ស្របពេលរដ្ឋាភិបាលចេញវិធានការ ជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ (Covid-19) ពលរដ្ឋ ស្នើសុំឱ្យរដ្ឋាភិបាល ដាក់ចេញបម្រាមផ្អាកការលក់ស្រា និងគ្រឿងស្រវឹងគ្រប់ប្រភេទជាបន្ទាន់ ដើម្បីបង្ការកុំឱ្យមានការប្រមូលផ្ដុំគ្នា ពិសាគ្រឿងស្រវឹងក្នុងកំឡុងពេលចូលឆ្នាំខ្មែរ។
យុវជនខេត្តក្រចេះម្នាក់ លោក វន ចាន់ឡូត សង្កេតឃើញថា ការជួបជុំគ្នាផឹកស្រាជាក្រុម នៅតែបន្តកើតមានរាល់ថ្ងៃ តាមភូមិ ដូច្នេះ រដ្ឋាភិបាលគួរតែចេញបម្រាបលក់ស្រា និងគ្រឿងស្រវឹង ដើម្បីទប់ស្កាត់ការបន្តជួបជុំគ្នាសេពគ្រឿងស្រវឹង។
លោកថាសំណើនេះ គឺក្រុមយុវជនតែងជំរុញទៅរដ្ឋាភិបាលរាល់ឆ្នាំ ក្នុងពេលមានពិធីបុណ្យទានធំៗ តែមិនទទួលបានការឆ្លើយតបទេ។ ផ្ទុយទៅវិញ លោកសង្កេតឃើញថា ប្រព័ន្ធផ្សព្វផ្សាយ មាន ទូរទស្សន៍ ជាដើម តែងបង្កើនការផ្សព្វផ្សាយគ្រឿងស្រវឹងនៅពេលកៀកមានពិធីបុណ្យជាតិធំៗ ហើយលោកធំស្រុកខ្មែរ ក៏តែងជួយជំរុញផ្សព្វផ្សាយបន្ត តាមគ្រប់រូបភាពដែរ។ ប៉ុន្តែម្ដងនេះ លោក វ៉ន ចាន់ឡូត យល់ថា ជាកាលៈទេសៈនៃការប្រឈមរីករាលដាលជំងឺកាចសាហាវ ដូច្នេះរដ្ឋាភិបាលគួរមានវិធានការបញ្ឈប់ការលក់ស្រា ជាបន្ទាន់៖ «ដោយហេតុថា រាល់ការជួបជុំនៅខ្មែរយើង ភាគច្រើនតែងតែមានស្រាជាត្រីមុខ ហើយសព្វថ្ងៃនេះ តាមការអង្កេតរបស់ខ្ញុំ ខ្ញុំដើរច្រើនខេត្ត មួយរយៈចុងក្រោយនេះ ហើយថ្មីៗ នេះទៀត គឺការជួបជុំគ្នា នៅតែមានជាដដែល ហើយការផឹកស្រា នៅតែកើតមាន។ បាទ យើងមិនទាន់ឃើញមានការហាមឃាត់ទេ។ ដូច្នេះក្នុងរយៈពេលនេះ ខ្ញុំគិតថា ការណ៍ដែលអាចហាមឃាត់ការផឹកស្រាបាន និងការចែកចាយគ្រឿងស្រវឹងទូទាំងប្រទេសបាន គឺជាចំណែកមួយនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ហ្នឹង»។
សម្រាប់តំបន់ខ្លះ នៃខេត្តកណ្ដាល ក៏មានលក្ខណៈស្រដៀងគ្នាដែរ។ ពលរដ្ឋម្នាក់ ជាអ្នកស្រុកកណ្ដាលស្ទឹង លោកស្រី អឿង សារី ឱ្យដឹងថា អ្នកភូមិខ្លះ នៅតែបន្តការជួបជុំគ្នាពិសាស្រាជាក្រុមរាល់ពេលព្រលប់។ លោកស្រីថា មន្ត្រីមូលដ្ឋាន ក៏បានរអ៊ូប្រាប់ពលរដ្ឋថា ពិបាកស្ដីប្រដៅ និងពន្យល់ ឱ្យអ្នកផឹកឈប់ជួបជុំគ្នាពិសាស្រា និងគ្រឿងស្រវឹងដែរ។ ម្ល៉ោះហើយ ជាជម្រើសប្រសើរបំផុត ពលរដ្ឋរូបនេះយល់ថា រដ្ឋាភិបាលគួរដាក់ចេញបម្រាមមួយ ដើម្បីហាមឃាត់ការលក់ស្រា និងគ្រឿងស្រវឹង នៅកំឡុងពេលនេះ។ លោកស្រីថា បើនៅតែបន្តការលក់ស្រា អ្នកភូមិខ្លះ នឹងនៅតែបន្តជួបជុំគ្នាដដែល។
