អាណាព្យាបាល និងអ្នកឃ្លាំមើលការងារអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភ ចំពោះការបញ្ហាគ្រឿងញៀន ដែលកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ នៅតាមក្លឹបកម្សាន្តរាត្រី ឬហៅថា ក្លឹបរាំច្រៀងខារ៉ាអូខេ ដែលមានថៅកែជនជាតិចិនជាអ្នកគ្រប់គ្រង។
ការព្រួយបារម្ភនេះ ដោយសារតែបច្ចុប្បន្នភាពខេត្តព្រះសីហនុ មានជនជាតិចិន បានធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅតាមភោជនីយដ្ឋាន ពិសេសក្លឹបកម្សាន្តរាត្រី ដែលមានថៅកែជាជនជាតិចិន មានរូបភាពយ៉ាងអនាធិបតេយ្យ។
អាណាព្យាបាល និងអ្នកឃ្លាំមើលការងារអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភ ចំពោះការបញ្ហាគ្រឿងញៀន ដែលកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ នៅតាមក្លឹបកម្សាន្តរាត្រី ឬហៅថា ក្លឹបរាំច្រៀងខារ៉ាអូខេ ដែលមានថៅកែជនជាតិចិន ជាអ្នកគ្រប់គ្រង។ ការព្រួយបារម្ភនេះ ដោយសារតែសព្វថ្ងៃនេះ ខេត្តព្រះសីហនុ មានជនជាតិចិន បានធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅតាមភោជនីយដ្ឋាន ពិសេសក្លឹបកម្សាន្តរាត្រី ដែលមានថៅកែជាជនជាតិចិនទាំងនោះ យ៉ាងសេរីតាមអំពើចិត្ត។
ការព្រួយបារម្ភនេះ គឺដោយសារការធ្វើចររាចរណ៍គ្រឿងញៀន ដែលមានជនសង្ស័យជាជនជាតិ នៅក្នុងមូលដ្ឋាននៃខេត្តទេសចរណ៍មួយនេះ មានរូបភាពរីករាលដាល គួរឲ្យព្រួយបារម្ភ ហើយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធខេត្តនេះ ចុះបង្រ្កាបមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។
បញ្ហានេះ ទាំងអាណាព្យាបាល និងអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គមមួយចំនួន បានទទូលចដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសមត្ថកិច្ចគ្រប់ជំនាញនៅក្នុងខេត្ត ឲ្យបន្តជួយបង្កើនសកម្មភាពចុះបង្រ្កាប និងត្រួតពិនិត្យការធ្វើចររាចរណ៍គ្រឿងញៀន នៅតាមក្លឹបកំសាន្តរាត្រី និងនៅតាមភោជនីយដ្ឋានទាំងនោះឲ្យបានជាប្រចាំ ព្រោះសង្ស័យថា កន្លែងទាំងនោះ អាចមានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
ការព្រួយបារម្ភរបស់អាណាព្យាបាលរស់នៅខេត្តព្រះសីហនុជាថ្មីទៀតនេះ គឺបានកើតឡើងក្រោយពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនជនជាតិចិនចំនួន ៧នាក់ ភេទប្រុសមានវ័យចន្លោះពី ២០ ទៅ ៣០ឆ្នាំ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ការឃាត់ខ្លួនជនសង្ស័យទាំង ៧នាក់នេះ សមត្ថកិច្ចបានដកហូតម្សៅសជាច្រើនកញ្ចប់ ដែលសង្ស័យថា ជាសារធាតុញៀន។
