងផលវិបាកដូចគ្នា ដោយសារជំងឺកូវីដ១៩។
រដ្ឋមន្ត្រីក្រសួងអប់រំ ប្រកាសកាលពីសប្តាហ៍មុនបានជូនដំណឹងតាមគេហទំព័រហ្វេសប៊ុករបស់លោកថា ក្រសួងនឹងមានកម្មវិធីបង្រៀនគ្រប់មុខវិជ្ជា និងគ្រប់ថ្នាក់ តាមការផ្សព្វផ្សាយកម្មវិធីសិក្សាថ្មី នៃទូរទស្សន៍តេជោរបស់ស្ថានីយទូរទស្សន៍ TVK ចាប់ពីថ្ងៃទី២០ មេសាទៅ។ លោកបន្តថា សិស្សនៅតាមខេត្តក្រុងទាំង ២៥ នឹងទទួលបានកម្មវិធីសិក្សាដូចគ្នានេះ ទៅថ្ងៃអនាគត។
នៅទន្ទឹមនេះដែរ មាតាបិតា និងអាណាព្យាបាលសិស្ស សាលាអន្តរជាតិ ប៉ារ៉ាហ្គន (Paragon) ក៏បានសរសេរលិខិតផ្ញើទៅគណៈគ្រប់គ្រងសាលា ដើម្បីស្នើសុំបញ្ចុះតម្លៃសិក្សាអនឡាញ ៣០% និងស្នើសុំកុំឲ្យដំឡើងតម្លៃសិក្សាសម្រាប់ឆ្នាំ ២០២០-២០២១។ ចំពោះគណៈគ្រប់គ្រងសាលាអន្តរជាតិ ទ្រូវិហ្សិនកម្ពុជា (True Vision) វិញ ក៏បានផ្សព្វផ្សាយក្នុងគេហទំព័ររបស់ខ្លួនថា នឹងបញ្ចុះតម្លៃសាលា ៥០% គ្រប់កម្រិតការសិក្សាទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។