លោកស្រី អឿង សារី បន្តថា សកម្មភាពដឹកជញ្ជូនស្រាបៀរ និងគ្រឿងស្រវឹង កំពុងមមាញឹក តាមដេប៉ូស្តុកស្រាបៀរ នៅតាមឃុំស្រុក ធ្វើយ៉ាងណា នាំចូលឱ្យបានលឿន ដើម្បីលក់ក្នុងកំឡុងពេលចូលឆ្នាំ។ លោកស្រីព្រួយបារម្ភថា សកម្មភាពដឹកជញ្ជូនស្រាបៀរ ក៏អាចក្លាយជាប្រភពចំលងជំងឺ ចូលភូមិស្រុកដែរ ដោយសារមេរោគនៃជំងឺកូវីដ១៩ អាចរស់នៅលើសំបកកេសស្រាបៀរបាន៖ «លក់ហ្នឹង គឺឱ្យគាត់ជុំគ្នាហូប។ ទី២ បើសិនជាអ្នកដែលឆ្លងជំងឺហ្នឹងទៅកាន់ ទៅលើកទៅអ្វី អាចនិយាយថា ធ្វើម្ដេចឱ្យមេរោគ ( មានឱកាស ) ហ្នឹង ជាប់នៅឡាំង ជាប់នៅអ្វី ដឹកជញ្ជូនមក នៅតែឆ្លងដូចតែគ្នាហ្នឹង។ បើយើងបិទការចេញចូល គួរបិទលក់។ បើសិនជ្រុលផ្អាក ផ្អាកអារឿង ពាក់ព័ន្ធការនាំចេញចូលស្រាទូទាំងប្រទេសហ្មងទៅ មិនបាច់ឱ្យផឹក មិនបាច់ឱ្យអ្វីទេ។ តែក្រែងលោ គ្រាន់ថា ផឹកទៅជាតិស្រាខ្លាំង មេរោគមិនហ៊ានឆ្លងម្ដេច ខ្ញុំអត់ដឹងទេ»។
យុវជនម្នាក់ទៀត គឺជាជនភៀសខ្លួនកំពុងស្នាក់នៅប្រទេសថៃ និងជាអ្នកចេញមុខទាមទារឱ្យបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមបណ្ដាញផ្សព្វផ្សាយនាពេលកន្លងមក។ លោក គង់ រ៉ៃយ៉ា គិតថា រដ្ឋាភិបាលត្រូវចេញបទបញ្ជាផ្អាកការលក់គ្រឿងស្រវឹង ជាបន្ទាន់ ដូចការចេញបទបញ្ជាហាមឃាត់ពលរដ្ឋធ្វើដំណើរដែរ។
លោកលើកបទពិសោធន៍ នៅប្រទេសថៃថា ការឆ្លងជំងឺកូវីដ១៩ បានរាលដាលតាមរយៈការពិសាគ្រឿងស្រវឹងជុំគ្នា ហើយសម្រាប់ខេត្តខ្លះ នៃប្រទេសថៃ នឹងផ្អាកការលក់ស្រា និងគ្រឿងស្រវឹង ចាប់ពីថ្ងៃទី១០ មេសា តទៅ។
យុវជនរូបនេះបន្តថា ពលរដ្ឋខ្លះ ជាអ្នកចូលចិត្តពិសាគ្រឿងស្រវឹងស្រាប់ ហើយឱ្យតែពេលជួបជុំគ្នា និងមានពិធីបុណ្យទានម្ដងៗ តែងមានការជំរុញគ្នាឱ្យពិសាគ្រឿងស្រវឹង មិនថា ចូលឆ្នាំ ឬបុណ្យទានអ្វីទេ សូម្បីពិធីបុណ្យសព ។
ចំណែកវិធានការទៀតសោត គឺមានការណែនាំដោយដុំ និងមិនតឹងរ៉ឹងគ្មានប្រសិទ្ធភាព។ ដូច្នេះ ដើម្បីឱ្យការហាមប្រាម មានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវដាក់កំហិត ឱ្យតឹងរ៉ឹង ចេញបទបញ្ជាផ្អាកការលក់ស្រា និងគ្រឿងស្រវឹង ទើបជាការល្អ៖ «រដ្ឋាភិបាល គាត់ដាក់កំហិត ហើយអនុវត្តឱ្យបានតឹងរ៉ឹងខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងការផ្អាក ការលក់គ្រឿងស្រវឹងនៅប្រទេសកម្ពុជា គឺជារឿងល្អខ្លាំងបំផុតមួយ។ យើងដឹងហើយថា នៅប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩ ហ្នឹង ចំនួន ១៥នាក់។ គឺគាត់បានទទួលទានគ្រឿងស្រវឹងជុំគ្នា ហើយក្នុងចំណោម ១៥នាក់ហ្នឹង គឺឆ្លងទាំងអស់គ្នាតែម្ដង ដោយសារគាត់ទទួលទានគ្រឿងស្រវឹងជុំគ្នា។ នៅថ្ងៃទី១០ នេះ គឺរដ្ឋាភិបាល គេហាមឃាត់មិនឱ្យលក់គ្រឿងស្រវឹងនៅក្នុងប្រទេសថៃទេ»។