ផ្តើមពីបញ្ហានេះ ទាំងអាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ មានកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាពិសេសកម្លាំងសមត្ថកិច្ចជំនាញ ដែលថ្នាក់ជាតិបញ្ជូនឲ្យចុះជួយថែរក្សាសុវត្ថិភាពសន្តិសុខ និងបញ្ហាផ្សេងៗ នៅខេត្តនេះ ឲ្យជួយបង្កើនសកម្មភាពចុះស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀន ដែលកំពុងធ្វើចររាចរណ៍គគ្រឹកគគ្រេង នៅតាមក្លឹបកម្សាន្តខារ៉ាអូខេ ឬក្លឹបឌីស្កូ និងតាមភោជនីយដ្ឋាន ដែលមានថៅកែជនជាតិចិនគ្រប់គ្រងនៅទីប្រជុំជនខេត្តនេះ៖ «វាកាន់តែអសន្តិសុខខ្លាំងឡើងៗ ហើយនៅខេត្តព្រះសីហនុយើងហ្នឹង រហូតដល់ជនជាតិចិនហ្នឹងបានប្រើប្រាស់ និងជួញដូរគ្រឿងញៀនហ្នឹងថែមទៀតផង។ និយាយរួមទៅសន្តិសុខនៅខេត្តព្រះសីហនុ ឃើញមានជនជាតិចិន បានធ្វើសកម្មភាពប្លន់ ចាប់ជំរិត ប្រើហិង្សាវាយកាប់ចាក់ស្លាប់គ្នា ជាពិសេស បញ្ហាគ្រឿងញៀនហ្នឹង មានលក់នៅស្ទើរគ្រប់ទីកន្លែងគឺមានលក់នៅតាមកាស៊ីណូ និងបារក្លឹបកម្សាន្តរបស់ជនជាតិចិនហ្នឹងយ៉ាងអនាធិបតេយ្យតែម្តង។ បញ្ហាគ្រឿងញៀននេះ រហូតដល់ពេលខ្លះមានអន្តរាគមន៍ពីលោកអភិបាលខេត្តព្រះសីហនុ ចុះទៅចាប់ផ្ទាល់ផងក៏មានដែរ តែនៅមិនអស់ ហើយពេលបច្ចុប្បន្ននេះ គឺមានភាពអនាធិបតេយ្យមែនទែនសម្រាប់ខេត្តព្រះសីហនុយើងនេះ គឺគ្រឿងញៀនបានចរាចរច្រើនមែនទែនតែម្តង»។
តាមការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា កម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះស្រាវជ្រាវ និងឆ្មក់ចូលបង្ក្រាបបទល្មើសសេព និងចររាចរណ៍លក់ដូរគ្រឿងញៀន បានជាច្រើនករណី នៅតាមភោជនីយដ្ឋាន ក្លឹបកម្សាន្តរាំច្រៀង តាមហាងម៉ាស្សា និងតាមទីតាំងស្នាក់នៅ របស់ជនជាតិចិន ដោយឃាត់ខ្លួនជនសង្ស័យ និង វត្ថុតាងគ្រឿងញៀន បានជាច្រើនករណី។ ត្រង់ចំណុចនេះ អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី ក៏បានបង្ហាញការព្រួយបារម្ភ ចំពោះបទល្មើសគ្រឿងញៀន ដែលកំពុងធ្វើចររាចរណ៍ នៅតាមក្លឹបកម្សាន្ត និងភោជនីយដ្ឋាន ដែលមានថៅកែជាជាតិចិនទាំងនោះ។ អ្នកស្រី កត់សម្គាល់ថា បញ្ហាគ្រឿងញៀន បានរីករាលដាលដល់ជនល្មើសជាជនជាតិចិន បានចាប់ផ្តើមធ្វើសកម្មភាព ជួញដូរគ្រឿងញៀនយ៉ាងអនាធិបតេយ្យ នៅពាសពេញក្រុងព្រះសីហនុ៖ «បញ្ហាគ្រឿងញៀន គឺយើងនៅតែឃើញមានព័ត៌មាននៅលើបណ្តាញសង្គមពាក់ព័ន្ធការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន គឺនៅតែបន្តកើតមានដដែល។ បញ្ហាគ្រឿងញៀននេះ សមត្ថកិច្ចបានរកឃើញអ្នកជាប់ពាក់ព័ន្ធមានដល់ជនបរទេសទៀត បានធ្វើសកម្មភាពជួញដូរ និងសេពគ្រឿងញៀននេះ ដែលកាលពីមុនមានតែជនសង្ស័យជនជាតិខ្មែរយើងទេ តែពេលនេះមានជនបរទេស ពិសេសជនជាតិចិនតែម្តង»។
ព័ត៌មានទាក់ទងបទល្មើសគ្រឿងញៀន បទល្មើសហិង្សាវាយកាប់ចាក់ ជាពិសេសបទល្មើសចាប់ជំរិតមនុស្ស ដែលមានជនសង្ស័យជាជនជាតិចិន ចូលមករស់នៅខេត្តព្រះសីហនុ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ឈ្មួញមានទ្រព្យ អ្នកវិនិយោគទុន និងភ្ញៀវទេសចរជាដើម។ ករណីនេះ ទាំងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរមកពីអឺរ៉ុប បានខ្លាចរអា មិនចង់ចូលមកទស្សនាខេត្តព្រះសីហនុទៀតទេ ព្រោះបារម្ភពីសុវត្ថិភាពទាំងការស្នាក់នៅ និងការធ្វើដំណើរជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។