ប្រធានមជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ លោក យង់ គឹមអេង មានប្រសាសន៍ថា បញ្ហាប្រឈមរបស់អ្នកពិសាគ្រឿងស្រវឹងជុំគ្នា គឺងាយនឹងឆ្លងជំងឺកូវីដ១៩ និងជំងឺផ្សេងទៀត ដោយសារការពិសាស្រា អង្គុយកៀកៗ គ្នា និយាយខ្លាំង និងខ្ទាតទឹកមាត់ដាក់គ្នា ការជល់កែវគ្នា បរិភោគសាច់ក្លែមចានតែមួយ និងមានវង់ផឹកខ្លះទៀត ប្រើស្លាបព្រាតែមួយ ក្នុងបរិភោគគ្រឿងក្លែមម្នាក់ម្ដង។
លោក យង់ គិមអេង ក៏សង្កេតឃើញថា មកដល់ថ្ងៃនេះ នៅតែមានពលរដ្ឋជុំគ្នាពិសាស្រា តាមក្រុមគ្រួសារជួបជុំសាច់ញាតិ អ្នកភូមិ ឬសហគមន៍។ លោកយល់ថា រដ្ឋាភិបាលត្រូវដាក់កំហិត ឱ្យផ្អាកការលក់ស្រា ទើបអាចទប់ស្កាត់បាន។ ចំណែកក្រសួងព័ត៌មាន ក៏ត្រូវបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹង ក្នុងអំឡុងពេលនេះដែរ៖ «រឿងមួយសំខាន់ ដែលខ្ញុំថាបើសិនជារាជរដ្ឋាភិបាលមានការបិទ ( លក់ស្រា ) ជាបណ្ដោះអាសន្ន នៅក្នុងអំឡុងពេលចូលឆ្នាំនេះ ឬក៏ការដាក់កម្រិតណាមួយ ឱ្យមានប្រសិទ្ធភាព។ ខ្ញុំថា ជាការបង្ការវីរុសកូរ៉ូណាមួយ ដ៏ប្រសើរផងដែរ»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ ជុំវិញករណីនេះ។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់អាស៊ីសេរីថា រាល់ឆ្នាំ ក្រសួងតែងដាក់កំហិតមិនឱ្យមានការផ្សព្វផ្សាយឱ្យពិសាស្រាបៀ និងគ្រឿងស្រវឹងច្រើនជ្រុលទេ។ លោកថា ជាគោលការណ៍ ការផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងអំឡុងពេលចូលឆ្នាំខ្មែរ គឺធ្វើបានធម្មតា។ តែមិនអនុញ្ញាតឱ្យមានការលើកទឹកចិត្ត ឱ្យពិសាច្រើនជ្រុល មិនអនុញ្ញាតឱ្យមានការលើកទឹកចិត្ត តាយរយៈរង្វាន់ បានពីការពិសាស្រា ក្នុងកំឡុងពេលបុណ្យចូលឆ្នាំនេះឡើង៖ «យើងមានគោលការណ៍ណែនាំ ក្នុងការផលិតផ្សព្វផ្សាយគ្រឿងស្រវឹងហ្នឹងគឺ មិនមែនជាការផ្សព្វផ្សាយជំរុញទឹកចិត្ត និងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ហ្នឹងទៅប្រើប្រាស់គ្រឿងស្រវឹងហ្នឹង ឱ្យច្រើននោះទេ។ យើងតែងតែណែនាំឱ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងហ្នឹង មិនមែនជាទម្រង់ និងអត្ថន័យ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ទេ ហើយយើងក៏មានការណែនាំ មិនឱ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹង ដែលផ្ដល់នូវរង្វាន់មុន និងក្រោយ នៅពេលពិធីបុណ្យផ្សេងៗ ហ្នឹង មុន ១៥ថ្ងៃ និងក្រោយ ១៥ថ្ងៃ ទៅលើពិធីបុណ្យផ្សេងៗ»។
ក្រៅពីការស្នើសុំទៅខាងរដ្ឋាភិបាល ឱ្យចេញបម្រាប ហាមលក់គ្រឿងស្រវឹង ក្រុមពលរដ្ឋក៏ទទូចពលរដ្ឋទាំងអស់គ្នា កុំជួបជុំគ្នាពិសាគ្រឿងស្រវឹង នៅកំឡុងពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។